ជប៉ុនទើបបញ្ចេញខែ្សអាត់សម្លេងដើមរបស់អធិរាជហ៊ីរ៉ូហ៊ីតូដែលថ្លែងសុំចាញ់សង្រ្គាមលោកលើកទី២
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងប្រទេសជប៉ុន ខ្សែអាត់សម្លេងដើមរបស់ព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូកាលពី ៧០ឆ្នំាមុនទើបត្រូវបានបញ្ចេញជាសាធារណៈនាចុងសប្តាហ៍កន្លងទៅ។ នៅក្នុងខ្សែអាត់សម្លេងដែលមានរយៈពេល ៤នាទី និង៣០វិនាទី គេបានឮសង្កថារបស់ព្រះចៅហ៊ីរ៉ូហ៊ីតូដែលបានថ្លែងប្រាប់ប្រជារាស្រ្តជប៉ុនពីការដែលជប៉ុនសុំចុះចាញ់សង្រ្គាមលោកលើកទី២។ ការបញ្ចេញខែ្សអាត់សម្លេងដើមរបស់ព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូពេលនេះបានធ្វើ ចំពេលដែលជប៉ុនត្រៀមប្រារព្ធខួបគម្រប់ ៧០ឆ្នំានៃការចាញ់សង្រ្គាមលោកលើកទី២។
នេះជាលើកទី១ ដែលប្រទេសជប៉ុនខ្លួនឯងបានបញ្ចេញជាសាធារណៈនូវខែ្សអាត់សម្លេងដើមរបស់ព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូដែលបានថ្លែងប្រាប់ប្រជារាស្រ្តពីការដែលជប៉ុនសុខចិត្តទម្លាក់អាវុធសុំចុះចាញ់សង្រ្គាមលោកលើកទី២។ ព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូដែលបានចូលទីវង្គតកាលពីថ្ងៃទី៧ មករា ឆ្នំា ១៩៨៩។ សង្កថារបស់ព្រះចៅហ៊ីរ៉ូហ៊ីតូប្រហែលជាបានថតក្នុងថ្ងៃទី១៤ សីហា ឆ្នំា ១៩៤៥ រួចបានចាក់ផ្សាយតាមវិទ្យុនៅថ្ងៃទី១៥ សីហា ឆ្នំា ១៩៤៥ វេលាម៉ោង ១២ថ្ងៃត្រង់។ រហូតមកដល់សព្វថ្ងៃ គេក៏អាចរកបាននូវសង្កថាសុំចាញ់សង្រ្គាមលោកលើកទី២ របស់ព្រះចៅហ៊ីរ៉ូហ៊ីតូថ្លែងកាលពី ៧០ឆ្នំាមុនដែរ តែជាខ្សែអាត់សម្លេងចម្លងតៗគ្នាមានគុណភាពមិនល្អដែលកងទ័ពអាមេរិកបានផ្សព្វផ្សាយកាលពីឆ្នំា ១៩៤៦។
យោងតាមទីភ្នាក់ងារនៃរាជាអធិរាជដែលជាអ្នកបញ្ចេញខ្សែអាត់សម្លេងឲ្យដឹងថា ទោះបីជាមានសម្លេងខ្យល់បន្តិចបន្តួចនៅក្នុងខ្សែអាត់សម្លេងនោះក៏ដោយ ក៏ចាប់ពីពេលនេះតទៅ ប្រជារាស្រ្តជប៉ុនអាចស្តាប់ឮជាលើកទី១ និងស្តាប់បានច្បាស់នូវសម្លេងរបស់ព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូដែលបានថ្លែងសុខចិត្តទម្លាក់អាវុធចុះចាញ់សង្រ្គាមលោកលើកទី២ ដោយគ្មានលក្ខខណ្ឌ។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា នៅក្នុងសង្កថារយៈពេល ៤នាទី និង៣០វិនាទីនោះ ព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូច្រើនប្រើភាសាជប៉ុនជំនាន់ដើមដែលមនុស្សជំនាន់ថ្មីពិបាកស្តាប់យល់។
ក្រៅពីការបញ្ចេញខែ្សអាត់សម្លេងដើមរបស់អធិរាជហ៊ីរ៉ូហ៊ីតូដែលថ្លែងសុំចាញ់សង្រ្គាមលោកលើកទី២ ទីភ្នាក់ងារនៃរាជាអធិរាជក៏បានផ្សព្វផ្សាយរូបថត និងវីដេអូដែលបង្ហាញទីកន្លែងជ្រកកោណគេចពីការទម្លាក់គ្រាប់បែករបស់សត្រូវ។ គឺនៅទីនោះហើយដែលព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូបានធ្វើសន្និសីទកាសែត រួចសម្រេចចិត្តទម្លាក់អាវុធចុះចាញ់ ពោលប៉ុន្មានថ្ងៃក្រោយពីទ័ពអាមេរិកំាងបានទម្លាក់គ្រាប់បែកបរិមាណូលើទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី។
ជម្រើសនៃការបញ្ចេញឯកសារ និងវត្ថុតាងប្រវត្តិសាស្រ្តជាសាធារណៈពេលនេះត្រូវបានទីភ្នាក់ងាររាជាអធិរាជយល់ឃើញថា គឺដើម្បីជួយផ្តល់ការយល់ដឹងបន្ថែមដល់មជ្ឈដ្ឋានទូទៅ ពិសេសចំពេលដែលជប៉ុនត្រៀមប្រារព្ធខួបគម្រប់ ៧០ឆ្នំានៃការចាញ់សង្រ្គាមលោកលើកទី២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ