អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ាគីស្ថាន៖ តើប្អូន​​អតីតនាយករដ្ឋមន្ត្រី ​ឬ​អតីត​កីឡាករ​គ្រីកេត ​នឹងក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​ថ្មី?

សំឡេង ០៧:២៥
ស្រី្តប៉ាគីស្ថាន កំពុង​គូស​សន្លឹកឆ្នោត នៅ​ក្បែរ​យាម​ដោយ​ទាហាន​ប្រដាប់​ដោយ​អាវុធ ​របស់​ប៉ាគីស្ថាន។ ក្រុងការ៉ាជី ថ្ងៃ២៥ កក្កដា ២០១៨
ស្រី្តប៉ាគីស្ថាន កំពុង​គូស​សន្លឹកឆ្នោត នៅ​ក្បែរ​យាម​ដោយ​ទាហាន​ប្រដាប់​ដោយ​អាវុធ ​របស់​ប៉ាគីស្ថាន។ ក្រុងការ៉ាជី ថ្ងៃ២៥ កក្កដា ២០១៨ REUTERS/Akhtar Soomro
ដោយ៖ ម៉ម ពិសី
៣៩ នាទី

ថ្ងៃពុធ ទី២៥កក្កដា ប្រជាជនប៉ាគីស្ថាន ត្រូវចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភា អណត្តិថ្មី និងឈានទៅជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ ការឃោសនាបោះឆ្នោត បានប្រព្រឹត្តិធ្វើទៅ ប្រកបដោយអំពើហិង្សា ឃាតុកម្ម បាញ់បោះ រវាងក្រុមគណបក្សប្រជែងគ្នា២ គឺគណបក្សរបស់ប្អូនប្រុសលោកអតីតនាយករដ្ឋមន្ត្រី Nawaz Sharif និងគណបក្សស្និទនឹងក្រុមយោធា ដែលដឹកនាំដោយអតីតកីឡាករកីឡាគ្រីកេត ដ៏ល្បីរបស់ប៉ាគីស្ថាន គឺលោក Imran Khan។ អំពើភេរវកម្ម ក៏បានកើតឡើង សឹងតែជាប្រចាំថ្ងៃ ជាក់ស្តែងនៅថ្ងៃនេះ ដែលជាថ្ងៃបោះឆ្នោត ភេរវកម្មមួយថ្មីទៀត បានកើតឡើង នៅក្រុង Quetta ដែល​បណ្តាល​​ឲ្យ​ស្លាប់ មនុស្សយ៉ាងតិច៣០នាក់។

ផ្សាយពាណិជ្ជកម្ម

ប្រជាជនប៉ាគីស្ថានប្រមាណ១០៦លាននាក់ ដែលគ្រប់អាយុបោះឆ្នោត ក្នុងចំណោមប្រជាជនទាំងអស់២០៧លាននាក់ នឹងត្រូវទៅចូលរួមទៅបោះឆ្នោត ជ្រើសរើសសមាជិកសភាជាតិ ដែលមានអាសនៈ២៧២អាសនៈ និងជ្រើសរើសសមាជិកសភាខេត្ត ដែលមានអាសនៈសរុប៥៧៧អាសនៈ។ ដូច្នេះសុរបទាំងអស់ គឺមានកៅអីសមាជិកសភា ទាំងរដ្ឋទាំងខេត្តសរុប ៨៤៩ ដែលត្រូវបែងចែក ក្រោយដឹងលទ្ធផលឆ្នោតថ្ងៃនេះ។

អតីតកីឡាករគ្រីកេត ទល់នឹងប្អូនប្រុសអតីនាយករដ្ឋមន្ត្រី

ក្នុងចំណោមគណបក្ស ដែលចូលរួមប្រកួតគ្នានាពេលនេះ គឺមាន៣ធំៗ។ ទីមួយគឺគណបក្ស សម្ព័ន្ធមូស្លីម (PML-N) ដែលជាគណបក្សដ៏ធំ របស់លោក Nawaz Sharif អតីតនាយករដ្ឋមន្ត្រី។ អាណត្តិមុន គឺគណបក្សនេះហើយ ដែលបានឈ្នះឆ្នោតនៅឆ្នាំ២០១៣។ តែលោក Nawaz Sharif រួមទាំងកូនស្រី ដែលគេធ្លាប់គិតថា​ជាអ្នកមកស្នងតំណែងនយោបាយនោះ ត្រូវបានតុលាការកំពូលប៉ាគីស្ថាន កាត់ទោសឲ្យជាប់គុក ពីបទប្រព្រឹត្តិអំពើពុករលួយ។ ដូច្នេះសម្រាប់ការបោះឆ្នោតលើកនេះ គឺប្អូនប្រុសលោក Nawaz Sharif ដែលមានឈ្មោះថា Shahbaz Sharif ដែលមកឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។

លោក Shahbaz Sharif គឺជាអតីតអ្នកជំនួញដ៏មានកេរ្តិ៍ឈ្មោះម្នាក់ នៅខេត្ត ប៉េនចាប ដែលជាខេត្តដែលមានប្រជាជនច្រើនបំផុត និងមានកំរិតសេដ្ឋកិច្ចខ្ពស់បំផុត របស់ប៉ាគីស្ថាន។ លោកម្នាក់នេះ​ក៏ធ្លាប់ធ្វើជាអភិបាលខេត្ត ប៉េនចាប់នេះ ដល់ទៅ៣ដងឯណោះ។

ចំណែកគណបក្សគូប្រជែងរបស់លោក Shahbaz Sharif នេះ គឺគណបក្សចលនាដើម្បីយុត្តិធ​ម៌ប៉ាគីស្ថាន (PTI) ដែលមានលោក Imran Khan ជាបេក្ខជននាយករដ្ឋមន្ត្រី។ លោក Imran Khan គឺជាអតីតកីឡាករកីឡាគ្រីកេត ដែលបានដឹកនាំក្រុមកីឡាគ្រីកេត​ជម្រើសជាតិ​ប៉ាគីស្ថាន ឲ្យបានពានរង្វាន់ពិភពលោកនៅឆ្នាំ១៩៩២។ កីឡាគ្រីកេតនេះ គឺជានិម្មិតរូប និងជាមោទនភាពខ្លាំងសម្បើមណាស់ របស់ប៉ាគីស្ថាន។ ហេតុដូច្នេះហើយ បានជាលោក Imran Khan មានឈ្មោះល្បី មានអ្នកគាំទ្រច្រើន។

បន្ទាប់ពីលាឈប់ពីវិស័យកីឡា លោក Imran Khan នេះបានឈានចូលឆាកនយោបាយ ដោយបានបង្កើត​គណបក្ស​ចលនាយុត្តិធម៌នេះ នៅឆ្នាំ១៩៩៦។ ពីដំបូងមក គណបក្សនេះជាគណបក្សតូចតាចប៉ុណ្ណោះ ហើយមានតែលោកImran Khan តែម្នាក់ទេ ដែលធ្លាប់បានឈ្នះកៅអីជាសមាជិកសភា។ តែការការបោះឆ្នោត ឆ្នាំ២០១៣ គណបក្សនេះ បានឡើងកូដខ្លាំង ក្លាយជាគូប្រជែងដ៏គ្រោះថ្នាក់បំផុត សម្រាប់បក្សរបស់គ្រួសារ ​Sharif។ ចំណែកគណបក្សទី៣ គឺគណបក្សប្រជាជនប៉ាគីស្ថាន ដឹកនាំដោយលោកBilawal Bhutto Zardari កូនប្រុសរបស់អតីតនាយរដ្ឋមន្ត្រី គឺលោកស្រី Benazir Bhutto ដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ២០០៧។

ឥទ្ធិពលក្រុមយោធា លើការបោះឆ្នោត

ការឃោសនាបោះឆ្នោត កន្លងមកនេះ គឺពោរពេញដោយអំពើហិង្សា ឃាតកម្មនយោបាយ ការផ្ទុះអាវុធតទល់គ្នា ព្រមទាំងអំពើភេរវកម្មជាច្រើនករណី ជាក់ស្តែងគឺនៅថ្ងៃបោះឆ្នោត​តែម្តង ដែលភេរវកម្មបានសម្លាប់​មនុស្ស យ៉ាងហោចណាស់ ៣០នាក់។​ កងទ័ព​ប៉ាគីស្ថាន ដែលគេចោទថាបានគាំទ្រ លោក Imran Khan នោះ ក៏ត្រូវបានក្រុមលោក​Sharif ចោទថាបានធ្វើសកម្មភាពហិង្សា ដើម្បីរំខានដល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ​ទៀតផង។

បើរាប់ចាប់ពីចាប់ផ្តើមឃោសនាបោះឆ្នោតមក អំពើភេរវកម្ម ដែលសំដៅវាយប្រហារការជួបជុំឃោសនានយោបាយ របស់គណបក្សនានា បានផ្តាច់ជីវិតមនុស្សប្រមាណ​១៨០​នាក់​ទៅហើយ ដែលក្នុងនោះ មានបេក្ខជនឈរឈ្មោះសមាជិកសភា ៣នាក់ផងដែរ។

តែបើយើងក្រលេកទៅមើលអតីតកាល ប៉ាគីស្ថាន តែងតែមានអំពើហិង្សាជានិច្ច នៅក្នុងឆាកនយោបាយ។ អំពើឃាតកម្មនយោបាយ សម្លាប់សមាជិកសភា សម្លាប់នាយករដ្ឋមន្ត្រី តែងតែកើតមាន។ នៅថ្ងៃបោះឆ្នោតនេះ ក្រៅពីភេរវកម្មសម្លាប់មនុស្សនៅតំបន់​Quetta នៅ​ឯខេត្ត​Baloutchistan ឯណោះ គ្រាប់បែក​មួយ​បានត្រូវគេបង្កៃ បំផ្ទុះនៅការិយាល័យ​បោះឆ្នោតមួយកន្លែង បណ្តាលឲ្យស្លាប់មន្ត្រីនគរបាល​ម្នាក់ និងមានការបាញ់បោះ រវាងអ្នកគាំទ្របក្សផ្សេងៗគ្នា ដែលបានបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស​៣នាក់​ផ្សេង​ទៀត​​ផងដែរ។

នៅប៉ាគីស្ថាន ពួកកងទ័ព មានឥទ្ធិពលខ្លាំងណាស់។ បើទោះបីប្រមាណ២ទសវត្សចុងក្រោយនេះ ក្រុមកងទ័ព បានរក្សាជំហរគោរពរដ្ឋធម្មនុញ្ញ និងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមែន តែគេនៅតែមានការសង្ស័យជានិច្ច ថាក្រុមកងទ័ពប៉ាគីស្ថាន នៅតែបើឥទ្ធិពល ធ្វើសកម្មភាព ដើម្បីរុញបេក្ខជន​ឬបក្សណាមួយ ដែលនៅខាងខ្លួន ឲ្យបានឈ្នះឆ្នោត។

ដូចដែលយើងធ្លាប់ដឹងមក គណបក្សរបស់គ្រួសារលោក Sharif មិនត្រូវគ្នាជាមួយនឹងពួកកងទ័ពទេ។ គ្រួសារលោកSharif ជាគ្រួសារអ្នកជំនួញ ហើយដែលធ្វើសកម្មភាពនយោបាយ ដោយលើកអំណះអំណាង អំពីផលល្អ នៃរដ្ឋបាលគ្រប់គ្រងប្រទេស បែបស៊ីវីល​ មិនមែនតាមបែបយោធាទេ។ យ៉ាងណាមិញ គណបក្សនេះ ធ្លាប់បានចោទថា គឺក្រុម​យោធានេះឯង ដែលទំលាយរឿងអាស្រូវពុករលួយ របស់លោក Nawaz Sharif ហើលដែលឈានទៅដល់ការកាត់ទោសដាក់គុក កាលពីឆ្នាំ២០១៧។

ក្រុមកងទ័ព ត្រូវបានគេចោទថា ជាអ្នកនៅពីក្រោយ គាំទ្រលោក Imran Khan។ ក៏ប៉ុន្តែកងទ័ពប៉ាគីស្ថាន បានបដិសេធ ទាត់ចោលទាំងអស់ ថាខ្លួនមិនលូកដៃក្នុងការបោះឆ្នោតទេ។ តែយ៉ាងណា មិនមែនមានតែលោក Shahbaz Sharif តែម្នាក់ទេដែលចោទកងទ័ព​ថា​លំអៀង នឹងធ្វើសកម្មភាពហិង្សា​គំរាមអ្នកបោះឆ្នោត សូម្បីតែអ្នកនយោបាយផ្សេងៗទៀត បណ្តាញព័ត៌មានឯករាជ្យរបស់ប៉ាគីស្ថាន និងសកម្មជនអង្គការសិទ្ធិមនុស្សជាច្រើន​ក៏បានលើកឡើង បរិហារអំពីសកម្មភាពលូកដៃរបស់កងទ័ពប៉ាគីស្ថានដែរ។ ថ្ងៃបោះឆ្នោត​​​ ទាហានប្រមាណ៨សែននាក់ ត្រូវគេបញ្ជូនឲ្យការពារនៅតាមមណ្ឌលបោះឆ្នោត ហើយគណកម្មការជាតិបោះឆ្នោត បានទាំងប្រគល់សិទ្ធិអន្តរាគមន៍ពិសេសទៅឲ្យ​កងទ័ព នៅតាមការិយាល័យបោះឆ្នោតទៀតផង ក្នុងករណីមានបទល្មើសផ្សេងៗ។ បញ្ហានេះ បានធ្វើឲ្យអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យ មានការព្រួយបារម្ភជាខ្លាំង។

ជីវិតនយោបាយរបស់គ្រួសារSharif នឹងត្រូវចប់

បើយើងក្រឡេកមើកជារួម​ យើងឃើញថា ប្រជាជនប៉ាគីស្ថាន នឿយណាយ នឹងអំពើពុករលួយបក្សពួកនិយម របស់គ្រួសារ ក៏ដូចជាគណបក្សលោក Shahbaz Sharif។ តែយ៉ាងណា ខេត្ត ប៉េនចាប់ ដែលជាខេត្តមានជាងគេ មានប្រជាជនច្រើន និងមានអាសនៈសភាជច្រើននោះ គឺជាមណ្ឌលដែលលោក Shahbaz Sharif នេះ មានប្រជាប្រិយភាព​ខ្ពស់បំផុត។ ចំណែកលោក Imran Khan ថ្វីបើបានឡើងកូដ មានប្រជាប្រិយភាពមែន តែប្រជាជនប៉ាគីស្ថានខ្លះ ដែលមិនពេញចិត្តក្រុមយោធា និងនិន្នការបែបអ៊ីស្លាមអភិរក្សនិយម ក៏គេនៅតែមិនពេញចិត្តបេក្ខជនគាត់ដែរ។

លោក Bilal Gilani នាយកវិទ្យាស្ថានអង្កេតស្ថិតិបាគីស្ថាន បានមានប្រសាសន៍ថា អ្វីៗមិនអាចស្មានបានទេ។ បក្សធំៗទាំងពីរនេះ អាចបានសម្លេងឆ្នោតប្រកៀកប្រកិតគ្នាខ្លាំង។ ម្ខាងក្រុមយោធា ម្ខាងក្រុមអ្នកនយោបាយ ដែលធ្លាប់កាន់អំណាច ហើយប្រឡាក់ប្រឡូសដោយរឿងអាស្រូវពុករលួយ។ យ៉ាងណាក៏ដោយ មានអ្នកវិភាគខ្លះជឿថា ជីវិតនយោបាយ​របស់​បក្ស​គ្រួសារ​លោក Sharif អាចត្រូវ​ចប់ត្រឹមនេះហើយ។ បក្សរបស់លោក Imran Khan ដែលបានឃោសនា ថានឹងបើកទំព័រសករាជ្យថ្មី ឲ្យប៉ាគីស្ថាននោះ  អាចនឹងឈ្នះ បើទោះបីមិនឈ្នះដាច់ខ្លាំង។ ក្នុងករណីមិនឈ្នះបានសម្លេងភាគច្រើន គឺគាត់អាចបង្កើតរដ្ឋាភិបាលចំរុះ ជាមួយនឹងគណបក្សតូចលំដាប់ទី៣បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ