អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការដោះដូរ​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក កំពុង​ជួប​ភយន្តរាយ ​ដោយសារ​ដូណាល់ ត្រាំ

សំឡេង ០៦:០៤
បាតុកម្ម​ប្រ​ឆាំង​នឹង​​លោក​​ដូណាល់​ត្រាំ​ នៅLos Angeles
បាតុកម្ម​ប្រ​ឆាំង​នឹង​​លោក​​ដូណាល់​ត្រាំ​ នៅLos Angeles Reuters
ដោយ៖ ម៉ម ពិសី

ក្រោយ​ពេល​លោក​ដូណាល់ ត្រាំ ​បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​ការ​ព្រួយ​បារម្ភ​ជាច្រើន ​ កំពុង​កើត​មាន​ឡើង​ ទាក់ទិន​ទៅ​នឹង​កិច្ច​ព្រមព្រៀង​នានា​ស្តី​ពី​ការ​ដោះដូរ ​ពាណិជ្ជកម្ម​សេរី ​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត។ ក្រុម​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​ប៉ាស៊ីហ្វិក​ កំពុង​តែ​ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​លីម៉ា ​ប្រទេស​ប៉េរូ ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​ ១៧ ​វិច្ឆិកា​នេះ។ កម្មវត្ថុ​ចំបង​នៃ​កិច្ចប្រជុំ​នេះ ​ គឺ​ពិភាក្សាគ្នា​ស្តី​ពី​អាយុ​ជីវិត​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក​ ដែល​គេ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១៥ ​ ហើយ​ដែល​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​ផ្តល់​សច្ចាប័ន​នៅឡើយ។ ​លោក​ដូណាល់ ត្រាំ ​ធ្លាប់​បាន​គំរាម​ថា ​លោក​នឹង​ហែក​កិច្ច​ព្រមព្រៀង​នេះ​ចោល។

ផ្សាយពាណិជ្ជកម្ម

វាសនាTPP​ ស្ថិត​ក្នុង​កណ្តាប់ដៃ​ ដូណាល់ត្រាំ៖

អ្វីៗ​អាច​ទៅ​រួច​ទាំងអស់។ គ្មាន​នរណា ​អាច​ស្មាន​ចិត្ត​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​បាន​ទេ។ ជំនួប​កំពូល​បណ្តា​ប្រទេស​ទាំង​២១​នៃ​តំបន់​ប៉ាស៊ីហ្វិក ​ដែល​កំពុង​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ ​ចាប់​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​១៧ វិច្ឆិកា​ នេះ​ទៅ​ នៅ​ទីក្រុង​លីម៉ា ​គឺ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ។ ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង​២១​ នៃ​អង្គការ​នេះ ​គឺ​មាន​ប្រទេស​ធំៗ ​ដូច​ជា​ចិន ​ជប៉ុន​ រុស្ស៊ី ​និង​អូស្ត្រាលី​ជាដើម។ មេដឹកនាំ​នៃ​ប្រទេស​ធំៗ​ទាំងនេះ ​ សុទ្ធតែ​មាន​មុខ​ក្នុង​ជំនួប​កំពូល​នេះ។

ដូចយើង​ដឹង​ហើយ ​លោក​ដូណាល់ ត្រាំ​ មិនមែន​គំរាម​លប់​ចោល ​តែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក​នេះ​មួយ​ទេ ​លោក​ត្រាំ​គំរាម​លុប​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​មិចស៊ិចកូ ​និង​កាណាដា ​ដែល​ហៅ​កាត់​ថា ​Alena​ ទៀត។ ហើយ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ ​ក៏​លោកត្រាំ​គំរាម​ថានឹង​ហែក​ចោល​ដែរ។

ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក ​ដែល​ហៅ​កាត់​ថា ​TPP ​នេះ ​មាន​ប្រទេស​ហត្ថលេខី​ចំនួន​១២ ​ ក្នុងនោះ​មាន​ អូស្ត្រាលី ​ប្រ៊ុយណេ ​កាណាដា ​ឈីលី ​ជប៉ុន ​ម៉ាឡេស៊ី ​មិកស៊ិចកូ ​ញូហ្សឺលែន ​ប៉េរូ ​សិង្ហបុរី​ សហរដ្ឋ​អាមេរិក ​ និង​វៀតណាម។​ ប្រទេស​ទាំង​១២​ បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០១៥ ​ តែ​កិច្ច​ព្រមព្រៀង​នេះ ​ នៅ​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​ដោយ​សភា​ទាំង​ពីរ​របស់​អាមេរិក​ទេ។ រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​ធ្វើការ​ប្រគល់​កិច្ចការ​នេះ ​ទៅ​ឲ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដូណាល់ ត្រាំ​ជា​អ្នក​ចាត់ចែង។

ដូច្នេះ ​វាសនា​របស់​កិច្ច​ព្រមព្រៀង​នេះ ​នឹង​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​លោក​ដូណាល់ ត្រាំ។ យ៉ាងណា​មិញ​ លោក Eduardo Pedrosa  ​អគ្គលេខាធិការ​ នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ APEC​បាន​ថ្លែង​ថា ​តំបន់​ទាំង​សងខាង​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​ចង់​ឃើញ​ជំនួប​កំពូល​នៃ​អង្គការ​នេះ ​ ប្រកាស​ជំហរ​រឹង​ប៉ឹង​មួយ​ក្នុង​ពេល​នេះ ​ដើម្បី​ការពារ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ​ កុំឲ្យ​លោក​ដូណាល់​ត្រាំ ​បំផ្លាញ​វា​បាន។

ដោយឡែក ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ​ស៊ិនហ្សូ​ អាបេ ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ដូណាល់ ត្រាំ​ដោយ​ផ្ទាល់​នៅ​ទីក្រុង​ញូយ៉ក ​នៅ​ល្ងាច​នេះ​តែម្តង ​ដើម្បី​និយាយ​គ្នា​ពី​ចំណង​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​និង​ពីសម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ។ ក្នុង​នោះ​គេ​ជឿថា​ លោក​ស៊ិនហ្សូ អាបេ ​ប្រាដក​ជា​ចង់​ស្ទង់​ចិត្ត​លោក​ដូណាល់​ ត្រាំ ​ទាក់ទិន​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អន្តរប៉ាស៊ីហ្វិក​ នេះ។

នយោបាយ​បិទទ្វារ​សេដ្ឋកិច្ច​ នឹង​ធ្វើឲ្យ​សហរដ្ឋ​អាមេរិក​ខាតធ្ងន់៖
អាមេរិក​នឹង​ខាត ​ច្រើន​ជាង​ចំណេញ។ អ្នក​វិភាគ​សេដ្ឋកិច្ច​ជាច្រើន​នាក់ ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ ​ នៅ​ពេល​ដែល​គេ​បាន​ឮ​លោក​ដូណាល់ត្រាំ ​ប្រកាស​ពី​កម្មវិធី​នយោបាយ​របស់​គាត់។ ជារួម​លោក​ដូណាល់ត្រាំ ​ មាន​ទស្សនវិស័យ​ ដែល​ចង់​បិទទ្វារ​សហរដ្ឋ​អាមេរិក​ មិន​ថា​តែ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ទេ ​ គឺគ្រប់​វិស័យ​ទាំងអស់ ​រាប់​ទាំង​ព្រំដែន ​រឺ​បញ្ហា​ជន​អន្តោប្រវេសន៍​ជាដើម។ ពោល​គឺហាក់​ដូច​ជា​គាត់​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក ​ដើរ​ថយ​ក្រោយ​ ត្រលប់​ទៅ​អតីតកាល ​ដែល​ប្រទេស​នីមួយៗ​ធ្វើ​សង្រ្គាម​ដាក់​គ្នា ​ ការពារ​ប្រយោជន៍​រៀងៗ​ខ្លួន។

ការ​លប់​ចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ទទួល​ផល​វិបាល ​ដោយ​ការ​បិទទ្វារ​ខ្ទប់​នៅ​តែ​ម្នាក់​ឯង។ សម័យ​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម ​ការ​ដោះដូរ​ និង​ចរាចរណ៍​ទំនិញ​ទូទាំង​ពិភពលោក  ​បាន​ជួយ​ជម្រុញ​ឲ្យ​មាន​ការ​ចែក​រំលែក ​ភាព​មាន​បាន ​ ការ​ជឿនលឿន​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ​ផ្សេង​ទៀត។ អាមេរិក​ខ្លួនឯង​ ​ក៏បាន​ទទួល​ផល​ចំណេញ​ពី​សេដ្ឋកិច្ច​ទីផ្សារ​សេរី​នេះ​ដែរ។ អ្វីដែល​លោក​ដូណាល់ត្រាំ ​ប្រកាស​ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​បាត់បង់​ការងារ ​វា​អាច​ត្រូវ​ខ្លះ ​តែ​មិនមែន​មាន​ន័យ​ថា ​អាមេរិក​មិន​ចំណេញ​ក្នុង​វិស័យ​ផ្សេង​ទេ។

ទស្សនវិស័យ​បិទទ្វារ​សេដ្ឋកិច្ច​របស់​លោក​ដូណាល់ត្រាំ ​និង​ធ្វើ​ឲ្យ​រញ្ជួយ​ទីផ្សារ​ហិរញ្ញាវត្ថុ ​និង​ពាណិជ្ជកម្ម​ របស់​អាមេរិក។ ចរន្ត​សេដ្ឋកិច្ច​នៅ​តំបន់​ទាំង​សងខាង​ប៉ាស៊ីហ្វិក ​មាន​ទំហំ​ប្រមាណ​ជា​៦០% ​ នៃ​សេដ្ឋកិច្ច​សកល ​ហើយ​ប្រជាជន​មាន​ប្រមាណ​៤០%​ នៃ​ពិភពលោក។ ហែក​ចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក ​គឺ​មិន​ខុស​ពី​ផ្កាប់​ឆ្នាំង​បាយ​ខ្លួន​ឯង​ទេ។

អ្នកវិភាគ​ខ្លះ ​យល់ថា ​លោក​ដូណាល់ត្រាំ ​ប្រកាស​លប់​ចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ ​គឺ​គាត់​អាច​គ្រាន់​តែ​គំរាម ​ ដើម្បី​បាន​ចរចា​ឡើងវិញ ​ ហើយ​ទាមទារ​លក្ខខណ្ឌ​ថ្មី​ ដែល​អាមេរិក​អាច​ចំណេញ​ជាងមុន។ ក៏​អាច​ត្រូវ ​ តែ​កុំភ្លេច​ថា ​បើ​ចរចា​ឡើងវិញ​ ប្រទេស​ផ្សេង​ទៀត ​ដូច​កាណាដា ​ដូច​អូស្ត្រាលី ​រឺ​ជប៉ុន​ ក៏​គេ​អាច​ទាមទារ​លក្ខខណ្ឌ​ដែល​ចំណេញ​សម្រាប់​ប្រទេស​គេ​ដែរ។

ចិន ​ផ្អែម​មាត់៖

លោក ស៊ិនហ្សូ អាបេ ចាប់​ដៃ​​ជាមួយ​​លោកស៊ី ជីនពីង​​ ក្នុង​​​ឱកាស​​​ជំនួប​​​កំពូល​​APEC 2015
លោក ស៊ិនហ្សូ អាបេ ចាប់​ដៃ​​ជាមួយ​​លោកស៊ី ជីនពីង​​ ក្នុង​​​ឱកាស​​​ជំនួប​​​កំពូល​​APEC 2015 Reuters

មួយរយៈ​ពេល​ចុង​ក្រោយនេះ ​ចិន​ហាក់​ចេញ​មុខ​ក្តោប​ក្តាប់​សេដ្ឋកិច្ច​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​កាន់តែ​ខ្លាំង​ឡើង។ បើ​រដ្ឋាភិបាល​លោក​ដូណាល់ត្រាំ​ចង់​បិទ​ទ្វារ​សេដ្ឋកិច្ច​របស់​អាមេរិក ​ គឺ​មិន​ខុស​ពី​ដកថយ ​ហើយ​ទុក​សមរភូមិ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ​ ឲ្យ​ចិន​គ្រប់គ្រង​តែ​ម្នាក់ឯង​ទេ។ អ្នក​ដែល​កំពុង​បោសដៃ ​និង​លិឍ​មាត់​នា​ពេល​នេះ ​ គឺគ្មាន​នរណា​ក្រៅ​ពី​ចិន​ទេ។ ចិន​មិនមែន​ជា​ប្រទេស​ហត្ថលេខី ​ នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក​នេះ​ទេ។ តែ​ចិន​ជា​សមាជិក ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហិ្វក​នេះ។ បើ​ក្នុង​ករណី​អាមេរិក​ លប់​ចោល​កិច្ច​ព្រមព្រៀង​នេះ​មែន ​ មាន​ន័យ​ថា​បរិបទ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក ​និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ប្រាកដ​ជា​ត្រូវ​ផ្លាស់ប្តូរ។ អាមេរិក ​និង​លែង​​ជាមេ​ធំ​ទៀត​ហើយ ​ ហើយ​អ្នក​ដែល​ឆក់​ឱកាស​នេះ​គឺ​ចិន។

បើគ្មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ​ចិន​ប្រាកដ​ជា​ស្នើ​កិច្ច​ព្រមព្រៀង​ថ្មី​ ​ដែល​ខ្លួន​ជា​អ្នក​ដឹក​នាំចរចា។ តាម​ការ​សង្ស័យ ​ចិន​មាន​ផែនការ​ពីរ​ ទីមួយ​គឺ​ចិន​ចង់​ស្នើ​ឲ្យ​មាន​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ថ្មី ​ហៅកាត់​ថា​ FTAAP ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ​ទាំង​២១។ ផែនការ​ទីពីរ ​គឺ​ចិន​ អាច​ស្នើឲ្យ​មាន​កិច្ច​ព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​ រវាង​ចិន ​ និង​សហគម​អាស៊ាន  ​និង​អូស្ត្រាលី ​ហៅកាត់​ថា​ RCEP​ ដោយ​ក្នុង​នោះ ​ចិន​អត់​រាប់​អាមេរិក​ចូល​ទេ។

តែ​យ៉ាងណាក៏​ដោយ ​ យើង​សួរ​ថា​តើ​ ជប៉ុន ​ និង​កូរ៉េ​ខាងត្បូង​ សុខចិត្ត​ឲ្យ​ចិន​ដើរ​តួឯក​តែ​ម្នាក់​ឯងទេ?​ ត្រង់​នេះ ​ គឺ​ជា​ឧបសគ្គ​សម្រាប់​ចិន ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ រវាង​ ចិន ​ ជប៉ុន ​ កូរ៉េ​ខាងត្បូង ​គឺ​ពុំដែល​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ ​អញ្ចឹង​គេ​ជឿ​ថា​ ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំង​ពីរ​ទៀត​ នឹង​មិន​សុខចិត្ត​ឲ្យ​ចិន​ធ្វើ​កិច្ច​ការ​នេះ ​តែ​ម្នាក់​ឯង​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ