ចិនធ្វើសមយុទ្ធយោធា បាញ់គ្រាប់មីស៊ីលពិតៗ ចេញពីនាវាចម្បាំងតែមួយគត់របស់ខ្លួន
មួយសប្តាហ៍ក្រោយមានសង្រ្គាមពាក្យសម្តី រវាងអាមេរិក និងចិន ស្តីពីបញ្ហាកោះតៃវ៉ាន់ និងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃសុក្រទី១៦ ធ្នូនេះ ចិនបានធ្វើសមយុទ្ធយោធានៅក្នុងសមុទ្របូហៃ ស្ថិតនៅភាគខាងជើង ដោយបានប្រើប្រាស់នាវាចម្បាំងរបស់ខ្លួន ហើយបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ ទៀតផង។ តាមការវិភាគ នេះមិនមែនជារឿងចៃដន្យទេ ដែលចិនធ្វើសមយុទ្ធយោធានាពេលនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សមយុទ្ធយោធាទ្រង់ទ្រាយធំ បាញ់គ្រាប់ពិតៗ បានធ្វើឡើងដោយកងទ័ពចិន នៅក្នុងឈូងសមុទ្របូហៃ ភាគខាងជើងប្រទេសចិន។ ចិនបានប្រើប្រាស់នាវាចម្បាំង Liaoning ដែលជានាវាចម្បាំងតែមួយគត់របស់ចិន។ តាមការផ្សាយរបស់គេហទំព័រ កងទ័ពប្រជាមានិតចិន បានឲ្យដឹងថា ក្នុងសមយុទ្ធនេះ កងទ័ពចិន បានប្រើប្រាស់យន្តហោះចម្បាំង ជាង១០គ្រឿង នាវាអាអេរ៉ូណាវ៉ាល់ មួយចំនួន ហើយគ្រាប់មីស៊ីលជាង១០គ្រាប់ ក៏ត្រូវបានបាញ់សាកល្បងផងដែរ។
ចំណែកទូរទស្សន៍ CCTV វិញបានផ្សាយរូបភាពវីដេអូ ដោយគេឃើញមានយន្តហោះចម្បាំងចិន បានហោះចេញពីនាវាចម្បាំង ព្រមទាំងគ្រាប់មីស៊ីល ដែលត្រូវគេបាញ់បង្ហោះទៅលើមេឃ ដោយមានផ្សែងអូសបន្លាយតាមពីក្រោយ។
ខាងក្រសួងការពារជាតិចិន បានបញ្ជាក់ថា សមយុទ្ធនេះគឺជាសមយុទ្ធ ដើម្បីសាកល្បងប្រើអាវុធ និងសម្ភារៈទាំងអស់ ហើយក៏ជាឱកាសដើម្បីឲ្យកងកម្លាំងជំនាញ អាចធ្វើការហាត់រៀន និងសាកល្បងសមត្ថភាពផងដែរ។
តែយ៉ាងណាក្តី គេមិនអាចមិនគិតបានទេ ថាសមយុទ្ធយោធារបស់ចិននាពេលនេះ គឺក្នុងន័យបង្ហាញកំលាំង នៅក្រោយពេលដែលចិន និងអាមេរិក បានផ្ទុះសង្រ្គាមពាក្យសម្តីនឹងគ្នា ក្នុងសំណុំរឿងតៃវ៉ាន់ និងតំបន់សមុទ្រចិនខាងត្បូង។ មួយវិញទៀត ចិនកំពុងតែធ្វើគ្រប់មធ្យោបាយ ដើម្បីក្លាយខ្លួនជាមហាអំណាចយោធាដ៏ធំ តាមរយៈការប្រើប្រាស់អាវុធបច្ចេកវិទ្យាចុងក្រោយ។
សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលមានការធ្វើសមយុទ្ធយោធា ដោយប្រើប្រាស់នាវាចម្បាំង Liaoning ។ នាវានេះ គឺចិនបានទិញពីរុស្ស៊ី ហើយបានដាក់ឲ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ២០១២។ តែយ៉ាងណា គ្មាននរណាដឹងទេថា នាវាចម្បាំងនេះ មានសមត្ថភាពអាចធ្វើអ្វីបានខ្លះនោះទេ។ ដោយឡែក អ្នកបើកបរយន្តហោះចម្បាំងចិន នៅមិនទាន់ស្ទាត់ជំនាញ ក្នុងការចុះចតយន្តហោះ នៅលើនាវាចម្បាំងនៅឡើយទេ។ អ្នកជំនាញកងទ័ពអាកាសប្រទេសលោកខាងលិច តែងតែបដិសេធ មិនចង់បង្រៀនបច្ចេកទេសនេះ ទៅខាងចិនទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ