អានតួអត្ថបទ
ថៃ

នគរបាលថៃ​រកឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ​នៅ​ភាគ​ខាង​ត្បូង

សមត្ថកិច្ចថៃកំពុងពិនិត្យ​កន្លែងផ្ទូះគ្រាប់ នៅខេត្ត​សូរ៉ាតថានី ថ្ងៃទី១២ សីហា​
សមត្ថកិច្ចថៃកំពុងពិនិត្យ​កន្លែងផ្ទូះគ្រាប់ នៅខេត្ត​សូរ៉ាតថានី ថ្ងៃទី១២ សីហា​ REUTERS/Reuters TV
ដោយ៖ ម៉ម ពិសី
1 នាទី

បន្ទាប់​ពីបាន​រង​នូវ​ការ​ដាក់​បំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​ នៅ​ខេត្ត​ហួហ៊ីន​ ប្រទេស​ថៃ​ ដែល​បាន​បណ្តាល​​ឲ្យ​ស្លាប់​មនុស្ស​២នាក់​នោះ ​នគរបាល​ថៃ​ទើបតែ​បាន​រកឃើញ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ ​ជាច្រើន​គ្រាប់​ផ្សេង​ទៀត ​ ដែល​គេ​ដាក់​ផ្លុង​ចោល​នៅ​តាម​ខេត្ត​ភាគ​ខាងត្បូង។ ដំណាក់កាល​នេះ ​ធ្វើ​ឲ្យ​នគរបាល​ថៃ ​ដាក់​ការ​សង្ស័យ​ថា ​ការ​ដាក់​បង្កៃ​បំផ្ទុះ​គ្រាប់បែក​ទាំងនេះ ​អាច​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​អ៊ីស្លាម​ផ្តាច់ខ្លួន​នៅ​ភាគ​ខាងត្បូង ​ ដែល​នេះ​គឺ​វា​ឃ្លាតឆ្ងាយ​ពី​ការ​សង្ស័យ​របស់​រដ្ឋាភិបាល ​ដែល​បាន​ចោទ​ទៅ​លើ​ក្រុម​អាវ​ក្រហម​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ។

ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃសៅរ៍​ ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​ យ៉ាង​ហោច​ណាស់​មាន​គ្រាប់បែក​ច្នៃ​ចំនួន​៥គ្រាប់  ​ដែល​នគរបាល​ថៃ​បាន​រកឃើញ ​ នៅតាម​ខេត្ត​ភាគ​ខាង​ត្បូង​ចំនួន​៣ ​ ​គឺ​ខេត្ត​ផាំងង៉ា ​ខេត្ត​ប្រាជួប​គីរីខណ្ឌ ​និង​កោះ​ភូកេត។ គ្រាប់បែក​ទាំង​នេះ​​ ត្រូវ​បាន​នគរបាល​បំផ្លាញ​ចោល ​ ហើយ​បើ​តាម​ការ​ពិនិត្យ​ពី​អ្នក​បចេ្ចកទេស  ​គឺវា​ជា​ប្រភេទ​គ្រាប់បែក​ច្នៃ​តែមួយ ​ ដូច​ទៅនឹង​គ្រាប់បែក​ដែល​បាន​ផ្ទុះ​នៅ​ហួហ៊ីន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​និង​ថ្ងៃ​សុក្រ​កន្លង​ទៅ។

នគរបាល​ថៃ ​បាន​ឈាន​ទៅ​រក​ឃើញ​នូវ​កាត​ស៊ីមSIM ​ដែល​ជន​ដៃដល់​បាន​ប្រើប្រាស់ ​ដើម្បី​បញ្ជា​បំផ្ទុះ​គ្រាប់បែក​  ហើយ​ដែល​កាត​ស៊ីម​នោះ​ ​គឺ​មាន​ប្រភព​ពី​ប្រទេស​ម៉ាឡេស៊ី  ​ដែល​នៅ​ជាប់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ជាមួយ​នឹង​ លទ្ធផល​ស៊ើបអង្កេត​ថ្មី​ទាំង​នេះ ​ ធ្វើឲ្យ​នគរបាល​ថៃ​ដាក់​ការ​សង្ស័យ​ទាំងស្រុង ​ថា​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​នេះ ​ គឺជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ផ្តាច់​ទឹកដី ​នៅ​ភាគ​ខាង​ត្បូង។

អ្នកនាំពាក្យ​នគរបាល​ថៃ​បាន​បញ្ជាក់​ថា  ​មេក្រុម​ឧទ្ទាម​អ៊ីស្លាម​ផ្តាច់​ទឹកដី ​កំពុង​សំងំ​លាក់ខ្លួន ​ ក្នុង​ទឹកដី​ម៉ាឡេស៊ី ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ  ​ហើយ​តែងតែ​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាង​ត្បូង​ថៃ ​ ក្នុង​តំបន់​ដែល​មាន​ទេសចរណ៍​បរទេស​ច្រើន។ ការ​ដាក់​ការ​សង្ស័យ​របស់​នគរបាល ​ទៅលើ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​បំបែក​ទឹកដី​បែបនេះ  ​គឺវា​ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល​យោធាថៃ​បាន​សង្ស័យ  ​ដែល​ភ្លាមៗ​ បាន​ចោទ​ប្រកាន់​ថា ​ក្រុម​អាវ​ក្រហម​របស់​លោក​ថាក់ស៊ីន ​ គឺជា​អ្នក​ធ្វើ​សកម្មភាព​វិទ្ធង្សនា ​នេះ។

សូម​បញ្ជាក់ថា ​ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ សីហា​មក ​ មាន​គ្រាប់បែក​ផ្ទុះ​ចំនួន​១១គ្រាប់ ​នៅ​តាម​ខេត្ត​នានា​នៅភាគ​ខាង​ត្បូង​ថៃ ​ ដែល​សុទ្ធតែ​ជា​ខេត្ត​ទេសចរណ៍​សមុទ្រ។ មាន​មនុស្ស​ស្លាប់​៤នាក់ ​និង​របួស​ជាច្រើន​នាក់ ​ ដែល​ក្នុងនោះ​មាន​អ្នក​ទេសចរណ៍​បរទេស​ចំនួន​១០នាក់​ផងដែរ។​ គ្រាប់បែក​៣គ្រាប់ ​បាន​ផ្ទុះ​ចុងក្រោយគេ​ នៅ​ខេត្ត​យ៉ាឡា ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ តែ​មិនបាន​បង្ករ​ឲ្យមាន​ជន​រងគ្រោះ​ទេ។

សូម​បញ្ជាក់​ផងដែរ​ថា ​នគរបាល​ថៃ ​បាន​ឃាត់​ខ្លួន​មនុស្ស​២នាក់ ​ ហើយ​កំពុង​ធ្វើការ​សាកសួរ ​ទាក់ទិន​នឹង​ការ​ផ្ទុះនៅ​ហួហ៊ីន។ ដោយឡែក​  អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ​បាន​ប្រកាស​នៅថ្ងៃ​ចន្ទ​នេះ​ថា​ យោធា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង​១០នាក់ ​ ហើយ​កំពុង​ឃុំខ្លួន​នៅ​បន្ទាយ​កងទ័ព។ ហើយ​បើតាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​ក្នុង​ស្រុក​ថៃ ​បានឲ្យដឹង​ថា​នគរបាល​បាន​ឃាត់ខ្លួន​មនុស្ស​ម្នាក់ ​នៅ​ខេត្ត​ណាខនស៊ីថាម៉ារ៉ាត ​ ហើយ​ដែល​ជននោះគឺ​ជា​សកម្មជន​ក្រុម​អាវ​ក្រហម​របស់​លោក​ថាក់ស៊ីន។ តែ​យ៉ាណាក៏​ដោយ ​នគរបាល​ថៃ​មិន​ទាន់​បាន​បញ្ជាក់ ​ថា​នេះ​ជា​ដំណឹង​ពិតទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ