ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឡាវ-អាស៊ាន៖​លោក​បារ៉ាក់​ អូបាម៉ា​​បាន​ដំឡើង​​សម្លេង​​ព្រមាន​ចិន​ និង​​កូរ៉េខាងជើ់ង​

សំឡេង ០៨:២៦
លោកអូបាម៉ា​និង​មេដឹកនាំ​ប្រទេស​អាស៊ាន នៅ​ក្រុងវៀងច័ន្ទ​ ថ្ងៃព្រហស្បតិ៍ ៨ សីហា ២០១៦
លោកអូបាម៉ា​និង​មេដឹកនាំ​ប្រទេស​អាស៊ាន នៅ​ក្រុងវៀងច័ន្ទ​ ថ្ងៃព្រហស្បតិ៍ ៨ សីហា ២០១៦ Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កញ្ញា​នេះ​ជា​ថ្ងៃទី៣ និង​ជា​ថ្ងៃ​បិទបញ្ចប់​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី២៨ និង​ទី២៩ ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​ថ្ងៃ​នេះ កិច្ចប្រជុំកំពូល​អាស៊ាន​បាន​បន្ត​ជំនួប​រវាង​អាស៊ាន និង​ប្រទេស​ដៃគូ ពិសេស​ជំនួបកំពូល​អាស៊ាន ឥណ្ឌា​លើក​ទី១៤ និង​ជំនួបកំពូល​អាស៊ាន អាមេរិក​លើក​ទី៤។ កិច្ចប្រជុំកំពូល​អាស៊ាន​រយៈពេល ៣ថ្ងៃ​ដែល​ទើប​បាន​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​គ្មាន​ឧប្បត្តិវហេតុ​អ្វី​កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ។ ចំណែក​ប្រធានរឿង​ដែល​បាន​គ្រប​ដណ្តប់​ខ្លាំង គឺ​មាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។ 

ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​អាស៊ាន និង​អាមេរិក​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ប្រហាក់ប្រហែល​នឹង​ជំនួបកំពូល​អាស៊ាន ចិន ជំនួបកំពូល​អាស៊ាន​ជប៉ុន ឬ​មួយ​ក៏​ជំនួបកំពូល​អាស៊ាន ឥណ្ឌា។ នេះ​ក៏​ដោយសារ​​ថា នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ប្រទេស មាន​ប្រទេស​ខ្លះ​បែរ​រក​ចិន ១៨០អង្សារ ខ្លះ​បែរ​រក​អាមេរិក ១៨០អង្សារ និង​ខ្លះ​ទៀត​បែរ​រក​ចិន​ផង និង​អាមេរិក​ផង​ដោយ​ទាញ​យក​ប្រយោជន៍​ទាំង​សង​ខាង។ ជា​ទូទៅ អ្នក​ដែល​ស្និទ្ធ​នឹង​អាមេរិក​ខ្លាំង ច្រើន​ជា​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ក៏​ប៉ុន្តែ ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​ក៏​កំពុង​មាន​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាមួយ​ចិន​ខ្លាំង​ដែរ។

ជំនួប​អាស៊ាន អាមេរិក​លើក​ទី៤ ឆ្នាំ​នេះ ជា​ឱកាស​មួយ​ដែល​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សារ​ជា​ថ្មី​ម្តង​ទៀត អំពី​ការ​លើក​កម្ពស់​ការ​រំសាយ និង​ការ​មិន​រីកសាយភាយ​អាវុធ រួម​ទាំង​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​ប្រកប​ដោយ​សន្តិវិធី។ ទន្ទឹម​គ្នា​នេះ អាមេរិក និង​អាស៊ាន​ក៏​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ថែរក្សា​សន្តិភាព សុវត្ថិភាព សន្តិសុខ សេរីភាព​នាវាចរណ៍ និង​ការ​ហោះហើរ​លើ​សមុទ្រចិនខាងត្បូង។ នៅ​ក្នុង​បញ្ហា​នេះ អាមេរិក និង​អាស៊ាន​បាន​ឲ្យ​សារៈសំខាន់​លើ​ការ​ប្រកាន់​ភាព​អត់ធ្មត់​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២។

លោក​អូបាម៉ា​ចាក់​ចិន​កុំ​ឲ្យ​ភ្លេច​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ
ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​កំពុង​ប្រឈម​មុខ​ដាក់​គ្នា លោក​អូបាម៉ា​បាន​ដាស់តឿន​ក្រើន​រម្លឹក​ចិន​ជា​ថ្មី​ម្តង​ទៀត​កុំ​ឲ្យ​ធ្វើ​ជា​ភ្លេច​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​តុលាការ​អចិន្រ្តៃយ៍​​នៃ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ ពិសេស​សុំ​ឲ្យ​ចិន​គោរព​តាម​ឲ្យ​បាន​ខ្ជាប់ខ្ជួន​លើ​​សេចក្តីសម្រេច​ចិត្ត​នោះ។ លោក​អូបាម៉ា​បាន​បញ្ជាក់​ច្បាស់ៗ​ថា សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ ជា​សេចក្តីសម្រេចចិត្ត​ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ និង​បាន​ពន្យល់​បក​ស្រាយ​យ៉ាង​ជាក់ច្បាស់​អំពី​សិទ្ធិសេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ផ្លូវសមុទ្រ​នៅ​ក្នុង​តំបន់។

គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា កាល​ពី​ថ្ងៃ​ទី១៥ កក្កដា​កន្លង​ទៅ តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ​បាន​ចេញ​សេចក្តី​សម្រេច​លើ​បណ្តឹង​របស់​ហ្វីលីពីន​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អាគីណូ​ដែល​ប្តឹង​ចិន​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង។ នៅ​ក្នុង​សេចក្តីសម្រេចចិត្ត​ដែល​មាន​កម្រាស់​៤៧៩ទំព័រ តុលាការ​បាន​កាត់ក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​ដោយ​បញ្ជាក់​ថា ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រចិនខាងត្បូង​ដោយ​យោង​លើ​ប្រវត្តសាស្រ្ត​មិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ និង​ថា ការ​សាងសង់​កោះ​សិប្បនិម្មិត​នៅ​ក្នុង​តំបន់​របស់​ចិន​ជា​រឿង​ខុស​ច្បាប់។ ទន្ទឹម​គ្នា​នេះ តុលាការ​ក៏​បាន​ចាត់​ទុក​ទង្វើ​របស់​ចិន​ថា​ជា​ការ​រំលោភ​បំពាន​​លើ​អធិបតេយ្យភាព​របស់​ហ្វីលីពីន។

លោក​អូបាម៉ា​យល់​ឃើញ​ថា សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេមាន​លក្ខណៈ​ច្បាប់​គ្រប់គ្រាន់​ដែល​ភាគី​ពាក់ព័ន្ធ​ត្រូវ​គោរព​ឲ្យ​ខាន​តែ​បាន។ ការ​អំពាវនាវ​របស់​លោក​អូបាម៉ា​របៀប​នេះ​ក៏​មាន​ពី​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​​ស្ហ៊ីហ្សូ អាបេ​ដែរ។ លោក​អាបេ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ ទី៧ កញ្ញា​ថា វា​ពិត​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ក្រៃលែង​នៅ​ចំពោះ​មហិច្ឆតា​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់។ ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក​អូបាម៉ា​បាន​ព្រមាន​ជា​ថ្មី​ថា ទង្វើ​បន្ត​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង​នឹង​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ដែល​កំពុង​ឯកោ​ស្រាប់​រឹតតែ​ឯកោ​ថែម​ទៀត​នៅ​លើ​ឆាកអន្តរជាតិ។

ចិន​មិន​ឆ្លើយ​នឹង​លោក​អូបាម៉ា តែ​បន្ត​ប្រកាន់​ជំហរ​មិន​ប្រែប្រួល
លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​ឡាវ​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ព្រមាន​របស់​លោក​អូបាម៉ា​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ ចម្លើយ​របស់​ចិន​នៅ​តែ​ដដែល​មិន​ប្រែប្រួល​ទាក់ទង​នឹង​សំណុំរឿង​ដ៏​ចម្រូងចម្រាស​មួយ​នេះ។ ចិន​ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​សេចក្តី​ស្រេចចិត្ត​របស់​តុលាការ​អចិន្ត្រែយ៍​នៃ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ​ដែល​បាន​កាត់​ក្តី​ឲ្យ​ខ្លួន​ចាញ់​ហ្វីលីពីន​ថា មិន​ឈឺ​ក្បាល​ទេ និង​បន្ត​អះអាង​ថា ដែនដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​អធិបតេយ្យភាព​របស់​ចិន។

នៅ​ចំពោះ​មុខ​សមភាគី​អាស៊ាន​នា​ថ្ងៃ​ពុធ ទី៧ កញ្ញា លោក​លី ខឺជាំង​បាន​បញ្ជាក់​ជា​លក្ខណៈ​ទូទៅ​ថា ចិន​បាន​ចាត់​ទុក​អាស៊ាន​ជា​មហាអំណាច​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួម​ចំណែក​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់។ យ៉ាង​ណា​ក៏​ដោយ ការ​ដែល​លោក​អូបាម៉ា​ហ៊ាន​ដំឡើង​សម្លេង​ដាក់​ចិន​ត្រង់ៗ​ពេល​នេះ គឺ​ជា​និមិត្តរូប​មួយ​ធំធេង​ណាស់ ព្រោះ​ការ​ព្រមាន​ចិន​ចំៗ​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​កំពូលៗ​ក្នុង​លោក​នា​កិច្ចប្រជុំកំពូល​អាស៊ាន​ពេល​នេះ ក៏​អាច​ជា​ការ​ព្រមាន​ដោយ​ប្រយោល​ចំពោះ​ប្រទេស​ផ្សេង​ដែល​កំពុង​ព្យាយាម​ទន្ត្រាន​យក​ទឹកដី​ប្រទេស​ដទៃ​ដែរ។ មួយ​វិញ​ទៀត ការ​ព្រមាន​របស់​លោក​អូបាម៉ា​ចំពោះ​ចិន​ក៏​ជា​បច្ច័យ និង​ជា​ការ​ផ្តល់​ក្តីកក់ក្តៅ​ដល់

ប្រទេស​អាស៊ាន​មួយ​ចំនួន មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ​ដែល​កំពុង​បន្ត​ប្រឈម​មុខ​តទល់​ខ្លាំង​នឹង​មហាយក្ស​ចិន។

អាស៊ាន​សន្យា​ជួប​គ្នា​ជា​ថ្មី​នៅ​ឆ្នាំ ២០១៧ ក្នុង​ប្រទេស​ហ្វីលីពីន
តុល្យការ​រួម​នៃ​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី២៨ និង​ទី២៩​រយៈពេល ៣ថ្ងៃ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​គឺ​ល្អ ព្រោះ​អ្វីៗ​មាន​ដំណើរការ​ទៅ​ដូច​កម្មវិធី​ដែល​បាន​គ្រោង​ទុក និង​មាន​ភាព​រលូន​ដោយ​គ្មាន​ឧប្បត្តិវហេតុ​អ្វី​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា នេះ​ជា​ជោគជ័យ​មួយ​របស់​ឡាវ​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ ពិតមែន​តែ​ជា​ប្រទេស​ក្រីក្រ​ជាង​គេ​មួយ​នៅ​អាស៊ីអាគ្នេយ៍។

និមិត្តរូប​ជោគជ័យ​មួយ​ទៀត​របស់​ឡាវ និង​ប្រជាជន​ឡាវ គឺ​ការ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​អាមេរិក​ម្នាក់​ជា​លើកទី១ គិត​តាំង​ពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្រ្គាម​វៀតណាម អាមេរិក​ជាង ៤០ឆ្នាំ​កន្លង​ទៅ។ សង្រ្គាម​វៀតណាម អាមេរិក​ដែល​ឡាវ​​ក៏​ជា​អ្នក​រងគ្រោះ​ធ្ងន់ធ្ងរ​ដែរ ព្រោះ​មាន​គ្រាប់បែក​អាមេរិក​ជាង ២លានតោន​បាន​ធ្លាក់​លើ​ទឹក​ដី​ខ្លួន ក្នុង​នោះ មាន​ប្រមាណ​ជា ៣០% មិន​ទាន់​ផ្ទុះ​អស់ និង​បន្ត​សម្លាប់​ប្រជាជន​ឡាវ​មក​ដល់​សព្វថ្ងៃ។
នៅ​ចុង​បញ្ចប់ កិច្ចប្រជុំកំពូល​អាស៊ាន​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ទង្វើ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​របស់​ក្រុង​ព្យុងយ៉ាង និង​បញ្ជាក់​ជា​ថ្មី​ពី​សារៈសំខាន់​នៃ​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់ ពិសេស​ចង់​ឃើញ​ឧបទ្វីបកូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង កិច្ចប្រជុំកំពូល​បាន​ព្យាយាម​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​សេរីភាព​នាវាចរណ៍ និង​ការ​ហោះហើរ​លើ​សមុទ្រចិន​ខាង​ត្បូង។

កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី២៨ និង​ទី២៩ រយៈពេល ៣ថ្ងៃ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​បាន​បិទបញ្ចប់​ដោយ​សន្យា​ជួប​គ្នា​ជា​ថ្មី​នៅ​ឆ្នាំ ២០១៧ ក្នុង​ប្រទេស​ហ្វីលីពីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI