កូរ៉េខាងជើង

កូរ៉េខាង​​ជើង​​ថ្កោល​ទោស​​សមយុទ្ធ​​យោធា​ ​អាមេរិក-​កូរ៉េខាង​ត្បូង​ ថា​​ជា​​ការ​​យក​​សាំង​​មក​​ជះ​​លើ​​ភ្លើង

យន្តហោះចំបាំង B-1B​របស់​អាមេរិក ហោះ​សំញ៉ែញ​នៅ​កូរ៉េ​ខាងត្បូង នៅក្បែរ​ព្រំដែន​​កូរ៉េ​ខាងជើង​
យន្តហោះចំបាំង B-1B​របស់​អាមេរិក ហោះ​សំញ៉ែញ​នៅ​កូរ៉េ​ខាងត្បូង នៅក្បែរ​ព្រំដែន​​កូរ៉េ​ខាងជើង​ REUTERS/Kim Hong-Ji

មួយ​ថ្ងៃ​មុន​ការ​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា ​រវាង​កងទ័ព​កូរ៉េ​ខាងត្បូង ​និង​កងទ័ព​អាមេរិក ​កូរ៉េ​ខាងជើង​ បាន​ប្រកាស​ថ្កោលទោស​នៅ​ថ្ងៃនេះ​ថា ​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​ គឺ​​វា​មិន​ខុស​ ពី​យក​សាំង​មក​ជះ​លើ​ភ្លើង​ឡើយ។ កូរ៉េ​ខាងជើង ​តែងតែ​ចាត់​ទុក​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​ថា​ ជា​ការ​ហាត់សម ​ដើម្បី​ចូល​ទៅ​វាយ​ឈ្លានពាន ​ផ្តួល​រំលំ​របប​ដឹក​នាំ​ខ្លួន។ កូរ៉េ​ខាងជើង ​បាន​គំរាម​មក​វិញ​ថា ​សង្រ្គាម​នុយក្លេអ៊ែរ ​អាច​កើត​ឡើង ​ឬអត់ ​ គឺ​​វាអាស្រ័យ​ថា​តើ ​សហរដ្ឋ​អាមេរិក ​មាន​ចិត្ត​សឿង​គំរិត​ណា!

ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​ដែល​មាន​ឈ្មោះថា​ Ulchi Freedom Guardian (UFG) ​តែងតែ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ​ចាប់​តាំងពី​ឆ្នាំ​១៩៧៦​មក ​ ដើម្បី​ហាត់​សម​ និង​ត្រៀម​ការពារ​ ដែនដី​កូរ៉េ​ខាងត្បូង​ ក្នុង​ករណី​ដែល​មាន​ការ​វាយ​ប្រហារ ​ពីសំណាក់​កូរ៉េ​ខាង​ជើង។ ប៉ុន្តែ​សម្រាប់​របប​ផ្តាច់ការ​កូរ៉េ​ខាង​ជើង​វិញ ​ ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​នេះ ​គឺ​មិន​ខុស​ពីការ​ហាត់សម​ដើម្បី​ចូលទៅ​ផ្តួល​រំលំ​របប​ខ្លួន​ឡើយ។

កូរ៉េ​ខាងជើង ​បាន​ធ្វើការ​ប្រកាស ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​តែមួយ​គត់​របស់​ខ្លួន ​នៅ​ថ្ងៃ​អាទិត្យ​នេះថា​ ការ​ធ្វើ​សមយុទ្ធ​យោធានៅ​ថ្ងៃ​ស្អែក​នេះ ​ គឺ​ជា​ការ​បង្ក​បញ្ហា​ ឲ្យ​កាន់​តែ​ធំ ​ប្រៀប​បាន​នឹង​ការ​យក​សាំង​មក​ជះ​លើ​ភ្លើង។ សារព័ត៌មាន ​Rodong Sinmun ​បន្ថែម​ទៀត​ថា​ ការ​បន្ត​ធ្វើ​ការ​ហាត់សម​វាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត ​នៅ​ក្បែរ​ព្រំដែន​កូរ៉េ​ខាងជើង ​គឺ​ជា​ការ​គំរាម​ដល់​កូរ៉េ​ខាង​ជើង​ដោយ​ស្រស់ៗ។ កាសែត​កូរ៉េ​ខាង​ជើង​នេះ ​​បាន​បន្ត​ថា​ អ្វីៗគឺ​វា​អាស្រ័យ​លើ​អាកប្បកិរិយា​របស់​អាមេរិក។ បើ​អាមេរិក​ គិត​ថា ​ខ្លួន​នឹង​មិន​មាន​គ្រោះថ្នាក់​អ្វី ​ ដោយសារ​តែ​ខ្លួន​នៅ​ឆ្ងាយ​ពី​កូរ៉េ​ខាង​ជើង​នោះ ​ ​វា​គឺ​ជា​ការ​យល់​ច្រឡំ​ទាំង​ស្រុង​ហើយ។

ក្នុងន័យនេះ​ កូរ៉េ​ខាងជើង ​ចង់​សំដៅ​ថា ​អាវុធ​មីស៊ីល ​បាលីស្ទីក​របស់​កូរ៉េខាង​ជើង ​អាច​រត់​ទៅ​ដល់​ដែន​ដី​អាមេរិក។ យ៉ាង​ណាមិញ ​គីម ជុងអ៊ុន ​ក៏ធ្លាប់​បាន​គំរាម​បាញ់​កំទិញ​កោះ​ហ្គាំ ​ដែល​ជា​ដែន​ដី​មូលដ្ឋាន​ទ័ពអាមេរិក​ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែរ។ តែ​មេដឹកនាំ​កូរ៉េ​ខាង​ជើង ​ហាក់​បាន​ផ្អាក​គំរោង​បាញ់​កំទេច​នេះ​ ទៅវិញ ​ ដែល​តាម​យោបល់​អ្នក​វិភាគ​ខ្លះ ​គឺ​កូរ៉េ​ខាងជើង ​ចង់​ទុក​ពេល​ឲ្យ​អាមេរិក​ រក​ច្រក​ចេញ ​តាម​រយៈ​ការ​ចរចា​ណាមួយ ​ដើម្បី​ធ្វើ​សម្បទាន​ឲ្យ​គ្នា។

យ៉ាងណាមិញ ​​អ្នក​វិភាគ​ជាច្រើន ​យល់​ថា​ក្នុង​កាលៈទេសៈ​នេះ ​គេ​ពុំគួរ​ធ្វើ​សមយុទ្ធ​យោធា ​ឲ្យ​កូរ៉េ​ខាង​ជើង​ក្តៅ​ក្រហាយ​បន្ថែម​ទេ។ ហើយ​បើសិន​ជា​នៅតែ​ធ្វើ ​ក៏គួរ​តែ​កាត់​បន្ថយ​សមាសភាព ​និង​កុំ​ធ្វើ​ឲ្យ​សមយុទ្ធ​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ពេក។

ថ្នាក់​ដឹកនាំ​កងទ័ព​ទាំង​កូរ៉េ​ខាងត្បូង ​និង​អាមេរិក​ បាន​ឲ្យដឹង​ថា ​គេ​នឹង​រក្សា​ដំណើរ​ការ​ធ្វើ​សមយុទ្ធ​នៅ​ថ្ងៃចន្ទ​ស្អែក។ តាម​ការ​គ្រៀង​ទុក ​សមយុទ្ធ​​នេះ ​ គឺ​គេ​ហាត់​សម​ប្រយុទ្ធ ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ ​សឹងតែ​ទាំង​ស្រុង ​ដោយ​មិន​ប្រើ​សព្វាវុធ​ពិត​ទេ។ដោយឡែក ​​បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ ​Yonhap ​កូរ៉េ​ខាងត្បូង ​និង​អាមេរិក ​កំពុង​ពិចារណា ​ថា​នឹង​មិន​ប្រើ​ប្រាស់​នាវា​ផ្ទុក​យន្តហោះ​ចំបាំង​ទាំង​ពីរ​គ្រឿង ​នៅក្នុង​សមយុទ្ធ​នេះ​ទេ។ ​ចំណែក​​​ចំនួន​ទាហាន​ដែល​ចូលរួម​ ក៏មាន​ការ​ថយចុះ​ដែរ​ គឺមាន​ ១៧៥០០​ នាក់​ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៦ ​គឺមាន​ដល់​ទៅ​២៥០០០​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI