អាស៊ានដើរមកដល់របត់មួយប្រកបដោយគ្រោះថ្នាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៦
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងអំពីភូមិសាស្រ្តនយោបាយនៃអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមបន្តនិយាយបកស្រាយត្រួសៗពីប្រវត្តិនៃការកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ានហាក់បីបានដើរមកដល់របត់មួយប្រកបទៅដោយគ្រោះថ្នាក់។ តើមកពីមូលហេតុអ្វី?
ដូចបានលើកឡើងរួចហើយថា តាំងពីឆ្នាំ១៩៩៩មក បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានចាកចេញរួចពីភាពប្រេះឆានិងបានដើរមកដល់ទីដៅនៃឯកភាព ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោមដំបូលតែមួយនៃអង្គការតំបន់អាស៊ាន។
ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ានហាក់បីបានដើរមកដល់របត់មួយប្រកបទៅដោយគ្រោះថ្នាក់ ដោយហេតុតែត្រូវប្រឈមមុខនឹងបញ្ហាស្មុគស្មាញមួយ
ចំនួន។
ក្នុងចំណោមបញ្ហាទាំងនោះ មានជាពិសេសទំនាស់នៃការដណ្តើមគ្នាក្តោបក្តាប់ទីប្រជុំកោះParacel និងSpratly នៅក្នុងសមុទ្រចិនខាងត្បូង។
Paracel និងSpratly ជាប្រភពនៃភាពតានតឹងជាងគេបង្អស់នៅក្នុងភូមិភាគអាស៊ី
អាគ្នេយ៍សព្វថ្ងៃរវាងបណ្តាប្រទេសអាស៊ាន រវាងចិននិងបណ្តាប្រទេសអាស៊ាន ព្រមទាំងតៃវ៉ាន់ទៀតផង។ មូលហេតុមានច្រើនយ៉ាង។ ទីមួយ គឺសិទ្ធិនេសាទត្រីនៅក្នុងដែនទឹកជុំវិញទីប្រជុំកោះទាំងពីរ។ ទីពីរ គឺសិទ្ធិរុករកប្រេងកាតនិងឧស្ម័នធម្មជាតិ ជាពិសេសនៅម្តុំទីប្រជុំកោះSpratly។ និងទីបី គឺការក្តោបក្តាប់បាននូវតំបន់យុទ្ធសាស្រ្តមួយសែនសំខាន់។
យោងទៅតាមក្រុមអ្នកជំនាញការ សម្បត្តិធម្មជាតិរួមមានត្រី ប្រេងកាតនិងឧស្ម័នដែលនៅជុំវិញParacel និងSpratly គិតជាទឹកប្រាក់ អាចកើនទៅដល់១០០ម៉ឺនលានដុល្លារ។
សំខាន់ជាងនេះទៅទៀត គឺទីតាំងយុទ្ធសាស្រ្តនៃទីប្រជុំកោះទាំងពីរដែលឋិតនៅចំ
កណ្តាលផ្លូវទឹករបស់នាវាដឹកប្រេងកាតមកពីភូមិភាគដើមបូព៌ាឆ្ពោះទៅប្រទេសចិននិងប្រទេសជប៉ុន ដោយឆ្លងកាត់តាមសមុទ្រឥណ្ឌា មកសមុទ្រចិន កាត់តាមដៃសមុទ្រMalacca។
ទីប្រជុំកោះទាំងពីរ ជាពិសេសSpratly ក៏អាចប្រើប្រាស់ធ្វើជាទីតាំងសម្រាប់ឃ្លាំមើលដំណើរនិងនាវាចម្បាំងអាមេរិកាំងនៅក្នុងតំបន់ទៀតផង។
Paracel ជាកម្រងកោះតូចៗជាច្រើន នៅចន្លោះវៀតណាមនិងហ្វីលីពីន ហើយឋិតនៅប្រហែលជា២០០គ.ម ពីកោះHainanប្រទេសចិន។
មានតែវៀតណាម ចិននិងតៃវ៉ាន់តែប៉ុណ្ណោះដែលដណ្តើមគ្នាចង់បានទីប្រជុំកោះParacel។ កងទ័ពចិនបានឆ្លៀតចូលកាន់កាប់ទីប្រជុំកោះនេះទាំងស្រុង នៅឆ្នាំ១៩៧៤ នៅពេលដែលកាលណោះ របបវៀតណាមខាងត្បូងកំពុងត្រដរខ្យល់ ក្រោមការវាយលុកលុយពីសំណាក់វៀតណាមខាងជើង។
ក្រោយពីទីក្រុងSaïgon បានធ្លាក់នៅខែមេសាឆ្នាំ១៩៧៥ និងក្រោយពីវៀតណាមខាងជើងនិងវៀតណាមខាងត្បូងបានបង្រួបបង្រួមគ្នាជាប្រទេសតែមួយវិញហើយ របបទីក្រុងHanoi បានទាមទារជាផ្លូវការឱ្យចិនដកទ័ពចេញពីParacelវិញ។ ប៉ុន្តែ ទីក្រុងប៉េកាំងមិនព្រម ហើយថែមទាំងបានសាងសង់មូលដ្ឋានមួយសម្រាប់កងទ័ពជើងទឹករបស់ខ្លួននៅទីនោះទៀតផង។
ចំណែកSpratlyវិញ គឺជាកម្រងកោះតូចៗជាច្រើន ដែលឋិតនៅប្រមាណ១៦០០
គ.ម ពីប្រទេសចិន តែនៅជិតវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់
ជាង។ មានតែចិន និងវៀតណាមទេដែលទាមទារចង់កាន់កាប់ទីប្រជុំកោះSpratly ទាំងស្រុង។ ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ់ាន់វិញ ចង់បានតែកោះណាដែលឋិតនៅកៀកជិតប្រទេសរបស់ពួកគេរៀងៗខ្លួនតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មហិច្ចតាកាន់តែធំនិងការស្រេកឃ្លានទឹកដីកាន់តែច្បាស់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូងបាននិងកំពុងបណ្តាលឱ្យភាពតានតឹងកើតឡើងជារឿយៗ នៅក្នុងជំនួបកំពូលអាស៊ាន និងនៅក្នុងជំនួបកំពូលអាស៊ីបូព៌ា។ ការមើលមុខគ្នាមិនចំ កើតឡើងជាពិសេសរវាងចិន វៀតណាមនិងហ្វីលីពីន។
ភាពតានតឹងដោយហេតុតែជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង មានលក្ខណៈកាន់តែស្រួចស្រាល់ជាលំដាប់ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មូលហេតុ គឺមកពីវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងជំនួបកំពូលអាស៊ាន-អាមេរិក និងនៅក្នុងជំនួបកំពូលអាស៊ីបូព៌ា។
តាំងពីឆ្នាំ២០០៩មក អាមេរិកនិងអាស៊ានបានបើកដៃរកគ្នា តាមរយៈជំនួបកំពូល
អាស៊ាន-អាមេរិកមួយឆ្នាំម្តងតាំងពីឆ្នាំ២០០៩មក ហើយនៅឆ្នាំ២០១១ អាមេរិកក៏ដូច
រុស្ស៊ីដែរបានក្លាយជាសមាជិកផ្លូវការនៃជំនួបកំពូលអាស៊ីបូព៌ា។
បញ្ហានៅក្នុងសមុទ្រចិនខាងត្បូងរវាងបណ្តាប្រទេសសមាជិកអាស៊ាននិងចិន ជា
ឱកាសមួយដ៏ល្អសម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលូកដៃចូលមកក្នុងភូមិភាគអាស៊ី
អាគ្នេយ៍និយាយដោយឡែក និងចូលមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និយាយជាទូទៅ។
មែនទែនទៅ អាមេរិកចង់ឱ្យនាវារបស់ខ្លួនបន្តមានសិទ្ធិធ្វើចរាចរណ៍នៅម្តុំទីប្រជុំកោះParacel និងSpratly ពីព្រោះច្បាប់អន្តរជាតិបញ្ជាក់ថា ដែនទឹកនិងទីជម្លោះណាដែលមិនទាន់ទទួលការដោះស្រាយបានជាស្ថាពរទេនោះ វាគឺជាកម្មសិទ្ធិរបស់អន្តរជាតិនៅឡើយ។
ទំនាក់ទំនងត្រីកោនចិន-អាស៊ាន-អាមេរិកនៅក្នុងជំនួបកំពូលអាស៊ានបូក និងនៅក្នុងជំនួបកំពូលអាស៊ីបូព៌ា អាចនឹងធ្វើឱ្យជម្លោះនៅសមុទ្រចិនខាងត្បូងតានតឹងឡើងជាលំដាប់ ប្រសិនបើវៀតណាមនិងហ្វីលីពីនដែលអាងវត្តមានសហរដ្ឋអាមេរិក ហ៊ានចេញមុខតតាំងនឹងមហាយក្សចិនកាន់តែខ្លាំង។
ផ្ទុយទៅវិញ ជម្លោះនៅសមុទ្រចិនខាងត្បូងនឹងស្គាល់ភាពធូរស្រាលរហូតដល់ចេញជាដំណោះស្រាយដោយសន្តិវិធី ប្រសិនបើចិនដែលខ្លាចអាមេរិកលូកដៃក្នុងរឿងរ៉ាវParacel និងSpratly បន្ទន់ឥរិយាបថ ហើយសុខចិត្តដោះស្រាយបញ្ហាឱ្យបានលឿន
រហ័ស។
យ៉ាងណាក៏ដោយ ក្នុងខណៈនេះ ចិននៅតែជំទាស់មិនឱ្យប្រែក្លាយអធិករណ៍នៅ
សមុទ្រចិនខាងត្បូងទៅជាបញ្ហាអន្តរជាតិទេ បានន័យថាទីក្រុងប៉េកាំងនៅតែចង់ដោះស្រាយជម្លោះParacelនិងSpratly ជាឧភតោភាគី គឺថាជាមួយភាគីជម្លោះនីមួយៗដាច់ពីគ្នា។
មិនតែប៉ុណ្ណោះ មិនយូរមិនឆាប់ វត្តមានរបស់អាមេរិកនៅក្នុងជំនួបកំពូលអាស៊ានបូក និងនៅក្នុងជំនួបកំពូលអាស៊ីបូព៌ាក៏នឹងអាចបណ្តាលឱ្យមានការប្រេះឆាបែកបាក់គ្នារវាងក្រុមសមាជិកអាស៊ានដែលមានទំនោរទៅរកអាមេរិក និងក្រុមសមាជិកអាស៊ានដែលមានទំនោរទៅរកចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ