កូរ៉េខាងជើង-នុយក្លេអ៊ែរ

កូរ៉េខាងជើង​កាន់តែ​ឡើង​ចាង​ បាញ់​គ្រាប់​មីស៊ីល​ចេញ​ពី​នាវា​មុជទឹក​ មួយ​គ្រាប់​ទៀត?

គីម ជុងអ៊ុន ឈរសើចញញឹម​ពេលបាញ់សាកល្បង​គ្រាប់​មីស៊ីល​ចេញពី​បាតសមុទ្រ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥
គីម ជុងអ៊ុន ឈរសើចញញឹម​ពេលបាញ់សាកល្បង​គ្រាប់​មីស៊ីល​ចេញពី​បាតសមុទ្រ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥ Reuters

បីថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង ​បាន​ធ្វើការ​បាញ់​សាកល្បង​គ្រាប់បែក​បរមាណូ ​ប្រភេទ​អ៊ីដ្រូហ្សែន ​ហើយ​ដែល​ធ្វើ​ឲ្យ​អន្តរជាតិ​ជ្រួល​ច្របល់ ​មិន​ទាន់​បាត់​ផង ​ នៅ​ថ្ងៃ​សៅរ៍​ ទី​ ៩​មករា​នេះ ​របប​ផ្តាច់ការ​ព្យុងយ៉ាង​ បាន​ផ្សព្វផ្សាយ​វីដេអូ​ថ្មីមួយ ​ដោយ​ក្នុង​រូបភាព​នោះ ​គេ​ឃើញ​លោក​គីម ជុងអ៊ុន ​ឈរ​គយគន់​គ្រាប់​មីស៊ីល ​ដែល​ហោះ​ចេញ​ពី​ផ្ទៃ​ទឹក​សមុទ្រ ​នៅ​ពី​ចំងាយ។ គេ​មិន​ទាន់​ប្រាកដ​ថា ​​នេះជា​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀត​ របស់​កូរ៉េខាង​ជើង ​ រឺ​យ៉ាង​ណា​ទេ។ តែទោះ​បី​ជា​យ៉ាងណា ​នេះជា​ដំណឹង​មួយ​ទៀត​ ​ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​របប​ផ្តាច់ការ​ត្រកូល​គីម ​ ដែល​ចង់​គម្រាម​សហគម​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

កូរ៉េ​ខាងជើង​បាញ់​គ្រាប់​មីស៊ីល​មួយទៀត ​ចេញ​ពីបាទ​សមុទ្រ?

នៅថ្ងៃ​សៅរ៍​ទី៩ ​មករា​ កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​រូបភាព​វីដេអូ​ជា​សាធារណៈ​មួយ។ នៅ​ក្នុង​វីដេអូ​នេះ ​គេ​ឃើញ​លោក ​គីម ជុងអ៊ុន ​ស្ថិត​នៅ​លើ​នាវា​មួយ ​ពាក់​អាវ​រងា ​និង​ពាក់​មួយ​ កំពុង​តែ​សម្លឹង​ទៅ​មើល​គ្រាប់​មីស៊ីល ​ដែល​ហោះឡើង​ទៅ​លើ​អាកាស ​ពី​ចម្ងាយ។ បើ​យោង​តាម​រូបភាព​នេះ ​គឺ​ថា​គ្រាប់​មីស៊ីល ​បាន​បាញ់​ចេញ​ពី​ផ្ទៃ​ទឹក​សមុទ្រ ​ពោល​គឺ​មាន​ន័យ​ថា ​ជា​ការ​បាញ់​ចេញ​ពី​នាវា​មុជទឹក​បាតសមុទ្រ​តែម្តង។ យ៉ាង​ណាក៏​ដោយ ​នៅ​ក្នុង​វីដេអូ ​អត់​មាន​បញ្ជាក់​ថា ​រូបភាព​នេះ​បាន​ថត​នៅ​ពេល​ណា ​ថ្ងៃ​ណាទេ។ ដូច្នេះ​យើង​មិន​ច្បាស់​ទេ ​ថា​កូរ៉េ​ខាង​ជើង​ទើប​បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀត ​នៅ​ថ្ងៃនេះ​ រឺ​មួយ​ក៏ជា​រូបភាព​វីដេអូ​ចាស់​ទេ។

ដោយឡែក​ ប្រព័ន្ធ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​វិញ ​បាន​សន្និដ្ឋាន​ថា ​វីដេអូ​នេះ ​ជា​រូបភាព​វីដេអូ​កាត់ត​បញ្ចូល​គ្នា ​ពោលគឺ​រូបភាព​លោក​គីម ជុងអ៊ុន ​ឈរ​លើ​នាវា​សម្លឹង​មើល​គ្រាប់​មីស៊ីល ​គឺ​ជា​វីដេអូ​ចាស់ ​នៅ​ពេល​កូរ៉េ​ខាង​ជើង​ធ្វើការ​បាញ់​គ្រាប់​មីស៊ីល ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥។ ហើយ​ចំណែក​រូបភាព​គ្រាប់​មីស៊ីល ​ហោះឆ្ពោះ​ទៅ​លើ​អាកាស ​គឺ​ជា​វីដេអូ ​កាល​ពី​បាញ់​សាកល្បង​នៅ​ឆ្នាំ​២០១៤។

របប​ព្យុងយ៉ាង ​របប​ស៊ីជោរ៖
យើង​ពិបាក​នឹង​ជឿ​ណាស់ ​ព្រោះថា​ធម្មតា​នៅ​តាម​ប្រទេស​របប​កុម្មុយនីស្តិ​ផ្តាច់ការ​ដូច​កូរ៉េ​ខាង​ជើង​អញ្ចឹង​ គេ​ចូលចិត្ត​ធ្វើ​រឿង​ប្រឌិត ​ថតរូប​ ធ្វើ​វីដេអូ ​បង្ហាញ​ពី​ភាព​អស្ចារ្យ ​ពី​សកម្មភាព​អង់អាច​ក្លាហាន​របស់​មេដឹកនាំ​ផ្តាច់ការ​ ដែល​តាម​ការ​ពិត​ ពេល​ខ្លះ​វា​ជា​រឿង​បំប៉ោង ​ដើម្បី​បោក​មតិ​សាធារណៈ។ និយាយ​ឲ្យ​ខ្លី​ទៅ ​គេ​ហៅ​ថា​ របប​ស៊ីជោរ។
 

ទាហាន​កូរ៉េខាជើង ទះដៃ​ហ៊ោរកញ្ច្រៀវ​ពេលឃើញ​ គីម ជុងអ៊ុន
ទាហាន​កូរ៉េខាជើង ទះដៃ​ហ៊ោរកញ្ច្រៀវ​ពេលឃើញ​ គីម ជុងអ៊ុន Reuters/路透社

យ៉ាងណាមិញ​ ថ្ងៃ​ទី៨​ មករា ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​ របស់​គីម ជុងអ៊ុន​ផ្ទាល់​តែម្តង។ នៅ​ក្រុង​ព្យុងយ៉ាង​ មាន​មនុស្ស​រាប់ពាន់​នាក់​ បាន​មក​ជួបជុំ​គ្នា ​ស្រែក​អបអរ​ជូនពរ​គីម ជុងអ៊ុន ​សរសើរ​ពី​ការ​ដឹកនាំ​ដ៏​ក្លាហាន។ តែបើ​យើង​មើល​ឲ្យ​ជាក់ស្តែង​ អ្នក​ដែល​មក​ចូលរួម ​គឺ​តាម​ពិត​គ្នា​គ្មាន​ជម្រើស​ទេ ​ព្រោះ​ត្រូវ​គេ​កេណ្ឌ​ឲ្យ​មក​តែម្តង។ ហើយ​វីដេអូ ​ដែល​កូរ៉េ​ខាង​ជើង​បាន​ផ្សព្វផ្សាយ​នា​ពេល​នេះ ​អាច​ជា​វីដេអូ​កាត់ត​ ដើម្បី​អួត​សរសើរ​ បញ្ជោរ​គីម ជុងអ៊ុន ​នេះ​តែ​ម្តង។

 

បច្ចេកវិទ្យា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ កេរតំណែល​របស់​សហភាព​សូវៀត៖
តាមពិត​ទៅ​ប្រភព​នៃ​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ​របស់​កូរ៉េ​ខាងជើង ​ គឺ​ជា​ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ ​តាំង​ពី​ជំនាន់​ឆ្នាំ ​៦០​ម្លេះ ​ពោល​គឺ​ សម័យ​សេនាប្រមុខ​គឹម អ៊ីលស៊ុង ​ជីតា​របស់​គីម ជុងអ៊ុន​នេះ​តែម្តង។ យើង​ត្រូវ​ដឹង​ថា ​កូរ៉េ​បែកចែក​ជា​ពីរ​ដល់​សព្វ​ថ្ងៃ ​គឺ​ជា​លទ្ធផល​នៃ​សង្រ្គាម​ត្រជាក់​ ដែល​ប្រឈមមុខ​គ្នា​រវាង​របប​សេរី ​ដឹកនាំ​ដោយ​អាមេរិក ​និង​របប​កុម្មុយនីស្ត​របស់​សហភាព​សូវៀត។

ពួក​សូវៀត​បាន​បំពាក់​បំប៉ន​ កូរ៉េ​ខាង​ជើង​ច្រើន​ណាស់ ​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ គ្រាន់តែ​ថា​កាល​ពី​ជំនាន់​មុន​ សូវៀត ​ទាមទារ​ឲ្យ​របប​ព្យុងយ៉ាង ​សន្យាថា​យក​វា​ទៅ​ប្រើប្រាស់ ​ដើម្បី​ផលិត​ថាមពល​ក្នុង​វិស័យ​ស៊ីវីល​តែប៉ុណ្ណោះ។ ប៉ុន្តែ​មហិច្ឆិតា ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ បាន​រីក​ធំ​បន្តិច​ម្តងៗ ​បន្ទាប់​ពី​សហភាព​សូវៀត​រលំ។ កូរ៉េ​ខាង​ជើង​លែង​មាន​មេ​កើយ​ទៀត​ហើយ ​ ដូច្នេះ​ត្រូវ​រក​វិធី​ការពារ​ខ្លួន​ ទប់ទល់​ជាមួយ​អាមេរិក​ ដែល​បាន​ដាក់​ពង្រាយ​កម្លាំង ​និង​អាវុធ​នៅ​កូរ៉េ​ខាងត្បូង។ តាំងពី​នោះ​មក​ហើយ ​ ទើប​កូរ៉េ​ខាងជើង​ ចាប់ផ្តើម​ធ្វើការ​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម ​ព្រោះថា​រ៉ែ​អ៊ុយរ៉ានីញូម​នេះ ​ មាន​នៅ​កូរ៉េ​ខាងជើង។

អ្នកវិទ្យាសាស្ត្រ​ប៉ាគីស្ថាន ​លួច​​លក់​ចំណេះ​ឲ្យ​កូរ៉េ​ខាង​ជើង៖

បិតា​នុយក្លេអ៊ែរ ជនជាតិប៉ាគីស្ថាន​ ដែល​លក់​ខួរក្បាល​ឲ្យ​កូរ៉េខាងជើង
បិតា​នុយក្លេអ៊ែរ ជនជាតិប៉ាគីស្ថាន​ ដែល​លក់​ខួរក្បាល​ឲ្យ​កូរ៉េខាងជើង Reuters

ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ផ្នែក​នុយក្លេអ៊ែរ​ ដែល​សល់​ពី​ជំនាន់​សូវៀត ​មិន​គ្រប់គ្រាន់​ទេ ​ ទាល់តែ​នៅ​ដើម​ទសវត្ស​ឆ្នាំ​២០០០​ មាន​អ្នក​វិទ្យាសាស្ត្រ​ប៉ាគីស្ថាន​ដ៏​ល្បី​ម្នាក់​  ឈ្មោះ ​អាប់ឌុល កាឌែរ ខាន់ ​បាន​លក់​ចំណេះ ​ហើយ​ព្រម​សហការ​ជា​មួយ​កូរ៉េ​ខាងជើង។ អ្នក​វិទ្យាសាស្ត្រ​នេះ ​ បាន​លួច​បន្លំ​នាំចូល​សម្ភារៈ​សំខាន់ៗ​ ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ ហើយ​ថែម​ទាំង​បាន​សារភាព​ទៀត​កាល​ពី​ឆ្នាំ​២០០៤។

ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ​យើង​មិន​អាច​សន្និដ្ឋាន​ថា​ វិស័យ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ មាន​ការ​រីក​ចម្រើន​ដល់​កម្រិត​ណា​នោះ​ទេ ​ ព្រោះ​មិន​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ ពី​ភ្នាក់ងារ​អន្តរជាតិ ​ ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ កូរ៉េ​ខាងជើង ​បាន​បដិសេធ​មិន​ឲ្យ​ភ្នាក់ងារ​ AIEA ​ចូល​ទៅ​ពិនិត្យ​ទេ ​ហើយ​បាន​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិន​រីក​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ទៀត។ ការ​បាញ់​សាក​គ្រាប់​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​៦ ​មករា ​យើង​ដឹង​ថា​បាន​ជោគជ័យ ​តែ​យើង​មិន​ច្បាស់​ថា​ជា​គ្រាប់​ប្រភេទ​អ៊ីដ្រូហ្សែន ​ដូច​ដែល​កូរ៉េ​ខាង​ជើង​ ប្រកាស​មែន​រឺ​ក៏​អត់ទេ។ ហើយ​បច្ចេកវិទ្យា​បាញ់​គ្រាប់​មីស៊ីល ​ចេញ​ពី​នាវា​មុជទឹក​បាត​សមុទ្រ ​យើង​ដឹង​ថា​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ទៅ ​ព្យុងយ៉ាង​បាន​បាញ់​សាក ​តែ​មិន​បាន​ជោគជ័យ​ទេ ​ព្រោះគេ​ឃើញ​បំណែក​គ្រាប់​អណ្តែត​ក្នុង​សមុទ្រ។

ភាពខុសគ្នា​ រវាង​សកម្មភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​និង​កូរ៉េ​ខាងជើង៖
សកម្មភាព​នុយក្លេអ៊ែរ ​របស់​អ៊ីរ៉ង់​ និង​កូរ៉េ​ខាងជើង​ មាន​ភាព​ខុសគ្នា ​គឺ​ខុស​ត្រង់​ដំណាក់កាល​ឈាន​ទៅមុខ​តែម្តង។ ចង់​មិន​ចង់​ កូរ៉េ​ខាង​ជើង​ជា​មហាអំណាច​នុយក្លេអ៊ែរ​ទៅហើយ។ ត្រង់​នេះ​ហើយ​ដែល​ខុសគ្នា ​ព្រោះ​ថា​អ៊ីរ៉ង់ ​មិនទាន់​បាន​​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ទេ ​ ព្រោះ​អ៊ីរ៉ង់​ មិន​ទាន់​ឈាន​ទៅ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ទេ។​ អ៊ីរ៉ង់​ បាន​គ្រាន់តែ​កំពុង​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម​ ដើម្បី​ផលិត​វា។ កិច្ច​ព្រមព្រាង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​បាន​ចុះ​ហត្ថលេខា​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ​នេះ ​ គឺ​សំដៅ​គ្រប់គ្រង់​សកម្មភាព​នុយក្លេអ៊ែរ ​ កុំឲ្យ​អ៊ីរ៉ង់​ប្រើវា​ដើម្បី​ផលិត​គ្រាប់​បរមាណូ។

ចំណែក​កូរ៉េ​ខាងជើង​ អ្វីៗ​វា​ហួស​ពេល​ទៅ​ហើយ ​ ព្រោះ​ថា​កូរ៉េ​ខាងជើង ​បាន​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ទៅ​ហើយ។ ដូច្នេះ​ចង់​ចរចា​ បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េ​ខាងជើង​ បោះបង់​គ្រាប់​បែក​ទាំង​អស់​នេះ​ គឺ​មិន​ងាយ​ទេ។ អ្នក​វិភាគ​ច្រើន​ណាស់ ​ដែល​យល់​ថា ​គេ​មិន​អាច​បញ្ឈប់​កូរ៉េ​ខាង​ជើង​បានទេ។ អ្វី​ដែល​ត្រូវ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ​គឺ​ត្រូវ​ចរចា​ ធានា​យ៉ាងណា ​កុំឲ្យ​បច្ចេកវិទ្យា​នេះ​បែកសាយ​ភាព​ទៅ​ប្រទេស​ផ្សេងទៀត​ ហើយ​ធានា​កុំឲ្យ​កូរ៉េ​ខាងជើង ​ប្រើប្រាស់​គ្រាប់បែក​ទាំង​នោះ។

នុយក្លេអ៊ែរ ​ជា​អាវុធ​តែមួយ​គត់​របស់​កូរ៉េ​ខាងជើង៖
វាមិន​ខុស​ពី​កាំបិត​ចិត​បន្លែ​សាមញ្ញ​មួយ​ទេ។ ផ្ទះ​នរណា​ក៏​មាន​កាំបិត​ដែរ​ តែ​កាំបិទ​នោះ​អាច​ក្លាយ​ជា​អាវុធ​បង្ក​គ្រោះថ្នាក់​ នៅ​ពេល​ដែល​យើង​យក​វា​ទៅ​សម្លាប់​មនុស្ស។ វិស័យ​នុយក្លេអ៊ែរ​ក៏​អញ្ចឹង​ដែរ។ ប្រទេស​មហា​អំណាច​ធំៗ​ សុទ្ធតែ​មាន​បច្ចេកវិទ្យា​នេះ​ទាំងអស់ ​តែ​អ្វី​ដែល​សំខាន់​គឺ​គេ​ប្រើ​វា​ ក្នុង​កម្មវត្ថុ​ផ្សេង ​មិនមែន​ផលិត​ក្បាលគ្រាប់​បរមាណូ​ទេ។

យើង​ត្រូវ​យល់​ដែរ​ ថា​អាកប្បកិរិយា​ក្អេងក្អាង​របស់​កូរ៉េ​ខាងជើង ​គឺ​ដោយសារ​កូរ៉េ​ខាង​ជើង​ ត្រូវការ​ការធានា​ថា​គេ​ឯង​ខ្លាច​ខ្លួន។ កូរ៉េ​ខាង​ជើង​ខ្លួន​ឯង​ធ្លាប់​ ចេញ​ផ្សាយ​ឯកសារ​បញ្ជាក់​ថា ​សកម្មភាព​ផលិត​គ្រាប់​នុយក្លេអ៊ែរ ​គឺ​កូរ៉េ​ខាង​ជើង​ចង់​យក​មក​ការពារ​ខ្លួន​ ព្រោះ​មិន​ចង់​ឃើញ​វាសនា​ខ្លួន​ធ្លាក់​ដូច​កាដាហ្វី ​នៅ​លីប៊ី ​ និង​សាដាម​ហ៊ូសេន ​នៅ​អ៊ីរ៉ាក់។ ដូច្នេះ​ដ៏រាបណា ​សហរដ្ឋ​អាមេរិក​ និង​សហគម​អន្តរជាតិ​ធានា​ឲ្យ​ច្បាស់​ថា​ មិន​រករឿង​កូរ៉េ​ខាង​ជើង ​កូរ៉េ​ខាង​ជឿ​ក៏​មិន​ប្រើ​អាវុធ​ដែរ។ ក៏​ប៉ុន្តែ​ជួនកាល​ គេ​មិន​មក​រក​រឿង​យើង​ទេ ​តែ​យើង​ទេ​ ចង់​ក្អេងក្អាង​ បង្ហាញ​សាច់ដុំ​ជ្រុល​ពេក។ អញ្ចឹង​បើ​គេ​វាយ​បែកក្បាល​ កុំ​ថា​គេ​អាក្រក់​ ព្រោះ​យើង​ទេ​ដែល​ជា​អ្នក​គម្រាម​សម្លុត​គេ​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI