ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េទាំងពីរ ​យល់ព្រម​ជួប​ចរចា​គ្នា ជា​សញ្ញា​នៃ​ការ​ខិត​ទៅរក​ភាព​ធូរស្រាល

សំឡេង ០៥:២៦
មនុស្សម្នា ឈរ​ស្តាប់​ការ​ប្រកាស​​របស់​គីម ជុងអ៊ុន តាម​ទូរទស្សន័ជាតិ​​កូរ៉េខាងជើង ថ្ងៃទី​១ មករា ២០១៨​
មនុស្សម្នា ឈរ​ស្តាប់​ការ​ប្រកាស​​របស់​គីម ជុងអ៊ុន តាម​ទូរទស្សន័ជាតិ​​កូរ៉េខាងជើង ថ្ងៃទី​១ មករា ២០១៨​ Yonhap via REUTERS

នៅថ្ងៃសុក្រទី ៥ មករានេះ ដំណឹងល្អមួយ បានមកដល់ ដោយកូរ៉េខាងជើង បានផ្ញើរសារ​មក​កាន់​កូរ៉េ​ខាងត្បូង ថាខ្លួន យល់ព្រមជួបចរចាគ្នា ដើម្បីនិយាយពីការចូលរួម របស់កីឡាករ​​កូរ៉េ​ខាងជើង នៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ ដែលនឹងប្រព្រឹត្តិធ្វើទៅ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​ពេល​ដ៏ឆាប់​ខាង​មុខនេះ។ នេះគឺជាការបោះជំហានថ្មី នៅ​ក្នុង​វិបតិ្ត​រវាង​ប្រទេស​បងប្អូន​ទាំងពីរ ហើយដែល​អាច​ជា​សញ្ញា​វិជ្ជមាន ដែល​ឈានទៅដល់​ការ​បើក​ផ្លូវចរចា ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ​របស់​កូរ៉េ​ខាងជើង។

ផ្សាយពាណិជ្ជកម្ម

ជួបគ្នានៅអាគារសន្តិភាព Panmunjom ថ្ងៃទី៩មករា

នៅព្រឹកថ្ងៃសុក្រ ទី៥​មករា នេះ លោក Ri Son-Gwon ប្រធានគណកម្មការកូរ៉េខាងជើង ទទួលបន្ទុក​ការបង្រួបបង្រួមកូរ៉េទាំង២ បានផ្ញើរសារតាមម៉ាស៊ីនហ្វាក់ មកកាន់ក្រសួងបង្រួមបង្រួមកូរ៉េ របស់កូរ៉េខាងត្បូង។ ក្នុងសារនោះ មានសរសេរថា “យើងនឹងធ្វើដំណើរទៅអាគាសន្តិភាព Panmunjom ដើម្បីជួបនិយាយគ្នា នៅថ្ងៃទី ៩មករា”

អាគារសន្តិភាព Panmunjom នេះ គឺជាអាគាររបស់កូរ៉េខាងត្បូងមួយ ស្ថិតនៅខាងត្បូង តំបន់ក្បែរបន្ទាត់ព្រំដែន ដែលជាតំបន់សន្តិសុខរួមគ្នា គ្មានអាវុធ។ គឺនៅភូមិ Panmunjom នេះហើយ ដែលមានការចុះហត្ថលេខា ទំលាក់អាវុធ កាលពីជំនាន់សង្រ្គាមកូរ៉េ ឆ្នាំ​១៩៥៣។

សន្ទុះ ដែលបានជំរុញឲ្យមានដំណឹងល្អនេះ គឺបន្ទាប់ពីថ្ងៃចន្ទ កន្លងទៅនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងចង់ចុចប៊ូតុង​ បាញ់គ្រាប់នុយក្លេអ៊ែរ ពេលណាក៏បានដែរ។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ គីម ជុងអ៊ុន បានប្រកាសដំណឹងមួយទៀត ថា កូរ៉េខាងជើងសុខចិត្តយល់ព្រមបញ្ជូន កីឡាករ​ខ្លួន ឲ្យទៅចូលរួម ការប្រកួតកីឡាអូឡាំពិករដូវរវាង ដែលនឹងប្រព្រឹត្តិធ្វើទៅ នៅក្រុង ព្យុយឆាង ក្នុងប្រទេស​កូរ៉េខាងត្បូង។ កម្មវិធីប្រកួតកីឡានេះ នឹងប្រព្រឹត្តិធ្វើទៅ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៩​ខែកុម្ភៈ​ ខាងមុខនេះ។ ការប្រកាសរបស់គីម ជុងអ៊ុននេះ  គឺជាការបោះដៃ ហុចទៅរកកូរ៉េខាងត្បូង ដែលការនេះ មិនធ្លាប់មានទេពីមុនមក។

គ្រាន់តែបានដឹងដំណឹងនេះភ្លាម រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានឆ្លើយតបវិញភ្លាម ដោយបានស្នើរថា សុំជួបនិយាយពិភាក្សាគ្នា ពីបញ្ហានេះនៅថ្ងៃទី ៩មករា។ ភ្លាមនោះដែរ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នា ដាក់ដំឡើង ប្រព័ន្ធទំនាក់ទំនង តាមទូរស័ព្ទឡើងវិញ កាល​ពី​ថ្ងៃពុធកន្លងមកនេះ។ ខ្សែសេវ៉ាទូរស័ព្ទ រវាងកូរ៉េទាំងពីរ ត្រូវបានកាត់ផ្តាច់ តាំងតែពីឆ្នាំ២០១៦ម្លេះ។

ជំនួបរវាងកូរ៉េទាំង២ នៅថ្ងៃទី ៩មករា ខាងមុខនេះ គឺដើម្បីនិយាយគ្នាជាចំបង ស្តីពីការទទួល ការធ្វើដំណើរ និងការស្នាក់នៅ របស់គណប្រតិភូកីឡាករ របស់កូរ៉េខាងជើង។ ហើយបន្ថែមពីនេះ  គេក៏អាចនិយាយគ្នា អំពីផែនការផ្សេងទៀត ដើម្បីសំដៅ បើកផ្លូវទំនាក់ទំនងល្អឡើងវិញ រវាងប្រទេសបងប្អូនទាំង២នេះ។ នេះគឺជំហ៊ាន ដំបូងសន្សឹមៗ ចំណែកបញ្ហាអាវុធមីស៊ីល ឬនុយក្លេអ៊ែរ អីនោះ គឺគេមិនទាន់អាចលើកមកនិយាយភ្លាមទេ។

អាមេរិក និងកូរ៉េខាងត្បូង ផ្អាកការធ្វើសមយុទ្ធយោធា

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ ទី ៤មករា រដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចរួមគ្នា ថានឹងផ្អាក ការធ្វើសមយុទ្ធយោធារួមគ្នា  នៅក្នុងអំឡុងកម្មវិធីប្រកួតកីឡាអូឡាំពិក រដូវរងារនេះ។ ដំណឹងនេះហើយ ដែលបានជំរុញឲ្យកូរ៉េខាងជើង ព្រមបន្ទន់ចិត្ត។ កន្លងមក គឺការធ្វើសមយុទ្ធយោធារួមគ្នា រវាងអាមេរិក និងកូរ៉េខាងត្បូងនេះហើយ ដែលខាងកូរ៉េខាងជើង តែងតែបរិហារ​ ថាជាការបំភ័យ ជាការគំរាមមកលើសន្តិសុខរបស់ខ្លួន។ មិនថា កូរ៉េខាងជើង​ មិនថាចិនទេ សុទ្ធ​តែ​ចង់ឲ្យកូរ៉េខាងត្បូង​ និងអាមេរិក ឈប់ធ្វើសមយុទ្ធយោធានេះ។

វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ឲ្យដឹងថា កងទ័ពទាំងពីរ កូរ៉េខាងត្បូង និងអាមេរិក បានព្រមព្រៀងគ្នា ផ្អាកការធ្វើសមយុទ្ធយោធាពីរ ទីមួយគឺប្រតិបត្តិការ Key Resolve និងទី២ឈ្មោះប្រតិបត្តិការ Foal Eagle។ ការផ្អាកនេះ គឺក្នុងកំឡុងពេលប្រកួតកីឡាអូឡាំពិក រដូវរងារ និងកីឡាប៉ារ៉ាឡាំពិក ចាប់ពីថ្ងៃទី៩ កុម្ភៈ រហូតដល់ថ្ងៃទី ១៨ មីនា។ ដូច្នេះ ការផ្អាកធ្វើសមយុទ្ធនេះ អាចជួយជំរុញ ឲ្យកូរ៉េខាងជើង បាត់ភ័យមួយគ្រា ហើយទន់ចិត្ត ចង់បើកផ្លូវចរចាដែរ។

ប្តូរយុទ្ធសាស្ត្រ លែងគំរាម?

មិនប្រាកដទាំងស្រុង ដែលថាការផ្អាកការធ្វើសមយុទ្ធយោធានេះ  អាចមានន័យថា សហរដ្ឋអាមេរិក និងកូរ៉េ​ខាងត្បូង បានផ្លាស់ប្តូរយុទ្ធសាស្ត្រ លែងប្រើការគំរាមកំញើញ ប្រើកម្លាំង ទៅលើកូរ៉េខាងជើង។ វាគ្រាន់​តែ​ជា​ការបន្ទន់ឥរិយាបថមួយគ្រា តែមិនមែន​មាន​ន័យថា ជាការផ្លាសល់ប្តូរយុទ្ធសាស្ត្រ ពីសំណាក់ អាមេរិក និងកូរ៉េខាងត្បូងទេ។ ការត្រៀ​មកំលាំង ទប់កំញើញទៅវិញ នៅតែជាយុទ្ធសាស្ត្រ ជាអាទិភាពដដែល។

យ៉ាងណាមិញ ក្រោយការប្រកាសផ្អាក ការធ្វើសមយុទ្ធនេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានអះអាងថា សម្ព័ន្ធមិត្ត​ទាំង៣នាក់ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង មិនបានផ្លាស់ប្តូរយុទ្ធាសាស្ត្រទេ។ គាត់បានបញ្ជាក់​ថា ការផ្អាកការធ្វើសមយុទ្ធនាពេលនេះ មិនមែន​មាន​ន័យ​ថា ឈប់ធ្វើសមយុទ្ធ ហើយឈប់គំរាមប្រើ​កម្លាំងវាយបកទៅលើកូរ៉េខាងជើង នោះឡើយ។

ដូចគ្នាដែរ លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមរិក Jim Mattis ក៏បានលើកឡើងដែរ ការផ្អាកនេះ មិនមែនដោយសារមូកហេតុនយោបាយទេ តែគឺដោយយោងលើមូលហេតុនៃ​តថៈភាព​ជាក់ស្តែង។ លោក Jim Mattis បាននិយាយថា ទីតាំងធ្វើសមយុទ្ធយោធា គឺស្ថិតនៅក្បែរ ទីកន្លែងប្រកួតកីឡាអូឡាំពិក។ ដូច្នេះ បើធ្វើសមយុទ្ធ ប្រាកដជារំខាន ដល់ការប្រកួតកីឡា។ មួយវិញទៀត ខាងភាគី កូរ៉េខាងត្បូង ក៏ត្រូវការប្រមូលកម្លាំង និងផ្ចង់ស្មារតី ទៅលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលប្រកួតកីឡាអូឡាំពិកដែរ។ ដូច្នេះនេះជាអាទិភាព ហើយត្រូវផ្អាកសមយុទ្ធយោធា មួយអន្លើសិន។

តែយ៉ាងណាក៏ដោយ សន្ទុះទាំងអស់នេះ គឺជាសញ្ញាវិជ្ជមាន ដែលធ្វើឲ្យភាគីទាំងអស់ ស្ងប់​កំដៅ ស្ងប់អារម្មណ៍ ត្រជាក់ចិត្តបន្តិច មិនកំញើញចុះ កំញើញឡើង ដូចមុន។ ក៏ប៉ុន្តែ ម្នាក់ៗ ក៏នៅតែប្រយ័ត្នរៀងៗខ្លួនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI