Huawei ប្តឹងសហរដ្ឋអាមេរិក ដែលហាមគេ មិនឲ្យទិញផលិតផលHuawei
នៅថ្ងៃព្រហស្បតិ៍ទី៧មីនា ក្រុមហ៊ុនHuawei បានដាក់ពាក្យប្តឹងមួយ ទៅកាន់តុលាការរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីប្តឹងសហរដ្ឋអាមេរិក ដែលបានហាមឃាត់ស្ថាប័ន និងរដ្ឋបាលទាំងឡាយរបស់ខ្លួន មិនឲ្យទិញផលិតផលរបស់Huawei។ យោងតាមHuawei ការហាមឃាត់នេះ គឺសហរដ្ឋអាមេរិក ពុំមានអ្វីជាសំអាងទាំងអស់ ក្រៅតែពីមានចេតនា បង្អាក់ និងរារាំងការធ្វើជំនួញ របស់ក្រុមហ៊ុនHuawei។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យោងតាមប្រភពពីទីស្នាក់ការធំ របស់Huawei នៅក្រុងឈិនចិន បានឲ្យដឹងថា ពាក្យបណ្តឹងមួយបានដាក់ទៅកាន់តុលាការ Plano រដ្ឋតិចសាស់ ដើម្បីប្តឹងទាល់ទៅនឹងច្បាប់មួយរបស់សហរដ្ឋអាមេរិក ដែលបានហាមឃាត់ស្ថាប័ន និងរដ្ឋបាលទាំងអស់ មិនឲ្យទិញផលិតផល Huawei ឬក៏មានទំនាក់ទំនងការងារ ជាមួយក្រុមហ៊ុន ដែលជាអតិថិជនរបស់ Huawei។
លោក គួ ពីង ប្រធានម្នាក់របស់Huawei បានលើកឡើងថា សភាអាមេរិក មិនបានផ្តល់ហេតុផល ឬអំណះអំណាងអ្វីទាំងអស់ មុននឹងសម្រេចបង្កើតច្បាប់ ដែលហាមឃាត់ផលិតផលរបស់ Huawei។ ដូច្នេះក្រុមហ៊ុនគ្មានជម្រើសផ្សេងទេ ក្រៅពីដាក់ពាក្យប្តឹងទាស់ទៅនឹងច្បាប់នេះ។ ប្រធានHuawei រូបនេះបន្ថែមថា ក្រុមហ៊ុនHuawei នឹងទាមទារសំណងជំងឺចិត្ត ចំពោះការចេញច្បាប់ ហាមឃាត់ការរកស៊ីរបស់ Huawei ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញអាមេរិកនេះ។ លោក គួ ពីង ក៏បានឆ្លៀតសង្កត់បន្ថែមថា រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ននេះ ខិតខំខ្លាំងណាស់ ក្នុងការដើរសំអុយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនHuawei ទាំងដែលសហរដ្ឋអាមេរិកខ្លួនឯង ក៏បានបន្លំចូលមកលួចទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់ចិនដែរ។
សូមរំលឹកថា ប៉ុន្មានខែមកហើយ ដែលរដ្ឋាភិបាលអាមេរិក បានចេញមុខប្រកាសសង្រ្គាមជាមួយ Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងនាំមុខគេក្នុងបច្ចេកវិទ្យាបណ្តាញ5G។ សម្រាប់សហរដ្ឋអាមេរិក Huawei អាចប្រើផលិតផល និងបច្ចេកវិទ្យានេះ ដើម្បីជ្រៀតចូលទៅលួចទិន្នន័យ ឬបង្កបញ្ហានៅក្នុងប្រព័ន្ធទូរគមនាគមន៍របស់អាមេរិក។ អាមេរិក បានហាមមិនឲ្យHuawei ដាក់ពង្រាយបច្ចេកវិទ្យានេះ ហើយក៏បានបញ្ចុះបញ្ចូលប្រទេសផ្សេងទៀត ឲ្យធ្វើតាមខ្លួនដែរ។
យោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ក្រុមហ៊ុន Huawei មានទំនាក់ទំនងយ៉ាងស្និទជាមួយកងទ័ពចិន ព្រោះលោក Ren Zhengfei ដែលជាស្ថាបនិកក្រុមហ៊ុន Huawei គឺជាអតីតវិស្វកររបស់កងទ័ពចិន។ ជាងនេះទៅទៀត ច្បាប់ចិន បានកំណត់ថា ក្រុមហ៊ុន Huawei ត្រូវសហការជាមួយកងទ័ព ដើម្បីជួយដល់ការពង្រឹងសមត្ថភាព នៃក្រុមចារកិច្ចស៊ើបការណ៍សម្ងាត់របស់ចិន។
លោក Song Liuping អ្នកទទួលបន្ទុកផ្នែកច្បាប់របស់ Huawei បានទទួលស្គាល់ថា Huawei មានកាតព្វកិច្ចសហការជាមួយកងទ័ពចិនមែន ប៉ុន្តែតែក្នុងករណីភេរវកម្ម ឬការបោសសំអាតឧក្រិដ្ឋកម្មតែប៉ុណ្ណោះ។ បើកងទ័ពទាមទារលើសពីនេះ គឺក្រុមហ៊ុនមានសិទ្ធិបដិសេធ។ លោកបន្ថែមថា ជាងនេះទៅទៀត បើសិនក្រុមហ៊ុន Huawei បន្លំដាក់ឧបករណ៍លួចទិន្នន័យ “Backdoors” ដូចអ្វីដែលអាមេរិកចោទនោះ គឺមិនខុសពី Huawei ធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះទេ ព្រោះថាគង់តែថ្ងៃណាមួយ គេរកឃើញការលួចដាក់បន្លំឧបករណ៍នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ