អាស៊ានទទូចឲ្យចិនបើកកិច្ចចរចាបញ្ចប់ភាពតានតឹងនៅសមុទ្រចិនខាងត្បូង
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងការបិទបញ្ចប់កិច្ចប្រជុំកំពូល នៅប្រទេសព្រុយណេ នៅថ្ងៃព្រហស្បតិ៍នេះ ប្រមុខដឹកនាំប្រទេសទាំង ១០ ជាសមាជិកអាស៊ាន បានទទូចចង់បើកកិច្ចចរចាជាបន្ទាន់ជាមួយចិន ដើម្បីរកវិធីធ្វើយ៉ាងណា កុំឲ្យភាពតានតឹងនៅសមុទ្រចិនខាងត្បូង នៅក្នុងពេលបច្ចុប្បន្ននេះ រាលដាលបង្កជាការប៉ះទង្គិចគ្នាដោយអំពើហិង្សា។ នេះបើតាមការអះអាងរបស់ស៊ុលតង់ព្រុយណេ ដែលជាប្រធានផ្លាស់វេនរបស់អាស៊ាន និងជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ាន ដែលជាប់ជម្លោះជាមួយចិន ក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រោយបិទជំនួបកំពូលថ្ងៃព្រហស្បតិ៍នេះ អាស៊ានបានធ្វើការសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្តិភាព ស្ថិរភាព និងសន្តិសុខផ្លូវសមុទ្រ នៅក្នុងតំបន់។
ចំណែកស៊ុលតង់ព្រុយណេ ដែលជាម្ចាស់ផ្ទះរៀបចំជំនួបកំពូល បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយបិទជំនួបកំពូលថា ថ្នាក់ដឹកនាំអាស៊ានចង់ឲ្យមានការចរចាជាបន្ទាន់ ជាមួយចិន ដើម្បីឈានទៅបង្កើតជាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ក្នុងគោលដៅបញ្ចប់ភាពតានតឹង នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលជាតំបន់ជាយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់ ទាំងនៅក្នុងតំបន់អាស៊ាន ក៏ដូចជា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។
ជំនួបកំពូលអាស៊ាន ដែលគ្រោងផ្តោតជាសំខាន់ជាងគេ ទៅលើការបង្កើតសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ត្រូវបានគ្របដណ្តប់ទៅដោយសំណុំរឿងសមុទ្រចិនខាងត្បូង ដែលជាសំណុំរឿងដ៏ក្តៅគគុកមួយ ដោយសារតែបណ្តាប្រទេសអាស៊ាន ដែលជាប់ជម្លោះជាមួយចិន កំពុងតែមានការបារម្ភ អំពីយុទ្ធសាស្រ្តរបស់ចិន ដែលកំពុងតែបង្កើនកម្លាំង វាតទី កាន់តែខ្លាំង នៅក្នុងតំបន់ជម្លោះនេះ។
គួរបញ្ជាក់ថា នៅក្នុងចំណោមប្រទេសទាំង ១០ ជាសមាជិកអាស៊ាន មានប្រទេស ៤ ដែលជាប់ជម្លោះ ជាមួយចិន ក្នុងសមុទ្រចិនខាងត្បូង ក្នុងនោះ ក្រៅពីព្រុយណេ ដែលជាប្រធានផ្លាស់វេនរបស់អាស៊ាន សម្រាប់ឆ្នាំ២០១៣នេះ នៅមានប្រទេស ៣ទៀត គឺម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ជាទូទៅ ប្រទេសទាំង ៤នេះ តែងតែទាមទារឲ្យដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង តាមរយៈកិច្ចចរចា ក្នុងក្របខ័ណ្ឌអាស៊ាន-ចិន។ ចំណែកចិនវិញ ទាមទារចង់ចរចាជាមួយប្រទេសជាប់ជម្លោះនីមួយៗ ដាច់ដោយឡែកពីគ្នា។
ជម្លោះសមុទ្រចិនខាងត្បូងកំពុងតែក្លាយជាសំណុំរឿងដ៏ចម្រូងចម្រាស ដែលកំពុងតែធ្វើឲ្យអាស៊ានត្រូវប្រឈមមុខនឹងភាពប្រេះឆាគ្នា រវាងប្រទេសជាសមាជិក។ គេនៅចាំបានថា កាលពីឆ្នាំទៅមិញនេះ ភាពចម្រូងចម្រាស ជុំវិញរឿងសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅភ្នំពេញ ត្រូវបិទបញ្ចប់ ដោយគ្មានសេចក្តីថ្លែងការណ៍រួម ដែលជារឿងមិនធ្លាប់មាន ក្នុងប្រវត្តិរបស់អាស៊ាន។
នៅក្នុងជំនួបកំពូលនៅព្រុយណេពេលនេះ មេដឹកនាំអាស៊ានមួយចំនួនបានលើកឡើងថា អាស៊ានបានខិតខំព្យាយាមសម្រុះសម្រួលគ្នា ហើយសម្រេចបាននូវភាពរួបរួមគ្នាឡើងវិញ ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង។ ប្រធានាធិបតីហ្វីលីពីនបានលើកសរសើរដល់ព្រុយណេថាបានយកចិត្តទុកដាក់ចំពោះបញ្ហានៅសមុទ្រចិនខាងត្បូងនេះ ហើយថា យ៉ាងហោចបំផុត មេដឹកនាំអាស៊ានទាំងអស់បានឯកភាពគ្នាថា ទៅលើភាពចាំបាច់ ក្នុងការធ្វើយ៉ាងណា កុំឲ្យជម្លោះនៅសមុទ្រចិនខាងត្បូង រាលដាលបង្កជាអំពើហិង្សា បង្ហូរឈាមគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ