កម្ពុជា-អាស៊ាន

ក្រុម​ការងារ​អាស៊ាន​ជជែក​អំពី​បេក្ខភាព​ទីម័រ​ខាង​កើត​

ក្រុម​ការងារ​អាស៊ាន​​ជជែក​អំពី​បេក្ខភាព​ទីម័រ​ខាង​កើត​
ក្រុម​ការងារ​អាស៊ាន​​ជជែក​អំពី​បេក្ខភាព​ទីម័រ​ខាង​កើត​ RFI/Leang Delux

នៅ​ថ្ងៃ​អង្គារ​ទី​១១​ខែ​កញ្ញា​នេះ ក្រុម​ការងារ​នៃ​ក្រុម​ប្រឹក្សា​សម្របសម្រួល​អាស៊ាន​បាន​ពិភាក្សា​អំពី​សំណើ​របស់​ប្រទេស​ទីម័រ​ខាង​កើត​ដែល​ចង់​ចូល​ជា​សមាជិក​ថ្មី​របស់​អាស៊ាន។ សមាជិក​អាស៊ាន​ចាស់​កំពុង​តែ​សិក្សា​អំពី​ផលប៉ះពាល់​នានា​ប្រសិនបើ​អាស៊ាន​ព្រម​ទទួល​យក​ប្រទេស​ទីម័រ​ខាងកើត​នេះ។ នៅពេល​ដែល​អាស៊ាន​ត្រូវ​មាន​មតិឯកច្ឆ័ន្ទ​លើ​បញ្ហា​អ្វី​មួយ ខណៈនេះ​នៅ​មាន​សមាជិក​អាស៊ាន​មួយ​ចំនួន​នៅ​ប្រឆាំង​បេក្ខភាព​របស់​ទីម័រ​នៅ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

 

នៅ​មាន​បញ្ហា​ច្រើន​ចំពោះ​បេក្ខភាព​របស់​ប្រទេស​ទីម័រ​ខាង​កើត​ដែល​បាន​ស្នើ​សុំ​ចូល​ជា​សមាជិក​ទី​១១​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន។ ប្រទេស​ទីម័រ​ខាង​កើត​ដែល​បាន​ឯករាជ្យ​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ប្រទេស​សមាជិក​អាស៊ាន​ និង​ប្រទេស​ក្រៅ​តំបន់​ផ្សេង​ទៀត​អោយ​ជួយ​គាំទ្រ​បេក្ខភាព​ខ្លួន​ចូល​ក្នុង​អាស៊ាន។

នៅ​ពេល​ដែល​អាស៊ាន​ត្រូវ​គោរព​គោល​ការណ៍​កុងសង់ស៊ុស ឬ​មតិ​ឯកច្ឆ័ន្ទ​នោះ មាន​សមាជិក​អាស៊ាន​មួយ​ចំនួន​ដូច​ជា​សឹង្ហបុរី​ជា​ដើម​មិន​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បេក្ខភាព​ទីម័រ​ខាង​កើត​​នេះ​ឡើយ។

នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​ការងារ​នៃ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ានបាន​ពិភាក្សា​អំពី​សំណើ​របស់​​ប្រទេស​ទីម័រ​ខាង​កើត​ដែល​ចង់​ចូល​ជា​សមាជិក​ថ្មី​របស់​អាស៊ាន​នេះ។

លោកស្រី​សឿង រដ្ឋ​ចាវី រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា សមាជិក​នៃ​បណ្តា​ប្រទេស​អាស៊ាន​ភាគ​ច្រើន បាន​ទទួល​ស្គាល់​រួច​ហើយ​នូវ​សេចក្តី​ប្រកាស​នយោបាយ​គាំទ្រ​ការ​ស្នើ​សុំ​របស់​ប្រទេស​ទីម័រ​ខាងកើត​ចូល​ជា​ សមាជិក​អាស៊ាន ក៏ប៉ុន្តែ លោកស្រី​បញ្ជាក់​ថា យោង​ទៅ​លើ​ទិដ្ឋភាព​ផ្សេងៗ​ជា​ច្រើន​គេ​ត្រូវ​ពិចារណា​ថា​ នៅ​ពេល​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ទីម័រ​ចូល វា​អាច​មាន​ផល​វិបាក​អ្វី​ខ្លះ​មក​ដល់​អាស៊ាន​និង​អាច​មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​លើ​ប្រទេស​ទីម័រ​ខ្លួន​ឯង​?

លោកស្រី​រដ្ឋ​លេខាធិការ​បន្ត​ថា បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​មាន​ការ​បារម្ភ​អំពី​កង្វះ​ខាត​ធនធាន​មនុស្ស​របស់​ទីម័រ ទោះបី​ជា​ប្រទេស​នេះ មាន​ចំណូល​ច្រើន​ដែល​បាន​ពី​ធនធាន​ប្រេង​និង​គ្មាន​បំណុល​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI