អានតួអត្ថបទ
រ៉ូហ៊ីងយ៉ា

តុលាការព្រហ្មទណ្ឌ​អន្តរជាតិ បើក​ការត្រួតពិនិត្យ​បឋម​លើ​​បណ្តឹង​​​សំណុំរឿង​​រ៉ូហ៊ីងយ៉ា

ស្នាក់ការតុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ទី​ក្រុងឡាអេ ប្រទេស​ហូឡង់
ស្នាក់ការតុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ទី​ក្រុងឡាអេ ប្រទេស​ហូឡង់ AFP
ដោយ៖ ម៉ម ពិសី
១៦ នាទី

រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអង្គារ ទី១៨កញ្ញានេះថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ទើបតែបានបើកការត្រួតពិនិត្យបឋម លើសំណុំឯកសារពាក្យប្តឹង ស្តីពីការកាប់សម្លាប់ ទៅលើប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា នៅភូមា។ នេះគឺជាការត្រួតពិនិត្យបឋម មុននឹងឈានចូលដល់ការស៊ើបអង្កេតផ្លូវការ ដើម្បីស្វែងរកថាតើ សកម្មភាពរបស់កងទ័ពភូមា ពិតជាសកម្មភាពឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែរ ឬទេ?

ផ្សាយពាណិជ្ជកម្ម

លោកស្រី Fatou Bensouda រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ទីក្រុងឡាអេ បានបញ្ជាក់ឲ្យដឹង តាមរយៈលិខិតប្រកាសមួយ ថាការិយាល័យ​ការងាររបស់លោកស្រី បានចាប់ផ្តើមធ្វើការពិនិត្យបឋម លើសំណុំឯកសារ ក្នុងពាក្យបណ្តឹង​ស្តីពីសកម្មភាពកាប់សម្លាប់ ទៅលើប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។ នេះគឺជាជំហានដំបូង មុននឹងឈានទៅដល់ការចោទប្រកាន់ និងមានបើកការស៊ើបអង្កេតជាផ្លូវការ។

សូមរំលឹកថា កាលពី២សប្តាហ៍មុន តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានប្រកាសទទួលស្គាល់យុត្តាធិការរបស់ខ្លួន ក្នុងការស៊ើបអង្កេត និងជំនំជំរះ លើសំណុំ​រឿង​រ៉ូហ៊ីងយ៉ា។ ការប្រកាសទទួលស្គាល់​យុត្តាធិការនេះ គឺក្រោយពេលដែលក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បានរៀបចំផ្ញើរពាក្យ​​បណ្តឹង​​​មួយ មកកាន់តុលាការអន្តរជាតិនេះ ដោយក្នុងនោះឈ្មោះមេទ័ពធំៗ របស់ភូមា ត្រូវគេកត់ត្រាទុកថាជាអ្នកទទួលខុសត្រូវលើសកម្មភាពឧក្រិដ្ឋ។ ដោយឡែក រដ្ឋាភិបាលភូមា បានប្រកាសទាត់ចោល មិនទទួលស្គាល់អំណាចយុត្តាធិការរបស់តុលាការក្រុងឡាអេ​ទេ​ ហើយបានប្រកាសថា ភូមានឹងបើកការស៊ើបអង្កេត ស្វែងរកការពិត ដោយខ្លួនឯង។

បើតាមការបញ្ជាក់ របស់លោកស្រីរដ្ឋអាជ្ញានៅតុលាការក្រុងឡាអេ គឺការត្រួតពិនិត្យ​បឋម​នេះ នឹងត្រូវធ្វើឡើង ដើម្បីស្វែងយល់ ពីសកម្មភាពមួយចំនួនរបស់អាជ្ញាធរភូមា ដែលគេសង្ស័យថា ជាសកម្មភាពរៀបចំទុក ក្នុងគោលបំណង បង្កឲ្យបានការជម្លៀសប្រជាជនរ៉ូហ៊ីងយ៉ា ដូចជា ការដកហូតសិទ្ធិជាមូលដ្ឋាន អំពើឃាតកម្ម ការរំលោភបំពានផ្លូវភេទ ការបង្ខំឲ្យរត់គេចខ្លួន ព្រមទាំងសកម្មភាពបំផ្លិចបំផ្លាចផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាដើម។

ក្រៅពីនេះរដ្ឋអាជ្ញាតុលាការក្រុងឡាអេ នឹងព្យាយាមស្វែងយល់ និងកំណត់អំពីសកម្មភាពឧក្រិដ្ឋផ្សេងទៀត ដែលអាចមាន ដោយផ្អែកទៅលើមាត្រា៧ នៃលក្ខខន្តិកៈទីក្រុងរ៉ូម ដូចជាការធ្វើទុកបុកម្នេញ សកម្មភាពព្រៃផ្សៃអមនុស្សធម៌ និងទារុណកម្ម ជាដើម។

អង្គការ Amnesty International បានថ្លែងអបអរចំពោះការចាប់ផ្តើម ធ្វើការត្រួវពិនិត្យ និង​ឈាន​ទៅបើកការស៊ើបអង្កេតនេះ ព្រោះវាគឺជាផ្លូវដើម្បីឈានទៅស្វែងរកយុត្តិធម៌ ឲ្យប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។ គួររំលឹកថា នៅរវាង៤ខែចុងឆ្នាំ ២០១៧ មានប្រជាជន​រ៉ូហ៊ីងយ៉ា​ នៅរដ្ឋរ៉ាឃីន ភាគខាងលិចភូមា ប្រមាណ៧សែននាក់ បានបង្ខំចិត្តរត់ភៀសខ្លួនទៅបង់ក្លាដេស ដើម្បីគេចចេញពីសកម្មភាពកាប់សម្លាប់ ដុតផ្ទះសំបែងភូមិស្រុក បង្កឡើងដោយកងទ័ពភូមា។ រហូតមកត្រឹមពេលនេះ រដ្ឋាភិបាលភូមា មិនដែលទទួលស្គាល់ ពីការចោទប្រកាន់ទាំងនេះទេ ដោយលើកឡើងថា ប្រតិបត្តិការរបស់កងទ័ពនិងនគរបាល​​ភូមា គឺជាប្រតិបត្តិការបង្រ្កាបក្រុមភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ