អានតួអត្ថបទ
ចិន-ខ្យល់បរិយាកាស

ដើម្បី​បាន​ដក​ដង្ហើម​ស្រួល ​អ្នក​ក្រុង​ប៉េកាំង ​ផ្អើល​ទិញ​ខ្យល់​បរិសុទ្ធ​ច្រក​ដប​កាណាដា

បុរស​ម្នាក់ ពាក់​ម៉ាស់ ​ការពារផ្សែង​ពុល​ក្នុង​ក្រុង​ប៉េកាំង
បុរស​ម្នាក់ ពាក់​ម៉ាស់ ​ការពារផ្សែង​ពុល​ក្នុង​ក្រុង​ប៉េកាំង REUTERS/Kim Kyung-Hoon/Files
ដោយ៖ ម៉ម ពិសី
១៧ នាទី

ធ្វើដំណើរ​​នៅ​ក្រុង​ប៉េកាំង ​ត្រូវ​ពាក់​ម៉ាស់ ​ការពារ​ គឺ​ជា​រឿង​ធម្មតា ​និង​ចាំបាច់​ត្រូវ​តែ​ធ្វើ។ ផ្សែង​អួរអាប់​ អណ្តែត​ពេញ​បរិយាកាស ​ដែល​ពេល​ខ្លះ ​មើល​ទៅ​មុខ​ចម្ងាយ​លើស​ពី​៥​ម៉ែត្រ ​លែង​ឃើញ​អ្វី​ទាំង​អស់។ ផ្សែង​ពោរពេញ​ដោយ​ជាតិ​ពុល​ សារធាតុ​គីមី​ហុយ​ចេញ​ពី​រោងចក្រ​ រាប់រយ​រាប់ពាន់ ​នៅ​ជុំវិញ​ក្រុង​ប៉េកាំង​ ​និង​ផ្សែង​ចេញ​ពី​រថយន្ត​រាប់​លាន​គ្រឿង ​ដែល​បើក​បង្ហុយ​ទៅ​មក​នៅ​ក្នុង​ក្រុង។ ខ្យល់​អាកាស​បរិសុទ្ធ​ដើម្បី​ដក​ដង្ហើម ​គឺ​ជា​សម្បត្តិ​ដ៏​កម្រ ​សម្រាប់​អ្នក​ក្រុង​ប៉េកាំង។ ដោយហេតុ​នេះ​ហើយ ​ទើប​មាន​ចលនា​ផុសផុល ​ទិញ​ខ្យល់​បរិសុទ្ធ​ច្រក​ដប​ ដែល​នាំចូល​មក​ពី​បរទេស។

ផ្សាយពាណិជ្ជកម្ម

នោះ​គឺ​ខ្យល់​ដែល​មាន​ប្រភព​ពី​កាណាដា ​ដែល​កំពុង​ពេញ​និយម​ និង​លក់​ដាច់​ជាង​គេ។ ខ្យល់​ច្រក​ដប​ម៉ាក ​Vitality Air ​របស់​កាណាដា​ត្រូវ​បាន​ចាប់​ផ្តើម​ផលិត​ឡើង​ កាល​ពី​ឆ្នាំ​២០១៤។​ កាល​ពី​ដំបូង​ គេ​គិត​ថា​វា​ជា​រឿង​លេង​សើច ​ ដែល​យក​ខ្យល់​ច្រក​ដប​ទុក​លក់ ​តែ​ពេល​នេះ ​វា​មិនមែន​ជា​រឿង​លេងៗ​ទេ ​ តែ​វា​ជា​រឿង​មែន ​ ហើយ​សំខាន់​ទៀត​ផង ​សម្រាប់​អ្នក​ក្រុង​ប៉េកាំង ​ដែល​ត្រូវការ​ខ្យល់​បរិសុទ្ធ​ដក​ដង្ហើម។

 
អ្នក​ផ្តើម​គំនិត​ធ្វើ​ខ្យល់​ច្រក​ដប​ ជា​ជនជាតិ​កាណាដា ​ពីរ​នាក់​ ឈ្មោះ ​Moses Lam​ និង ​Troy Paquette​ បាន​សាក​ល្បង​ផលិត​ច្រក​ដាក់​កញ្ចប់ ​ និង​ដាក់​ឲ្យ​គេ​ដេញ​ថ្លៃ​នៅ​លើ​អ៊ីនធើនែត ​គេ​ហទំព័រ ebayស្រាប់តែ​​មាន​អ្នក​ហាន​ទិញ​ក្នុង​តម្លៃ​១​ដុល្លារ។ ក្រោយ​មក​កញ្ចប់​ទី​ពីរ​ ស្រាប់តែ​មាន​អ្នក​ហ៊ាន​ទិញ​ក្នុង​តម្លែ ​១៦០​ដុល្លារ។ ពេល​នោះ​ហើយ​ ដែល​អ្នក​ទាំងពីរ​បែក​គំនិត​ ផលិត​វា​ច្រក​ដប​ ក្នុង​ចំនួន​ច្រើន។

អ្នក​ដែល​បញ្ជារ​ទិញ​ មាន​នៅ​ពាសពេញ​ពិភពលោក ​អ្នក​ខ្លះ​មក​ពី​ អ៊ីស្រាអែល ​តួកគី ​តៃវ៉ាន់ ​និង​អ្នក​ក្រុង​អាល់បែកតា​ដើម។ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​មាន​ការ​កើនឡើង​នូវ​ផ្សែង​ពុល ​នៅ​ក្រុង​ប៉េកាំង ​និង​សៀងហៃ ​ប្រជាជន​ចិន​ បាន​នាំគ្នា​ពពាក់​ពពូន​ ទិញ​ខ្យល់​នេះ​ពី​កាណាដា។ ក្នុង​រយៈពេល​ ៤​ថ្ងៃ ​ក្រុមហ៊ុន ​បាន​លក់​ទៅ​ឲ្យ​ប្រជាជន​ នៅ​ចិន​ ចំនួន​៥០០​ដប​ អស់​រលីង​តែម្តង។ ខ្យល់​ចំនួន​ ៤ពាន់​ដប​ផ្សេង​ទៀត ​ទើប​បាន​ផ្ញើរ​ទៅ​ដល់​ចិន ​ និង​ត្រូវ​ដាក់​លក់​នៅ​លើ​គេហទំព័រ​អ៊ីនធើនែត​ធំៗ ​របស់​ចិន។
 

រូបភាព​ផ្សាយ​ពាណិជ្ជកម្ម របស់ ខ្យល់បរិសុទ្ធ Vitality Air
រូបភាព​ផ្សាយ​ពាណិជ្ជកម្ម របស់ ខ្យល់បរិសុទ្ធ Vitality Air Vitality Air

ខ្យល់​បរិសុទ្ធVitality Airលក់​ក្នុង​មួយ​ដប​តម្លៃ​ ចាប់​ពី​២០​ដុល្លារ ​ដោយ​មាន​ភ្ជាប់​ជាមួយ​ម៉ាស​ពិសេស​មួយ​ សម្រាប់​ពាក់​ស្រូវ​យក​ខ្យល់​ចេញ​ពី​ក្នុង​ដប។ ក្នុង​មួយ​ដប​ អ្នក​ប្រើ​អាច​ស្រូប​បាន​ពី​ ៨០​ ទៅ​ ១៥០​ ដង្ហើម។ តាម​ការ​អះអាង​ពី​អ្នក​ផលិត​ទាំង​ពីរ​ គឺ​ពួក​គេ​ផលិត​វា​ ដោយ​ដៃ​ទាំង​ស្រុង។ ខ្យល់​ទាំង​នោះ ​ត្រូវ​បាន​ស្រង់​យក​ចេញ​ពី​ តំបន់​ថ្ម​ភ្នំ ​នៅ​កាណាដា  ​ក្នុង​តំបន់​ពីរ​ផ្សេង​គ្នា ​ដែល​គេ​ទទួល​ស្គាល់​ថា​ មាន​ខ្យល់​​អុកស៊ីសែន​​​​បរិសុទ្ធ​ជាងគេ ​គឺ​តំបន់ ​Banff​ និង​តំបន់​បឹង Louise។ ទោះ​បី​ជា​យ៉ាងណា ​អ្នក​ផលិត​ បាន​លាក់​ការ​សម្ងាត់ ​មិន​ឲ្យ​ដឹង​ពី​វិធី ​នៃ​ការ​បូម​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ទាំង​នោះ ​មក​ដាក់​ក្នុង​ដប​ទេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ