ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​កូរ៉េខាងជើង​ពិតជា​អាច​វាយប្រហារ​លើ​កូរ៉េ​ខាង​ត្បូង​ឬ​អាមេរិក​ដូច​ការ​គំរាម​ដែរ​ឬទេ?

សំឡេង ០៤:៤៥
លោក​គីម ជុងអ៊ុន ប្រើ​កែវយិត​ឆ្លុះមើល​ទៅ​កូរ៉េ​ខាង​ត្បូង ក្នុង​អំឡុង​ដំណើរ​ត្រួតពិនិត្យ​មើល​កងកាំភ្លើងធំ​ ដែល​ឈរជើង​ក្បែរ​ព្រំដែន
លោក​គីម ជុងអ៊ុន ប្រើ​កែវយិត​ឆ្លុះមើល​ទៅ​កូរ៉េ​ខាង​ត្បូង ក្នុង​អំឡុង​ដំណើរ​ត្រួតពិនិត្យ​មើល​កងកាំភ្លើងធំ​ ដែល​ឈរជើង​ក្បែរ​ព្រំដែន REUTERS/KCNA

ក្រោយ​ពី​ត្រូវ​រង​ទណ្ឌកម្ម​ថ្មី​បន្ថែម​ ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. កូរ៉េ​ខាង​ជើង​បាន​ធ្វើការ​គំរាម​សាជាថ្មី​ម្តងទៀត​ នៅថ្ងៃ​សុក្រ​នេះ ថា នឹង​ប្រកាសសង្រ្គាម​នុយក្លេអ៊ែរ​ទល់នឹង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង។ បន្ថែម​ពីលើ​នេះ​ទៀត របបដឹកនាំ​ក្រុងព្យុងយ៉ាង​បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​បាន​កាត់ផ្តាច់​ខ្សែទូរស័ព្ទ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាង​ត្បូង ហើយ​ថា​នឹង​លុបចោល​ទាំងអស់​នូវ​កិច្ចព្រមព្រៀង​មិនឈ្លានពាន​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង។ គេ​សង្កេតឃើញ​ថា មួយរយៈកាល​ចុងក្រោយ​នេះ កូរ៉េ​ខាង​ជើង​ចេះតែ​គំរាម​ធ្វើ​សង្រ្គាម​ស្ទើរតែ​រៀងរាល់​ថ្ងៃ ហើយ​ការ​គំរាម​នេះ​ចេះតែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើងៗ​ ពី​មួយថ្ងៃ​ទៅមួយថ្ងៃ។ ក៏ប៉ុន្តែ សួរថា តើ​ការគំរាម​អស់ទាំងនេះ​ គ្រាន់តែ​ជា​ការ​កំញើញចោល ឬ​ក៏​កូរ៉េ​ខាងជើង​ពិត​ជា​អាច​បើក​ការវាយប្រហារ​ទៅលើ​កូរ៉េ​ខាង​ត្បូង ឬ​ទៅលើ​អាមេរិក​មែន?

ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនង​រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ដ៏គ្រោះថ្នាក់​បំផុត​មួយ ដែល​មិន​អាច​នឹង​ត្រឡប់​ក្រោយ​វិញ​បាន ហើយ​សង្រ្គាម​នុយក្លេអ៊ែរ​អាច​នឹង​ផ្ទុះឡើង​ភ្លាមៗ នៅ​ពេល​ឥឡូវ​នេះ​តែម្តង”។ នេះ​គឺ​ជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង នៅថ្ងៃ​សុក្រ​នេះ មួយថ្ងៃ​ក្រោយ​ពី​បាន​ប្រកាស​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​បង្ការ​ជាមុន ទៅលើ​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។ របបដឹកនាំ​ក្រុង​ព្យុងយ៉ាង​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា ចាប់ពីថ្ងៃ​ចន្ទ ទី១១ មីនា សប្តាហ៍​ក្រោយ​នេះ​តទៅ កូរ៉េ​ខាង​ជើង​នឹង​ដកខ្លួន​ចេញ​ពី​​គ្រប់​កិច្ចព្រមព្រៀង​មិនឈ្លានពាន​ទាំងអស់ ដែល​ចុះ​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង បូករួម​ទាំង​បទឈប់បាញ់ ក្រោយ​សង្រ្គាម​កូរ៉េ​ផង។

ការ​គំរាម​​ស្ទើរតែ​រៀងរាល់​ថ្ងៃ​ ហើយ​គំរាម​រហូតដល់​ទៅ​ប្រកាស​សង្រ្គាម​នុយក្លេអ៊ែរ​បែបនេះ ធ្វើ​ឲ្យ​គេនាំគ្នា​គិត​ថា កូរ៉េ​ខាង​ជើង​គ្រាន់តែ​កំញើញ​ចោល​តែ​ប៉ុណ្ណោះ គឺ​ដូចជា​ពាក្យ​ចាស់​ពោល​ថា “ឆ្កែព្រូស មិនដែល​ខាំ”។ ក៏ប៉ុន្តែ បើ​យើង​ក្រឡេក​មើល​​ទៅលើ​ព្រឹត្តិការណ៍​ពី​ពេល​កន្លងមក យើង​ឃើញ​ថា ព្យុងយ៉ាង “ព្រូស” គឺ​អាច​មាន “ខាំ” ទោះបី​តិច ឬ​ច្រើន។

ជាការ​ពិតណាស់ បើ​និយាយ​ពី​ការ​ប្រកាស​សង្រ្គាម​នុយក្លេអ៊ែរ​លើ​សហរដ្ឋ​អាមេរិក វា​ជា​ការ​គំរាម​មួយ ដែល​គេ​ពិបាក​នឹង​ជឿ ពីព្រោះ​ថា ម្យ៉ាង បើ​កូរ៉េ​ខាង​ជើង​ពិត​ជា​ហ៊ាន​វាយប្រហារ​ទៅលើ​អាមេរិក​មែន គឺ​មានន័យ​ស្មើ​នឹង​ធ្វើ​អត្តឃាត​ខ្លួនឯង។ ដូចជា​សមាជិកសភា​អាមេរិក​បាន​ព្រមាន​ទុកជាមុន​ស្រាប់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ម្យ៉ាងវិញ​ទៀត គ្រប់​អ្នក​ជំនាញ​ខាង​អាវុធ​នុយក្លេអ៊ែរ​ស្ទើរតែ​ទូទាំង​ពិភពលោក សុទ្ធតែ​យល់ថា កូរ៉េ​ខាងជើង​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ខាង​ផ្នែក​បច្ចេកទេស ដែល​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ វាយប្រហារ​ទៅលើ​អាមេរិក​បាន​នោះទេ។

គេ​ទទួលស្គាល់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កូរ៉េ​ខាង​ជើង​មាន​ធាតុ​ភ្លុយតូញ៉ុម ប្រមាណ​ជា ២០ ទៅ ៤០​គីឡូក្រាម ដែល​អាច​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ប្រមាណ​ពី ៦ ទៅ ៨​គ្រាប់ ហើយ​កូរ៉េ​ខាងជើង​ពិត​ជា​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​ប្រកប​ដោយ​ជោគជ័យ​មែន ជាពិសេស ការ​សាកល្បង លើកទី ៣ កាល​ពី​ពេល​ថ្មីៗ​នេះ។ ក៏ប៉ុន្តែ ការ​យក​អាវុធ​នុយក្លេអ៊ែរ​ទៅ​ដាក់​ក្នុង​រូងក្រោម​ដី ហើយ​ចុច​បំផ្ទុះ វា​គឺ​ជា​រឿងមួយ។ ចំណែក​ឯការ​យក​វា​ទៅ​បំពាក់​លើ​មីស៊ីល​សម្រាប់​បាញ់​ទៅលើ​គូសត្រូវ​វា​គឺ​ជា​រឿង​មួយ​ផ្សេងទៀត ហើយ​គ្រប់​អ្នក​ជំនាញ​ខាង​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​សុទ្ធតែ​យល់ថា កូរ៉េ​ខាង​ជើង​នៅ​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បំពាក់​លើ​មីស៊ីល​បាន​នៅឡើយទេ បើទោះបីជា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​តែងតែ​ប្រកាស​អួតអាង​រាល់ថ្ងៃ​ក៏ដោយ ព្រោះគេ​គិត​ថា ដើម្បី​ឈានដល់​ដំណាក់កាល​នេះ គេ​កូរ៉េ​ខាង​ជើង​ត្រូវ​ធ្វើការបាញ់​សាកល្បង​មីស៊ីល ដែល​មាន​ផ្ទុក​គ្រាប់នុយក្លេអ៊ែរ​ជាច្រើន​ដងទៀត។ ហើយ​បើ​សិន​ជា​កូរ៉េ​ខាង​ជើង​ពិតជា​អាច​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បំពាក់​លើ​មីស៊ីល​បាន​មែន កូរ៉េ​ខាង​ជើង​ប្រាកដ​ជា​យក​វា​មក​បាញ់​សាកល្បង​លើ​មីស៊ីល ហើយ​មិនមែន​ចុច​បំផ្ទុះ នៅ​ក្រោម​ដី​ដូចជា​ពេល​កន្លងមក​នេះ​ទេ។

ដូច្នេះ បើ​សិន​ជា​កូរ៉េ​ខាង​ជើង​ផលិត​បាន​ត្រឹមតែ​អាវុធ​នុយក្លេអ៊ែរ ដែល​មិន​អាច​បំពាក់​ជា​ក្បាលគ្រាប់​លើ​មីស៊ីល​បាន ដើម្បី​អាច​វាយប្រហារ​ទៅលើ​អាមេរិក​បាន គឺ​មានតែ​យក​គ្រាប់បែក​នុយក្លេអ៊ែរ​នេះ ដាក់​លើ​ឡាន ហើយ​បើក​​យក​ទៅ​ចុចបំផ្ទុះ​នៅលើ​ទឹកដី​អាមេរិក ដែល​វាជា​រឿងមួយ​ពិបាក​នឹង​អាច​ធ្វើ​កើត។

ក៏ប៉ុន្តែ បើទោះជា​កូរ៉េ​ខាងជើង​មិន​អាច​ធ្វើការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​បាន ដូច​ការ​គំរាម ក៏​មិនមានន័យថា កូរ៉េ​ខាងជើង​មិន​វាយប្រហារ​ដោយ​អាវុធ​ធម្មតា​នោះដែរ ជាពិសេស ទៅលើ​កូរ៉េ​ខាង​ត្បូង ដូចដែល​កូរ៉េ​ខាងជើង​ធ្លាប់​បាន​ធ្វើ​ជា​ច្រើន​ដង​រួចមក​ហើយ​នាពេល​កន្លងមក ដូចជា ការ​បាញ់​ពន្លិចនាវាចម្បាំង និង​ការ​បាញ់​ផ្លោង​លើ​កោះ​របស់​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០១០ ជា​ឧទាហរណ៍​ស្រាប់។ ការ​វាយប្រហារ ដែល​កាលណោះ បាន​បណ្តាល​ឲ្យ​ជនស៊ីវិល និង​ទាហាន​កូរ៉េ​ខាង​ត្បូង​បាត់បង់​ជីវិត​រហូតដល់​ទៅ ៥០នាក់។

កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ លោក​ គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ទៅ​ត្រួតពិនិត្យ​មើល​ទីតាំង​របស់កងកាំភ្លើងធំ​​មួយ​កន្លែង​របស់​កូរ៉េ​ខាងជើង ដែល​ជា​កងកម្លាំង​ធ្លាប់​បាន​បាញ់​ផ្លោង​​លើ​កោះ​របស់​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០១០។ យោងតាម​ការផ្សាយ​របស់​បណ្តាញ​ទូរទស្សន៍​កូរ៉េ​ខាងជើង នៅ​ក្នុង​អំឡុង​​ដំណើរទស្សនកិច្ច​នេះ លោក​ គីម ជុងអ៊ុន​ បាន​ប្រកាស​ថា កងទ័ព​កូរ៉េ​ខាងជើង​បាន​ប្រុងប្រៀប​ខ្លួន​រួចជាស្រេច ដើម្បី​បើក​ធ្វើ​សង្រ្គាម​ពេញទំហឹង​មួយ ដូច​កាល​ពី​សង្រ្គាម​កូរ៉េ ឆ្នាំ​១៩៥០ ដល់ ១៩៥៣។ ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ក៏​បាន​ប្រកាស​ផងដែរ ឲ្យ​កងកាំភ្លើង​ធំ​របស់​លោក ដៅ​កំណត់​យក​កូនកោះ ៥ របស់​កូរ៉េ​ខាង​ត្បូង ធ្វើ​ជា​គោលដៅ សម្រាប់​វាយប្រហារ។

អ្នកវិភាគ​ខ្លះ​នៅ​កូរ៉េ​ខាង​ត្បូង​ យល់ថា កូរ៉េ​ខាងជើង​ទំនង​ជា​មាន​បំណង​ចង់​រុញ​ស្ថានការណ៍​បច្ចុប្បន្ន ឲ្យ​ឈាន​ដល់​ការ​ប៉ះទង្គិចគ្នា​ដោយ​អាវុធ ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង បើ​មិន​ក្នុង​ទ្រង់ទ្រាយធំ ក៏​ជា​ការ​ប៉ះទង្គិច​ក្នុង​ទ្រង់ទ្រាយ​តូចណាមួយ​ដែរ។

អ្វី​ដែល​គេ​មើលទៅ​ឃើញ​ថា ជា​ស្ថានភាព​ដ៏គ្រោះថ្នាក់​បំផុត​នោះ គឺ​នៅត្រង់​ថា កងទ័ព​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាង​ត្បូង ស្ថិត​នៅ​ក្នុង​លក្ខណៈ​ប្រឈមមុខដាក់​គ្នា​ជា​ប្រចាំ ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​កូរ៉េ​មក ដោយសារ​តែ​ភាគី​ទាំងសងខាង​មិនទាន់​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​គ្នា​ផង និង​ដោយសារ​តែ​ធ្លាប់​មាន​ការ​ប៉ះទង្គិចគ្នា​ដោយ​អាវុធ​ជាច្រើន​លើក​នាពេល​កន្លងមក​នោះផង។

កងទ័ព​​​ទាំងពីរ​កំពុងតែស្ថិត​ក្នុង​ភាព​ប្រឈមមុខ​ដាក់​គ្នា​ស្រាប់ បន្ថែមពីលើនេះ កូរ៉េ​ខាងជើង​ចេះតែ​​​ប្រើ​ពាក្យសម្តី​គំរាមកំហែង​ស្ទើរតែ​រៀងរាល់ថ្ងៃ ហើយ​កងទ័ព​អាមេរិក និង​កងទ័ព​កូរ៉េ​ខាង​ត្បូង រាប់ម៉ឺននាក់ ក៏​កំពុង​តែ​បើក​ធ្វើ​សមយុទ្ធទ្រង់ទ្រាយ​ធំ... ទាំងអស់​នេះ​​សុទ្ធសឹងតែ​ជាគ្រឿងផ្សំ ដែល​​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​កូរ៉េ​ត្រូវ​​តានតឹង​ខ្លាំង ធ្វើ​ឲ្យ​​កងទ័ព​ទាំងសងខាង សុទ្ធតែ​នាំគ្នា​ប្រុងជើងការ​ប្រយុទ្ធ ឬ​ការពារខ្លួន​រៀងៗ​ខ្លួន។ ស្ថានភាព​បែបនេះ គឺ​ជា​ស្ថានភាព​ដ៏ផុយស្រួយ​បំផុត ដែល​​​ងាយ​នឹង​រាលដាល ​ឈាន​ទៅដល់​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI