ឆ្នាំ២០១៥វិនិយោគទុនបរទេសនៅថៃធ្លាក់ចុះ៧៨%
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ឆ្នាំ២០១៥ ជាឆ្នាំខ្មៅងងឹតនៃវិស័យសេដ្ឋកិច្ចថៃ ដោយសារវិនិយោគទុនបរទេស បានធ្លាក់ចុះជាគំហុក។ នេះសបញ្ហាញអំពីសុខភាពមិនល្អ នៃសេដ្ឋកិច្ចថៃបន្ទាប់ពីរបបយោធាថៃ បានកាន់កាប់អំណាច ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ ភាពមិនប្រាកដប្រជានយោបាយ ការប្រើប្រាស់អំណាចផ្តាច់ការទៅលើសេរីភាពសាធារណៈ ជាបុព្វហេតុចំបង ដែលធ្វើឲ្យអ្នកវិនិយោគទុនបរទេស មានការមិនទុកចិត្ត ទៅលើរដ្ឋាភិបាលយោធាថៃ។
៧៨% នេះគឺជាតួលេខនៃការធ្លាក់ចុះ នៃចំនួនទុនវិនិយោគបរទេស នៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០១៥ កន្លងទៅនេះ។ ចំនួនទុនវិនិយោគបរទេស បានថយមកត្រឹមគិតជាទឹកប្រាក់ ប្រមាណជា៩៤ពាន់លានបាត ដែលស្មើនឹង២៤០០លានអឺរ៉ូ តែប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ចថៃឆ្នាំ២០១៥ មានត្រឹមតែ២,៥% ពោលគឺជាកម្រិតទាបជាងគេបំផុត បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ឯទៀត។
ជប៉ុន ដែលធ្លាប់ជាប្រទេសឈានមុខគេ ក្នុងការបោះទុនវិនិយោគនៅថៃ បានកាត់បន្ថយចុះចំនួនដល់ទៅ ៨១% ដោយនៅសល់តែទឹកប្រាក់ចំនួន ២៨ពាន់លានបាតប៉ុណ្ណោះ។ ដូចគ្នាដែរ ទុនវិនិយោគរបស់បណ្តាប្រទេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះជាគំហុកផងដែរ។ ដោយឡែក គេសង្កេតឃើញ ចំនួនទុនវិនិយោគរបស់សហគ្រាសចិន មានការថយចុះតិចតួចតែប៉ុណ្ណោះ។
វិបត្តិនយោបាយ និងភាពអសមត្ថភាពរបស់របបយោធា៖
តួលេខនៃការធ្លាក់ចុះចំនួនហ៊ុនវិនិយោគបរទេសបែបនេះ សបង្ហាញអំពីស្ថានភាពមិនប្រសើរ នៃសេដ្ឋកិច្ចថៃ ដែលកំពុងតែបាត់បង់ល្បឿនប្រកួតប្រជែង ជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ ជាពិសេសជាមួយវៀតណាម ដែលកំពុងតែឡើងកម្លាំងខ្លាំង។
សូមរំលឹកថា រដ្ឋាភិបាលយោធា បន្ទាប់ពីបានធ្វើររដ្ឋមប្រហារ ឡើងកាន់អំណាច កាលពីពាក់កណ្តាលឆ្នាំ២០១៤ បានសន្យាផ្តល់អាទិភាពដល់វិស័យសេដ្ឋកិច្ច ការផលិតដើម្បីនាំចេញ ព្រមទាំងការប្រើប្រាស់ក្នុងស្រុក។ ក៏ប៉ុន្តែ មួយឆ្នាំកន្លះមកនេះ សេដ្ឋកិច្ចថៃមិនត្រឹមតែមិនទៅមុខ គឺបែរជាថយក្រោយ ធ្លាក់ដុនដាបកាន់តែខ្លាំង។
យោងតាមប្រសាសន៍ លោកស្រី តាន់ គ្រីស្តាល់ អ្នកវិភាគសេដ្ឋកិច្ច នៅCapital Economics បានបញ្ជាក់ថា តួលេខដ៏គួរឲ្យព្រួយបារម្ភនេះ បង្ហាញពីចំណុចខ្សោយ នៃសេដ្ឋកិច្ចថៃបច្ចុប្បន្ន ដែលកំពុងតែបាក់កម្លាំង។ ថៃកំពុងតែបាត់បង់ល្បឿនក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ហើយមិនត្រឹមតែប៉ុណ្ណោះ វិបត្តិនយោបាយផ្ទៃក្នុង ដែលថៃកំពុងតែជួបបច្ចុប្បន្ននេះ បានធ្វើឲ្យអ្នកវិនិយោគរឹតតែមិនទុកចិត្តខ្លាំងឡើងថែមទៀត។
វិស័យបច្ចេកវិទ្យាទំនើប អាចជាចំណុចសង្ឃឹមនៃសេដ្ឋកិច្ចថៃ៖
ទោះបីជាយ៉ាងណា សម្រាប់លោក ស៊ុមប្រាវីន ម៉ានប្រាសីទ សាស្ត្រចារ្យសេដ្ឋកិច្ចនៃសកលវិទ្យាល័យជូឡាឡុងកន លោកនៅតែមានសុទិដ្ឋិយមទៅលើសេដ្ឋកិច្ចថៃ។ លោកពន្យល់ថា ចំនួនវិនិយោគមានការថយចុះក៏មែនពិត ក៏ប៉ុន្តែបើយើងពិនិត្យលើតួលេខជាក់ស្តែង កម្រឹតវិនិយោគក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង។ នេះជាសញ្ញាល្អ ព្រោះវិស័យនេះ គឺជាវិស័យអទិភាព ដែលថៃអាចប្រកួតប្រជែងនៅលើទីផ្សារផលិតផលបច្ចេកវិទ្យាទំនើប។
យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានព្យាករណ៍ទុកថា ឆ្នាំ២០១៦ ថៃនឹងមានកំណើនសេដ្ឋកិច្ចត្រឹមតែ ២%ប៉ុណ្ណោះ ក្នុងខណៈដែលសេដ្ឋកិច្ចវៀតណាម នឹងកើនឡើងលើសពីឆ្នាំ២០១៥កន្លងទៅ ពោលគឺប្រហែលជា៧%៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ