អាស៊ានប្រហែលជាពិបាកដើរ ដល់សមាហរ័ណកម្មទាំងស្រុងនៅឆ្នាំ២០១៥
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២២
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងអំពីភូមិសាស្រ្តនយោបាយនៃអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមបន្តនិយាយបកស្រាយត្រួសៗពីប្រវត្តិនៃការកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ពីពេលនេះតទៅ មហិច្ឆតារបស់អាស៊ានគឺធ្វើសមាហរ័ណកម្មសេដ្ឋកិច្ចទាំងស្រុងមួយឱ្យបានមុនចុងឆ្នាំ២០១៥។ ប៉ុន្តែ សមាហរ័ណកម្មទាំងស្រុងនេះដែលគេប្រសិទ្ធនាមឱ្យថាជាសហគមន៍អាស៊ាន គឺជាគោលដៅមួយចាំបាច់តែពិបាកនឹងដើរដល់។ តើហេតុអ្វី?
ក្នុងខណៈនេះ មហិច្ឆតារបស់ថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ គឺជម្រុញធ្វើយ៉ាងណាឱ្យអាស៊ាន ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៧ ក្លាយទៅជាសហគមន៍សេដ្ឋកិច្ចអាស៊ាននាដំណាច់ឆ្នាំ២០១៥ខាងមុខនេះ ដោយយកគំរូតាមសហភាពអឺរ៉ុប។ បានន័យថា សមាជិកអាស៊ានទាំង១០ប្រទេសចង់បានសមាហរ័ណកម្មទាំងស្រុងមួយ ដែលមិនត្រឹមតែមានចរាចរណ៍ទំនិញដោយសេរីប៉ុណ្ណោះទេ តែក៏នឹងត្រូវមានដែរចរាចរណ៍មូលធននិងចរាចរណ៍ប្រជាជនដោយសេរី នៅក្នុងលំហដែនដីនៃអាស៊ានទាំងមូល។
ជាការពិតណាស់ដែលថា សមាហរ័ណកម្មទាំងស្រុង គឺជាគោលដៅមួយចាំបាច់បំផុតសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ប្រទេសសមាជិកអាស៊ាននីមួយៗនិងតែឯកឯងគ្មានទម្ងន់សេដ្ឋកិច្ចនិងនយោបាយទេនៅលើឆាកតំបន់ និងនៅលើឆាកអន្តរជាតិ។ ដូចគ្នាអ៊ីចឹងដែរ ពេលក្លាយជាសហគមន៍ដូចគំរូសហភាពអ៊ឺរ៉ុបហើយ អាស៊ាន ជាគោលការណ៍ នឹងមានទឹកមាត់ប្រៃ កិត្យានុភាព និងទម្ងន់ជាងមុន។ នៅពេលនោះ អាស៊ាននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៩នៅក្នុងពិភពលោក ក្លាយទៅជាទីផ្សារមួយដ៏ធំដែលមានប្រជាជនរហូតដល់ទៅជិត៦០០លាននាក់។
ប៉ុន្តែ សមាហរ័ណកម្មទាំងស្រុងនៅឆ្នាំ២០១៥ គឺជាគោលដៅមួយពិបាកនឹងដើរទៅដល់។
ពិបាកនឹងដើរទៅដល់ ពីព្រោះក្នុងខណៈនេះ នៅខ្វះខាតច្រើនណាស់ហេដ្ឋារចនាសម្ព័ន្ធអន្តរប្រទេស ដែលនឹងអាចសម្រួលចរាចរណ៍មនុស្សនិងទំនិញឱ្យបានធំទូលំទូលាយនៅក្នុងព្រំដែនអាស៊ាន។
បញ្ហាហេដ្ឋារចនាសម្ព័ន្ធអន្តរប្រទេសជាពិសេសផ្លូវដែកនិងផ្លូវថ្នល់ត្រូវតែចោទឡើងខ្លាំង ដោយហេតុតែភូមិសាស្រ្តនៃអាស៊ីអាគ្នេយ៍តែម្តង។ គួរបញ្ជាក់ឡើងវិញថាអាស៊ីអាគ្នេយ៍ គ្របដណ្តប់ទៅលើតំបន់ចំនួនពីរដែលពិបាកតភ្ជាប់គ្នា។ មួយជាតំបន់ដីគោក និងមួយទៀតជាតំបន់ដីកោះ។ មួយជាពិភពឥណ្ឌូចិនដែលលាតសន្ធឹងមិនត្រឹមតែទៅលើប្រទេសវៀតណាម កម្ពុជានិងឡាវប៉ុណ្ណោះទេ តែទៅលើប្រទេសភូមានិងប្រទេសថៃថែមទៀត។ រីឯមួយទៀតជាពិភពម៉ាឡេ គឺជាពពួកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃផ្សេងដែលជាកោះ ឬជាទីប្រជុំកោះ រួមមានប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ព្រុយណេ។
ដោយឡែក ការបង្កើតសហគមន៍អាស៊ានត្រូវតែប្រឈមមុខនឹងឧបសគ្គនយោបាយព្រមទាំងរនាំងផ្នត់គំនិត។ ឧទាហរណ៍ តើខ្មែរព្រមឱ្យពលករវៀតណាមឬក៏ថៃព្រមឱ្យជនជាតិខ្មែរចេញចូលដោយសេរីក្នុងទឹកដីនៃប្រទេសរបស់គេរៀងៗខ្លួនដែរឬទេ? ដូចគ្នាអ៊ីចឹងដែរ តើថ្នាក់ដឹកនាំនិងគណបក្សមួយចំនួនក្នុងបណ្តាប្រទេសសមាជិកខ្លះយល់ព្រមបោះបង់ចោលដែរឬទេ នយោបាយប្រជានិយមនិងជាតិនិយមចង្អៀតចង្អល់ដែលសុទ្ធសឹងជាដុំថ្មនៅរាយរប៉ាត់ប៉ាយលើមាគ៌ាឆ្ពោះទៅរកសមាហរ័ណកម្មទាំងស្រុង។
និយាយរួម ដើម្បីសម្រេចបានជោគជ័យនៃការធ្វើសមាហរ័ណកម្មទាំងស្រុង វាទាល់តែពលរដ្ឋ ថ្នាក់ដឹកនាំនិងអ្នកនយោបាយជាទូទៅនៃប្រទេសសមាជិកអាស៊ាននីមួយៗ ចេះសម្លឹងមើលឆ្ងាយ ឆ្ងាយហួសពីព្រំដែនរបស់ប្រទេសខ្លួន និងឆ្ងាយហួសពីចក្ខុនិមិត្តជាតិនិយមឬជាតិនិយមជ្រុល ដើម្បីឱបក្រសោបយកព្រំដែននិងផលប្រយោជន៍តំបន់។
ក៏មានដែរឧបសគ្គធំមួយទៀត សម្រាប់សមាហរ័ណកម្មអាស៊ានទាំងស្រុងមួយដូចគំរូសហភាពអឺរ៉ុប នោះគឺគម្លាតសេដ្ឋកិច្ចនិងរបបនយោបាយខុសគ្នាខ្លាំងពេក រវាងបណ្តាប្រទេសសមាជិកអាស៊ានទាំង១០។ តើដូចគ្នាត្រង់ណាទៅ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋសិង្ហបុរី ដែលម្នាក់ៗទទួលបានជាមធ្យមភាគ ប្រាក់ចំណូលប្រចាំឆ្នាំ ៣ ៥០០០ដុល្លារ និងកម្រិតជីវភាពលំបាកលំបិនមែនទែនរបស់ប្រជាពលរដ្ឋឡាវ កម្ពុជា ឬវៀតណាម ? តើដូចគ្នាត្រង់ណាទៅ របបប្រជាធិបតេយ្យឥណ្ឌូណេស៊ីនិងរបបកុម្មុយនិស្តវៀតណាម ឬក៏ របបអំណាចផ្តាច់ការភ្លឺស្វាងសិង្ហបុរី?
ដោយឡែក អស្ថិរភាពនយោបាយច្រំដែលៗឬធ្ងន់ធ្ងរឡើងជាលំដាប់នៃសមាជិកអាស៊ានមួយចំនួន ក៏ជាឧបសគ្គសម្រាប់ការបង្កើតសហគមន៍អាស៊ានឱ្យបានមុនចុងឆ្នាំ២០១៥
ដែរ។ មិនមែនមានតែថៃឯណាដែលកំពុងមានបញ្ហាផ្ទៃក្នុង។ ម៉ាឡេស៊ី និងកម្ពុជាក៏កំពុងហែលឆ្លងកាត់ភាពតានតឹងនយោបាយដែរ។
វិបត្តិនយោបាយនិងនយោបាយប្រជានិយមព្រមទាំងនយោបាយជាតិនិយមដែលចិញ្ចឹមគ្នាទៅវិញទៅមក និងដែលគេសង្កេតឃើញនៅក្នុងប្រទេសសមាជិកអាស៊ានខ្លះក្នុងគ្រានេះក៏អាចជាឧបសគ្គមួយធំសម្រាប់ការធ្វើសមាហរ័ណកម្មទាំងស្រុងដែរ។ ពីព្រោះ ក្នុងគោលដៅបង្វែរអារម្មណ៍របស់មតិជាតិចេញពីភាពទ័លច្រកនយោបាយ រដ្ឋាភិបាលអាចមានគំនិតបញ្ឆេះទំនាស់ព្រំដែនជាមួយប្រទេសជិតខាង ដូចដែលថៃធ្លាប់បានធ្វើមកលើកម្ពុជាប៉ុន្មានឆ្នាំមុននេះ។
គួររំឭកថា ក្រៅពីបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ក៏មានដែរជម្លោះទឹកដីរវាងម៉ាឡេស៊ីនិងហ្វីលីពីន ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងសិង្ហបុរី ថៃនិងឡាវ ថៃនិងភូមា ឬកម្ពុជានិងវៀតណាម។ និយាយរួម វិបត្តិនយោបាយរ៉ាំរ៉ៃក្នុងប្រទេសសមាជិកមួយចំនួនអាចនឹងធ្វើឱ្យបាត់បង់គោលការណ៍សាមគ្គីភាពនៅក្នុងអាស៊ាន សាមគ្គីភាពដែលជាកត្តាចាំបាច់បំផុតសម្រាប់ការធ្វើសមាហរ័ណកម្មទាំងស្រុងឱ្យបានមុនចុងឆ្នាំ២០១៥ខាងមុខនេះ។
ដោយឡែក អ្វីដែលគួរកត់សម្គាល់ គឺនៅឆ្នាំ២០១៤នេះ ភូមាជាអ្នកកាន់តំណែងប្រធានផ្លាស់វេនរបស់អាស៊ាន។ និយាយដូច្នេះ មិនមែនបានន័យថាប្រទេសក្រីក្រមួយនេះនឹងមិនគិតគូរពីការផ្តល់សន្ទុះដល់ការធ្វើសមាហរ័ណកម្មទាំងស្រុងនោះទេ។ ប៉ុន្តែ ភូមាក៏ដូចបណ្តាប្រទេសសមាជិកដទៃដែលនៅមានកំរិតសេដ្ឋកិច្ចទាបជាងគេ រួមមានកម្ពុជានិងឡាវព្រមទាំងវៀតណាមដែរ ប្រហែលជាចង់ឱ្យអាទិភាពទៅលើការកាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងពួកសមាជិកក្រីក្រនិងពួកសមាជិកអ្នកមាន ជាជាងទៅលើការបង្កើតយ៉ាងទាន់ហន់សហគមន៍អាស៊ាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ