ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូរ៉េខាងជើង និងអាមេរិក ត្រូវចរចាគ្នា តែចរចា ដោយ​វិធី​ណា?

សំឡេង ០៥:៥៨
គីម ជុនអ៊ុន អ្នកស្នងមរតកអំណាចផ្តាច់ការកុម្មុយនីស្ត​ត្រកូលគីម កំពុង​ល្បង​សាក​​​ភាព​​អត់ធ្មត់​​ របស់​រដ្ឋាភិបាល​​លោក​​ដូណាល់ ត្រាំ
គីម ជុនអ៊ុន អ្នកស្នងមរតកអំណាចផ្តាច់ការកុម្មុយនីស្ត​ត្រកូលគីម កំពុង​ល្បង​សាក​​​ភាព​​អត់ធ្មត់​​ របស់​រដ្ឋាភិបាល​​លោក​​ដូណាល់ ត្រាំ KCNA/via REUTERS

វិបត្តិ​នៅ​ឧបទ្វីបកូរ៉េ ​ការ​គំរាម​កំហែង ​នៃ​សង្រ្គាម​នុយក្លេអ៊ែរ ​រវាង​កូរ៉េ​ខាង​ជើង​ និង​សហរដ្ឋអាមេរិក ​កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។​ ដើម្បី​បញ្ចៀស​នូវ​វិនាសកម្ម​សង្រ្គាម​នេះ ​វិធី​តែ​មួយ​គត់ គឺ​ត្រូវតែ​ចរចា​គ្នា ​ដោយ​សន្តិវិធី​ តាម​ផ្លូវ​ការទូត។ តែសួរថា​ ភាគី​ទាំង​ពីរ​ អាមេរិក​ និង​កូរ៉េ​ខាង​ជើង​ អាច​ចូល​តុ ​អង្គុយ​និយាយ​គ្នា​បាន​ ដែរ​ឬ​​ទេ? ​ អ្វីៗ​ គឺវា​អាស្រ័យ ​ថា​តើ​ភាគី​ទាំង​ពីរ​ មាន​ឆន្ទៈ​ ពិត​ប្រាក ​នឹង​និយាយ​គ្នា​ ហើយ​សុខចិត្ត​ស្តាប់ ​និង​ព្រម​លះបង់​ឲ្យគ្នា​ កម្រិត​ណា។

ផ្សាយពាណិជ្ជកម្ម

មួយ​សប្តាយ៍​ក្រោយ​ពេល​ដែល ​កូរ៉េ​ខាងជើង ​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​បាន​សម្រេច ​ ពិភពលោក​ទាំងមូល ​ចាប់​ផ្តើម​មាន​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង ​ថា​ថ្ងៃណា​មួយ ​កាំជ្រួច​កូរ៉េ​ខាង​ជើង​ អាច​នឹង​ហោះ​សំដៅ​ទៅ​ដី​អាមេរិក។ ឆ្លើយតប​ នឹង​ការ​គំរាម​របស់​កូរ៉េ​ខាង​ជើង​នេះ ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​បាន​គំរាម​តបវិញ ​ថា​នឹង​ប្រើ​កំលាំង។ តែ​គ្រប់គ្នា ​ដឹង​យ៉ាង​ច្បាស់ ​ថា​ដើម្បី​បញ្ចប់​ភាព​តាន​តឹង ​ការ​គំរាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ​វា​មាន​ច្រក​ចេញ​តែមួយ​គត់​ គឺ​ការ​ចរចា​គ្នា​ ដោយ​សន្តិវិធី​តាម​ផ្លូវ​ការ​ទូត ​មិន​ថា​ដោយ​ផ្ទាល់ ​​ឬ​ដោយ​ប្រយោល​ តាម​រយៈ​ប្រទេស​សម្រប​សម្រួល។

ចរចា​តាមណា បើគ្មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នាផង!

អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ ​ជា​ច្រើន​នាក់​ សុទ្ធតែ​បាន​និយាយ​ថា ​ការ​ចរចា​ជា​ជំរើស​តែ​មួយ​គត់ ​តែ​ជំរើស​នេះ ​ពោរពេញ​ដោយ​ឧបសគ្គ។ ឧបសគ្គ​នោះ ​មាន​ជា​ចំបង​​ គឺ​ការ​មិន​ទុក​ចិត្ត​គ្នា​ និង​ការ​មិន​យល់​យោគ​គ្នា។ ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ពីរ ​តាម​រយៈ​ស្ថានទូត ​គឺ​បង្កើត​ឡើង​ដើម្បី​ឲ្យ​មាន​ការ​យល់​គ្នា​ ទៅ​វិញ​ទៅ​មក​នេះ​ឯង។ ក៏​ប៉ុន្តែ ​បច្ចុប្បន្ន​នេះ ​រវាង​អាមេរិក​ និង​កូរ៉េ​ខាងជើង ​គឺ​គ្មាន​ទំនាក់​ទំនង​ការទូត​អ្វី​សោះ។ ដូច្នេះ ​ចាប់​ពី​ពេលនេះ​ទៅ ​ភាគី​ទាំង​សង​ខាង ​ល្មម​គិត​គួរ​រៀប​ចំ​យន្តការ ​ធ្វើ​យ៉ា​ណា ​ឲ្យ​មាន​ការ​និយាយ​គ្នា​ មិនមែន​ឆ្លើយ​តប ​តាម​រយៈ​ គ្រាប់​មីស៊ីល ​និង​​សារគំរាម ​ដូច​បច្ចុប្បន្ន​នេះ​ទេ។

ក្តី​សង្ឃឹម​មួយ​ដែល​យើង​មាន​ គឺ​ថា ​បើទោះ​បី​លោក​ដូណាល់ ត្រាំ ​បាន​គំរាម​ថា​ប្រើ​កំលាំង​ តែ​កាល​ពី​ខែ​ឧសភា ​កន្លងទៅ​នេះ​ លោក​ដូណាល់ ត្រាំ ​បាន​និយាយ​ថា ​លោក​នឹង​មាន​កិត្តិយស​ណាស់ ​បើសិន​ជា​បាន​ជួប​និយាយ​គ្នា ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន។ ប៉ុន្តែ​លោក ត្រាំ ​បាន​ទាមទារ​ជាមុន​ថា​ កូរ៉េ​ខាង​ជើង​ ត្រូវតែ​សន្យា​បិទ​បញ្ចប់​កម្មវិធី ​នុយក្លេអ៊ែរ ​របស់​ខ្លួន​ជា​មុន​សិន។ ដូចគ្នា​ដែរ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​អាមេរិក ​Jim Mattis​ បាន​និយាយ​ថា ​អាមេរិក​ផ្តល់​អាទិភាព ​ចំបង​ ដល់​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង។ ការប្រើ​កម្លាំង​វាយ​បក​ទៅវិញ ​គឺ​ជា​ជំរើស​ចុង​ក្រោយ។

បើ​ក្រឡេកទៅ​មើល​ខាង​កូរ៉េ​ខាង​ជើង​ឯណោះ​វិញ ​យើង​ឃើញ​ថា​​ គីម ជុនអ៊ុន ​ហាក់​បាន​ចាប់ផ្តើម​បើក​ចំហរ​ទ្វារ ​ដោយ​បាន​និយាយ​ថា ​គ្មាន​នរណា​អាច​មក​បង្អាក់​ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​បាន​ទេ​ ដរាប​ណា ​សហរដ្ឋ​អាមេរិក​ មិន​ព្រម​បិទ​បញ្ចប់​គោល​នយោបាយ​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង។

គីម ជុងអ៊ុន ​ ខុសពី ​គីម ជុងអ៊ីល

តាមពិត​ទៅ ​ប្រទេស​ទាំង​ពីរ​ មិនមែន​មិន​ធ្លាប់​ចរចា​គ្នា​ឯណា ។​ដូច្នេះ​មាន​រឿង​អី្វ ​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ពេល​នេះ? ​កាលពី​ឆ្នាំ​១៩៩៤ ​រដ្ឋាភិបាល​របស់​លោក​ប៊ីល គ្លីនតុន ​បាន​ចរចា​ដោយ​ជោគជ័យ ​ជាមួយ​របប​កូរ៉េ​ខាង​ជើង​ ដែល​កាល​ណោះ ​ដឹកនាំ​ដោយ​ គីម​ ជុងអ៊ីល។ បញ្ហាជា​ច្រើន ​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​នោះ ​ត្រូវ​រលាយ​ក្លាយ​ជា​ផេះ។ នៅ​រវាង​ឆ្នាំ​២០០០ ​ភ្នាក់​ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ ​បាន​ដឹកនាំ​ការ​ចរចា​ សារជា​ថ្មី ​ជាមួយ​នឹង​គីម​ ជុងអ៊ីល។ ប៉ុន្តែ​ការ​ចរចា ​បាន​បរាជ័យ​ម្តង​ទៀត ​នៅ​ឆ្នាំ​២០០៩​ ហើយ​អ្វីៗ ​បាន​ឈាន​ទៅ​រក​ភាព​ទ័លច្រក​ នៅ​ពេល​ដែល​គីម ជុងអ៊ុន​ បាន​ឡើង​កាន់​ដំណែង។ ខុសពី​ឪពុក ​ដែល​ហាក់​មាន​គំនិត​ចង់​ចរចា​ខ្លះ ​គីម ជុនអ៊ុន​ មាន​ជំហរ​រឹង​ទទឹង ​ហើយ​ចង់​យក​អាវុធ​នុយក្លេអ៊ែរ ​ជា​ឧបករណ៍​ ដើម្បី​មាន​កំលាំង​ក្នុង​ការ​ចរចា។

តែ​ទោះ​ជា​យ៉ាងណា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​អ្នក​ស្រាវជ្រាវ​ អ្នក​ជំនាញ​ជា​ច្រើន ​បាន​ដឹកនាំ​ធ្វើការ​​ពិភាក្សា​គ្នា​ ដោះដូរ​យោ​បល់ ​ស្វែងយល់​ពី​ការ​លំបាក ​និង​លើក​ឡើង​ជា​អនុសាសន៍​ ដើម្បី​ចូលរួម​ ស្វែងរក​ច្រក​ចេញ។ អ្នក​ជំនាញ​ជាច្រើន​អ្នក​ បាន​លើកឡើង​ថា ​នៅ​មាន​ការងារ​ត្រូវ​ធ្វើ​ច្រើន​ណាស់ ​ដើម្បី​ចាក់​បំពេញ ​រាល់​កង្វះ​ខាត ​ដែល​ធ្វើឲ្យ​ភាគី​ទាំង​ពីរ​មិន​យល់​គ្នា ​នោះគឺ​ការ​លំបាក​ក្នុង​ភាសា​និយាយ ​ព្រម​ទាំង​លក្ខណៈ​វប្បធម៌​ខុសគ្នា​ រវាង​ភាគី​ទាំងពីរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក ​Joseph Detrani ​អតីត​សមាជិក​នៃ​គណប្រតិភូ​ចរចា ​កាល​ពី​ឆ្នាំ​២០០០​ បាន​លើក​ឡើង​ថា ​ភាគី​ទាំងពីរ​ មាន​សមត្ថភាព​ ក្នុង​ការ​រៀបចំ​ស្តារ​ឲ្យ​មាន​ទំនាក់​ទំនង ​ទុកចិត្ត​គ្នា​ឡើង​វិញ​ ដើម្បី​ឈាន​ទៅ​ចូល​តុ​ចរចា។ លោក​បាន​លើក​ឧទាហរណ៍​ថា ​កាល​ពី​ជំនាន់​អាណត្តិ​លោក ​ហ្សក ​ដាប់ប៊ែលយូ​ប៊ូស ​អាមេរិក​បាន​ចរចា ​រំដោះ​អ្នកទោស ​ដែល​កូរ៉េ​ខាង​ជើង​បាន​ចាប់​បង្ឃាំង​ ហើយ​ជំនាន់​នោះ ​រដ្ឋាភិបាល​លោក​គីម ជុងអ៊ីល ​បាន​បង្ហាញ​កាយវិការ​បើក​ចំហរ​ ដូចកាល​ពី​ជំនាន់ ​ចរចា​ជាមួយ​រដ្ឋាភិបាល​លោក​ ប៊ីល គ្លីនតុន ​ឬ​លោក ​ជីមី ​ការតឺ​ ដែរ។

តែអ្វី​ដែល​លំបាក​ គឺថា​ពេលនេះ​ មិន​មែន​គីម ជុងអ៊ីល​ទេ ​គឺ​ គីម​ ជុងអ៊ុន។ គីម ជុងអ៊ុន ​ មិន​ចង់​រៀបចំ ​ឲ្យ​មាន​ការ​ចរចា​ ជា​ផ្លូវការ​ទេ​ តែ​ទន្ទឹម​គ្នា​នេះ ​គីម ជុងអ៊ុន ​បាន​អញ្ជើញ ​កីឡាករ​បាល់​បោះ​ ដ៏​ល្បី​របស់​អាមេរិក ​ឈ្មោះ​ Dennis ​Rodman ​ឲ្យទៅ​ជួប​នៅ​ព្យុង​យ៉ាង ​៤ដង​រួច​មក​ហើយ។

នរណា ​ហ៊ាន​លះបង់​ជាង​នរណា?

អ្នក​ជំនាញ​អាមេរិក​ខ្លះ ​បាន​លើក​ឡើង​ថា ​គេ​គួរ​ចាប់ផ្តើម​ជា​បឋម ​តាម​រយៈ​ការបង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ទ្វេរ​ភាគី​ពាក់​កណ្តាល​ផ្លូវការ ​ជា​មុនសិន។ មាន​ន័យ​ថា ​ប្រទេស​ទាំង​ពីរ​ ត្រូវ​បង្កើត​នូវ​ក្រុម​ការងារ​ចាត់​តាំង​មួយ ​រៀងៗ​ខ្លួន​ដើម្បី​ការពារ​ប្រយោជន៍​សងខាង ​ម្ខាង​នៅ​ព្យុង​យ៉ាង ​ម្ខាង​នៅ​វ៉ាស៊ីនតោន។

ឧបសគ្គ​សំខាន់ ​មួយ​តំណាក់​កាល​ទៀត​នោះ ​មិន​ថា​មធ្យោបាយ ​បើក​ឲ្យ​មាន​ផ្លូវ​និយាយ​គ្នា​យ៉ាងណា​ទេ​ តែ​អ្វី​ដែល​សំខាន់​ សួរ​ថា​តើ​សហរដ្ឋ​អាមេរិក ​សុខចិត្ត​លះបង់​កំរិត​ណា? តើ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​សុខចិត្ត​ធ្វើ​សម្បទាន​អ្វីខ្លះ ​តាម​ការ​ចង់​បាន​របស់​កូរ៉េ​ខាងជើង? ​លោក ​Scott Snyder ​អ្នក​ជំនាញ​ឧបទ្វីប​កូរ៉េ​ ប្រចាំ​នៅ​ក្រុមប្រឹក្សា​ទំនាក់​ទំនង​កិច្ចការ​បរទេស​អាមេរិក ​បាន​ចោទ​សួរ​ថា​ តើ​​អាមេរិក ​សុខចិត្ត​ដក​ចេញ ​ឬ​បន្ថយ​កម្លាំង​ទ័ព​ នៅ​ឧបទ្វីប​កូរ៉េ ​ទៅតាម​ការ​ចង់បាន​របស់​ព្យុងយ៉ាង ​ដែរ​ឬ​ទេ?

អ្នក​ជំនាញ​ខ្លះ ​លើកឡើង​ថា ​អាមេរិក ​ត្រូវតែ​រៀប​ចំ​វិធានការ ​ធ្វើ​យ៉ាងណា ​ឲ្យ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​លើ​កូរ៉េ​ខាង​ជើង ​ធ្វើទៅ​មាន​ប្រសិទ្ធភាព​បំផុត ​ដើម្បី​គៀប​កូរ៉េ​ខាងជើង ​ឲ្យ​ទន់​ជង្គង់ ​ដូចក្នុង​ករណី​អ៊ីរ៉ង់។ ប៉ុន្តែ​សម្រាប់​លោក ​Scott Snyder ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ដោយ​យក​គំរូ​ តាម​ករណី​អ៊ីរ៉ង់ ​នឹង​មិន​បាន​ផល​ជា​មួយ​កូរ៉េ​ខាង​ជើង​ឡើយ​ ព្រោះថា ​ខុស​ពី​អ៊ីរ៉ង់ ​កូរ៉េ​ខាង​ជើង​ បាន​ផលិត​អាវុធ​មីស៊ីល​បាលីស្ទីក ​ចេញ​ជា​រូបរាង្គ​ទៅ​ហើយ។ បើ​គេ​បន្ត​រុញ​ របប​គីម ជុងអ៊ុន ​ឲ្យ​ទ័លច្រក ​នោះ​អ្នក​រងគ្រោះ ​គឺ​ប្រទេស​ជិតខាង​កូរ៉េ​ខាង​ជើង​ទៅ​វិញ​ទេ។ ទោះតាម​វិធី​ណាក៏​ដោយ ​ ការ​ចរចា ​នៅ​តែ​ជា​វិធី​តែមួយ​គត់ ​ហើយ​បាន​ផល​យូរ​អង្វែង។ វាគ្មាន​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ​ឲ្យតែយើង​មាន​ឆន្ទៈ​ពិត​ប្រាកដ ​បើទោះ​បី​ជា​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI