ថៃ៖ ការបោះឆ្នោតមាន​ភាព​រលូន និង​សប្បាយ​រីករាយ

ស្ត្រីម្នាក់​​កំពុងគូសន្លឹកឆ្នោត​ នៅ​ការិយាល័យ​មួយ នៅក្រុងបាងកក ថ្ងៃទី​២៤មីនា ២០១៩​
ស្ត្រីម្នាក់​​កំពុងគូសន្លឹកឆ្នោត​ នៅ​ការិយាល័យ​មួយ នៅក្រុងបាងកក ថ្ងៃទី​២៤មីនា ២០១៩​ REUTERS/Athit Perawongmetha

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសថៃ បានបិទទ្វារនៅវេលាម៉ោង៥ល្ងាច​ ហើយការរាប់សន្លឹកឆ្នោត ក៏បានចាប់ផ្តើម ជាបណ្តើៗ ហើយដែរ។ ការបោះឆ្នោតសភាថៃ នៅថ្ងៃទី​២៤មីនានេះ​ បើតាមការសង្កេតទូទៅ គឺមានភាពរលូន ប្រក្រតី ដោយប្រជាជនថៃ បានចូលរួមអនុវត្តសិទ្ធិរបស់​ខ្លួន ក្នុងទឹកចិត្តសប្បាយរីករាយ។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃអាទិត្យ ទី២៤មីនា ម៉ោង៨ព្រឹក សម្លេងភ្លេងជាតិថៃ បានបន្លឺតាមឧឃោសនសព្ទ ជាសញ្ញាប្រកាសបើកទ្វារជាផ្លូវការ នូវការិយាល័យបោះឆ្នោត ទូទាំងប្រទេសថៃ ដែលមានចំនួនសរុប ៩២៣២០ការិយាល័យ។ នេះគឺជាការបោះឆ្នោតលើកទីមួយហើយ បន្ទាប់ពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤។

ប្រមាណ៥ឆ្នាំមកនេះ ប្រជាជនថៃ ហាក់មានចិត្តស្រេកឃ្លាន ចង់សម្តែងសិទ្ធិ ចង់បញ្ចេញមតិ ក្នុងការជ្រើសរើសមេដឹកនាំ និងរដ្ឋាភិបាលថ្មី។ ចិត្តត្រេកត្រអាលនេះ គឺគេអាចសង្កេតឃើញបាន តាមរយៈបរិយាកាសទូទៅ ដែលបង្ហាញពីភាពសប្បាយរីករាយ ប្រកបដោយស្នាមញញឹមរបស់ប្រជាជន ដែលនាំគ្នាទៅឈរតកន្ទុយគ្នា រងចាំចូលបោះឆ្នោត។

ប្រជាជនថៃមានសិទ្ធិឆ្នោត សរុបប្រមាណ៥១លាននាក់ ត្រូវទៅបញ្ចេញមតិ ជ្រើសរើសតំណាងរាស្ត្រ ដែលមកពីប្រមាណ​​៣២គណបក្សនយោបាយ។ បើតាមការរំពឹងទុក ចំនួនអ្នកចូលរួមបោះឆ្នោតសរុប នៅថ្ងៃនេះ អាចនឹងលើស៨០%។ ទោះបីមានអ្នកចូលរួមទៅបោះឆ្នោត ច្រើនដូចនេះក្តី តែអ្វីៗបានប្រព្រឹត្តិទៅតាមសម្រួល ដោយគ្មានការប៉ះទង្គិចណាមួយ គួរឲ្យបារម្ភទេ។ ផ្នែកសម្ភារៈ និងបច្ចេកទេស ក៏ពុំមានបញ្ហាអ្វី គួរឲ្យកត់សម្គាល់ដែរ។ នេះបើតាមការអះអាង របស់មន្ត្រីទទួលបន្ទុកការិយាល័យបោះឆ្នោតមួយកន្លែង ប្រាប់អ្នកយកព័ត៌មានបារាំងAFP។

លោក Wasa Anupant គ្រូពេទ្យវ័យ២៨ម្នាក់ បាននិយាយប្រាប់អ្នកយកព័ត៌មានយើងថា ៥ឆ្នាំមកនេះ ប្រជាជនថៃ ពុំមានសិទ្ធិសម្រេចអ្វី ដោយខ្លួនឯងទេ។ ដូច្នេះ ការបោះឆ្នោតនៅថ្ងៃនេះ មានសារៈសំខាន់ណាស់ សម្រាប់អនាគតរបស់ប្រទេសជាតិ។ ចំណែក លោក Pattrapong Waschiyapong បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង នៅក្រុងបាងកក បានលើកឡើងថា លោកចង់ឃើញប្រទេសថៃ វិលត្រលប់មកប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យរឹងមាំ ហើយលោកចង់ឲ្យគម្លាតគ្នា រវាងអ្នកមាននិងអ្នកក្រ ត្រូវចុះថយឲ្យ​បានច្រើន។

គួរកត់សំគាល់ថា ក្នុងចំណោមប្រជាជនមានសិទ្ធិបោះឆ្នោតទាំង៥១នាក់ លើកនេះ គឺមានយ៉ាងហោចណាស់ ៧លាននាក់ ដែលជាអ្នកបោះឆ្នោតលើកទីមួយ ហើយដែលពួកគេជាយុវជនអាយុចន្លោះពី១៨ទៅ២៥ឆ្នាំ។ ភាពពុះកញ្ជ្រោល ចង់បានការផ្លាស់ប្តូរ និងបិទបញ្ចប់ការក្តោបក្តាប់អំណាច របស់ក្រុមយោធា ត្រូវបានគេសង្កេតឃើញថា គឺក្រុមយុវជនវ័យក្មេងថៃ ដែលមានចិត្តចង់បានបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI