ភូមិសាស្រ្តនយោបាយ

ជប៉ុន និង​អាស៊ាន ៖​ដៃ​គូ​ចាំ​បាច់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​ពេល​ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​រហូត​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ នយោបាយ​តំបន់​របស់​ជប៉ុន​ផ្តោត​ទៅ​លើ​តែ​តំបន់​ប៉ាស៊ីហ្វិក​មួយ​គត់។ ដើម​ដំបូង គឺ​ជា​សហប្រតិបត្តិការ​ផ្តាច់​មុខ​ជាមួយ​សហរដ្ឋ​អាមេរិក និង​ក្រោយ​មក​ទៀត ពី​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៧៧ ក្រៅ​តែពី​ជាមួយ​​អាមេរិក ជប៉ុន​មាន​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​កាណាដា អូស្រ្តាលី និងនូវែលហ្សេឡង់។

ទំនាក់ទំនងអាស៊ាន-ជប៉ុន នាឳកាសជំនួបកំពូលអាស៊ាន-ជប៉ុនខែធ្នូឆ្នាំ២០១៣។
ទំនាក់ទំនងអាស៊ាន-ជប៉ុន នាឳកាសជំនួបកំពូលអាស៊ាន-ជប៉ុនខែធ្នូឆ្នាំ២០១៣។ RFI
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៧៧ ទើប​ឃើញ​ជប៉ុន កាល​ណោះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្រ្តី​Takeo Fukuda សម្រេច​ចិត្ត​ពង្រីក​នយោបាយ​ការ​បរទេស​តំបន់​របស់​ខ្លួន​ចូល​ទៅ​ដល់​អាស៊ី​អាគ្នេយ៍។ កាល​ណោះ ក្នុង​ឆ្នាំ​១៩៧៧ តាម​រយៈ​សុន្ទរកថា​មួយ​នៅ​ទីក្រុង​Manille ប្រទេស​ហ្វីលីពីន លោក Takeo Fukuda បាន​ថ្លែង​ថា «ប្រទេសជប៉ុនត្រូវតែរៀបទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការមាំមួនជាមួយបណ្តាប្រទេស​អាស៊ី​អាគ្នេយ៍ ដើម្បីជួយ​ឱ្យ​តំបន់​មួយ​នេះស្គាល់ការអភិវឌ្ឍន៍ សន្តិសុខនិងភាពរុងរឿង»។

ចាប់​ពី​ពេល​នោះ​មក អាស៊ាន​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ជប៉ុន​ដាក់​បញ្ចូល​ជា​ផ្លូវការ​ទៅ​ក្នុង​នយោបាយ​​ការ​បរទេស​របស់​ខ្លួន។ ចូរ​កុំ​ភ្លេច​ថា ពី​ឆ្នាំ​១៩៦៧ ឆ្នាំ​ដែល​អាស៊ាន​បាន​ចាប់​កំណើត​ឡើង​រហូត​ដល់​ឆ្នាំ​១៩៧៧ ជប៉ុន​មិន​ដែល​ឱ្យ​តម្លៃ​សោះ​ឡើយ​ដល់​អង្គការ​តំបន់​មួយ​នេះ។ មូលហេតុ គឺ​មក​ពី​នៅ​ដើម​ដំបូង អាស៊ាន​ដែល​ត្រូវ​បាន​បង្កើត​ឡើង ជាពិសេស​ដើម្បី​ខ្ទប់​ឥទ្ធិពល​កុម្មុយនិស្ត​នៅ​អាស៊ី​អាគ្នេយ៍ មិន​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ភ្លាមៗ​ទេ។ ពីព្រោះ​កាល​ណោះ​អាមេរិក​ចង់​ឱ្យ​អាស៊ាន​ចូល​ជា​បក្សសម្ព័ន្ធ​របស់​ខ្លួន ដូច​តៃវ៉ាន់​ឬ​ក៏​ជប៉ុន​អ៊ីចឹង​ដែរ ប៉ុន្តែ​អាស៊ាន​មិន​ព្រម​ដ្បិត​ចង់​បង្ហាញ​ថា​ខ្លួន​ប្រកាន់​ជំហរ​
អព្យាក្រឹត​​នៅ​ក្នុង​សង្គ្រាម​ត្រជាក់​រវាង​សហរដ្ឋ​អាមេរិកនិងសហភាព​សូវៀត។

ម៉្លោះ​ហើយ​បាន​ជា​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក​ត្រូវ​តែ​ប្រកាន់​ជំហរ​ដូច​អាមេរិក​ដែរ មិន​ខ្ចី​រវល់​អាស៊ាន​ដែល​កាល​សម័យ​នោះ ជា​អង្គការ​មួយ​តូច​ច្រម៉ក់​គ្មាន​ទម្ងន់​ភូមិសាស្រ្ត​នយោបាយ​អ្វី​សោះ​នៅ​លើ​ឆាក​តំបន់។

ទន្ទឹម​នេះ នៅ​ក្នុង​អំឡុង​ពេល​ដដែល​នោះ គឺ​ពី​ចន្លោះ​ឆ្នាំ​១៩៦៧​និង​ឆ្នាំ​១៩៧៧ នៅ​លើ​
វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​វិញ ផលិតផល​made in Japan បាន​ហូរ​ចូល​យ៉ាង​គគុក​គគាក់​ទៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍។ បាតុភាព​នេះ​បាន​បណ្តាល​ឱ្យ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ​ត្អូញត្អែ​និង​ខ្លះ​ទៀត​ខឹង​ច្រឡោត​តោត​តូង​ផង ដ្បិត​ផលិតផល​នាំ​ចូល​មក​ពី​ជប៉ុន បាន​ធ្វើ​ឱ្យ​រោងចក្រ​និង​សិប្បកម្ម​ក្នុង​ស្រុក​បះ​ជើង​ខាត​ឡុង​ចុង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ចប់​សង្គ្រាម​ត្រជាក់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ទើប​ឃើញ​ទំនាក់​ទំនង​ទូទៅ​ទាំង​ទូត ទាំង​នយោបាយ​និង​ទាំង​សេដ្ឋកិច្ច​រវាង​
អាស៊ាន​និង​ជប៉ុន​មាន​លក្ខណៈ​មាំមួន​និង​ស្និទ្ធស្នាល​ល្អ​ប្រសើរ​ឡើង​ជា​លំដាប់។ សព្វ​ថ្ងៃ​នេះ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ជប៉ុន​និង​ទ្វីប​អាស៊ី​ទាំង​មូល​កើន​រហូត​ដល់​ទៅ​៦០%​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សរុប​រវាង​ជប៉ុន​និង​ពិភពលោក​ហើយ​នៅ​ក្នុង​តួលេខ​៦០%​នេះ មួយ​ភាគ​ធំ​ជា​ការ​ផ្តោះប្តូរ​រវាង​ជប៉ុន​និង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។

ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ល្អ​ប្រសើរ​ឡើង​ជា​លំដាប់​រវាង​ភាគី​ទាំង​ពីរ​ក៏​បាន​ស្តែង​ឡើង​ដែរ តាម​រយៈ​ការ​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០០៨​នៃ​កិច្ច​ព្រមព្រៀង​ទាំង​ស្រុង​ស្តី​ពី​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​រវាង​អាស៊ាន​និង​ជប៉ុន។

នៅ​ទី​បំផុត តើ​ហេតុ​អ្វី​បាន​ជា​ជប៉ុន​បាន​សម្រេច​ចិត្ត​ខិត​ចូល​កៀក​អាស៊ាន? មូលហេតុ​ធំ​ជាង​គេ គឺ​មក​ពី​ជប៉ុន​កត់​សម្គាល់​ឃើញ​ថា តាំង​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់​រលាយ​ទៅ ចិន​បាន​និង​កំពុង​បន្ត​លាត​សន្ធឹង​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​អាស៊ី​ប៉ាស៊ីហ្វិក​និយាយ​ជា​ទូ​ទៅ និង​ទៅ​លើ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​និយាយ​ដោយ​ឡែក។

គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ដែល​តាម​រយៈ​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ហ្វូរ៉ូម​(Forum)តំបន់​អាស៊ាន​(ARF) សម្រាប់​ជជែក​វែកញែក​ពី​បញ្ហា​នយោបាយ​និង​សន្តិសុខ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​ជំនួប​កំពូល​អាស៊ាន​បូក​៣ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៩៨។

ក្នុង​គោលដៅ​សម្រួល​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រឹងរឹត​តែ​ស្និទ្ធស្នាល នា​ជំនួប​កំពូល​អាស៊ាន​នៅ​ខែ​មេសា​ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​សម័យ​នោះ​គឺ​លោក​Koizumi បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ផ្លូវការ​និង​ជា​លើក​ទី​មួយ​បង្អស់ ចំពោះ​អំពើ​ហិង្សា​ដែល​កង​ទ័ព​ជប៉ុន​បាន​ប្រព្រឹត្តិ​ទៅ​លើ​បណ្តា​ប្រជា​ជាតិ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍ កាល​សម័យ​សង្គ្រាម​លោក​ទី​ពីរ។

ក្រោយ​មក​ទៀត ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ នៅ​ពេល​មុន​មាន​ជំនួប​កំពូល​បណ្តា​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​G8​ម្តង​ៗ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជា​បន្ត​បន្ទាប់​តែងតែ​ធ្វើ​ទស្សនកិច្ច​មួយ​ជុំ​អាស៊ាន។ ធ្វើ​បែប​នេះ ជប៉ុន​ចង់​បង្ហាញ​ថា​ខ្លួន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មតិ​របស់​ថ្នាក់​ដឹក​អាស៊ាន និង​ចង់​បង្ហាញ​ថា​ខ្លួន​អាច​ពាំនាំ​មតិ​អស់​ទាំង​នេះ​យក​ទៅ​ជជែក​ជាមួយ​ក្រុម​បណ្តា​ប្រទេស​អ្នក​មាន​ស្តុកស្តម​ជាង​គេ​នៅ​ក្នុង​ពិភពលោក ជំនួស​មុខ​ឱ្យ​អាស៊ាន។

នៅ​ខាង​ថ្នាក់​ដឹក​នាំ​អាស៊ាន​វិញ ពួក​គេ​លែង​ភិត​ភ័យ លែង​ភ័យ​ខ្លាច​ជប៉ុន ដូច​នៅ​ក្នុង​អតីតកាល​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ចាត់​ទុក​ជប៉ុន​ជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​និង​ចាំបាច់​បំផុត ដើម្បី​រក្សារ​លំនឹង​ភូមិសាស្រ្ត​នយោបាយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មហាយក្ស​ចិន​មាន​ប្រៀប​ខ្លាំង​ពេក​នៅ​ក្នុង​ទ្វីប​អាស៊ី​ជា​ទូទៅ និង​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ជាពិសេស។

ត​ទៅ​ថ្ងៃ​មុខ ដោយហេតុតែ​មហិច្ឆតា​កាន់​តែ​ធំ​របស់​ចិន​ទៅ​លើ​សមុទ្រ​ចិន​ខាង​កើត​និង​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង អាស៊ាន​និង​ជប៉ុន​ទំនង​ជា​អាច​នឹង​ខិត​កៀក​គ្នា​កាន់​តែ​ជិត មិនមែន​ក្នុង​គោលដៅ​ទប់ទល់​បែប​យោធា​ជាមួយ​នឹង​ចិន​ទេ តែ​ក្នុង​គោលដៅ​ធ្វើ​ឱ្យ​ច្បាប់​មាន​ប្រៀប​ជាង​កម្លាំង​បាយ។ ជាក់ស្តែង នា​ឱកាស​ជំនួប​កំពូល​អាស៊ាន-ជប៉ុន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ប្រកាស​ថា «ជាមួយ​អាស៊ាន
ជប៉ុន​ចង់​កសាង​អនាគត​របស់​អាស៊ី​ជាទី​ដែល​ដាច់​ខាត ច្បាប់​នឹង​ត្រូវ​តែ​ឈ្នះ​អានុភាព»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI