អានតួអត្ថបទ
រុស្ស៊ី

រោងចក្រ​យោធា​ដែល​គេបោះបង់​ចោល កំពុង​គំរាម​ជា​មហន្តរាយ​ដល់​ខេត្ត ៤​នៅ​រុស្ស៊ី

អាវុធ​ជាតិ​ផ្ទុះ​ដែល​គេ​បោះបង់​ចោល​កំពុង​គំរាម​កំហែង​បរិស្ថាន
អាវុធ​ជាតិ​ផ្ទុះ​ដែល​គេ​បោះបង់​ចោល​កំពុង​គំរាម​កំហែង​បរិស្ថាន ©
ដោយ៖ កែវ ឆាយា
១៦ នាទី

សហគ្រាស​រោងចក្រ ដែល​សម័យ​សូវៀត ធ្លាប់​បាន​ផលិត​អាវុធ​គីមី និង​ធាតុផ្ទុះ ហើយ​ត្រូវ​ប្រទេស​រុស្ស៊ី​សម័យថ្មី បញ្ឈប់​ឲ្យ​លែង​ដំណើរការ ស្រប​នឹង “សន្ធិសញ្ញា​អន្តរជាតិ​ឆ្ពោះ​ទៅ កំទេច​អាវុធ​គីមី” បច្ចុប្បន្ន ក្លាយ​ជា​គ្រោះថ្នាក់​ធំ​មែនទែន ដល់​បរិស្ថាន និង​ជីវិត​បណ្តាជន ខេត្ត៤ ក្នុង​ប្រទេស​រុស្ស៊ី។ តាម​ទិន្នន័យ​កាសែត​រុស្ស៊ី​ដ៏​ចំណាស់វ័យ ឈ្មោះ Izvestia លេខ​ថ្ងៃ​នេះ គឺ ខេត្ត២ នៅ​តំបន់​ស៊ីបេរី និង ២ទៀត នៅ​ប៉ែកខាងត្បូង​រដ្ឋធានី​ម៉ូស្គូ។

ផ្សាយពាណិជ្ជកម្ម

ទី១-គឺ”រោងចក្រ​គីមី”នៅខេត្ត Volgograd ប្រមាណ៩០០គីឡូម៉ែត្រ​ខាងត្បូង​ពីម៉ូស្គូ ដែល សម័យ​សូវៀត មុន​ឆ្នាំ១៩៨៧ បាន​ផលិត​អាវុធ​គីមី ដោយប្រើ​ធាតុ Chlore ជា​មូលដ្ឋាន។ ទឹក បង្ហូរ​ចេញ​ពី​ការផលិត​នេះ ព្រម​ទាំង​កាកសំណល់​គោក​របស់​វា អស់ជាច្រើន​ឆ្នាំ បានត្រូវ​គេយក​ទៅ គរ ទុក នៅ​ក្នុង​បឹង​មួយ​ដែលត្រូវ​គេឲ្យ​ឈ្មោះ​ថា “សមុទ្រស”។ ធាតុពុល​ទាំងនេះ សព្វថ្ងៃ មានទំហំ ១លាន​៥សែន​តោន។ តាមកាសែត Izvestia ក្រសួង​ឧស្សាហកម្ម​បាន​សុំ​រដ្ឋាភិបាល​ឲ្យ​បញ្ចូល​ទៅ​ក្នុងថវិកា សម្រាប់​ឆ្នាំ​២០១២ នូវ​ខ្ទង់​ចំណាយ ប្រមាណ​៣៧០លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅជំនះ​លើ​ផលវិបាក​នេះ ប៉ុន្តែ មកទល់​ឥឡូវ បញ្ហា​នេះ​នៅមិនទាន់​គេ​ដោះស្រាយ​ច្បាស់លាស់ នៅឡើយ។

ទី២-គឺ ”រោងចក្រ​គីមី” នៅខេត្ត Toula ចម្ងាយ​២០០គីឡូម៉ែត្រ.ខាងត្បូង​ពីម៉ូស្គូ​ដែរ ដែលតែង​បាន​ផលិតធាតុ Nitrocellulose។ ប៉ុន្តែ ចាប់ពី​ឆ្នាំ១៩៩៥មក គឺ​ឈប់​ដំណើរការ​ទៅ មក​ពី​លែងមាន បទ​បញ្ជា​ទិញ​ផលិតផល​នេះ ពី​ខាងក្រសួង​ការពារជាតិ។ រួច​សព្វថ្ងៃ នៅទីនោះ មាន​គរ​ទុក​ក្នុង បរិមាណ​ដល់​ជាង២សែន​តោន គឺ កាកសំណល់ Nitrate Cellulose និង​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​រំសេវផ្ទុះ។ កាក​សំណល់​ទាំងនេះ ត្រូវគេ​រក្សាទុក​ក្រោម​ស្រទាប់ទឹក ហើយ​ក្នុងករណី បើ ទឹកនោះ រីងស្ងួត ឬ ក៏បែរ​ទៅ​ជា​ត្រជាក់ជ្រុល​ដល់​កក នោះ​គឺ​អាចផ្ទុះ​គ្ឌាំង​តែម្តង។

មិនតែ​ប៉ុណ្ណោះ វត្ថុធាតុ​ជា”ភ្នាក់ងារ​គីមី”បែបយ៉ាង ធាតុAzote លាយជាមួយ Acide sulfurique បរិមាណ២.១៥០​តោន ទោះបី​ត្រូវគេ​ទុកក្នុង​ធុងក្តី ក៏ ចំហាយ​វា ភាយទៅ​ក្នុង​អាកាស ក្នុង មួយឆ្នាំៗ នូវធាតុ Acide sulfurique ដល់ទៅ​១២តោន និង​ធាតុAzote ដល់​ទៅ​៨តោន។ ក្នុងករណីនេះ ក្រសួងឧស្សាហកម្ម បានសុំពី​រដ្ឋាភិបាល គឺ​ទឹកប្រាក់ ៨២​លាន​ដុល្លារ។

ទី៣-គឺ”រោងចក្រគីមី” នៅខេត្ត Krasnoyarsk ៣.៦០០គ.ម. ខាងកើត​ម៉ូស្គូ ដែលបើ​កាលណា ស្រាប់តែ​ផ្ទុះ​ទៅ ធាតុគីមី​សល់​ពី​ការផលិត​ជំនាន់​សូវៀត នោះ តាមមតិ​ពួក​អ្នកជំនាញការ គឺអាច​ផ្តាច់​ជីវិត​មនុស្ស រហូត​ដល់​១២.០០០​នាក់។ ក្រសួង​ឧស្សាហកម្ម​បាន​សុំប្រាក់ ៧០​លាន​ដុល្លារ សម្រាប់​បំពេញ​ការរងារ ខាងជំនះ​លើ​គ្រោះថ្នាក់​ជា យថាហេតុ​នោះ។

ទី៤-គឺ”រោងចក្រគីមី” នៅខេត្ត Sverdlovsk ១.៤០០គ.ម.ខាងកើត​ពីម៉ូស្គូ ដែល​កាលមុន ស្ថិតក្រោម​បញ្ជា​របស់​ក្រសួង​ការពារជាតិ តែង​ផលិតធាតុ​ផ្ទុះ TNT។ បើធាតុផ្ទុះ​ដែលនៅ​សល់ទីនោះ ស្រាប់តែ​ផ្ទុះទៅ គឺវា​នឹង​បង្ក​ជាការខូចខាត ក្នុងទឹកប្រាក់ ដល់​២.០០០​លាន​ដុល្លារ ប៉ុន្តែ ក្រសួង​ឧស្សាហកម្ម​សុំ​តែ ២៣លាន​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​បញ្ចៀស​ឲ្យ​ផុត​ពី​មហន្តរាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ