បែលហ្ស៊ិកចាប់ខ្លួនមនុស្ស១២នាក់ ជាប់សង្ស័យរៀបផែនការភេរវកម្ម
ចុះផ្សាយនៅថ្ងៃ៖
នៅយប់ថ្ងៃសុក្រចូលព្រឹកថ្ងៃសៅរ៍១៨មិថុនានេះ អាជ្ញាធរបែលហ្ស៊ិកបានចាប់ខ្លួនមនុស្ស១២នាក់ ជាប់ង្ស័យថា រៀបចំផែនការភេរវកម្ម។ ក្នុងពេលបារាំងកំពុងរៀបចំការប្រកួតបាល់ទាត់អឺរ៉ូ សហភាពអឺរ៉ុបបង្កើនការប្រុងប្រយ័ត្នសន្តិសុខខ្ពស់។
មនុស្សដែលអាជ្ញាធរបែលហ្សិកចាប់ខ្លួលកាលពីយប់ថ្ងៃសុក្រ ជាប់សង្ស័យថា ចង់បង្កភេរវកម្ម នៅរសៀលថ្ងៃសៅរ៍១៨មិថុនានេះ ក្នុងពេលបែលហ្ស៊ិកប្រកួតបាល់ទាត់ជាមួយ អៀឡង់ សម្រាប់ការប្រកួតបាល់ទាត់អឺរ៉ូឆ្នាំ២០១៦នេះ។
ក្នុងចំណោមជនសង្ស័យ មានជនជាតិបែលហ្ស៊ិកម្នាក់ អាយុ៣០ឆ្នាំ ចាប់ខ្លួនពីបទថា អាចជាប់ពាក់ព័ន្ធនឹងភេរវកម្មនៅអាកាសយានដ្ឋានZaventem ក្រុងBruxelles កាលពីថ្ងៃ២២មិនា។ ជនសង្ស័យរូបនេះ ជាអ្នកបម្រើការនៅអាកាសយានដ្ឋានបែលហ្ស៊ិក និងត្រូវជាមិត្តភក្តិកុមារភាពរបស់ភេរវជន ខាលីត អែលបាក្រាវី។ ភេរវជនអែលប្រាកាវីនេះបានចូលរួមបង្កភេរវកម្មនៅអាកាសយានដ្ឋានបែលហ្ស៊ិក។
អាជ្ញាធរបែលហ្ស៊ិកបានធ្វើការឆែកឆេរនៅតាមឃុំចំនួន១៦ ក្នុងនោះមានព្រុចសែលផងដែរ។ ប៉ុន្តែ ពុំបានរកឃើញអាវុធ រឺក៏គ្រឿងផ្ទុះអ្វីទេ។ កាលពីថ្ងៃពុធ ប៉ូលិសភេរវកម្មបានទទួលដំណឹងថា សកម្មជនរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាមបានចាកចេញពីទឹកដីស៊ីរីហើយ ដើម្បីបង្កភេរវកម្មនៅបែលហ្ស៊ិកនិងបារាំង។
ក្នុងពេលបារាំងកំពុងរៀបចំការប្រកួតបាល់ទាត់អឺរ៉ូ ឆ្នាំ២០១៦ សហភាពអឺរ៉ុបប្រុងប្រយ័ត្នសន្តិសុខក្នុងកម្រិតខ្ពស់។ បារាំងនៅមិនទាន់ភ្លេចភេរវកម្ម ខែវិច្ឆិកា ឆ្នាំ២០១៥នៅឡើយទេ។ ចំណែកបែលហ្ស៊ិកវិញក៏រឹតតែមិនអាចធ្វេសប្រហែសសន្តិសុខដែរ ព្រោះទើបនឹងរងការវាយប្រហារភេរវកម្ម កាលពីថ្ងៃ២២មិនាប៉ុណ្ណោះ។
រដ្ឋាភិបាលបែលហ្ស៊ិកបានអះអាងថា អាជ្ញាធរនៅតែបន្តការងារប្រយុទ្ធប្រឆាំងភេរវកម្ម ប្រឆាំងក្រុមជ្រុលនិយមជានិច្ច ដើម្បីអាចអោយប្រជាជនប្រកបរបរប្រចាំថ្ងៃតាមធម្មតាបាន។ តាំងពីថ្ងៃសុក្រមក បែលហ្ស៊ិកបានពង្រឹងការការពារសុវត្ថិភាពសន្តិសុខដល់រដ្ឋមន្ត្រីខ្លួនច្រើនរូប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ