ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ាលី៖លោក​ប្រធានាធិបតី​ប្រកាស​បទឈប់បាញ់ បន្ទាប់​ពី​ទ័ពរដ្ឋាភិបាល​ចាញ់​ពួក​ឧទ្ទាមតួរ៉ែក !

សំឡេង ០៤:២៩
លោក​នាយករដ្ឋមន្រ្តី​ម៉ាលី មូសសា ម៉ារ៉ា​នាដំណើរ​ទស្សនកិច្ច​ក្នុង​រដ្ឋ​គីដាល់ ថ្ងៃទី១៧ ឧសភា ២០១៤
លោក​នាយករដ្ឋមន្រ្តី​ម៉ាលី មូសសា ម៉ារ៉ា​នាដំណើរ​ទស្សនកិច្ច​ក្នុង​រដ្ឋ​គីដាល់ ថ្ងៃទី១៧ ឧសភា ២០១៤ AFP PHOTO / FABIEN OFFNER

នៅ​ក្នុង​ប្រទេស​ម៉ាលី រដ្ឋាភិបាល​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ពួក​ឧទ្ទាម​តួរ៉ែក (Touaregs) នៅ​យប់​ថ្ងៃ​ពុធ ទី២១ ឧសភា​ក្នុង​គោលដៅ​រំដោះ​រដ្ឋ​គីដាល់​ស្ថិត​ប៉ែក​ឦសាន។ ប្រតិបត្តិការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លំាង​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​កាល​ពី​ថ្ងៃទី១៧ ឧសភា​កន្លង​ទៅ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៣០នាក់ ព្រម​ទំាង​របួស​ជា​​ច្រើន​នាក់​ផ្សេង​ទៀត។ បន្ទាប់​ពី​បាន​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មក ទ័ព​រដ្ឋាភិបាល​ហាក់​ដូច​ជា​បាន​ចាញ់​ច្រាប​នឹង​ឥទ្ធិពល​របស់​ពួកឧទ្ទាម​តួរ៉ែក រួច​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​រដ្ឋគីដាល់​តែ​ម្តង។ ប្រតិកម្ម​ភ្លាមៗ លោក​ប្រធានាធិបតី​ម៉ាលី​បាន​ប្រកាស​ឲ្យ​មាន​បទឈប់​បាញ់។ ព្រឹត្តិការណ៍​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព​រវាង​រដ្ឋាភិបាល​ទីក្រុង​បាម៉ាកូ និង​ចលនាជាតិ​ដើម្បី​រំដោះ​ដែនដី​អាហ្សាវ៉ាដ (Azawad)។

ផ្សាយពាណិជ្ជកម្ម

 

ឈើគូស​តែ​ដើម វា​គ្រប់គ្រាន់​ដើម្បី​បង្កាត់​ភ្លើង​ឲ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បាន។ អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​នៅ​ថ្ងៃទី១៧ ឧសភា ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ាលី​មូសសា ម៉ារ៉ា​នៅ​ក្នុង​រដ្ឋ​គីដាល់​ស្ថិត​ប៉ែក​ឦសាន​ប្រទេស។ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ម្នាក់ លោក​មូសសា ម៉ារ៉ា​មាន​សិទ្ធិ​ចុះ​ទៅ​ទស្សនកិច្ច​ទីកន្លែង​ណា​ក៏​បាន​ដែរ​ឲ្យ​តែ​ជា​ដែនដី​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​ប្រទេស​ម៉ាលី។ ប៉ុន្តែ​គេ​អាច​និយាយ​បាន​ថា នៅ​តំបន់​ប៉ែក​ឦសាន ពិសេស​រដ្ឋ​គីដាល់ គឺ​ជា​ដែនដី​ពិសេស​មួយ​ដែល​បាន និង​កំពុង​បន្ត​ញំាញី​ដោយ​ពួក​ឧទ្ទាម​តួរ៉ែក។ ជាក់ស្តែង​នៅ​ពេល​ដែល​លោក​មូសសា ម៉ារ៉ា​បាន​ដាក់​ជើង​ជាន់​ទឹកដី​គីដាល់​ភ្លាម ក៏​ស្រាប់​តែ​មាន​ការ​វាយប្រហារ​ពី​ក្រុម​ឧទ្ទាម​តែ​ម្តង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទ័ពរដ្ឋាភិបាល និង​ពួក​ឧទ្ទាម​ពេល​នោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៣០នាក់ និង​រងរបួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

គឺ​នៅ​ថ្ងៃ​ដដែល​នោះ​ឯង​ដែល​លោក​នាយករដ្ឋមន្រ្តី​មូសសា ម៉ារ៉ា​បាន​ប្រកាស​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ពួក​ឧទ្ទាម​តួរ៉ែក​ជា​ចំហ​តែ​ម្តង។ ៣ថ្ងៃ​ក្រោយ​មក គីដាល់​ក៏​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​រវាង​ទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម។ អ្វី​ជា​ការ​កត់សម្គាល់ ការ​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ក្នុង​រដ្ឋ​គីដាល់​ពេល​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​បាម៉ាកូ​សម្រេច​តែ​ម្នាក់​ឯង ដោយ​មិន​បាន​សួរ​យោបល់ ឬ​មួយ​ក៏​ជូន​ដំណឹង​ដល់​បេសកកម្ម​ស៊ែរវ៉ាល់ (Serval) ឬ​មួយ​ក៏​បេសកកម្ម​មីនុសា (Minusma) ជា​មុន​ទេ។ គួរ​រម្លឹក​ជូន​ថា បេសកកម្ម​ស៊ែរវ៉ាល់ (Serval) ជា​បេសសកម្ម​របស់​បារំាង​ក្នុង​ការ​ជួយ​ម៉ាលី​កុំ​ឲ្យ​ធ្លាក់​ក្នុង​កណ្តាប់​របស់​ពួក​ឧទ្ទាមអ៊ីស្លាម​និយម​ជ្រុល រីឯ​បេសកកម្ម​មីនុសា (Minusma) គឺ​ជា​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​ម៉ាលី។ សព្វថ្ងៃ​នេះ Minusma មាន​បុគ្គលិក​មួកខៀវ​ប្រមាណ​ជា ១ ១០០នាក់​ដែល​គ្មាន​តួនាទី​ជា​អ្នក​ចេញ​មុខ​ប្រយុទ្ធ​ទល់​នឹង​ពួក​ឧទ្ទាម​ផ្ទាល់​ទេ តែ​ជួយ​គំាទ្រ​ដល់​កម្លំាង​រដ្ឋាភិបាល​ម៉ាលី។

បន្ទាប់​ពី​បាន​ប្រឈម​មុខ​ដាក់​គ្នា​រយៈពេល ៥ម៉ោង​មក ទ័ពរដ្ឋាភិបាល​ក៏​ត្រូវ​បាន​ក្រុម​ប្រដាប់អាវុធ​របស់​ពួក​ឧទ្ទាម​​វាយ​បណ្តេញ​ចេញ​ពី​គីដាល់​យ៉ាង​អាម៉ាស់​មុខ។ នៅ​ទីបំផុត រដ្ឋាភិបាល​ទីក្រុង​បាម៉ាកូ​ក៏​បាន​ប្រកាស​ឲ្យ​មាន​បទឈប់បាញ់​ជា​បន្ទាន់​មួយ។ ការ​ប្រកាស​ឲ្យ​មាន​បទឈប់​បាញ់​ពី​សំណាក់​ទីក្រុង​បាម៉ាកូ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​ស្នើ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់។ សម្រាប់​លោក​បាន គីមូន ប្រតិបត្តិការ​​យោធា​របស់​ទីក្រុង​បាម៉ាកូ​អាច​នឹង​ជម្រុញ​ឲ្យ​មាន​ការ​វិល​ត្រឡប់​វិញ​នូវ​ជម្លោះ​នៅ​តំបន់​ប៉ែកខាងជើង ពិសេស​បង្ក​ឲ្យ​មាន​ភាព​ល្អក់ កករ​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជា​ច្រើន​ឆ្នំា​ក្នុង​ការ​នំា​ភាគី​ជម្លោះ​ទំាង​ពីរ​មក​កាន់​តុចរចា។ តែ​យ៉ាង​ណា​ក៏​ដោយ បរាជ័យ​របស់​កម្លំាង​រដ្ឋាភិបាល​នៅ​ចំពោះ​មុខ​ក្រុមប្រដាប់​អាវុធ​ក្នុង​រដ្ឋ​គីដាល់​ពេល​នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ផ្លូវ​សន្តិភាព​ដែល​គូបដិបក្ខ​ទំាង​ពីរ​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ​នៅ​ឡើយ។

សូម​ជម្រាប​ជូន​ថា សង្រ្គាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ម៉ាលី គឺ​ជា​ជម្លោះប្រដាប់​អាវុធ​យ៉ាង​ហិង្សា​រវាង​កម្លំាង​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម​តួរ៉ែក​នៅ​តំបន់​ប៉ែក​ខាងជើង។ តួរ៉ែក គឺ​ជា​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ដែល​កើត​ចេញ​ពី​ចលនាជាតិ​ដើម្បី​រំដោះ​ដែនដី​អាហ្សាវ៉ាដ និង​ឧត្តមក្រុមប្រឹក្សា​ដើម្បី​ឯកភាព​ដែនដី​អាហ្សវ៉ាដ។ អាហ្សាវ៉ាដ ជា​ដែនដី​ដែល​ផ្តុំ​ដោយ​តំបន់ ៣ ខុស​គ្នា គឺ​តំបន់​គីដាល់ តុំប៊ូទូ និង​ហ្កាវ។ តំាង​ពី​ក្រោយ​ការ​វាយប្រហារ​លើ​បន្ទាយ​ទាហាន​រដ្ឋាភិបាល​ក្នុង​ថ្ងៃទី ១៧ មករា ឆ្នំា ២០១២ មក ក្រុមឧទ្ទាម​តួរ៉ែក​ក៏​បាន​ប្រកាស​បញ្ឈប់​អធិករយោធា​ទល់​នឹង​កម្លំាង​រដ្ឋាភិបាល និង​បាន​ប្រកាស​ឯករាជ្យភាព​នៅ​ដែនដី​អាហ្សាវ៉ាដ។ តែ​តំាង​ពី​ពេល​នោះ​មក ទីក្រុង​បាម៉ាកូ​នៅ​តែ​បន្ត​ព្យាយាម​ដណ្តើម​យក​ដែនដី​គីដាល់​ត្រឡប់​វិញ។

គឺ​ទើប​តែ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នំា ២០១៣ កន្លង​ទៅ​ទេ ដែល​ភាគី​ជម្លោះ​បាន​យល់​ព្រម​អង្គុយ​ចរចា​គ្នា ដោយ​ជ្រើស​យក​ទីក្រុង​អៅហ្គាឌូហ្គូ ប្រទេស​បួគីណាហ្វាសូ ជា​ទីកន្លែង​ចរចា។ កិច្ចព្រមព្រៀង​មួយ​ដែល​មាន ១២ទំព័រ និង ២៥មាត្រា​ត្រូវ​បាន​ភាគី​ជម្លោះ​ទំាង​ពីរ​ចុះ​ហត្ថលេខា ក្រោម​អន្តរការី​របស់​លោក​ប្រធានាធិបតី​បួគីណាហ្វាសូ ប៊្លេស កុំប៉ាអូរ៉េ។ កិច្ចព្រមព្រៀង​នេះ គឺ​ជា​លទ្ធផល​បាន​មក​ពី​ការ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​មក ទៅ​មក និង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ។ សហគមន៍​អន្តរជាតិ​បាន​ចំណាយ​ពេល​រាប់សិប​ឆ្នំា ទំរំា​តែ​អាច​ជំនះ​ភាគី​ជម្លោះ​ទំាង​ពីរ​ឲ្យ​ចូល​តុចរចា​បាន។ កិច្ចព្រមព្រៀង​មាន​ហើយ តែ​ការ​អនុវត្តន៍​ជាក់ស្តែង​ហាក់​ដូច​ជា​ត្រូវ​បាន​គ្រប់​គ្នា​បំភ្លេច​ចោល​ទៅ​វិញ។

ល្បែង​ដែល​ភាគី​នីមួយៗ​បាន និង​កំពុង​បន្ត​លេង​នា​ពេល​នេះ ពិត​ជា​ល្បែង​មួយ​ដ៏​គ្រោះថ្នាក់​ខ្លំាង​ណាស់​សម្រាប់​ប្រទេសជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI