ស្វែងយល់ពីព្រះរាជបំណងពិត របស់ព្រះចៅអធិរាជជប៉ុន ដែលស្នើសុំដាក់រាជសម្បត្តិ
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលជប៉ុន បានសម្រេចអនុម័តកាលពីថ្ងៃទី១៩ ឧសភា លើសេចក្តីព្រៀងច្បាប់ពិសេសមួយ ដើម្បីអនុញ្ញាត ឲ្យព្រះចៅអធិរាជជប៉ុន ធ្វើការដាក់រាជសម្បត្តិ។ ច្បាប់នេះ នឹងត្រូវបញ្ជូនទៅឲ្យរដ្ឋសភាជប៉ុន អនុម័ត។ ការដាក់រាជសម្បតិ្តនៃអធិរាជជប៉ុន គឺជារឿងមួយកំរបំផុត ហើយមិនមានចែង ក្នុងច្បាប់ណាទាំងអស់។ គឺព្រះចៅអធិរាជ អាគីហ៊ីតូ ព្រះអង្គឯងតែម្តង ដែលបានលើកសំណើសុំដាក់រាជសម្បត្តិនេះ។ តើព្រះចៅអធិរាជ ដែលមានព្រះជន្ន ៨៣ព្រះវស្សា និងជាទីគោរពស្រលាញ់ របស់ប្រជាជនជប៉ុននេះ មានព្រះរាជបំណងយ៉ាងណា ទើបបានជាប្រាថ្នាចុះពីរាជបល្ល័ង្ក ដូច្នេះ?
គណរដ្ឋមន្ត្រីជប៉ុន បានសរសេរក្នុងសេចក្តីព្រៀងច្បាប់ពិសេស នេះថា ដោយគោរពតាមព្រះរាជបំណង នៃព្រះចៅអធិរាជ រដ្ឋាភិបាលជប៉ុន សូមធ្វើការស្នើច្បាប់ថ្មីមួយ ដាក់ជូនរដ្ឋសភាជប៉ុន ដើម្បីកំណត់ ពីការដាក់រាជសម្បត្តិរបស់ព្រះចៅអធិរាជ។ បើអ្វីៗប្រព្រឹត្តិទៅតាមការរំពឹងទុក ច្បាប់ពិសេសនេះ និងត្រូវអនុម័តជាផ្លូវការនៅរវាងចុងឆ្នាំ២០១៨នេះ ហើយព្រះចៅអធិរាជ អាគីហ៊ីតូ នឹងចុះពីរាជបល្ល័ង្ក ភ្លាម ទុកឲ្យព្រះរាជបុត្រច្បងរបស់ព្រះអង្គ ឡើងគ្រងរាជ គឺព្រះអង្គម្ចាស់ ណារូហ៊ីតូ នៅដើមឆ្នាំ២០១៩។
រដ្ឋាភិបាលជប៉ុន មិនព្រមធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងរាជបល្ល័ង្ក
ជាការពិត ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ មានព្រះរាជបំណងចុះពីរាជបល្ល័ង្ក តែមិនមែនគ្រាន់តែចុះចេញ ទុករាជបល្ល័ង្ក ឲ្យបុត្រព្រះអង្គទេ គឺព្រះអង្គ ប្រាកដជាមានបំណងណាមួយផ្សេងទៀតពីនេះ។ លោក ម៉ូតូស៊ូគូ អាកាហ្ស៊ី មិត្តដ៏ស្និទរបស់ព្រះចៅអធិរាជ អាគីហ៊ីតូ បានមានប្រសាសន៍ថា ព្រះចៅអាគីហ៊ីតូ មានបំណងដាក់រាជសម្បតិ្តមែន តែបំណងពិតរបស់ព្រះអង្គ គឺដើម្បីឲ្យមានការសើររើ ទៅលើក្រមច្បាប់គ្រប់គ្រងកិច្ចការព្រះរាជវង្សជប៉ុន ទៅវិញទេ។
ព្រះអង្គដឹងថា ដើម្បីដាក់រាជ គឺគេត្រូវតែធ្វើកំណែទម្រង់ លើច្បាប់គ្រប់គ្រងព្រះរាជវង្ស និងរាជបល្ល័ង្គ ដោយចៀសមិនរួច។ ក៏ប៉ុន្តែ ទីបំផុត រដ្ឋាភិបាលជប៉ុន មិនបានជ្រើសរើសយកវិធីនេះទេ។ រដ្ឋាភិបាលលោក ស៊ិន ហ្សូអាបេ បានសុខចិត្ត ធ្វើច្បាប់ពិសេសមួយបន្ថែមទៅវិញ ដើម្បីរៀបចំនីតិវិធីដាក់រាជសម្បតិ្តនេះ។ ត្រង់ចំណុចនេះ គឺរដ្ឋាភិបាលជប៉ុន បានបដិសេធ មិនបានគោរពទៅតាមការចង់បាន របស់ព្រះចៅអធិរាជអាគីហ៊ីតូ ឡើយ។
បើតាមការពន្យល់ខ្លះៗ ពីលោក ម៉ូតូស៊ូគូ អាកាហ្ស៊ី ខាងលើ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានជ្រើសយកជំរើសនេះ ក៏ដោយសារតែ រដ្ឋាភិបាលជប៉ុន មិនចង់សើររើអត្ថបទច្បាប់ដែលគ្រប់គ្រងរាជបល្ល័ង្ក និងគ្រួសារព្រះរាជវង្សទេ។ បើធ្វើការកែប្រែ លើមាត្រាខ្លះ វានឹងរុញច្រាន ឲ្យពាក់ព័ន្ធដល់មាត្រា ដ៏ទៃ ដែលបង្ករឲ្យមានភាពចាក់ស្រេស ជាពិសេស ដល់នីតិវិធីនៃការតែងតាំងអ្នកស្នងរាជជាដើម។ ហើយមួយវិញទៀត បើកែប្រែច្បាប់គ្រប់គ្រងរាជបល្ល័ង្ក វានឹងចំណាយពេលយូរអង្វែង ហើយអាចប៉ះពាល់ ធ្វើឲ្យខកខានផែនការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលលោកស៊ិនហ្សូ អាបេ ប្រាថ្នាសម្រេចឲ្យបានក្នុងឆ្នាំនេះ។
ព្រះចៅអាគីហ៊ីតូ ជាអ្នកប្រឆាំងដោយសំងាត់ ទៅនឹងលោក ស៊ិនហ្សូ អាបេ
ជាការពិត បើពិនិត្យវិភាគ ឲ្យមែនទែនទៅ ព្រះចៅអធិរាជអាគីហ៊ីតូ ប្រាកដជាមានហេតុផលផ្សេង នៅពីក្រោយការដាក់រាជសម្បតិ្តនេះ។ គួររំលឹកថា ព្រះរាជវង្សជប៉ុន ក្រោយសង្រ្គាមលោកលើកទីពីរ ត្រូវបានចាត់ទុកឲ្យនៅត្រឹម តែជានិម្មិតរូបតំណាង ការបង្រួបបង្រួមជាតិជប៉ុនតែប៉ុណ្ណោះ។ ព្រះចៅអធិរាជ ពុំមានសិទ្ធិអំណាចអ្វីទាំងអស់ កុំថាឡើយ ដល់ទៅសិទ្ធិបញ្ចេញមតិយោបល់ ក្នុងន័យនយោបាយ សូម្បីតែសិទ្ធិដាក់រាជសម្បត្តិ ក៏ព្រះអង្គពុំមានផងទេ។
កន្លងមកគេបានសង្កេតឃើញថា ព្រះចៅអាគីហ៊ីតូ បានអត់ទ្រាំខាំមាត់សង្កត់ចិត្ត មិនដែលមានព្រះរាជឱង្ការ ទាក់ទិននឹងបញ្ហានយោបាយទេ។ ក៏ប៉ុន្តែ មួយរយៈចុងក្រោយនេះ ព្រះចៅអាគីហ៊ីតូ ហាក់បានព្យាយាម សកសៀតពាក្យសម្តីខ្លះ ក្នុងសន្ទរកថារបស់ព្រះអង្គ ដើម្បីដាស់តឿន រដ្ឋាភិបាលអភិរក្សនិយម របស់លោក ស៊ិនហ្សូ អាបេ ដែលមានបំណង ចង់កែប្រែរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន។
ព្រះចៅអធិរាជជប៉ុន បានថ្លែងកន្លងមកថា សូមប្រជាជាតិជប៉ុនកុំភ្លេចអតីតកាល ពីមហិច្ឆិតាយោធានៃចក្រព័ត្រជប៉ុនឲ្យសោះ។ ជប៉ុនត្រូវយកមេរៀនប្រវត្តិសាស្ត្រ មកដាក់ខាងមុខ ដើម្បីកុំឲ្យដើរជាន់ដានចាស់តទៅទៀត។ ក្នុងន័យនេះ ព្រះចៅអាគីហ៊ីតូ បានសំដៅដោយចំ ទៅលើគំរោងចង់បង្កើតកងទ័ព ដែលរដ្ឋាភិបាលលោក អាបេ ចង់ធ្វើនោះ។ គ្រប់គ្នាបានសង្កេតឃើញថា ព្រះចៅអធិរាជ អាគីហ៊ីតូ បានប្រឆាំងដោយប្រយោល ទៅនឹងគំរោងរបស់លោក ស៊ិនហ្សូ អាបេនេះ។ បើព្រះអង្គចុះចេញពីរាជបល្ល័ង្ក នោះព្រះអង្គ អាចនឹងមានលទ្ធភាព និយាយប្រឆាំង បានច្រើនជាងនេះទៅទៀត។
បង្កើតជាសំណួរ ដើម្បីឈានទៅធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងរាជបល្ល័ង្ក
ម្យ៉ាងវិញទៀត ការដាក់រាជ ដែលពុំធ្លាប់មានបែបនេះ ក្នុងរយៈពេលជាង២០០ឆ្នាំចុងក្រោយនេះ គឺ ព្រះចៅអាគីហ៊ីតូ ចង់បិទបញ្ចប់ទ្រឹស្តី ដែលតែងតែលើកឡើងថា ព្រះចៅអធិរាជ គឺជាអទិទេព គ្រងរាជអស់មួយជីវិត។ ក្នុងន័យនេះ ព្រះចៅអាគីហ៊ីតូ ដែលប្រជាជនជប៉ុនគោរពស្រលាញ់បំផុតនោះ ចង់បង្ហាញថា ព្រះអង្គគឺជាមនុស្សធម្មតា ហើយព្រះអង្គចង់ ឲ្យមានការផ្លាស់ប្តូរខ្លះ នៅក្នុងការគ្រប់គ្រងគ្រួសារព្រះរាជវង្សជប៉ុន ដើម្បីបត់បែន ឲ្យទាន់សម័យកាលបច្ចុប្បន្ន។ ជប៉ុនមិនមែនជាអាណាចក្រ ដូចក្នុងសម័យព្រចៅអធិរាជមុយជី ទៀតឡើយ។
តាមរយៈការសម្រេចចុះពីរាជបល្ល័ង្ក ព្រះចៅអធិរាជជប៉ុន សង្ឃឹមថាអាចនឹងធ្វើឲ្យមានចរន្តថ្មី ដែលគិតគូរ ដល់ការធ្វើកំណែទំរង់ ច្បាប់គ្រប់គ្រងរាជបល្ល័ង្កទាំងមូលតែម្តង។ តួយ៉ាងដូចជាការសើររើ នូវនីតិវិធី ជ្រើសរើសរាជទាយាទជាដើម។ ព្រះរាជវង្សជប៉ុន គ្រប់គ្រងដោយច្បាប់ ដែលមានលក្ខណៈរើសអើសបំផុត ចំពោះមនុស្សស្រី។ អ្នកស្នងរាជ ត្រូវតែជាបុត្រប្រុស រឺជាបងប្អូនបង្កើតភេទប្រុស របស់ព្រចៅអធិរាជ។ បច្ចុប្បន្ននេះ ព្រះចៅអាគីហ៊ីតូ មានបុត្រាតែម្នាក់គត់គឺ ព្រះអង្គ ណារូហ៊ីតូ ដែលនឹងត្រូវឡើងសោយរាជ្យ។ ក៏ប៉ុន្តែ ព្រះអង្គម្ចាស់ ណារូហ៊ីរូ មានបុត្រីតែមួយអង្គគត់។ ដូច្នេះ តើអ្នកណានឹងត្រូវឡើងសោយរាជសម្បតិ្តបន្ត? ចំណុចទាំងនេះ ហើយអាចចោទជាគំនិត ដើម្បីរៀបចំសើររើ ឲ្យមនុស្សស្រីអាចឡើងគ្រងរាជបាន។ តាមពិតទៅក្នុងប្រវត្តិសាស្ត្រជប៉ុន ក៏ធ្លាប់មានព្រចៅអធិរាជជាស្រីដែរ។ បន្ថែមពីនេះទៀត គេអាចពិចារណា បើកពង្រីកផ្លូវ ឲ្យបងប្អូនជីដូនមួយ អាចឡើងគ្រងរាជក៏បាន។
រដ្ឋាភិបាលអភិរក្សនិយមបច្ចុប្បន្ន មិនចង់ប៉ះពាល់ដល់ប្រពៃណីចាស់បុរាណនេះ នៅក្នុងពេលនេះ នៅឡើយទេ ។ បើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានជប៉ុន នៅក្នុងគំរោងច្បាប់ពិសេស ស្តីពីការដាក់រាជសម្បតិ្ត គឺពុំមានកំណត់ពីការកែប្រែមាត្រាច្បាប់ នៃក្រមរាជវង្សឡើយ។ តែយ៉ាងណា ជម្រើសរបស់រដ្ឋាភិបាលជប៉ុន គឺវាគ្រាន់តែជាការពន្យាពេលមួយរយៈប៉ុណ្ណោះ។ ចង់មិនចង់ រាជវង្សជប៉ុន បានដើរដល់ដំណាក់កាលមួយ ដែលត្រូវតែធ្វើកំណែទម្រង់ជាចាំបាច់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ