កូរ៉េខាងជើង ទំនងជាបានបាញ់សាកមីស៊ីល ២គ្រាប់ថែមទៀត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បើតាមការលើកឡើង របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងទំនងជាបានបាញ់សាកគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ហើយការបាញ់នេះ គឺបានធ្វើ នៅប៉ុន្មានម៉ោង ក្រោយពេលលោកប្រេសិតអាមេរិកទទួលបន្ទុកសំណុំរឿងកូរ៉េខាងជើង បានទៅដល់ក្រុងសេអ៊ូល។ កាលពីសប្តាហ៍មុន កូរ៉េខាងជើង ក៏បានបាញ់សាកល្បងកាណុងបាញ់បង្ហោះគ្រាប់ ផងដែរ ដែលបញ្ហានេះ កំពុងតែធ្វើឲ្យការចរចា ជាមួយអាមេរិក ជួបការលំបាកបន្ថែមទៀត។
កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើង បានបាញ់គ្រាប់ ដែលទំនង ប្រហែលជាគ្រាប់មីស៊ីល ចម្ងាយមធ្យមចំនួន២គ្រាប់។ នេះបើតាមការបញ្ជាក់ ពីកងទ័ពកូរ៉េខាងត្បូង។ ប្រភពដដែល អះអាងថា មីស៊ីលទាំង២ ត្រូវបានបាញ់បង្ហោះ ឆ្ពោះទៅទិសខាងកើត ហើយហោះបានចម្ងាយ ២៧០គីឡូម៉ែត្រ និង៤២០គីឡូម៉ែត្រ។ អ្នកជំនាញកូរ៉េខាងត្បូង និងអាមេរិក កំពុងតែពិនិត្យទិន្នន័យលំអិត ទាក់ទិននឹងគ្រាប់មីស៊ីលទាំងនេះ។
គួរកត់សម្គាល់ថា ជាផ្លូវការ កូរ៉េខាងជើង បានផ្អាកមិនបាញ់សាកល្បងមីស៊ីល តាំងតែពីឆ្នាំ២០១៧ម្លេះ។ ក៏ប៉ុន្តែ កាលពីថ្ងៃសៅរ៍ទី៤ឧសភា កូរ៉េខាងជើង បានធ្វើការសាកល្បង កាណុងបាញ់បង្ហោះប្រភេទថ្មី ជាមួយនឹងគ្រាប់ជាច្រើន។ តែកូរ៉េខាងជើង មិនបានបង្ហើបឲ្យដឹង ថាជាគ្រាប់ប្រភេទអ្វីទេ។ ប៉ុន្តែ បើផ្អែកតាមអ្នកជំនាញ ក្នុងចំណោមគ្រាប់ដែលកូរ៉េខាងជើង បានបាញ់សាក កាលពីថ្ងៃទី៤ឧសភា មានយ៉ាងហោច មីស៊ីលចំងាយជិត ចំនួន១គ្រាប់។
គួរកត់សំគាល់ថា នៅថ្ងៃព្រហស្បតិ៍ទី៩ឧសភា ២ម៉ោងមុនការបាញ់មីស៊ីលរបស់កូរ៉េខាងជើង លោក Stephen Biegun ប្រេសិតអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ទើបតែបានទៅដល់ក្រុងសេអ៊ូល។ ដំណើរទៅក្រុងសេអ៊ូលនេះ គឺលោក Stephen Biegun ត្រូវជួបជាមួយរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េទាំង២ ដើម្បីរកវិធី បើកការចរចាជាមួយកូរ៉េខាងជើងឡើងវិញ ព្រមទាំងដោះស្រាយបញ្ហានៃការបញ្ជូនជំនួយមនុស្សធម៌ ទៅជួយប្រជាជនកូរ៉េខាងជើង។
ក្រោយដំណឹងពីការបាញ់គ្រាប់មីស៊ីលថ្មីបន្ថែម ដូចនេះ លោកមូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា រឿងនេះ មិនមានរឿងល្អសម្រាប់ការចរចា កសាងសន្តិភាពនោះទេ។ លោកបន្ថែមថា ការដែលកូរ៉េខាងជើងបន្តបាញ់មីស៊ីល ខណៈដែលការចរចាកំពុងតែជាប់គាំង គឺវារឹតតែធ្វើឲ្យការចរចនេះ មិនអាចដើរទៅមុខបាន។
លោក Harry Kazianis សមាជិកក្រុមវិភាគអភិរក្សនិយម Center for National Interest បានលើកឡើងថា គីម ជុងអ៊ុនបាញ់មីស៊ីល ផ្គើមបែបនេះ គឺដើម្បីបង្ហាញថា កូរ៉េខាងជើង គ្មានចេតនារំសាយកម្មវិធីនុយក្លេអ៊ែរចោលទេ។ ដោយឡែក លោក Hong Ming អ្នកវិភាគនៅ វិទ្យាស្ថានដើម្បីបង្រួបបង្រួមជាតិ ក្រុងសេអ៊ូល បានលើកឡើងថា កូរ៉េខាងជើងគ្មានបំណងសុំត្រឹមតែជំនួយមនុស្សធម៌ទេ។ តែកូរ៉េខាងជើង ចង់បានការធានាសន្តិសុខ ជាថ្នូរនឹងការរំសាយកម្មវិធីនុយក្លេអ៊ែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ