អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឡាវ៖​ជម្លោះ​នៅ​​សមុទ្រ​ចិន​ខាងត្បូង​​បន្ត​ឡើង​​កម្តៅ​​តាំង​ពី​​ជំនួបកំពូល​G២០​ ដល់​​ជំនួបកំពូល​​អាស៊ាន​

សំឡេង ០៧:២៩
នាយក​រដ្ឋមន្ត្រី​​ចិន​​ចាប់ដៃ​​ប្រធានាធិបតី​​ហ្វីលីពីន​
នាយក​រដ្ឋមន្ត្រី​​ចិន​​ចាប់ដៃ​​ប្រធានាធិបតី​​ហ្វីលីពីន​

នៅ​ថ្ងៃ​ពុធ ទី៧ កញ្ញា​នេះ​ជា​ថ្ងៃទី២ នៃ​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី២៨ និង​ទី២៩ ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ បន្ទាប់​ពី​កិច្ចប្រជុំ​នា​ថ្ងៃទី១ ដែល​ផ្តោត​សំខាន់​រវាង​ប្រទេស​សមាជិក​អាស៊ាន​មក កិច្ចប្រជុំ​នៅ​ថ្ងៃទី២ នេះ​បាន​ផ្តោត​សំខាន់​លើ​កិច្ចប្រជុំ​រវាង​អាស៊ាន និង​ប្រទេស​ដៃគូ រួម​មាន អាស៊ាន និង​ចិន​លើក​ទី១៩ អាស៊ាន និង​ជប៉ុន​លើកទី១៩ អាស៊ាន កូរ៉េខាងត្បូង​លើកទី១៨ អាស៊ាន អង្គការ​សហប្រជាជាតិ​លើកទី៨ អាស៊ាន​បូក៣ លើកទី១៩ និង​អាស៊ាន​ជាមួយ​ប្រទេស​អូស្ត្រាលី​​លើកទី២។ តែ​ជំនួបកំពូល​ថ្ងៃ​ទី២ នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ហ្វីលីពីន​បាន​ឆ្កេះ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ​ថ្ងៃ​នេះ ពិសេស​រវាង​អាស៊ាន និង​ចិន ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មិន​បាន​ក្លាយ​ជា​របៀបវារៈ​ដេញដោល​គ្នា​ទេ។ តែ​ប្រធានរឿង​មួយ​នេះ​ត្រូវ​បាន​ឆ្កេះ​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន​តាម​រយៈការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​រូបភាព​ដែល​បង្ហាញ​ពី​ផែនការ​សាងសង់​កោះ​សិប្បនិម្មិត​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក្បែរ​កោះ​ហ្វីលីពីន​លូហ្យូ។
ប្រទេស​សមាជិក​អាស៊ាន​ភាគ​ច្រើន រួម​ទាំង​ភាគី​ចិន​ផង​មិន​បាន​រង់ចំា​ការ​បរិហារ​របស់​ហ្វីលីពីន​ចំពោះ​ចិន​របៀប​នេះ​ទេ តែ​គេ​អាច​និយាយ​បាន​ថា ហ្វីលីពីន​ខ្លួន​ឯង​ពិត​ជា​មាន​បំណង និង​ឆន្ទៈ​ឆ្កេះ​រឿង​នេះ​ដោយ​ចេតនា។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ ព្រោះ​ការ​ចោទ​លើ​ចិន​ពី​សំណាក់​ហ្វីលីពីន​បាន​ធ្វើ​ឡើង នៅ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ការ​បើក​កិច្ចប្រជុំកំពូល​អាស៊ាន ចិន​ដែល​ចូលរួម​ផ្ទាល់​ដោយ​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង និង​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ។

មួយ​វិញ​ទៀត​ក្នុង​ថ្ងៃ​នេះ​ដែរ លោក​រដ្ឋមន្រ្តី​ការពារជាតិ​ហ្វីលីពីន​ក៏​ឆ្លៀត​បញ្ចេញ​ប្រតិកម្ម​ថា ហ្វីលីពីន​ពិត​ជា​យល់​មិន​ច្រឡំ​ទេ និង​មាន​ហេតុផល​ត្រឹមត្រូវ​ដែល​ថា វត្តមាន​កាណូត​ចិន​ទាំង​ពីរ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្បែរ​កោះ​ហ្វីលីពីន​លូហ្យូន​ពិត​ជា​មាន​ផែនការ​សាងសង់​កោះសិប្បនិមិ្មត​មួយ​មែន។ រូប​រដ្ឋមន្រ្តី​ការពារជាតិ​ហ្វីលីពីន​ដដែល​បាន​បន្ថែម​ថា ហ្វីលីពីន​នឹង​បន្ត​តាម​ដាន ឃ្លាំមើល​ចំពោះ​វត្តមាន និង​សកម្មភាព​របស់​ចិន​នៅ​ទីនោះ។ គួរ​រម្លឹក​ជូន​ថា ចិន​ដែល​បាន​ចូល​កាន់កាប់​តំបន់​នោះ​នៅ​ក្រោយ​ជម្លោះ​ផ្លូវសមុទ្រ​ទល់​នឹង​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១២ តែងតែ​បដិសេធ​ថា ខ្លួន​មិន​មាន​គម្រោង​សាងសង់​កោះ​អ្វី​ទេ។ ក៏​ប៉ុន្តែ ចិន​បាន​ដាក់​ពង្រាយ​សំណាញ់ដែក​ដើម្បី​រារាំង​កុំ​ឲ្យ​អ្នកនេសាទ​ហ្វីលីពីន​ចូល​នេសាទ​នៅ​ក្នុង​តំបន់​នោះ។
យ៉ាង​ណា​ក៏​ដោយ រឿង​អាស្រូវ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ឆ្កេះ​ដោយ​ហ្វីលីពីន​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ថា ប្រធានបទ​មួយ​នេះ​នៅ​បន្ត​ជា​បច្ចុប្បន្នភាព​ក្តៅ​គគុក​នៅ​សឹង​តែ​គ្រប់​ជំនួបកំពូល​ខ្នាត​អន្តរជាតិ តាំង​ពី​ជំនួបកំពូល G២០ ថ្មីៗ​នៅ​ចិន និង​ជំនួបកំពូល​អាស៊ាន​ក្នុង​ប្រទេស​ឡាវ​ឆ្នាំ​នេះ។

ជប៉ុន​ដំឡើង​សម្លេង​ដាក់​ចិន​ក្នុង​ពេល​អាស៊ាន​បិទមាត់
រដ្ឋាភិបាល​ហ្វីលីពីន​បាន​ទម្លាយ​រឿង​នេះ​ឡើង​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ និង​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង​កំពុង​មាន​វត្តមាន​រួម​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ កំពូល​អាស៊ាន។ តែ​លោក​ឌុយទែរតេ​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់ ហើយ​ពី​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ក៏​នៅ​មិន​ទាន់​មាន​ដែរ។ គឺ​មាន​តែ​ជប៉ុន​មួយ​គត់​ដែល​ហ៊ាន​ដំឡើង​សម្លេង​ដាក់​ចិន។ លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ឡាវ​បាន​អះអាង​ថា វា​ពិត​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ក្រែលែង​នៅ​ចំពោះ​ការ​ពង្រីក​មហិច្ឆតា​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់ និង​បាន​ស្នើ​ចិន​ឲ្យ​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ។

ចំពោះ​ចិន​ឯណោះ គឺ​ទាន់​ហន់​ដោយ​មិន​អាច​អត់ធ្មត់ សង្កត់​ចិត្ត​បាន​ទេ។ ប្រតិកម្ម​របស់​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់ការ ដំបូង​ជា​ប្រតិកម្ម​របស់​អ្នកទទួលខុស​ត្រូវ​ចិន​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ឡាវ​បាន​ឆ្លើយ​ទៅ​ហ្វូង​អ្នកកាសែត​ដោយ​ប្រកាន់​ជំហរ​ផ្លូវការ​របស់​រដ្ឋាភិបាល និង​ច្រាន​ចោល​លើ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ហ្វីលីពីន។ បន្ទាប់​មក ជា​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង​នៅ​ចំពោះ​មុខ​សមភាគី​អាស៊ាន។ លោក​លី ខឺជាំង​មិន​បាន​ឆ្លើយ​តប​ឲ្យ​ចំៗ​លើ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ទេ តែ​បាន​ឆ្លើយ​ពង្វាង​ជា​លក្ខណៈ​ទូទៅ​ថា ចិន​បាន​ចាត់​ទុក​អាស៊ាន​ដូច​ជា​មហាអំណាច​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួម​ចំណែក​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់។

តាម​ពិត​ទៅ គេ​មិន​បាន​រង់ចាំ​ចម្លើយ​អ្វី​ពី​ចិន​ឲ្យ​បាន​គ្រាន់​បើ​ជាង​នេះ​ទេ ព្រោះ​កន្លង​មក ចិន​តែងតែ​បដិសេធ​ជានិច្ច​លើ​រាល់​ព័ត៌មាន​ដែល​ចោទ​ខ្លួន​ពី​ការ​លួច​សាងសង់​កោះ​សិប្បនិម្មិត ទោះ​បី​ជា​រូបភាព​ផ្កាយរណប​របស់​អាមេរិក​បាន​បង្ហាញ​យ៉ាង​ជាក់​ស្តែង​ក៏​ដោយ។ មួយ​វិញ​ទៀត ប៉េកាំង​ក៏​ធ្លាប់​បាន​និយាយ​ច្រើន​ដង​ថា ដែនដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​របស់​ចិន​ដែល​ចិន​ចង់​ធ្វើ​អ្វី​ក៏​បាន​ដោយ​មិន​ត្រូវ​ការ​ស្តាប់​មេរៀន​ពី​នរណា​ឡើយ។ តែ​បញ្ហា​នៅ​ត្រង់​ថា សំណុំរឿង​មួយ​នេះ​កំពុង​បន្ត​បង្កើត​ជា​ពពក​អាប់អួរ​នៅ​លើ​អាស៊ាន​ដោយសារ​តែ​មាន​ប្រទេស​អាស៊ាន​ចំនួន ៤ គឺ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ​កំពុង​ប្រឈម​មុខ​ត​ទល់​នឹង​ចិន។

តំបន់​ក្បែរ​កោះ​ហ្វីលីពីន​លូហ្យូន​ជា​តំបន់​យុទ្ធសាស្រ្ត​របស់​អាមេរិក
ជម្លោះ​តទល់​ខ្លាំង​រវាង​ចិន និង​ហ្វីលីពីន​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​មិនមែន​ជា​រឿង​ថ្មី​ទេ។ ហ្វីលីពីន​ក្នុង​ជំនាន់​លោក​ប្រធានាធីបតី​អាគីណូ​ថែម​ទាំង​បាន​ប្តឹង​ចិន​ទៅ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ។ ថ្មីៗ​នេះ តុលាការ​បាន​ផ្តល់​ហេតុផល​ឲ្យ​ហ្វីលីពីន​ដោយ​យល់​ឃើញ​ថា ការ​ទាមទារ​របស់​ចិន​ដោយ​ផ្អែក​លើ​ប្រវត្តិសាស្រ្ត​ជា​រឿង​មិន​ពិត ហើយ​ទង្វើ​ពង្រីក​ការ​សាងសង់​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​ក៏​ជា​រឿង​ខុស​ច្បាប់។ តែ​ចិន​មិន​ឈឺ​ក្បាល។

ក៏​ប៉ុន្តែ​សម្រាប់​ហ្វីលីពីន  ការ​ទម្លាយ​រឿង​មួយ​នេះ​ជា​សាធារណៈ​ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន ពិសេស​ជាមួយ​ប្រទេស​ដៃគូ អាច​ជា​យុទ្ធសាស្រ្ត​ដាស់តឿន​អាមេរិក​ឲ្យ​ជួយ​ឈឺ​ឆ្អាល​​បន្ថែម​ទៀត ព្រោះ​បើ​តាម​ហ្វីលីពីន កន្លែង​ដែល​ចិន​កំពុង​លួច​សាងសង់​កោះ​សិប្បនិម្មិត​នោះ​មាន​ចម្ងាយ​ត្រឹម​តែ ២៣០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​ហ្វីលីពីន​លូហ្យូន។ កោះ​លូហ្យូន​ដែល​ទ័ព​អាមេរិក​តែងតែ​ធ្វើ​សមយុទ្ធ និង​ល្បាត​ជា​ប្រចាំ​នៅ​ទីនោះ។ ដូច្នេះ​បើ​ចិន​អាច​កសាង​កោះ​សិប្បនិម្មិត​ក្បែរ​នោះ​បាន ចិន​នឹង​អាច​បង្កើត​មូលដ្ឋានទ័ព​នៅ​ទីនោះ ហើយ​អាមេរិក​ប្រាកដ​ជា​ត្រូវ​ប្រឈម​មុខ​ផ្ទាល់​នឹង​ទ័ព​ចិន​នៅ​ក្នុង​តំបន់។

គួរ​បញ្ជាក់​ថា អាមេរិក​បាន និង​កំពុង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​លក្ខណៈ​ទូទៅ ពិសេស​ពី​កំណើន​មហិច្ឆិតា​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់។ នៅ​ក្នុង​ជំនួបកំពូល G២០ ក្នុង​ប្រទេស​ចិន​កន្លង​ទៅ​ថ្មីៗ ក៏​ដូច​ជា​នៅ​ក្នុងជំនួបកំពូល​អាស៊ាន​ពេល​នេះ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​បញ្ជាក់​ជា​ថ្មី​នា​ថ្ងៃ​អង្គារ ទី៦ កញ្ញា​ថា នៅ​គ្រប់​តំបន់​ទាំង​អស់ រួម​ទាំង​តំបន់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង អាមេរិក​នឹង​បន្ត​ធ្វើ​ចរាចរណ៍​ផ្លូវអាកាស និង​ផ្លូវទឹក​ដោយ​គោរព​តាម​ច្បាប់​អន្តរជាតិ។ ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​គាំទ្រ​សិទ្ធិ​របស់​ប្រទេស​ផ្សេង​ឲ្យ​ធ្វើ​ដូច​គ្នា។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន លោក​អូបាម៉ា​បាន​បន្ថែម​ថា ប្រទេស​ធំ​មិន​គួរ​កំណត់​ឆន្ទៈ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​តូចតាច​ទេ។

អ្វី​ជា​ការ​កត់សម្គាល់ ព័ត៌មាន​ថ្មី​ទម្លាយ​ដោយ​ហ្វីលីពីន​បាន​ធ្លាក់​មក ចំ​ពេល​ដែល​លោក​អូបាម៉ា​កំពុង​ខឹង​នឹង​សមភាគី​ហ្វីលីពីន​លោក​ឌុយទែរតេ​ដែល​ជេរប្រមាជ​លោក​ជា​កូន​របស់​ស្រីពេស្យា។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា សម្ព័ន្ធមិត្ត​យោធា​រវាង​អាមេរិក និង​ហ្វីលីពីន​ជា​សម្ព័ន្ធ​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ