ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុន និង​រុស្ស៊ី ស្វែងរក​ការ​ផ្សះផ្សារ និង​មិត្តភាព ​តាម​រយៈ​ទស្សនកិច្ច​លោក​ ពូទីន ​​នៅ​ជប៉ុន

សំឡេង ០៦:១៥
ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​​​នាយក​រដ្ឋមន្ត្រី​​ជប៉ុន Shinzo Abe​ នៅ​តូក្យូ ថ្ងៃទី​១៦ ធ្នូ​ ២០១៦
ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​​​នាយក​រដ្ឋមន្ត្រី​​ជប៉ុន Shinzo Abe​ នៅ​តូក្យូ ថ្ងៃទី​១៦ ធ្នូ​ ២០១៦ REUTERS/Toru Yamanaka/Pool

គោលដៅ​ទស្សនកិច្ច​លោក​ប្រធានាធិបតី​រុស្ស៊ី ​វ៉្លាឌីមៀរ ពូទីន ​ដែល​បាន​ចាប់​ផ្តើម ​នៅក្រុង​Nagato​ជា​ក្រុង​កំណើត ​លោក​នាយករដ្ឋមន្ត្រី ​Shinzo Abe​ហើយ​បន្ត​នៅ​រាជធានី​តូក្យ៉ូ គឺ​ ដើម្បី​​ពង្រឹង​ ការ​ជឿ​ទុកចិត្ត​គ្នា ​និង​ កិច្ច​សហប្រតិបត្តិការ ​រវាង​ប្រទេស ​ទាំង​ពីរ។ ប៉ុន្តែ​ បញ្ហាធំ​ចម្បង​ក្នុង​ទំនាក់​ទំនង​រុស្ស៊ី-ជប៉ុន ​គឺកោះ​ជាប់​វិវាទ​ចំនួន​ ៤ ​នៅ​ប៉ែក​ខាង​ត្បូង​ជួរ​កោះ​គូរីល​ ដែល​បាន​ឆ្លង​មក​ជា​កម្មសិទ្ធិ​រុស្ស៊ី ​បន្ទាប់ ​ពី​ ជប៉ុន​ចាញ់​សង្គ្រាម ​លោក​លើក​ទី២ ​ក្នុង​ឆ្នាំ​១៩៤៥ ​ហើយ​មក​ទល់​សព្វ​ថ្ងៃ ​ជប៉ុន​នៅ​តែ​ទាម​ទារ​ចង់បាន​វា​វិញ​ ហេតុ​ ដែល​រំខាន ​ដល់​ការ​ចុះ​នឹង​គ្នា​ ជា​ សន្ធិសញ្ញា​សន្តិភាព។

ផ្សាយពាណិជ្ជកម្ម

ជាបឋម​ គួរ​និយាយ​ថា ​រុស្ស៊ី​និង​ជប៉ុន ​មាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា ​បាន​ជាង​ ១សតវត្ស​កន្លះ​ហើយ​ គឺ​តាំង​ពី​ឆ្នាំ​១៨៥៤​មក។ តាំង​ពី​លោក​ ពូទីន​ ឡើង​ជា​ប្រធានាធិបតី​ រុស្ស៊ី​ពេញសិទ្ធិ ​នៅ​ខែ​មិនា​ឆ្នាំ​២០០០​មក​ លើក​នេះ ​ជា​លើក​ទី​៣ ​ដែល​គាត់​បំពេញ​ទស្សកិច្ច​ ​នៅ​ប្រទេស​ជប៉ុន ​គឺថា ​លើក​ទី១ ​នៅ​ខែ​កញ្ញាឆ្នាំ​នោះ​តែ​ម្តង​ បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០៥។  ចំណែក ​លោក  ​Shinzo Abe ​តាំង​ពី​គាត់​ កាន់​តំណែង​ជា​ នាយករដ្ឋមន្ត្រី​ជប៉ុន​ឡើង​វិញ​ ក្នុង​ឆ្នាំ​២០១២ ​បន្ទាប់ ​ពីបាន​ចុះចេញ​ទៅ​ ក្នុង​ ឆ្នាំ​២០០៧ ​លើក​នេះ​ គាត់​ជួប​ជាមួយ​លោក​ពូទីន ​គឺ ​ជាលើក​ទី ​១៦ ​ហើយ។

 
លោក ​ Shinzo Abe​ ប្រាថ្នា​រំកិល​ឲ្យ​បាន​ទៅ​មុខ​ ដំណោះ​ស្រាយ​បញ្ហា​កោះ​គូរីល ​គឺ​តាម​រយៈ​ការ​ ពង្រីក​សហប្រតិបត្តិការ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី ​និង​ ការ​តាំង​ភាព​ជា​ដៃគូ ​ឲ្យ​បាន​ ជិត​ស្និទ្ធ ​ជាមួយ​លោក ​ពូទីន​ផ្ទាល់។ ពិតជា​ក្នុង​ជំនួប​ពីរ​លើក​ចុង​ក្រោយ​ជាមួយ​លោក​ពូទីន​ ម្តង​នៅ​ក្រុង​ Sochi ​ខែ​ឧសភាឆ្នាំ​នេះ ​ម្តង​ទៀត​នៅ​ខែ​កញ្ញា​ នៅ​ក្រុង​ Vladivostok ​ដែល​លោក​ Abe​ បាន​បំផុស​មក ​មុខ​ព្រួញនៃ​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ជាមួយ​រុស្ស៊ី ​ដោយ​ថែម​ទាំង​ បាន​ បង្កើត​ឡើង​ជា ​ក្រសួង​មួយ​ពិសេស​ខាង​ធ្វើ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី ​និង​ បាន​ អញ្ជើញ​លោក​ពូទីន ​ទៅលេង​ស្រុក​កំណើត​គាត់​តែម្តង ​គឺ ​ក្រុង​ Nagato​ ចម្ងាយ ​៨០០គម ​និរតី ​ពី​ក្រុង​តូក្យ៉ូ។

“វិមាន​ក្រេមឡាំង ​ចាត់​ទុក​ការ​អញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី ​ទៅ​កាន់​ក្រុង​កំណើត​ប្រមុខ​រដ្ឋាភិបាល ​ជប៉ុន​ គឺ​មាន​ន័យ​ជា​និមិត្តរូប​។ កាយ​វិការ​បែប​នេះ ​បង្ហាញ​ឲ្យ​ឃើញ​ជា​លើក​ទី១ ​ដោយ ​នាយក រដ្ឋមន្ត្រី​ជប៉ុន​ ចំពោះ​ភ្ញៀវ​បរទេស”-​ សេចក្តី​នេះ ​ថ្លែង​ទៅ​ពួក​អ្នក​កាសែត ​ដោយ​ទី​ប្រឹក្សា​របស់​ ប្រធានាធិបតី​រុស្ស៊ី​ខាង​កិច្ចការ​អន្តរជាតិ ​លោក​អគ្គរដ្ឋទូត ​Yuri Ushakov។ ចំណែក​ប្រមុខរដ្ឋ​រុស្ស៊ី ​ផ្ទាល់ ​បញ្ចេញ​មតិ​ថា ​“ នៅ​ខេត្ត​ស្រួល​និយាយ​គ្នា​ជាង​នៅ​ក្រុង”​ ហើយ​គាត់​រំពឹង​ថា ​ក្រុង​កំណើត ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ​ពិត​ជា​ដក់​ជាប់​ដោយ​បរិយាកាស​ចំហ​ឥត​លាក់​បាំង ​ដើម្បី​និយាយ​គ្នា ​ជា​សាច់ការ ​ហើយ​ សម្រេច​បាន​លទ្ធផល។
គួរ​និយាយ​ថា​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ចរចា​ នៅ​ក្រុង​ Nagato​ ឥត​មាន​ចែង​ឯណា ​បញ្ហា​កោះ​ គូរីល។ ប៉ុន្តែ ​ក្នុង​បទ​សម្ភាសន៍​យ៉ាង​វែង ​ដែល​គាត់​បាន​សប្បុរស ​ឲ្យ​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជប៉ុន​ មុន​នឹង​ ចេញ​ដំណើរ​​ទៅ​បំពេញ​ទស្សនកិច្ច​ តប​នឹង​សំនួរ​ ពាក់​ព័ន្ធ​នឹង​កោះ​គូរីល ​លោក​ពូទិន​ ឆ្លើយ​ ដូច​តទៅ៖ “​ខ្ញុំ​ស្រឡាញ់​ប្រទេស​ជប៉ុន​ណាស់ ​ខ្ញុំ​ចូលចិត្ត​វប្បធម៏​ កីឡា​ជប៉ុន​ បូក​ទាំង​ចំបាប់ ​Judo​ ផង​ ហើយ​ខ្ញុំ​មិន​និយាយ​អ្វី​ ឲ្យ​អស់​លោក​អន់ចិត្ត​ឡើយ ​បើ​ខ្ញុំ​ថា​ ខ្ញុំ​ស្រឡាញ់​ប្រទេស​រុស្ស៊ី ​ខ្លាំង​ជាង​ ហើយ​កិច្ច​ចរចា​ដែល​ធ្វើ ​ដោយ​រូប​ខ្ញុំ ​និង​ រូប​នាយករដ្ឋមន្ត្រី​ជប៉ុន ​គឺ​ម្ខាងៗ​យោង​ទៅ​លើ​ ផល​ប្រយោជន៍​ជាតិ​រៀងៗ​ខ្លួន​ គឺ​ទាំង​ផល​ប្រយោជន៍​រុស្ស៊ី ​ទាំង​ផល​ប្រយោជន៍​ជប៉ុន​ ដូច្នេះ​យើង ​ត្រូវតែ​ចេះ​រក​ឲ្យ​ឃើញ ​នូវ​ការ​ធ្វើ​សម្បទាន​ទៅ​វិញ​ទៅ​មក”។ លោក​ពូទីន ​ថែមទាំង​គូស​បញ្ជាក់ ​ថា ​ជា​ទូទៅ ​សម្រាប់​រុស្ស៊ី ​គឺ​គ្មាន​បញ្ហា​ដែនដី​អ្វី​ណាទេ​ មាន​តែ​ជប៉ុន​ប៉ុណ្ណោះ ​ដែល​យល់​ថា​ខ្លួន​ មាន​ បញ្ហា​ដែនដី​ជាមួយ​រុស្ស៊ី។
 

ដោយហេតុ​ថា ​សាច់រឿង​នៃ​កិច្ច​ចរចា​ ប៉ះលើ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច ​បាន​ជា​ មាន​សហគ្រិន​រុស្ស៊ី​រាប់​រយ​នាក់ ​បាន​អម​ដំណើរ​លោក​ពូទីន ​ទៅកាន់​ប្រទេស​ជប៉ុន​ដែរ​ ដើម្បី​ ថ្ងៃ​១៦​ធ្នូ​នេះ ​ចូលរួម​ជាមួយ​រដ្ឋ​បុរស​ប្រទេស​ទាំង​ពីរ​ ក្នុង​ មហាវេទិកា​ធុរកិច្ច ។ ជា​លទ្ធផល ​វេទិកានេះ​ នៅ​ពី​មុខ​វត្ត​មាន​លោក​នាយករដ្ឋមន្ត្រី ​Shinzo Abe ​និង​លោក​ប្រធានាធិបតី​ពូទីន​ គូភាគី​នឹង​ចុះ​ហត្ថលេខា ​លើ ​៖
ឯកសារ​១០​ច្បាប់ ​ជា​ឯកសារ​អន្តររដ្ឋាភិបាល  កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម ​សំខាន់ៗ​បំផុត​ ចំនួន​ ១៥​ច្បាប់ ​ ឯកសារ​ប្រមាណ​៥០​ច្បាប់​ទៀត ​ តាម​ខ្សែ​រយៈ​ធុរកិច្ច។

ជា​ការ​កត់សម្គាល់ ​ចង្កោម​កិច្ច​ព្រមព្រៀង​និង​កុងត្រា ​ដែល​ចុះ​នោះ ​គឺ​ជា​ការ​បំពេញ​ឲ្យ​ចេញ​ ​ផ្លែ​ផ្កា​នូវ​ ផែនការ​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ ​មាន​៨ចំណុច ​ស្នើ​មក​ដោយ ​ប្រមុខ​ រដ្ឋាភិបាល​ជប៉ុន។ ជុំវិញ​ចំណុច​និមួយៗ ​នៃ​ផែនការ ​សុទ្ធតែ​មាន​គ្រោង​កិច្ចព្រម​ព្រៀង​ ជាក់​លាក់។ ឧទាហរណ៍​ ចំណុច​ស្តី​អំ​ពី​វិស័យ​ថាមពល-​សង់ឡើង​ជា​រោង​ចក្រ​ឧស្ម័ន  ​គម្រោង ​នគរូបនីយកម្ម ​ដែល​ប៉ះ ​លើ​ការ​អភិវឌ្ឍន៍​ទីក្រុង។​ ត្រង់​ចំណុច​នេះ ​លោក ​Abe​ ស្នើជួយ​ស្ថាបនា ​ឡើងវិញ​ក្រុង ​Vladivostok   ​ដោយ​កែ​វា​ឲ្យ​មាន​មុខមាត់​ថ្មី ​ ពង្រីក​កំពង់ផែ ​និង​ អាកាសយាន​ដ្ឋាន ​នៅ ​តំបន់​ចុង​បូព៌ា​រុស្ស៊ី ​ទាំងមូល ​ វិស័យ​កសិកម្ម ​ វិស័យ​សុខាភិបាល ​-ដោយ​ជួយ​សាងសង់​ មន្ទីរពេទ្យ​និង​គិលានដ្ឋាន​ទំនើបៗ ​នៅ​តំបន់​ខាង​កើត​បង្អស់​ នៃ​ប្រទេស​រុស្ស៊ី។ល។

បញ្ហា​កោះ​គូរីល ​មាន​មិន​គ្រាន់​តែ​រង្វាស់​នយោបាយ​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏​ទាំង​ រង្វាស់​សេដ្ឋកិច្ច។ ម៉្លោះហើយ​ បាន​ជា​ គេ​រង់ចាំ​ថា ​ ក្នុង​សន្និសីទ​កាសែត​បូក​សរុប​លទ្ធផល​នៃ​កិច្ច​ចរចា មេ​ដឹកនាំ ​ប្រទេស​ទាំងពីរ ​នឹងបន្លឺ​ឡើង ​សេចក្តី​ថ្លែង​ការណ៍​ស្តី​អំពី ​ការ​ធ្វើ​សេដ្ឋកិច្ច​រួមគ្នា ​នៅ​លើ​កោះ ​ជាប់​វិវាទ​នោះ។ ប្រមុខ​រដ្ឋ​រុស្ស៊ី ​ ក្នុង​សម្ភាសន៍​ខ្លួន ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ម៉ូស្គូ​ត្រៀម​ពិនិត្យ​មើល ​សេណារីយ៉ូ ​ណាក៏​ដោយ​ ខាង​ធ្វើ ​សកម្មភាព​សេដ្ឋកិច្ច​រួមគ្នា ​មិន​ថា​ជា​នៅលើ​កោះ​១ ​ឫ​ កោះ​២​ ឫ​កោះ​៣ ​ឫកោះ​៤​តែ​ម្តង ​ប៉ុន្តែ ​បដិសេធ​ដាច់​អហង្ការ ​ការ​តាំង​អធិបេតយ្យ​ជប៉ុន​ លើ​កោះនោះ​ ក្នុង​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ សកម្មភាព​សេដ្ឋកិច្ច​រួមគ្នា។

វិមាន​ក្រេមឡាំង​មិន​ធ្វើ​អត្ថាធិប្បាយ​ធ្វី​ណា​ទេ ​លើ​ដំណឹង​ទម្លាយ​ចេញ​ដោយ ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ជប៉ុនដែល​ថា ​ក្រុង​តូក្យ៉ូ ​អាច​អនុញ្ញាត​ឲ្យ​ អាមេរិក​ដាក់​មូលដ្ឋាន​យោធា​ខ្លួន​ នៅ​លើ​កោះ​គូរីល ​ក្នុង​ករណី ​បើ​រុស្ស៊ី​បង្វែរ​វា​ឲ្យ​ទៅ​ជប៉ុន​វិញ​ ពី​ព្រោះ​អាមេរិក​មាន​កាតព្វកិច្ច​ធានា ​ដល់​ សន្តិសុខ ​ជប៉ុន​ ស្រប​នឹង​សន្ធិសញ្ញា​ទ្វេភាគី​ដែល​មាន​ចុះ។ តាម​សំដី​លោក​ពូទីន ​សម្រាប់​រុស្ស៊ី​សំខាន់ ​គឺ​ យល់​ឲ្យ​បាន​ច្បាស់​តើ​ ជប៉ុន​មាន​ភាព​ម្ចាស់​ការ​នយោបាយ​កម្រិត​ណា​ដែរ​ តើ​ជប៉ុន​ខ្លួនឯង​ ត្រៀម​ដើរ​រហូត​ដល់​ទីណា ​ដ្បិត​បញ្ហា​ចុះ​សន្ធិសញ្ញា​សន្តិភាព ​ជាមួយ​ជប៉ុន ​ក៏ ​អាស្រ័យដែរ ​នឹង ​គោល​ជំហរ​នេះ ​របស់​ជប៉ុន៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI