ថៃ

អាជ្ញាធរ​ក្រុង​បាងកក​ ហាមឃាត់​លែង​ឲ្យមាន ​ការ​លក់ដូរ​អនាធិបតេយ្យ​តាម​ចិញ្ចើម​ផ្លូវ

វិថីខាវសាន កណ្តាល​ក្រុងបាងកក ដែលល្បីបំផុត​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ​ហើយដែលសំបូរ​ការលក់ដូរ​តាម​ចិញ្ចើម​ផ្លូវ
វិថីខាវសាន កណ្តាល​ក្រុងបាងកក ដែលល្បីបំផុត​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ​ហើយដែលសំបូរ​ការលក់ដូរ​តាម​ចិញ្ចើម​ផ្លូវ DR

អាជ្ញាធរ​ក្រុង​បាងកក ​ទើប​បាន​ប្រកាស ​នៅ​ថ្ងៃ​អង្គារ​ទី​ ១៨​មេសា​នេះ​ថា ​ចាប់​ពី​ពេល​នេះ​ទៅ ​ ការ​លក់ដូរ​អនាធិបតេយ្យ​នៅ​តាម​ចិញ្ចើម​ផ្លូវ​សំខាន់ៗ ​ក្នុង​ទីក្រុង​បាងកក ​នឹង​ត្រូវ​ហាមឃាត់។ ការ​ធ្វើ​ដូច​នេះ ​ គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ​ធានា​ឲ្យ​មាន​អនាម័យ ​ ព្រមទាំង​រំដោះ​ចិញ្ចើម​ផ្លូវ​ បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍។ នេះ​បើ​តាម​ការ​អះអាង​របស់​សាលា​ក្រុង​បាងកក។ តែ​យ៉ាង​ណា​ មតិ​រិះគន់ ​បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់ ​ដល់​វិស័យ​ទេសចរណ៍​ ដោយសារ​តែ​វិធានការ​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក ​វ៉ាន់លប់ ស៊ុវ៉ាន់ឌី ​ទីប្រឹក្សា​អភិបាល​ក្រុង​បាងកក​ បាន​បញ្ជាក់​ថា ​ការ​លក់ដូរ​ទាំង​អស់ ​មិន​ថា​ចំណី​អាហារ ​សំលៀកបំពាក់ ​ផលិតផល​ក្លែងក្លាយ ​ដែល​ដាក់តាំង​នៅ​តាម​តូប ​រឺ​កន្ទេល​នៅ​តាម​ចិញ្ចើម​វិថី​សំខាន់ៗ ​ក្នុង​ក្រុង​បាងកក ​នឹង​ត្រូវ​ហាមឃាត់ ​ចាប់​ពី​ពេល​នេះ​ទៅ។ មន្ត្រី​សាលាក្រុង​បាងកក​រូបនេះ ​បាន​លើកឡើង​បន្ថែម​ថា ​ការ​ហាមឃាត់​នេះ​ គឺ​ដោយយោង​ទៅ​លើ​កត្តា​ជាច្រើន ​ ដូចជា​កត្តា​អនាម័យ​ចំពោះ​ចំណី​អាហារ​ដែល​លក់​តាម​ចិញ្ចើម​ថ្នល់ ​កត្តា​សណ្តាប់​ធ្នាប់​សាធារណៈ ​ព្រម​ទាំង​ការ​ធ្វើ​ឲ្យ​កកស្ទះ​ចង្អៀត ​ចិញ្ចើម​ផ្លូវ​ ពិបាក​ដល់​អ្នក​ដំណើរ​ថ្មើរ​ជើង។

 
ខាង​អាជ្ញាធរ​ក្រុង​បាងកក​ បាន​បញ្ជាក់​ថា ​មាន​តូបលក់​ដូរ​ប្រមាណ​ជា​២ភាគ​៣ ​នៃ​តូបលក់​ដូរ​ទាំង​៣ម៉ឺន​កន្លែង ​ត្រូវ​បាន​គេ​ចុះ​ទៅ​រុះ​រើ​រួចរាល់​ហើយ។ សូម​បញ្ជាក់​ថា ​កាល​ពី​២ឆ្នាំ​មុន​នេះ ​សាលា​ក្រុង​បាងកក ​បាន​លើក​ឡើង​ថា​ មាន​តូបលក់​ដូរ​អនាធិបតេយ្យ ​ទាំង​អស់​ ចំនួន​២ម៉ឺន​តូប ​ដែល​បាន​ចុះ​បញ្ជីរ​ត្រឹមត្រូវ។ ក៏​ប៉ុន្តែ​បើ​តាម​ការ​ស្រង់​ស្ថិតិ ​កាល​ពីឆ្នាំ​២០០០​ តូបលក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្រុង​បាងកក​ មាន​ដល់​ទៅ​៤សែន​កន្លែង។

យ៉ាងណា​ក៏​ដោយ​ វិធានការ​ហាមឃាត់ ​និង​រុះរើ​តូប​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​នេះ ​មិន​ត្រូវ​បាន​គ្រប់គ្នា​អបអរ​សរសើរ​ទេ។ មន្ត្រី​ការិយាល័យ​ទេសចរណ៍​ក្រុង​បាងកក ​បាន​លើកឡើង ​អំពី​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍។ ជា​ការ​ពិត ​ការ​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់ ​គឺ​បង្ករ​ឲ្យ​មាន​ការ​ប៉ះពាល់​ខ្លះ​ ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ​ក៏​ប៉ុន្តែ​ភាព​អ៊ូអរ​ មនុស្ស​ម្នា ​ទិញ​ដូរ​​ ញ៉ាំ​ចំណី​តាម​ចិញ្ចើម​ផ្លូវ​នេះ​ហើយ ​ ដែល​ជា​មន្ត​ស្នេហ៍​ពិសេស​របស់​ទីក្រុង​បាងកក។ គឺ​ភាព​សាមញ្ញ​ទាំង​នេះ​ហើយ ​ ដែល​ធ្វើ​ឲ្យ​ទេសចរណ៍​បរទេស​ចូលចិត្ត​មក​កម្សាន្ត ​និង​ស្រលាញ់​ក្រុង​បាងកក។

សូម​បញ្ជាក់​ថា ​ទីក្រុង​បាងកក​ ដែល​មាន​មនុស្ស​រស់នៅ​កកកុញ​ប្រមាណ​ជា​១២​លាន​នាក់ ​មាន​ទាំង​អ្នកក្រ ​អ្នក​មាន​ជីវភាព​មធ្យម ​និង​អ្នក​មាន​មហា​សេដ្ឋី​កប់​ពពក។ សម្រាប់​ពួក​អ្នក​មាន​ថ្លៃថ្នូរ ​គេ​តែងតែ​ចង់​បាន​ទីក្រុង​ដែល​ស្អាត​ភ្លឹង​ ដោយ​យក​គំរូ​តាម​ទីក្រុង​សឹង្ហបុរី។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ ​គឺ​ការ​លក់ដូរ ​ញ៉ាំ​ម្ហូប​ចំណី​តាម​ចិញ្ចើម​ផ្លូវ​នេះ​ហើយ ​ដែល​ជា​ជីវភាព​សាមញ្ញ​របស់​ពួក​គេ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​គេ​អាច​សង្កេត​ឃើញ​ពី​គោល​នយោបាយ ​របស់​រដ្ឋាភិបាល​យោធា​ថៃ ​ដែល​មាន​បំណង​បោស​សំអាត ​ផាត់​ក្រេម​លាប​ម្សៅ ​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ល្អ​ឥតខ្ចោះ។ ការ​ហាមឃាត់​ការ​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់ ​ក៏​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​នេះ​ដែរ។​ តែ​ផ្ទុយ​ទៅ​វិញ ​នៅ​ទីក្រុង​ប៉ាតាយ៉ា​ឯណោះ ​បនស្រី​បេស្យា ​ការ​ជួញដូរ​គ្រឿងញៀន ​និង​អំពើ​អនាចារ​គ្រប់​ធន​ ត្រូវ​បាន​អាជ្ញាធរ​ថៃ ​បើក​ដៃ​ឲ្យ​ដំណើរ​ការ​យ៉ាង​ចំហរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI