ជប៉ុនបន្ថែមយន្តហោះប្រដេញនៅក្បែរកោះមានជម្លោះជាមួយចិន
ក្រសួងការពារជាតិជប៉ុន បានប្រកាសឲ្យដឹងថាខ្លួន បានដាក់បន្ថែមចំនួនយន្តហោះប្រដេញ មួយទ្វេរជាពីរ នៅមូលដ្ឋានកោះអូគីណាវ៉ា ក្បែរប្រជុំកោះសេនកាគូ ដែលជាកោះកំពុងជាប់ជម្លោះជាមួយនឹងចិន។ ការដាក់បន្ថែមយន្តហោះប្រដេញរបៀបនេះ ត្រូវបានគេមើលឃើញថា ជប៉ុនកំពុងឆ្លើយតបទៅចិន ដែលកន្លងមកតែងតែបញ្ជូននាវា ព្រមទាំងយន្តហោះល្បាត ចូលមកតំបន់ប្រជុំកោះសេនកាគូ។
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងការពារជាតិជប៉ុន បានសម្រេចដាក់បន្ថែមយន្តហោះប្រដេញប្រភេទ F-15 ១គុណជា២ ឲ្យឈរជើងនៅមូលដ្ឋានទ័ពអាកាសលើកោះអូគីណាវ៉ា។ កោះអូគីណាវ៉ា គឺជាប្រជុំកោះស្ថិតនៅខាងត្បូងបង្អស់ នៃទឹកដីជប៉ុន ហើយដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពី ប្រជុំកោះសេនកាគូ ដែលជាកោះមានជម្លោះដណ្តើមគ្នាជាមួយនឹងចិន។ ចំនួនយន្តហោះប្រដេញ របស់ជប៉ុននាពេលនេះ នឹងឡើងទៅដល់៤០គ្រឿង ដែលនឹងត្រូវឈរជើងនៅមូលដ្ឋានក្រុងណាហា លើកោះអូគីណាវ៉ា។
ថ្លែងក្នុងឱកាសបើកប្រតិបត្តិការនៅមូលដ្ឋានទ័ពក្រុងណាហា លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានថ្លែងថា មូលដ្ឋានណាហា លើកោះអូគីណាវ៉ា គឺជាសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យជាតិ របស់ជប៉ុន។ ពាក្យមួយឃ្លានេះ ត្រូវគេយល់យ៉ាងច្បាស់ គឺលោកចង់សំដៅទៅដល់ចិន ដែលជាមហាយក្សតែងតែគ្រហឹមពីចំងាយ។
ប្រជុំកោះសេនកាគូ បើទោះបីគ្រាន់តែជាផ្ទាំងថ្ម គ្មានមនុស្សរស់នៅ តែកោះនេះគឺជាកម្មវត្ថុនៃជម្លោះក្តៅគគុក រវាងជប៉ុន និងចិន។ ឈ្មោះសេនកាគូ ជាភាសាជប៉ុន ចំណែកចិនតវ៉ាថា កោះនេះឈ្មោះតៅយូ ជាភាសាចិន ហើយជារបស់ខ្លួន។ ចិនធ្លាប់បានបញ្ជូននាវាល្បាត ព្រមទាំងយន្តហោះ មកក្រវែលជារឿយៗ នៅជុំវិញប្រជុំកោះនេះ។
សូមរំលឹកថា នៅឆ្នាំ២០១២ ជាឆ្នាំដែលជប៉ុននិងចិន មើលមុខគ្នាលែងត្រង់ ដោយសារតែជម្លោះដណ្តើមដែនកោះក្នុងសមុទ្រ បូកផ្សំនឹងជម្លោះប្រវត្តិសាស្ត្រថែមទៀត។ នៅឆ្នាំ២០១៤ ប្រទេសមហាអំណាចអាស៊ីទាំងពីរ បានព្យាយាមស្រុះស្រួលគ្នា ដោយមានការរៀបចំជាជំនួបកំពូលរវាងលោក ស៊ី ជីនពីង និងលោកស៊ិន ហ្សូអាបេ។ កន្លងមកបញ្ហាកោះសេនកាគូ ត្រូវបានជប៉ុនចាត់ទុកថា វាគ្រាន់តែជាការមិនចុះសម្រុងគ្នា តែមិនមែនជាជម្លោះប្រឈមមុខដាក់គ្នាជាផ្លូវការទេ។ជប៉ុនតែងតែបដិសេធថា រវាងខ្លួននិងចិន គឺគ្មានជម្លោះអធិបតេយ្យនឹងគ្នាទេ ហើយព្យាយាមបន្ធូរបន្ថយស្ថានការណ៍ តាមរយៈការចរចាសម្រុះសម្រួលគ្នា។
យ៉ាងណាក៏ដោយ ជម្លោះរឺ គ្រាន់តែជាការមិនចុះសម្រុងគ្នា តែការពិតគឺប្រទេសទាំងពីរកំពុងដណ្តើមគ្នា កាន់កាប់កោះនេះ។ ហើយការដាក់បន្ថែមយន្តហោះប្រដេញរបស់ជប៉ុន បង្ហាញឲ្យកាន់តែច្បាស់ថា ជប៉ុនត្រៀមខ្លួនប្រើកម្លាំង បើសិនជាមានគេរំលោភដែនដី ដែលខ្លួនចាត់ទុកជាស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ