អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ពី​អាស៊ាន​១០​ប្រទេស ទៅ​កាន់​អាស៊ាន​បូក​៣​

សំឡេង ០៧:៣១
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ក្រោមដំបូលតែមួយរបស់អាស៊ាន
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ក្រោមដំបូលតែមួយរបស់អាស៊ាន @RFI
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
៣៦ នាទី

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត ដោយ​សូម​បន្ត​និយាយ​បក​ស្រាយ​ត្រួសៗពី​ប្រវត្តិ​នៃ​ការ​កសាង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ដើម​ទសវត្សរ៍​ទី​៨០ ទើប​ឃើញបណ្តាប្រទេសអាស៊ី​អាគ្នេយ៍​ចាក​ចេញ​បណ្តើរៗ​ពី​ភាព​ប្រេះឆា ដើម្បី​បោះ​ពួយ​ទៅ​រក​ទី​ដៅ​នៃ​ឯកភាព​ក្រោម​ដំបូល​តែមួយនៃអង្គការតំបន់ អាស៊ាន។ តើ​មក​ពី​មូលហេតុ​អ្វី?

ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ដើម​ទសវត្សរ៍​ទី​៩០ ទើប​ឃើញ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្តើម​ចាក​ចេញ​បណ្តើរៗ​ពី​ភាព​ប្រេះឆា ដើម្បី​បោះ​ជំហាន​ទៅ​រក​ទី​ដៅ​នៃ​ឯកភាព។ ធ្វើ​ដូច​នេះ​បាន ក៏​ដោយសារ​តែ​សង្គ្រាម​ត្រជាក់​ត្រូវ​បាន​ចប់ ដ្បិត​សហភាព​សូវៀត​បាន​រលំ​រលាយ​នៅ​ថ្ងៃ​ទី​២៦​ធ្នូ​ឆ្នាំ​១៩៩១។

 
តាម​ពិត​ទៅ នៅ​ចុង​ទសវត្សរ៍​ទី​៨០ មហា​អំណាច​បស្ចិម​លោក ចិន​និង​សហភាព​​សូវៀត​​ ដែល​កាល​ណោះ​កំពុង​ត្រដរ​ខ្យល់ បាន​ត្រូវរ៉ូវ​គ្នា​បញ្ចប់​វិបត្តិ​នៅ​កម្ពុជា ​រហូត​ដល់​បាន​សម្រេច​​​នៅ​ទី​បំផុត តាម​រយៈ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​តុលា​ឆ្នាំ​១៩៩១។

ចាប់​ពី​ពេល​នោះ​មក អាស៊ាន​ដែល​បាន​ទទួល​យក​ប្រទេស​ព្រុយណេ​ជា​សមាជិក​ទី​៦របស់​ខ្លួន​នៅ​ឆ្នាំ​១៩៨៥ ក៏​ផ្តើម​​ចរចា​ក្នុង​គោលដៅ​ប្រមូល​យក​វៀតណាម ឡាវ កម្ពុជា​និង​ភូមា​មក​ដាក់​នៅ​ក្រោម​ដំបូលតែមួយ​នៃ​អង្គការ​តំបន់​​នេះ។ អាស៊ាន​ទទួល​យក​វៀតណាម​នៅ​ឆ្នាំ​១៩៩៥ រួច​ហើយ​ឡាវ​និង​ភូមា​នៅ​ឆ្នាំ​១៩៩៧ និង​នៅ​ចុង​បញ្ចប់ កម្ពុជា​នៅ​ឆ្នាំ​១៩៩៩។

និយាយ​រួម ចាប់​ពី​ទសវត្សរ៍​ទី​៩០​ទៅ គេ​អាច​និយាយ​បាន​ថា បណ្តា​ប្រទេស​អាស៊ី​
អាគ្នេយ៍​​​លែង​ប្រេះឆា លែង​លាប​ពណ៌​នយោបាយ​ឬ​មនោគមវិជ្ជា​ដាក់​គ្នា លែង​ចាត់​ទុក​គ្នា​ជា​សត្រូវ​ទៀត​ហើយ។ អ្វី​ដែល​ចាំ​បាច់​ចាប់​ពី​អំណើះ​ត​ទៅ គឺ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

កាល​សម័យ​នោះ នៅ​ពេល​ដែល​អាស៊ាន​បាន​ផ្តើម​បើក​ទ្វារ​ទទួល​យក​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ដែល​ជា​អតីត​សត្រូវ មាន​សំណួរ​ជា​ច្រើន​ចោទ​ឡើង ជាអាទិ៍ តើ​សមាជិក​ដែល​ស្អប់​លទ្ធិ​កុម្មុយនិស្ត ដូចជា​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ​និង​ហ្វីលីពីន អាច​នឹង​ធ្វើ​ការ​ជាមួយ​វៀតណាម​និង​ឡាវ​កុម្មុយនិស្ត​បាន​ដែរ​ឬ​ទេ?

តាម​ពិត​ទៅ​នៅ​ជំនាន់​នោះ បណ្តា​សមាជិក​អាស៊ាន​សឹង​ជា​ទូ​ទៅ សុទ្ធ​តែ​ជា​អ្នក​កាន់​អំណាច​ផ្តាច់ការ ដូច​យ៉ាង​សិង្ហបុរី ភូមា វៀតណាម ឡាវ និង​ឥណ្ឌូណេស៊ី។

ដោយ​ឡែក ខុស​ផ្ទុយ​ពី​សហភាព​អឺរ៉ុប អាស៊ាន​មិន​ដាក់​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ប្រទេស​សមាជិក​គោរព​សិទ្ធិ​មនុស្ស​និង​គោលការណ៍​ប្រជាធិបតេយ្យ​អ្វី​ទេ។ មិន​តែ​ប៉ុណ្ណោះ​ថ្នាក់​​ដឹក​នាំ​នៃ​បណ្តា​​សមាជិក​ខ្លះ ដូច​ជា​លី គាន់យូ(Lee Kuan Yew)នៅ​សិង្ហបុរី និង​ម៉ាហាធារ ម៉ូហា​ម៉ាឌ​(Mahathir Mohamad) នៅ​ម៉ាឡេស៊ី​ជា​ដើម មិន​ព្រម​ទទួល​ឡើយ​គោលការណ៍​ប្រជា​ធិប​តេយ្យ​​បែប​បស្ចិម​លោក​។

ពួក​គេ​នាំ​គ្នា​អះ​អាង​ថា​មិន​ត្រូវ​អនុវត្ត​ឡើយ ឬ​ក៏​មិន​ត្រូវ​អនុវត្ត​ម៉ត់​ចត់​ហួស​ហេតុ​ពេក​ទេ​លិទ្ធិប្រជាធិបតេយ្យ​បែប​បស្ចិម​លោក ដ្បិត​សង្គម​អាស៊ី​មាន​ប្រពៃណី​និង​វប្បធម៌​របស់​គេ​ដាច់​ដោយ​ឡែក ដែល​ខុស​គ្នា​ស្រឡះ​ពី​ប្រពៃណី​និង​វប្បធម៌​បស្ចិម​លោក​។ សម្រាប់​លី គាន់យូ និង​ម៉ាហាធារ ម៉ូហាម៉ាឌ បស្ចិម​លោក​ឲ្យ​តម្លៃ​ខ្លាំង​ណាស់​ទៅ​លើ​បុគ្គល​ សេរីភាព​ និង​សម​ធម៌​​ ចំណែក​ពិភព​អាស៊ី​វិញ​ឲ្យ​តម្លៃ​ខ្លាំង​ជាង​គេ​ទៅ​លើ​គ្រួសារ​ សង្គម​ វិន័យ​ សណ្តាប់​ធ្នាប់ អំណាច និង​ការ​ងារ។

យ៉ាង​ណា​ក៏​ដោយ នៅ​ចុង​ទសវត្សរ៍​ទី​៩០ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​ដប់ បាន​​បិទ​​​បញ្ចប់​សករាជ​នៃ​ការ​ប្រេះឆា​ច្រើន​ទសវត្សរ៍​ និង​បាន​ឯកភាព​គ្នា​ជ្រក​ក្រោម​ដំបូលអង្គការ​តែ​មួយ ព្រម​ទាំង​បាន​ចាប់​ដៃ​គ្នា​កសាង​សន្តិភាព​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់។

ម្ល៉ោះ​ហើយ គោល​ដៅ​ចំបង​មួយ​ដែល​ជា​គោលការណ៍​ត្រូវ​ទៅ​ដល់​នៅ​ដំណាច់​ឆ្នាំ២០១៥​ខាងមុខ គឺ​ប្រែ​ក្លាយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទៅ​ជា​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ តាម​រយៈ​ការ​ធ្វើ​សមាហរ័ណកម្ម​ទាំង​ស្រុង​មួយ។ និយាយ​បែប​ផ្សេង ដូច​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​អ៊ីចឹង នៅ​ក្នុង​លំហ​ដែន​ដី​នៃ​អាស៊ាន​ទាំង​មូល នឹង​ត្រូវ​មាន​ដោយ​សេរី​ចរាចរណ៍​​​​ទំនិញ មូលធន និង​ប្រជាជន។

នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​ដដែល​នោះ សង្គ្រាម​ត្រជាក់​ដែល​បាន​រលត់​បាត់​ទៅ​ក៏​បាន​បិទ​បញ្ចប់​ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​សហរដ្ឋ​អាមេរិក ចិន​និង​រុស្ស៊ី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ។ ក៏​ប៉ុន្តែ ទន្ទឹម​នោះ ស្រាប់​តែ​ចិន​និង​ជប៉ុន មួយ​ជា​មហា​យក្ស​នយោបាយ​ដែល​កំពុង​ក្លាយ​ជា​មហា​យក្ស​សេដ្ឋកិច្ច​និង​មួយ​ទៀត​ជា​មហា​យក្ស​សេដ្ឋកិច្ច​តែ​មានសហរដ្ឋ​អាមេរិក​ជា​បង្អែក​នយោបាយ​និង​យោធា ផ្តើម​ប្រជែង​ជើង​គ្នា​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ជា​ទូ​ទៅ និង​នៅ​អាស៊ី​អាគ្នេយ៍​ដាច់​ដោយ​ឡែក។

ឧទាហរណ៍​ជាក់​ស្តែង នៅ​ខែ​មករា​ឆ្នាំ​១៩៩៧ នាយក​រដ្ឋមន្រ្តី​ជប៉ុន​សម័យ​នោះ គឺ(Ryutaro Hashimoto) បាន​ស្នើ​ឱ្យ​មាន​ជា​ប្រចាំ ជំនួប​កំពូល​មួយ​ឆ្នាំ​ម្តង​រវាង​អាស៊ាន​និង​ជប៉ុន។ ក៏​ប៉ុន្តែ ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​សមាជិក​អាស៊ាន​ដែល​យល់​ដឹង​ពី​បាតុភាពភូមិសាស្រ្ត​នយោបាយ​ថ្មី​នៅ​អាស៊ី រា​រែក កិក​កុក​មិន​ព្រម​ទទួល​សំណើ​របស់​ជប៉ុន ដ្បិត​បារម្ភ​ខ្លាច​ចិន​អាក់​អន់​ស្រពន់​ចិត្ត។ នៅ​ទី​បំផុត អាស៊ាន​ក៏​សម្រេច​ចិត្ត​ទាក់​ទង​ជប៉ុន​ផង ចិន​ផង និង​ថែម​ទាំង​កូរ៉េ​ខាង​ត្បូង​មួយ​ទៀត ដើម្បី​បង្កើត​ឡើង​នូវ​អ្វី​ដែល​សព្វ​ថ្ងៃ​នេះ​គេហៅ​ថា​អាស៊ាន​បូក​៣។

តាម​ការ​ពិត អាស៊ាន​បូក​៣ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ មួយ​ឆ្នាំ​ក្រោយ​មក។ គឺ​នា​ឱកាស​ជំនួប​កំពូល​នៅ​ហាណូយ​ប្រទេស​វៀត​ណាម ក្នុង​ខែ​ធ្នូ​ឆ្នាំ​១៩៩៨។ នេះ​មិន​មែន​ចៃដន្យ​ទេ ពីព្រោះ​​នៅ​ឆ្នាំ​១៩៩៨​នោះ វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មួយ​ដែល​គេ​ប្រសិទ្ធិនាម​ថា​ជា​វិបត្តិ​អាស៊ី បាន​ញាំញី​ខ្លាំង​ទ្វីប​អាស៊ី ជា​ពិសេស​អាស៊ី​អាគ្នេយ៍។ មិន​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ឆ្នាំ​១៩៩៨​ដដែល​នោះ បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ជួប​ប្រទះ​នឹង​ការ​ប្រែប្រួ​នយោបាយ។ របប​ផ្តាច់​ការ​របស់​(Suharto) នៅ​ឥណ្ឌូណេស៊ី​បាន​ដួល​រលំ​​នៅ​ម៉ាឡេស៊ី​វិញ នាយក​រដ្ឋ​មន្រ្តី​(Mahathir) បាន​ដក​ឧបនាយក​រដ្ឋមន្ត្រី​(Anwar Ibrahim)ដែល​ក្លាយ​ជា​គូ​ប្រជែង​ចេញ​ពី​តំណែង។

ចំណែក​នៅ​កូរ៉េ​ខាង​ត្បូង (Kim Dae Jung) បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី។ ផ្ទុយ​ទៅ​វិញ នៅ​ជប៉ុន Ryutaro Hashimoto បាន​បង្ខំ​ចិត្ត​លាលែង​ចេញ​ពី​តំណែង ដោយហេតុ​តែ​វិបត្តិ​សេដ្ឋ​កិច្ច​ ​និង​នយោបាយ។ គឺ​ព្រឹត្តការណ៍​ទាំង​អស់​នេះ​ហើយ ដែល​បាន​ជំរុញ​ឱ្យ​បង្កើត​ជំនួប​កំពូល​​​អាស៊ាន​បូក៣ ជាផ្លូវការនៅឆ្នាំ១៩៩៨ ដើម្បី​ឱ្យ​ថ្នាក់​ដឹក​នាំ​អាស៊ី​អាច​ផ្តោះ​ប្តូរ​យោបល់​គ្នា​ និងអាចជជែកគ្នាដើម្បីរកដំណោះស្រាយបញ្ហាសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ នៅ​លើ​វេទិកាតំបន់រួមគ្នាមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ