ស៊ីរី

សម្ព័ន្ធអារ៉ាប់​ព្រមាន​យក​សំណុំរឿង​ស៊ីរី​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.

លោក Hamad bin Jassem al-Thani នាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កាតា
លោក Hamad bin Jassem al-Thani នាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កាតា REUTERS/Stringer

កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កាតា បាន​​ប្រកាស​ថា សម្ព័ន្ធ​អារ៉ាប់​នឹង​​បញ្ជូន​សំណុំរឿង​ស៊ីរី ទៅឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ប្រសិន​បើ​រដ្ឋាភិបាល​ស៊ីរី នៅតែ​ចចេស​មិនទទួល​យក​ក្រុម​អ្នក​សង្កេតការណ៍​អារ៉ាប់។ ការព្រមាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​រុស្ស៊ី​បាន​រៀបចំ​បញ្ជូន​សេចក្តីព្រាង​សេចក្តីសម្រេច​មួយ ទៅ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ ដើម្បី​ថ្កោលទោស​អំពើ​ហិង្សា​នៅ​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ប្រមាណ​ជាង ១ខែ​ មកហើយ ដែល​សម្ព័ន្ធ​អារ៉ាប់​រង់ចាំ​ការព្រមព្រៀង​របស់​អាជ្ញាធរ​ស៊ីរី ដើម្បី​បញ្ជូន​អ្នក​សង្កេតការណ៍​ឯករាជ្យ​ស៊ីរី ព្រមទាំង​វិធានការ​ផ្សេងទៀត ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នៅស៊ីរី។

នៅក្នុង​កិច្ចប្រជុំ នៅ​ប្រទេស​កាតា កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ គណៈកម្មាធិការ​មួយ​របស់​សម្ព័ន្ធ​អារ៉ាប់​បាន​ស្នើ​ថា សម្ព័ន្ធ​អារ៉ាប់​គួរ​តែ​បញ្ជូន​សំណុំរឿង​ស៊ីរី​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​វិញ។ ថ្លែងក្រោយ​កិច្ចប្រជុំ​នេះ នាយករដ្ឋមន្រ្តី​កាតា ដែល​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​ក្នុង​សម្ព័ន្ធ​អារ៉ាប់ បាន​ចោទ​រដ្ឋាភិបាល​ស៊ីរី​ថា​មាន​ចេតនា​ពន្យារ​ពេល​ មិន​ចង់​ទទួល​យក​អ្នក​សង្កេតការណ៍​អារ៉ាប់។ លោក​ក៏​បាន​ថ្លែងផងដែរ​ថា សម្ព័ន្ធ​អារ៉ាប់​ហាក់ដូចជា​លែង​មាន​សង្ឃឹម​​ថា​នឹង​អាច​រក​ដំណោះស្រាយ​វិបត្តិ​ស៊ីរី​បាន​ទៀត​ហើយ។

សំណើ​ប្តឹង​ក្រុមប្រឹក្សា​សន្តិសុខ​នេះ នឹង​ត្រូវ​​លើក​យក​មក​ជជែក​គ្នា នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​សម្ព័ន្ធ​អារ៉ាប់ នៅថ្ងៃ​ពុធ សប្តាហ៍​ក្រោយ​នេះ។

បើ​តាម​នាយករដ្ឋមន្រ្តី​កាតា សម្ព័ន្ធ​អារ៉ាប់​ចង់​បញ្ជូន​សំណុំរឿង​ស៊ីរី ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ឲ្យ​បាន​ឆាប់។ គោលដៅ គឺ​ចង់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត​​សេចក្តីសម្រេច​មួយ ដែល​ចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​សម្ព័ន្ធ​អារ៉ាប់ ជាជាង​ចេញ​ពី​​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ផ្សេង។

គួរ​រំឭកថា កាលពីថ្ងៃ​សុក្រ រុស្ស៊ី​​បាន​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​​ភ្ញាក់ផ្អើល​ ដោយ​បាន​ប្រកាស​ថា រុស្ស៊ី​នឹង​ដាក់​ស្នើ​នូវ​សេចក្តីព្រាង​សេចក្តីសម្រេច​មួយ ទៅឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ ដើម្បី​ធ្វើការ​ថ្កោលទោស​អំពើ​ហិង្សា​នៅស៊ីរី។ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ គ្រោង​នឹង​លើក​យក​សេចក្តីព្រាង​នេះ​​មក​ជជែកគ្នា នៅ​សប្តាហ៍​ក្រោយ។

គួរបញ្ជាក់ថា ស៊ីរី គឺ​ជា​សមាជិក​សម្ព័ន្ធ​អារ៉ាប់ ក៏ប៉ុន្តែ សមាជិកភាព​របស់​​ស៊ីរី ត្រូវ​បាន​សម្ព័ន្ធ​អារ៉ាប់​សម្រេច​ព្យួរ​ជា​បណ្តោះអាសន្ន ក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ បាន​ប្រើ​កម្លាំង​បង្រ្កាប​​ក្រុមប្រឆាំង បណ្តាល​ឲ្យ​ជនស៊ីវិល​រាប់ពាន់នាក់​បាត់បង់​ជីវិត។ សម្ព័ន្ធ​អារ៉ាប់​ក៏​បាន​សម្រេច​ដាក់ទណ្ឌកម្ម​លើ​​រដ្ឋាភិបាល​ស៊ីរី​ផងដែរ ក្រោយ​ពី​ស៊ីរី​មិន​ព្រម​ឆ្លើយតប​ទៅនឹង​សំណើ​បញ្ជូន​អ្នក​សង្កេតការណ៍​អារ៉ាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI