ថៃ

អតីត​នាយករដ្ឋមន្ត្រី​ថៃ​ពីររូប ​ត្រូវ​តុលាការ​សម្រេច​មិន​ផ្តាន្ទា​ទោស ក្នុង​​សំណុំ​រឿង​បាតុកម្ម​ឆ្នាំ​២០០៨

លោក Somchai Wongsawat អតីតនាយករដ្ឋមន្ត្រី​ថៃ នៅ​ពេល​ចេញ​ពី​តុលាការ​​កំពូល ថ្ងៃទី​២ សីហា ២០១៧
លោក Somchai Wongsawat អតីតនាយករដ្ឋមន្ត្រី​ថៃ នៅ​ពេល​ចេញ​ពី​តុលាការ​​កំពូល ថ្ងៃទី​២ សីហា ២០១៧ REUTERS/Aukkarapon Niyomyat

តុលាការ​កំពូល​ថៃ ​បាន​សម្រេច​នៅ​ថ្ងៃ​ ទី​ ២​សីហា​នេះ​ ដោយ​មិន​ផ្តន្ទាទោស​ ទៅ​លើ ​រូប​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ពីរ​រូប ​ គឺ​លោក ​ ស៊ុមឆៃ វង់សាវ៉ាត ​និង​លោក​ ឆាវលីត យុងឆៃយុទ្ធ ​ ទាក់ទិន​ទៅ​នឹង​សំណុំ​រឿង​ នៃ​ចំនាត់​ការ​បង្ក្រាប​បាតុកម្ម ​កាល​ពី​ឆ្នាំ​២០០៨។ ការ​បង្រ្កាប​បាតុកម្ម ​ដែល​កាល​នោះ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ​២នាក់ ​និង​របួស​ជាង​៥០០​នាក់។

ផ្សាយពាណិជ្ជកម្ម

ចៅក្រម​តុលាការ​កំពូល​ថៃ ​យល់ថា ​ការ​បញ្ជារ​ឲ្យ​ប្រើ​កម្លាំង​បង្រ្កាប​ក្រុម​បាតុករ ​ ដែល​មក​ហ៊ុំព័ទ្ធ​វិមាន​រដ្ឋសភា​ថៃ​ នៅ​ឆ្នាំ​២០០៨​ នោះ ​គឺ​ជា​រឿង​សមហេតុ​ផល ​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ។ ដូច្នេះ ​លោក​នាយករដ្ឋមន្ត្រី​ ស៊ុមឆៃ ​ វង់សាវ៉ាត ​ និង​លោក​នាយក​រដ្ឋមន្ត្រី​​ស្តីទី ​ឆាវលីត យុងឆៃយុទ្ធ ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​កាល​ជំនាន់​នោះ ​ ពុំត្រូវ​ទទួល​ទោស​អ្វី​ទេ។

ចៅក្រម​យល់​ថា ​សកម្មភាព​ធ្វើ​បាតុកម្ម ​របស់​ក្រុម​រាជានិយម​ អាវ​លឿង ​ក្នុង​ពេល​នោះ ​គឺ​ពុំមាន​លក្ខណៈ​ជា​បាតុកម្ម​អហិង្សា​ឡើយ ​ ព្រោះ​ក្រុម​បាតុករ​បាន​នាំគ្នា​ឡោមព័ទ្ធ​ បិទ​ខ្ទប់​វិមាន​រដ្ឋសភា។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ក្រុម​បាតុករ​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ​និង​បាន​ធ្វើ​សកម្មភាព​​ហិង្សា ​យ៉ាង​អាណាធិបតេយ្យ​បំផុត។

តែយ៉ាងណា ​មាន​មនុស្ស​មួយ​ក្រុម ​ដែល​រងចាំ​នៅ​ខាង​មុខ​តុលាការ ​ហើយ​បា​នស្រែក​ជេរ​ដាក់​បណ្តាសារ ​ទៅលើ​រូប​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ទាំង​ពីរ​ ថា​ជា​ឃាតករ។ គួរ​បញ្ជាក់​ថា ​សាលក្រម​សម្រេច​ទោស​របស់​តុលាការ​កំពូល​ថៃនេះ​ ត្រូវ​បាន​គេ​រងចាំ​តាម​ដាន​ជា​យូរ។ លោក ​ស៊ុមឆៃ វ៉ង់សាវ៉ាត ​ដែលជា​អតីនាយក​រដ្ឋមន្ត្រី ​និង​គឺ​ជា​បង​ថ្លៃ​របស់​លោក​ថាក់ស៊ីន​ ផងនោះ ​ត្រូវបាន​គេ​កំចាយ​ចេញ​ពី​អំណាច​​ ហើយ​គណបក្ស​នយោបាយ​របស់​លោក ​ត្រូវគេ​ គេ​រំលាយ​ចោល​ នៅ​ក្រោយ​ពេល​ផ្ទុះ​បាតុកម្ម ​ឆ្នាំ​២០០៨។

ដោយឡែក​ គេ​កំពុង​រងចាំ​តាម​ដាន ​សវនាកា​មួយទៀត ​ដែល​តុលាការ​នឹង​ត្រូវ​ជំនុំ​ជំរះ ​លើ​រូប​លោកស្រី ​យីងឡាក់ ​ ស្តីពី​ភាព​ធ្វេសប្រហែស ​នៃ​ចំណាត់ការ​បង្រ្កាប​បាតុកម្ម​ នៅ​ឆ្នាំ​២០១៤។

ពី​សវនាកា​មួយ​ទៅ ​សវនាកា​មួយ ​របប​យោធា​ថៃ ​របស់​លោក​ប្រាយុទ្ធ​ចន្ទអូចា ​ត្រូវ​គេ​សំឡឹង​ឃើញ​ថា​ កំពុង​តែ​ព្យាយាម​កំទេច​បក្ស​ពួក​នយោបាយ ​របស់​លោក​ថាក់ស៊ីន ​ឈីណាវ៉ាត្រា ​ដើម្បី​សម្អាត​សង្វៀន​​នយោបាយ​ថៃ ​ឲ្យ​ស្អាត​ គ្មាន​គូ​ប្រជែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI