ចិន-តៃវ៉ាន់

ចិន​ប្រាប់តៃវ៉ាន់​ឲ្យ​ឈប់​មមើមមាយ ពីរឿង​ទាមទារ​ឯករាជ្យ

ស្ត្រី​ជាតិ​ចិន​កំពុង​បោសសម្អាត​រៀបចំ​ទង់ជាតិ​ដ៏​សែន​ធំ​របស់​ចិននៅ​ថ្ងៃ​ខួប​៦០​ឆ្នាំ​នៃ​បក្ស​កុម្មុយនិស្ត​ចិន
ស្ត្រី​ជាតិ​ចិន​កំពុង​បោសសម្អាត​រៀបចំ​ទង់ជាតិ​ដ៏​សែន​ធំ​របស់​ចិននៅ​ថ្ងៃ​ខួប​៦០​ឆ្នាំ​នៃ​បក្ស​កុម្មុយនិស្ត​ចិន

ទីក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​យ៉ាងស្ងួតចែស ទៅនឹង​ជ័យជំនះ​របស់​គណបក្ស​ប្រឆាំង​តៃវ៉ាន់ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី និង​សភា តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ នៅក្នុង​សេចក្តីថ្លែងការណ៍​ដ៏ខ្លី កាលពី​យប់​ថ្ងៃ​សៅរ៍ ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ថា ជំហរ​របស់​ចិន​នៅ​តែ​មិនផ្លាស់ប្តូរ ទោះជា​លោកស្រី ត្សៃអ៊ីង វេន ជាប់ឆ្នោត ធ្វើ​ជា​ប្រធានាធិបតី​តៃវ៉ាន់​ក៏ដោយ នោះ គឺ ចិន​មាន​តែ​មួយ​ក្នុង​ពិភពលោក។ ទាំង ចិន និង​តៃវ៉ាន់​គឺ​ជា​កម្មសិទ្ធិ​របស់​ចិន​តែមួយ។ 

ផ្សាយពាណិជ្ជកម្ម

បញ្ហា​តៃវ៉ាន់​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ ចិន​មិនអាច​អត់ឱន​ឲ្យ​គេ​បំបែក​អធិបតេយ្យ និង​បូរណភាព​ដែនដី​ចិន បាន​ជា​ដាច់ខាត។ ជំហរ​ដាច់ណាត់​របស់​ទីក្រុង​ប៉េកាំង បាន​ស្តែងឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍ របស់​ក្រសួងការបរទេស ចិន ដែល​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​សៅរ៍។

 
នៅ​ក្រោយ​ការប្រកាស​ជ័យជំនះ​របស់​គណបក្ស​ប្រឆាំង​តៃវ៉ាន់ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ការិយាល័យ​ចិន ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់​បាន​ព្រមានរួចហើយ ថា នឹង​ចិន​នឹង​មិន​បណ្តោយ​ឲ្យ​តៃវ៉ាន់​ធ្វើ​សកម្មភាព​ទាំងឡាយណា ដែល​ឈាន​ទៅរក​ទាមទារ​ប្រកាស​ឯករាជ្យ​នោះ​ទេ។

នៅ​ប្រទេស​ចិន កាសែត​ផ្លូវរដ្ឋ ដែល​ជា​ឧបករណ៍​ឃោសនា​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​នាំគ្នា​សរសេរ​ព្រមាន​ខ្លាំងៗ នៅក្រោយ​គណបក្ស​ឯករាជ្យ​និយម​ឈ្នះឆ្នោត នៅ​តៃវ៉ាន់។ “តៃវ៉ាន់​ត្រូវលះបង់​ចោល​ការមមើ​មមាយ ពីរឿង​ទាមទារ​ឯករាជ្យ។ រាល់ការប៉ុនប៉ង​ដើម្បី​ទាមទារ​ឯករាជ្យ​សម្រាប់​តៃវ៉ាន់ គឺ​ជា​ថ្នាំពុល​ដែល​នឹង​បំផ្លាញ​តៃវ៉ាន់​ខ្លួនឯង”។ នេះ​ជា​ការព្រមាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី។ កាសែត​អង់គ្លេស Global Times​ឯណោះវិញ​បាន​វាយតម្លៃ​ថា រដ្ឋាភិបាល​ថ្មី​របស់​តៃវ៉ាន់​នឹង​ជាប់គាំង​បើសិន​ជា​គេ​ហ៊ាន​រំលោភ ឆ្លង​ខ្សែក្រហម។ “យើងសង្ឃឹមថា លោកស្រី ត្សៃអ៊ីង វេន​នឹង​ដឹកនាំ​គណបក្ស​ចំរើន​ប្រជាធិបតេយ្យ​ឲ្យ​ភ្លេច​ក្តីស្រមើស្រមៃ​ទាមទារ​ឯករាជ្យ​ឲ្យ​តៃវ៉ាន់។ ផ្ទុយទៅវិញ តៃវ៉ាន់​គួរ​តែ​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​រួមគ្នា ដោយ​សន្តិភាព​រវាង​ចិនដីគោក និង​តៃវ៉ាន់។

នៅ​ថ្ងៃ​សៅរ៍ នៅ​ពេល​ជាប់ឆ្នោត​ភ្លាម លោកស្រី ត្សៃអ៊ីង វេន បាន​ប្រកាស​រក្សា​មោទនភាព អត្តសញ្ញាណជាតិ​តៃវ៉ាន់ និង​បញ្ជាក់​ច្បាស់ៗ​ថា តៃវ៉ាន់​នឹង​មិន​ចាញ់​រាល់​ការសំឡុត​នោះទេ។ លោកស្រី ត្សៃអ៊ីង វេន មក​ពី​ក្រុម​ឯករាជ្យ​និយម​បាន​ទាមទារ​ផងដែរ ឲ្យ​ចិន​គោរព លក្ខន្តិកៈដើម Statut quo ដដែល​ពោល​គឺ​តៃវ៉ាន់ នៅ​ដោយ​តៃវ៉ាន់ និង​ចិន នៅ​ដោយ​ចិន។ ជាមួយ​គ្នានោះ លោកស្រី អនាគត​ប្រធានាធិបតី តៃវ៉ាន់​បាន​សន្យា​ដែរថា រដ្ឋាភិបាល​របស់​លោកស្រី នឹង​បន្ត​រក្សា​ទំនាក់ទំនង​ចីរកាល និង​សន្តិភាព​ជាមួយ​ប្រទេស​ចិន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI