កូរ៉េខាងជើង នឹងស្គាល់ថ្នាំខ្លាំង ក្រោយការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែន
ការបាញ់សាកល្បងគ្រាប់បែកនុយក្លែអ៊ែរ លើកទី៤របស់កូរ៉េខាងជើងនេះ ទំនងអាចនឹងធ្វើឲ្យសហគមនអន្តរជាតិ អត់ទ្រាំលែងបាន នឹងចរិកគម្រាមកំហែង របស់មេដឹកនាំកូរ៉េខាងជើង។ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានសន្យាដោយការប្តេជ្ញាចិត្តថា នឹងដាក់ទណ្ឌកម្មឲ្យធ្ងន់ ឲ្យសមទៅនឹងទង្វើព្រហើនរបស់កូរ៉េខាងជើង ដែលបានធ្វើការសាកល្បងអាវុធប្រល័យលោក ដ៏គ្រោះថ្នាក់នេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កូរ៉េខាងត្បូង ប្រទេសបងប្អូនបង្កើតរបស់កូរ៉េខាងជើង បានសម្តែងការខឹងសម្បារខ្លាំងជាងគេ ទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលរបបព្យុងយ៉ាងខ្លួនឯង អះអាងថា ជាគ្រាប់បែកប្រភេទអ៊ីដ្រូហ្សែន។ នៅថ្ងៃព្រហស្បតិ៍ ប្រជាជនជាច្រើនរយនាក់ នៅក្រុងសេអ៊ូល បានធ្វើបាតុកម្ម ដុតរូបថតមេដឹកនាំវ័យក្មេង ចិត្តសឿងរបស់កូរ៉េខាងជើង។
កូរ៉េខាងត្បូងបានសម្រេចនៅថ្ងៃព្រហស្បតិ៍ដែរថា គេនឹងចាប់ផ្តើមធ្វើការឃោសនាតាមឧបករណ៍ផ្សាយសម្លេងនៅតាមព្រំដែនឡើងវិញ ចាប់ពីថ្ងៃសុក្រ ទី៨មករានេះទៅ។ ការផ្សាយ ដែលត្រូវបានបញ្ឈប់ បន្ទាប់ពីកូរ៉េទាំងពីរបានចរចាគ្នា កាលពីចុងខែសីហាកន្លងទៅ។ កិច្ចព្រមព្រាងនោះ បានចែងដោយគ្រាន់តែតម្រូវឲ្យកូរ៉េខាងត្បូង បញ្ឈប់ការផ្សាយ តែមិនមែនដកឧបករណ៍ផ្សាយសម្លេង ចេញទាំងស្រុងទេ។ កូរ៉េខាងត្បូងអាចចាប់ផ្តើមផ្សាយឡើងវិញ ល្គិកណាមានករណីរឺស្ថានការណ៍ប្រួលប្រែ។ យ៉ាងណាមិញ ការបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរនាពេលនេះ គឺជាស្ថានការណ៍ពិសេស ដែលកូរ៉េខាងត្បូង អាចចាត់ទុកថាវាជាការប្រែប្រួលស្ថានការណ៍។
ដោយឡែករដ្ឋាភិបាលអង់គ្លេស បានកោះហៅអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំទីក្រុងឡុងដ៍ ដើម្បីធ្វើការសាកសួរ និងថ្លែងប្រាប់ពីការព្រួយបារម្ភ របស់អង់គ្លេស ជុំវិញសកម្មភាពកម្រោលរបស់កូរ៉េខាងជើង។ លោកអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីរបស់អង់គ្លេស បានបញ្ជាក់ថា លោកបាននិយាយទៅកាន់អគ្គរដ្ឋទូតកូរ៉េខាងជើង ដោយប្រើពាក្យធ្ងន់ៗ ក្នុងន័យថ្កោលទោសកូរ៉េខាងជើង។
លោកបារ៉ាក់អូបាម៉ា បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី ប៉ាក់ គិនហឺ ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន។ ជប៉ុន និងកូរ៉េខាងត្បូង បានទាមទារឲ្យខាងតែបាន ឲ្យសហគមអន្តរជាតិ ដាក់ទណ្ឌកម្មឲ្យធ្ងន់ និងមានប្រសិទ្ធិភាព ទៅលើរបបផ្តាច់ការព្យុងយ៉ាង ដែលម្តងហើយម្តងទៀត តែងតែរំលោភលើសេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។ មានចំណុចពីរ ដែលការបាញ់សាកល្បងលើកនេះ បង្កឲ្យមានការថ្កោលទោស យ៉ាងគគ្រឹកគគ្រេងពីសំណាក់ប្រទេសមហាអំណាច គឺទីមួយគ្រាប់បែកដែលកូរ៉េខាងជើងបានសាកល្បង គឺត្រូវបានរដ្ឋាភិបាលកុម្មុយនីស្តិនេះ ប្រកាសថាជាគ្រាប់បែកប្រភេទអ៊ីដ្រូហ្សែន ដែលមានកម្លាំងលើលគ្រាប់បែកបរមាណូធម្មតារាប់រយដង។ ចំណុចទីពីរ គឺការបាញ់សាកល្បងលើកនេះ កូរ៉េខាងជើងពុំមានប្រកាសឲ្យដឹងមុនទាល់តែសោះ។ ពោលគឺសហគមន៍អន្តរជាតិ មានការភ្ញាក់ផ្អើលជាខ្លាំង។ នេះសបញ្ជាក់ថា សកម្មភាពផលិតគ្រាប់នុយក្លេអ៊ែរ របស់កូរ៉េខាងជើងកាន់តែបោះជំហានទៅមុខកាន់តែខ្លាំង ហើយវាកំពុងតែគម្រាមកំហែងដល់សន្តិសុខរបស់ពិភពលោកទាំងមូល។ ទន្ទឹមគ្នានេះ ប្រជាជនកូរ៉េខាងជើងជាង២០លាននាក់ កំពុងរស់នៅក្នុងភាពក្រីក្រ លំបាកវេទនាជាទីបំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ