ចិន-ដើមបូព៌ា៖ទស្សនកិច្ចបង្កប់ដោយសេដ្ឋកិច្ចច្រើនជាងនយោបាយរបស់លោកស៊ី ជីនពីង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីចិនស៊ី ជីនពីងកំពុងបន្តដំណើរទស្សនកិច្ចមួយជុំតំបន់ដើមបូព៌ា។ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប លោកប្រមុខរដ្ឋចិនបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់នាថ្ងៃសុក្រ ទី២២ មករានេះ។ នៅក្នុងប្រទេសអេហ្ស៊ីបនាថ្ងៃព្រហស្បតិ៍ ទី២១ មករា លោកស៊ី ជីនពីងបានប្រកាសសន្យាផ្តល់ប្រាក់កម្ចីឲ្យតំបន់មជ្ឈិមបូព៌ាចំនួន ៥៥ ០០០លានដុល្លារ។ ទង្វើរបស់លោកស៊ី ជីនពីងពេលនេះស បញ្ជាក់ឲ្យឃើញថា ចិនមានបំណងពង្រីក និងពង្រឹងបន្ថែមនូវឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មួយដែលជាប្រភពថាមពលយ៉ាងសំខាន់សម្រាប់ចិន។
លោកប្រធានាធិបតីចិនស៊ី ជីនពីងបានប្រាប់ឲ្យដឹងពីទឹកប្រាក់កម្ចីចំនួន ៥៥ ០០០លានដុល្លារនៅពេលដែលលោកបានថ្លែងនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសម្ព័ន្ធអារ៉ាប់ស្ថិតក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ អេហ្ស៊ីបដែលជាប្រទេសទី២ នៃដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនពីងក្នុងតំបន់ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត។ លោកស៊ី ជីនពីងមិនបានលំអិតពីឈ្មោះប្រទេសអារ៉ាប់ណាមួយទេ តែប្រាក់កម្ចីទាំង ៥៥ ០០០លានដុល្លារនោះត្រូវបានលោកស៊ី ជីនពីងបែងចែកជា ៤បែប៖
ទី១ ទឹកប្រាក់ ១៥ ០០០លានដុល្លារជាប្រាក់កម្ចីពិសេសសម្រាប់អភិវឌ្ឍន៍គម្រោងឧស្សាហកម្មនៅមជ្ឈិមបូព៌ា។
ទី២ ទឹកប្រាក់ ១០ ០០០លានដុល្លារជាប្រាក់កម្ចីពាណិជ្ជកម្មសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពល។
ទី៣ ទឹកប្រាក់ ១០ ០០០លានដុល្លារជាប្រាក់កម្ចីសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ។
ទី៤ ទឹកប្រាក់ ២០ ០០០លានដុល្លារជាប្រាក់វិនិយោគរួមរវាងចិនជាមួយប្រទេសកាតា និងអេមីរ៉ាអារ៉ាប់រួមដែលជាជង្រុកប្រេងកាតដ៏សំខាន់នៅឈូងសមុទ្រពែក្ស។
និយាយពីទំនាក់ទំនងរវាងចិន និងអេហ្ស៊ីប មានកិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខានាឱកាសជំនួបរវាងលោកស៊ី ជីនពីង និងសមភាគីអេហ្ស៊ីបលោកអាល់ ស៊ីស៊ី។ កិច្ចព្រមព្រៀងទាំងនោះបានផ្តោតសំខាន់លើការអភិវឌ្ឍន៍ក្នុងវិស័យអគ្គិសនី ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់វិនិយោគសរុប ១៥ ០០០លានដុល្លារ។
ចិនចេះប្រើនយោបាយការបរទេសបត់បែនតាមកាលៈទេសៈ
នៅថ្ងៃនេះ លោកប្រធានាធិបតីចិនស៊ី ជីនពីងបន្តទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់ដែលកំពុងត្រូវបានសហគមន៍អន្តរជាតិផ្តើមលើកទ័ណ្ឌកម្មសេដ្ឋកិច្ចចេញជាបណ្តើរៗ ហើយក្រុមអ្នកវិនយោគបរទេសក៏ត្រៀមខ្លួនចូលទៅរកស៊ីនៅអ៊ីរ៉ង់ដែរ។ ដូច្នេះ វត្តមានរបស់លោកស៊ី ជីនពីងនៅអ៊ីរ៉ង់ពេលនេះ គឺជាឱកាសមួយល្អប្រសើរខ្លាំងណាស់សម្រាប់ចិន។ លោកស៊ី ជីនពីងយល់ច្បាស់ណាស់ថា រឿងរកស៊ី បើចាំឡានក្រោយប្រាកដជាចង្អៀតជាងឡានមុខ។ អ៊ីរ៉ង់ជាប្រទេសជង្រុកប្រេងឆៅទី៤ និងជង្រុកឧស្ម័នទី២ ក្នុងលោកដែលសុទ្ធសឹងជាថាមពលចំាបាច់ដើម្បីយកទៅចិញ្ចឹមបំប៉នកំណើនសេដ្ឋកិច្ចរបស់ចិន។
នៅក្នុងប្រទេសអ៊ីរ៉ង់ ចិនជាប្រទេសដែលមានអាទិភាពជាងប្រទេសផ្សេង។ ការអះអាងរៀបនេះមិនមែនដោយសារតែចិនមានលុយ និងហ៊ានចាយលុយតាមរយៈប្រាក់ជំនួយ ឬប្រាក់កម្ចីគ្មានការប្រាក់ទេ តែគឺនយោបាយការបរទេសឆ្លាតវៃរបស់ចិន។ នយោបាយការបរទេសឆ្លាតវៃរបស់ចិនដែលផ្តោតលើគោលការណ៍សំខាន់ ៣ ទី១ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ទី២ ការគោរពអធិបតេយ្យភាពដែនដី និងការមិនលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ។
ចិនចេះប្រើនយោបាយបត់បែន និងសម្របសម្រួលទៅតាមកាលៈទេសៈជាក់ស្តែង។ ឧទាហរណ៍នៅក្នុងប្រទេសអេហ្ស៊ីប ក្រោយបដិវត្តន៍ផ្តួលរំលំរបបលោកមូបារ៉ាក់ ចិនបានចេញមុខគាំទ្រលោកប្រធានាធិបតីថ្មីម័រស៊ី តែក្រោយរដ្ឋប្រហារទម្លាក់លោកម័រស៊ីដោយមេទ័ពអាល់ ស៊ីស៊ី ចិនបានត្រឡប់ទៅគាំទ្រលោកអាល់ ស៊ីស៊ីភ្លាមៗ ដោយមិនបាច់ពិចារណាច្រើន។ ការប្រកាន់យកនយោបាយការបរទេសរបៀបនេះបានធ្វើឲ្យចិនរកស៊ីកាក់កបជាមួយសឹងតែគ្រប់ប្រទេស រាប់ទាំងប្រទេសដែលជាប់ទ័ណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិផង។
លោកស៊ី ជីនពីងនៅកណ្តាលដើម្បីទាញប្រយោជន៍ទាំងសងខាង
វត្តមានរបស់ប្រមុខរដ្ឋចិននៅអ៊ីរ៉ង់នៅថ្ងៃនេះបានធ្វើឡើង ចំពេលដែលអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតកំពុងមានវិបត្តិការទូតតានតឹងដល់កំពូល។ តាំងពីលោកស៊ី ជីនពីងបានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតនាដើមសប្តាហ៍ គ្រប់គ្នាសង្ឃឹមថា លោកស៊ី ជីនពីងអាចនឹងជួយដោះស្រាយ ឬយ៉ាងហោចណាស់ជួយកាតបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ តែនេះជាការយល់ច្រឡំធំណាស់ ព្រោះថា ចិនដែលទទួលបានប្រយោជន៍ទាំងសងខាង ទាំងពីអ៊ីរ៉ង់ និងពីអារ៉ាប៊ីសាអូឌីតមិនជាល្ងង់ទៅកាន់ជើងអ៊ីរ៉ង់ រួចជាន់ពន្លិចអារ៉ាប៊ីសាអូឌីទ ឬមួយក៏កាន់ជើងអារ៉ាប៊ីសាអូឌីត រួចជាន់ពន្លិចអ៊ីរ៉ង់នោះទេ។
តែទន្ទឹមគ្នានេះ ចិនក៏មិនបានបិទ ភ្នែកធ្វើព្រងើយកន្តើយចំពោះរឿងនេះដែរ គ្រាន់តែថា និងដូចជាសព្វមួយដង ចិនបានត្រឹមអំពាវនាវឲ្យភាគីជម្លោះទាំងពីរចេះអត់ធ្មត់ និងព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី។ យុទ្ធសាស្រ្តរបស់ចិនគឺច្បាស់ណាស់ មិនធ្វើឲ្យភាគីណាមួយអាក់អន់ចិត្ត ក្តៅក្រហាយនឹងខ្លួនឡើយ។
នៅក្នុងជំនួបជាមួយស្តេចអារ៉ាប៊ីសាអូឌីតសាលម៉ាណនាដើមសប្តាហ៍ លោកប្រធានាធិបតីចិនស៊ី ជីនពីងមិនបាននិយាយអ្វីធំដុំទាក់ទងនឹងរឿងជាមួយអ៊ីរ៉ង់ទេ ហើយលោកស៊ី ជីនពីងក៏យល់ច្បាស់ថា ស្តេចសាលម៉ានក៏ប្រហែលជាមិនត្រូវការចង់ដឹង ចង់ឮ និងចង់ទទួលមេរៀនពីប្រទេសណាមួយដែរ។ ដូច្នេះនៅអ៊ីរ៉ង់ លោកស៊ី ជីនពីងក៏ប្រហែលនឹងរក្សាជំហរដដែលដើម្បីធ្វើយ៉ាងណា បន្តរក្សា និងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតេហេរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ