ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃភូមិភាគអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមលើកឡើងអំពីរបបកុម្មុយនិស្តវៀតណាម។ជិត៤០ឆ្នាំកន្លងមកហើយ ដែលវៀតណាមខាងជើងនិងវៀតណាមខាងត្បូងបាន បង្រួបបង្រួមគ្នាទៅជាប្រទេសតែមួយដែលដឹកនាំដោយគណបក្សកុម្មុយនិស្ត។ ទោះបីជាបាននិងកំពុងបន្តធ្វើសេរីកម្មសេដ្ឋកិច្ចតាំងពីឆ្នាំ១៩៨៦មកក្តី ក៏វៀតណាមដែលយកតម្រាប់តាមប្រទេសចិន នៅតែជាប្រទេសកាន់អំណាចផ្តាច់ការក្នុងពេលបច្ចុប្បន្ន។
ក្រោយបន្ទាប់ពីទីក្រុងសៃហ្កុង(Saigon) បានធ្លាក់នៅខែមេសាឆ្នាំ១៩៧៥ វៀតណាមខាងជើងនិងវៀតណាមខាងត្បូងត្រូវបានបង្រួបបង្រួមគ្នាទៅជាប្រទេសតែមួយវិញដែលក្លាយជារបបកុម្មុយនិស្តផ្តាច់ការ ក្រោមឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឥឡូវនេះ ជិត៤០ឆ្នាំក្រោយមក ជាផ្លូវការទីក្រុងហាណូយ(Hanoi)ចាត់ទុករបបនយោបាយនៃប្រទេសខ្លួនថាជា"លទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សតែមួយ" នោះ គឺគណបក្សកុម្មុយនិស្តវៀតណាម។ រដ្ឋាភិបាលពន្យល់ថា ខ្លួនកំពុងប្រឹងប្រែងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ រីកចំរើនសន្សឹមៗទៅមុខ ដោយសន្តិវិធី។
នៅក្នុងន័យនេះ អាជ្ញាធរអះអាងថា នៅពេលបោះឆ្នោតសភាម្តងៗ តែងតែមានតំណាងរាស្រ្តមួយចំនួន ដែលមិនមែនចេញមកពីជួរគណបក្សកុម្មុយនិស្ត។ ជាក់ស្តែង វាមានអ៊ីចឹងមែនបេក្ខជនមិនមែនកុម្មុយនិស្តក្នុងពេលបោះឆ្នោតឆ្នាំ២០០៧ ក៏ដូចក្នុងពេលបោះឆ្នោតឆ្នាំ២០១១ដែរ។
ក៏ប៉ុន្តែ ការពិតទាំងស្រុង វាមិនដូចមាត់រដ្ឋាភិបាលថានោះឡើយ។ អ្នកដែលមិនមែនកុម្មុយនិស្តអាចឈរឈ្មោះបោះឆ្នោតបាន លុះត្រាតែអ្នកនោះជាបេក្ខជនឯកឯង គ្មានអង្គការនយោបាយ សង្គមឬសាសនា នៅពីក្រោយ។ យ៉ាប់ជាងនេះទៅទៀត បេក្ខភាពនៃបណ្តាជនឯករាជ្យទាំងអស់នោះ ត្រូវឆ្លងកាត់មុខអាជ្ញាធរមូលដ្ឋាន រួចហើយមុខអាជ្ញាធរថ្នាក់ជាតិ។ ជាទូទៅ បេក្ខភាពច្រើនសន្ធឹកសន្ធាប់ណាស់ត្រូវបានច្រានចោល ក្រោមលេសថា ជាការគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈ។
ក្រោមលេសថាជាការគំរាមកំហែងសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរវៀតណាម ចាប់សកម្មជនប្រជាធិបតេយ្យ សកម្មជនសិទ្ធិមនុស្ស និងពួកអ្នកប្រឆាំងញាត់បញ្ចូលគុក ធ្វើទុក្ខបុកម្នេញទៅលើជនជាតិភាគតិច ទៅលើប្រមុខពុទ្ធសាសនា និងប្រមុខគ្រិស្តសាសនា។ មិនត្រឹមតែគ្មានសេរីភាពសាសនាប៉ុណ្ណោះទេ សូម្បីតែសេរីភាពសារពត៌មានក៏គ្មានដែរ។
ចុងក្រោយនេះ អាជ្ញាធរបាននិងកំពុងបន្តបង្កើនការត្រួតពិនិត្យទៅលើអ៊ីនធឺណែត ដ្បិតFacebook និង Micro-blogs កំពុងក្លាយជាវេទិកាមួយប្រកបទៅដោយគ្រោះថ្នាក់សម្រាប់ទីក្រុងហាណូយ។ អ្វីដែលអាជ្ញាធរវៀតណាមចង់ទប់ស្កាត់ គឺការប្រើប្រាស់អ៊ីនធឺណែតដើម្បីកេណ្ឌគ្នីគ្នាងើបបះបោរ ឬដើម្បីនិយាយសម្អុយថ្នាក់ដឹកនាំ ឬក៏ដើម្បីផ្សព្វផ្សាយពាក្យ
ចរចាមអារ៉ាម ព័ត៌មានមិនពិតនិងសារឃោសនា។
និយាយរួម ប្រព័ន្ធនយោបាយនៃប្រទេសវៀតណាមមានមូលដ្ឋាននៅលើអំណាចនៃបក្សកុម្មុយនិស្ត។ គឺគណកម្មធិការមជ្ឈិមនិងការិយាល័យនយោបាយនៃបក្សជាអ្នកអនុម័តរាល់សេចក្តីសម្រេចចិត្តសំខាន់ៗ។ បក្សកុម្មុយនិស្តវៀតណាមមានវត្តមាននៅគ្រប់ជាន់ថ្នាក់និងគ្រប់ទីកន្លែង ពីរដ្ឋបាលជាតិនិងមូលដ្ឋាន ពីកងទ័ពនិងនគរបាល រហូតទៅដល់សាលារៀននិងសហគ្រាសរដ្ឋ ឬឯកជន។
យ៉ាងណាក៏ដោយ ភាពតានតឹងរមែងតែកើតឡើងនៅក្នុងជួរគណបក្សកុម្មុយនិស្ត រវាងអ្នកដឹកនាំកំពូលៗដែលប្រជែងឥទ្ធិពលនិងដណ្តើមអំណាចគ្នា។ ជាក់ស្តែង នៅឆ្នាំ២០១២ លោកប្រធានាធិបតី ទ្រឿង តាន់សាង(Truong Tan Sang) និងលោកនាយករដ្ឋមន្ត្រី ងៀន តាន់ ឌុង(Nguyen Tan Dung) បានទាស់ទែងគ្នាខ្លាំង រហូតដល់បានបណ្តាលឱ្យការិយាល័យនយោបាយនិងគណកម្មធិការមជ្ឈិមបក្សរួមប្រជុំគ្នាដើម្បីចាប់កំហុសលោកនាយករដ្ឋមន្ត្រីទៀតផង។
ផ្ទុយទៅវិញ នៅលើវិស័យសេដ្ឋកិច្ច វៀតណាមយកតម្រាប់តាមចិន ដោយបានបោះបង់ចោលសេដ្ឋកិច្ចផែនការ បែរទៅរកសេដ្ឋកិច្ចទីផ្សារ និងបើកចំហប្រទេស ដើម្បីទទួលវិនិយោគបរទេស។
ថ្នាក់ដឹកនាំវៀតណាម បានផ្តើមធ្វើសេរីកម្មសេដ្ឋកិច្ច នៅឆ្នាំ១៩៨៦។ កាលនោះ ទីក្រុងហាណូយបានអនុម័តច្បាប់មួយចំនួន បានអនុញ្ញាតឲ្យមានវិនិយោគបរទេសជាលើកទីមួយបង្អស់។ គឺជាការផ្តើមឡើងនៃនយោបាយdoi moi ដែលគេអាចបកប្រែថាជា កំណែទម្រង់ ឬការផ្លាស់ប្តូរឲ្យបានប្រសើរឡើង ស្រដៀងគ្នានឹងពាក្យPerestroïka នៅសហភាពសូវៀត សម័យលោកGorbatchev។
ក្រោយមកទៀត នៅឆ្នាំ១៩៩១ ថ្នាក់ដឹកនាំវៀតណាម បានផ្តើមធ្វើសេរីកម្មនៅលើវិស័យកសិកម្ម។ ដីធ្លីលែងជាកម្មសិទ្ធិរបស់សមូហភាព។ រដ្ឋាភិបាលទទួលស្គាល់វិស័យឯកជន និងធ្វើកំណែទម្រង់ក្រុមហ៊ុនរដ្ឋ។ នយោបាយdoi moi បាននាំមកយ៉ាងលឿនរហ័ស នូវលទ្ធផលល្អហួសការស្មាន និងគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។ នៅចុងទសវត្សរ៍ទី៩០ វៀតណាមដែលជាប្រទេសក្រគ្មានអង្កច្រកឆ្នាំង បានក្លាយជាប្រទេសលក់អង្កចេញទៅក្រៅលំដាប់ថ្នាក់លេខមួយ នៅក្នុងពិភពលោក។ នៅឆ្នាំ១៩៩៥ វៀតណាមក្លាយជាសមាជិកនៃអាស៊ាន មានទំនាក់ទំនងទូតឡើងវិញជាមួយសហរដ្ឋអាមេរិក ដែលបានសម្រេចឈប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអតីតសត្រូវមួយនេះរបស់ខ្លួន នៅឆ្នាំ១៩៩៤។
វៀតណាមបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៧។ ពីឆ្នាំ១៩៩១មកទល់នឹងឆ្នាំ២០១៣ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនវៀតណាមម្នាក់ៗ គិតជាមធ្យមភាគ បានកើនឡើងបីដង កើនដល់១ ៥០០ដុល្លារ។
យ៉ាងណាក៏ដោយ ជាង២០ឆ្នាំក្រោយសេរីកម្មសេដ្ឋកិច្ច ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាសង្គមនិងសេដ្ឋកិច្ចច្រើនយ៉ាង។ ម្យ៉ាងគឺការកើនចំនួនលឿនរហ័សនៃយុវវ័យ។
ក្នុងខណៈនេះ ៥៦%នៃប្រជាជនទាំងស្រុងមានអាយុក្រោម៣០ឆ្នាំ ហើយរៀងរាល់ឆ្នាំ
យុវជននិងយុវនារីប្រមាណ១លាននាក់ឡើងមកដល់ទីផ្សារការងារ។ ម្យ៉ាងទៀត គឺវិសមភាពរវាងអ្នកមាននិងអ្នកក្រ រវាងទីក្រុងនិងស្រុកស្រែចំការ។ ម្យ៉ាងចុងក្រោយ គឺអំពើពុករលួយដែលរដ្ឋាភិបាលបច្ចុប្បន្នចាត់ទុកថា ជាមហាដំបៅសង្គមដែលត្រូវតែកំចាត់។
ជាការពិតណាស់ដែលថា សេរីកម្មសេដ្ឋកិច្ចនៅវៀតណាម មិនបាននាំមកទន្ទឹមគ្នានូវប្រជាធិបតេយ្យូបនីយកម្មនៃប្រទេស។ ក៏ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍ អះអាងថាសព្វថ្ងៃ
នៅផ្ទៃក្នុងគណបក្សកុម្មុយនិស្តវៀតណាម មានការតស៊ូមតិយ៉ាងផុសផុល ជុំវិញប្រធានរឿងពីរ។ ប្រធានរឿងទីមួយ គឺការចាំបាច់ក្នុងការបង្កើតឲ្យមានអង្គការមួយចំនួន ដែលមិនអាស្រ័យនឹងបក្សកុម្មុយនិស្ត ដូចយ៉ាងអង្គការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។ គោលដៅ គឺធ្វើយ៉ាងណាដើម្បីឲ្យមានបណ្តើរៗ ស្ថាប័នឯករាជ្យដែលអាចទប់កម្លាំងខ្លាំងជ្រុលរបស់គណបក្សកុម្មុយនិស្ត ពីព្រោះពិភពលោកដែលផ្លាស់ប្តូរ ទាមទារឲ្យមានការផ្លាស់ប្តូរដែរ នៅក្នុងប្រទេសវៀតណាម។
ប្រធានរឿងទីពីរ នៃការតស៊ូមតិនៅក្នុងផ្ទៃក្នុងបក្សកុម្មុយនិស្តវៀតណាមសព្វថ្ងៃ គឺការរៀបចំ ឲ្យមានតុល្យភាពល្អ រវាងចរន្តពួកកុម្មុយនិស្តខាងត្បូង និងចរន្តពួកកុម្មុយនិស្តខាងជើង។ គួរបញ្ជាក់ថា នៅឆ្នាំ១៩៧៥ ក្រោយពេលដែលទីក្រុងសៃហ្កុងបានធ្លាក់ ពួកកុម្មុយនិស្តដែលបានបង្កប់ខ្លួន នៅវៀតណាមខាងត្បូង បាក់កម្លាំងទន់ខ្សោយខ្លាំង។ មូលហេតុទីមួយ គឺ
បណ្តាលមកពី ក្នុងចន្លោះឆ្នាំ១៩៦៨ និង ឆ្នាំ១៩៧៥ ពួកកុម្មុយនិស្តបង្កប់ខ្លួន នៅវៀតណាមខាងត្បូង បានស្លាប់អស់ច្រើន។ ឯមូលហេតុទីពីរ គឺបណ្តាលមកពី ការបង្រួបបង្រួមយ៉ាងលឿនរហ័ស វៀតណាមខាងត្បូង និងវៀតណាមខាងជើងទៅជាប្រទេសតែមួយ និងការលាតសន្ធឹងរបៀបគ្រប់គ្រងប្រទេសតាមបែបកុម្មុយនិស្ត ពីខាងជើងមកខាងត្បូង ធ្វើឲ្យចរន្តពួកកុម្មុយនិស្តខាងជើង មានឥទ្ធិពលខ្លាំងជាង ចរន្តពួកកុម្មុយនិស្តខាងត្បូង។
ក៏ប៉ុន្តែ នៅដើមសតវត្សរ៍ទី២១នេះ សេដ្ឋកិច្ចមានតម្លៃជាងមនោគមវិជ្ជា បានន័យថា តំបន់ប៉ែកខាងត្បូង ជាពិសេសទីក្រុងសៃហ្កុងដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកំពុងស្គាល់ការ អភិវឌ្ឍន៍លឿនជាងតំបន់ប៉ែកខាងជើង ជាហេតុធ្វើឲ្យចរន្តពួកកុម្មុយនិស្តខាងត្បូង មានទឹកមាត់ប្រៃឡើងវិញ។ លើសពីនេះទៅទៀត ប្រជាជនវៀតណាមនៅបរទេស កូនចៅរបស់ជនភៀសខ្លួនBoat people ដែលបានរៀនសូត្រនៅអាមេរិកឬនៅអឺរ៉ុប ត្រឡប់ចូលមកក្នុងមាតុប្រទេសវិញ ជាពិសេសមករស់នៅទីក្រុងសៃហ្កុង និងរកស៊ីមានបាន ក្លាយជាតួអង្គសេដ្ឋកិច្ចសំខាន់ៗ ដែលពីអំណើះតទៅ គណបក្សកុម្មុយនិស្តវៀតណាម ត្រូវតែយកចិត្តទុកដាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ