កម្ពុជា-អាស៊ាន

អាស៊ាន​ចង់ឃើញ​ភាព​ធូរស្រាល​នៅ​ឧបទ្វីប​កូរ៉េ

លោក​កៅ គីមហួន រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា ក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប​អាស៊ាន​បូក៣
លោក​កៅ គីមហួន រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា ក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប​អាស៊ាន​បូក៣ RFI/Delux Leang

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ចិន កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ហៅ​ថា អាស៊ាន​បូក​៣ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។ ក្រៅ​ពី​ការ​ពិភាក្សា​គ្នា​ទៅ​លើ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន ​និង​ប្រទេស​ទាំង​បី ភាគី​ទាំង​ពីរ​ក៏​បាន​លើកឡើងផងដែរ​ អំពី​បញ្ហា​តំបន់ ពិសេស ​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន កូរ៉េខាងត្បូង និង​ចិន​បាន​ថ្លែង​រួមគ្នា​ចង់​ឃើញ​ភាព​អត់ធ្មត់​របស់​បងប្អូន​កូរ៉េ​ទាំងពីរ ដើម្បី​អោយ​មាន​ភាព​ធូរស្រាល​ផ្នែក​សន្តិសុខ ហើយ​ថា អាស៊ាន និង​រដ្ឋាភិបាល​ទាំង​បី​ខាងលើ​ក៏​ជំរុញ​អោយ​ភាគី​ពាក់ព័ន្ធ​គោរព​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផងដែរ។ គោលជំហរ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បូក​៣ ត្រូវ​បាន​ប្រកាស​អោយ​ដឹង​ដោយ​លោក​កៅ គីមហួន​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​ នៅ​ក្នុង​សន្និសីទ​កាសែត​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចែង​ថ្កោលទោស និង​ហាមឃាត់​មិន​អោយ​ទីក្រុង​ព្យុងយ៉ាង​ពង្រីក​ការសាយភាយ និង​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ ដែល​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់ និង​សកល។

នេះ​ជា​ថ្ងៃ​ទី​២​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​លើកឡើង​ អំពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ។

នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​ក៏​ជា​របៀបវារៈ​យ៉ាង​សំខាន់​ នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រី​ការបរទស​អាស៊ាន​ តាំង​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែរ។

កាលពី​ថ្ងៃ​ម្សិលមិញ លោក​កៅ គីមហួន​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អោយ​ដឹង​ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចង់ឃើញ​ការ​បញ្ឈប់​ជម្លោះ​​ឧបទ្វីប​កូរ៉េ​  ​ចង់​ឃើញ​កិច្ច​ប្រជុំ ​៦​ភាគី​ឡើងវិញ និង​ថា ​ធ្វើយ៉ាងណា​អោយ​ឧបទ្វីប​កូរ៉េ​ជា​តំបន់​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

គួរ​បញ្ជាក់​អោយ​ដឹងថា ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​ការបទេស​នៃ​ប្រទេស​ពាក់ព័ន្ធ​ទាំង​៦​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ចូលរួម​វេទិកា​តំបន់​អាស៊ាន​ នៅ​ថ្ងៃ​ទី​១២កក្កដា​នោះ កម្ពុជា​នឹង​រៀបចំ​អោយ​ភាគី​ទាំង​៦​ជួប​គ្នា​ឡើង​វិញ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ។ បាន​ន័យ​ថា រដ្ឋមន្ត្រី​ការបរទេស​របស់​បងប្អូន​កូរ៉េ​ទាំង​ពីរ ចិន រុស្ស៊ី អាមេរិក និង​ជប៉ុន​នឹង​ជួបគ្នា​ឡើងវិញ ​ដើម្បី​បន្ត​ពិភាក្សា​គ្នា អំពី​បញ្ហា​​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ ដែល​បាន​រាំងស្ទះ​តាំង​ពី​ឆ្នាំ​២០០៩​មក​នោះ។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង លោក​ប៉ាក អ៊ីជុន​ នឹង​មក​ដល់​រាជធានី​ភ្នំពេញ​ នៅ​យប់​ថ្ងៃ​អង្គារ​នេះ រីឯ​លោកស្រី​ប្រមុខ​ការទូត​អាមេរិក​ហ៊ីឡារី គ្លីនតុន​ នឹង​មក​ដល់​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ពុធ​ស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI