ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​ទៅជួប​លោក​ដូណាល់ ត្រាំ​ និយាយ​ពី​បញ្ហា​កូរ៉េ​ខាង​ជើង​

សំឡេង ០៦:៤៦
លោក មូន ជែអ៊ីន ក្នុង​ជំនួប​​រវាង​​សហគ្រិនកូរ៉េខាងត្បូង និងសហគ្រិនអាមេរិក នៅថ្ងៃទី​២៨ មិថុនា ២០១៧
លោក មូន ជែអ៊ីន ក្នុង​ជំនួប​​រវាង​​សហគ្រិនកូរ៉េខាងត្បូង និងសហគ្រិនអាមេរិក នៅថ្ងៃទី​២៨ មិថុនា ២០១៧ Reuters

លោក​​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​មូន ជែអ៊ីន​ ទើប​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក ​ដើម្បី​ជួប​សន្ទនា​គ្នា ​ជាមួយ​លោក​ដូណាល់ ត្រាំ។ នេះគឺ​ជា​ដំណើរ​ទស្សនកិច្ច ​នៅ​សហរដ្ឋ​អាមេរិក​ លើក​ទីមួយ​ហើយ ​របស់​លោក​ប្រធានាធិបតី​ថ្មី​កូរ៉េ​ខាងត្បូង។ គម្រោង​ជជែក​គ្នា ​ដ៏​សំខាន់​បំផុត​នោះ ​ គឺ​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។ លោក​ មូន ជែអ៊ីន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​គោល​ជំហរ​ ខុស​ពី​លោក​ស្រី​ប៉ាក់ គុនហេ ​ដែល​ចាំតែ​ស្តាប់​តាម​រដ្ឋាភិបាល​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​នុយក្លេអ៊ែរ​ កូរ៉េ​ខាងជើង ​គឺជា​សំណុំ​រឿង​ធំ​បំផុត ​ដែល​ជំរុញ ឲ្យ​លោក​ មូន ជែអ៊ីន ​ទៅ​ជួបលោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃ​ ទី​២៩ ​មិថុនា នេះ​ ​​ថ្វីត្បិត​តែ​ទន្ទឹមគ្នា​នេះ ​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ បាន​ឆ្លៀត​ដឹកនាំ​ការ​ប្រជុំ​រវាង​អ្នក​ជំនួញ​កូរ៉េ​ខាងត្បូង​ និង​អ្នក​ជំនួញ​អាមេរិក។

បើគិត​គ្រាន់​តែ​ចាប់​ពី​ថ្ងៃ​ដែល​លោក​ មូន ជែអ៊ីន​ បាន​ឡើង​កាន់​តំណែង ​នៅ​ដើម​ខែ​ឧសភា ​ឆ្នាំ​២០១៧​នេះ ​កូរ៉េ​ខាងជើង ​បាន​ធ្វើការ​សាកល្បង ​មីស៊ីល​បាលីស្ទីក ​និង​នុយក្លេអ៊ែរ ​៥ដង​មក​ហើយ។ មិនថា ​សម្រាប់​លោក​ដូណាល់ ត្រាំ ឬ​សម្រាប់​លោក​មូន ជែអ៊ីន​ទេ ​ សំណុំ​រឿង​នុយក្លេងអ៊ែរ​កូរ៉េ​ខាងជើង ​គឺ​ជា​រឿង​បន្ទាន់ ​និង​គ្រោះថ្នាក់​បំផុត។ គីម ជុនអ៊ុន​ មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាងជើង ​បាន​គំរាម​ដោយ​ត្រង់ៗ​តែ​ម្តង ​ថា​គេ​នឹង​កម្ទេច​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋ​អាមេរិក។

ល្មម​ដល់​ពេល ​ដែល​កូរ៉េ​ខាង​ត្បូង ​ត្រូវ​ហ៊ាន​និយាយ​ថា ​“ទេ” ​ ជាមួយ​អាមេរិក!

លោក​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង ​មាន​គោល​ជំហរ ​មិន​សូវ​ស្រប​ជាមួយ​រដ្ឋាភិបាល​លោក​ដូណាល់​ ​ត្រាំ​ប៉ុន្មាន​ទេ។ ពោល​គឺវា​ខុស​ពី​កាល​ជំនាន់​លោកស្រី ​ប៉ាក់ គុនហេ ​ ដែល​ត្រូវ​គេ​រិះគន់​ថា ​ចាំតែ​ញាក់​ទៅ​តាម​ការ​ចាក់​ របស់​អាមេរិក​។ លោក មូន ជែអ៊ីន ​ពេល​ដែល​បាន​ចូល​កាន់​តំណែង​ភ្លាម ​ បាន​និយាយ​ថា ​លោក​ត្រៀមខ្លួន ​ទៅជួប​និយាយ​ដោយ​ផ្ទាល់ ​ជាមួយ​គីម ជុងអ៊ុន ​មុន​នឹង​ទៅជួប​លោក ​ដូណាល់ ត្រាំ ​ទៀតផង។

លោក ​មូន ជែអ៊ីន ​ក៏បាន​ទាំង​សរសេរ​ក្នុង​សៀវភៅ​របស់​លោក​ ថា​ “វាល្មម​ដល់​ពេល​ហើយ​ ដែល​កូរ៉េ​ខាង​ត្បូង ​ត្រូវ​ហ៊ាន​ឆ្លើយ​ថា​ទេ​ខ្លះ ​ជាមួយ​នឹង​អាមេរិក ​មិន​ត្រូវ​ចេះតែ​ហៃអើ ​តាម​អាមេរិក​រហូត​នោះ​ទេ”។ គឺ​ក្នុង​ន័យ​នេះ​ហើយ ​ទើប​បាន​ជា​រដ្ឋាភិបាល​លោក ​មូន ជែអ៊ីន ​បាន​សម្រេច​ផ្អាក​ ការ​ដាក់​តាំង​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​អាមេរិក ​នៅ​លើ​ដី​កូរ៉េ​ខាងត្បូង។

ជួប​លោកដូណាល់ ​ត្រាំ ​ដើម្បី​លួងចិត្ត

ទីបំផុត ថ្វី​បើ​បាន​បង្ហាញ​គោល​ជំហរ​ រឹងរូស​ខ្លះ​ ជាមួយ​អាមេរិក​ លោក​ មូន ជែអ៊ីន ​បាន​សម្រេច​ទៅ​ជួប​លោក​ដូណាល់ ត្រាំ ​មុន​នឹង​ជួប​ គីម ជុងអ៊ុន។ បើតាម​ការ​វិភាគ​ លោក​មូន ជែអ៊ីន ​ បាន​ទទួល​ការ​ដាក់​សម្ពាធ​ខ្លះ ​ពី​ក្រុម​អ្នក​នយោបាយ​អភិរក្ស​និយម​កូរ៉េ​ខាងត្បូង ​ដែល​មិន​ចង់​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ ​ខឹង​មួរម៉ៅ​ខ្លាំង។ ជាង​នេះ​ទៅ​ទៀត ​មរណៈភាព​របស់​និស្សិត​អាមេរិក​ឈ្មោះ ​Otto Warmbier ​ដែល​ត្រូវ​បាន​កូរ៉េខាងជើង​ធ្វើ​ទារុណកម្ម​នោះ​ កំពុង​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ខឹង​កូរ៉េ​ខាង​ជើង​កាន់​តែ​ខ្លាំង។

ដូច្នេះ​ ជំនួប​នេះ ​វាហាក់​បី​ដូច​ជា​ការ​ លួងចិត្ត​លោកត្រាំ ​និង​ អះអាង​ប្រាប់​គ្រប់​មជ្ឈដ្ឋាន​ថា ​សម្ព័ន្ធមិត្ត​អាមេរិក​និង​កូរ៉េ​ខាងត្បូង ​មិនមាន​ស្នាម​ប្រេះ​ស្រាំ​ទេ។ ជាមួយ​គ្នា​នេះ ​លោក​ មូន ជែអ៊ីន ​ចង់​ទប់​រដ្ឋាភិបាល​អាមេរិក​ កុំឲ្យ​ធ្វើ​អ្វី​ដោយ​តក់​ក្រហល់ ​ជាមួយ​កូរ៉េ​ខាង​ជើង។

ច្រកចេញ​ដោយ​សន្តិវិធី​ ពីរ​ដំណាក់​កាល​ របស់​លោក មូន ជែអ៊ីន

ក្នុង​សំណុំរឿង​កូរ៉េ​ខាង​ជើង​នេះ ​គោល​ជំហរ​របស់​លោក ​មូន ជែអ៊ីន ​គឺ​ប្រើ​ធម៌​ត្រជាក់ ​តាម​រយៈ​ការ​ចរចា ​ជាជាង​ការ​ប្រើ​វិធីសាស្ត្រ​គំរាម​កំញើញ ​តួយ៉ាង​ដូច​ជា​ការ​ធ្វើ​សមយុទ្ធ​យោធា ​បញ្ចេញ​សាច់​ដុំ ​ឬ​ដាក់​តាំង​ប្រព័ន្ធ​ខែល​មីស៊ីល​ជាដើម។ គាត់​ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា ​គេ​អាច​បញ្ជៀស​ការ​ប្រឈូមមុខ​ដាក់គ្នា ​កំញើញ​គ្នា​បាន​ មិនមែន​គ្មាន​មធ្យោបាយ​ឯណា!

បើ​សំឡឹង​មើល​ទៅ ​ទស្សន​វិស័យ​របស់​ លោក​មូន ជែអ៊ីន ​គឺ​វា​ផ្ទុយ​ពី​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​លោក​ដូណាល់​ ត្រាំ។ កន្លង​មក​លោក ​Jim Mattis​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ ធ្លាប់​បាន​គំរាម​ថា ​ជម្រើស​ប្រើ​កម្លាំង​វាយ​បក​ទៅ​កូរ៉េ​ខាងជើង ​គឺ​ជា​ជម្រើស​ដែល​គេ​អាច​យក​មក​ពិចារណា​បាន​គ្រប់​ពេល។ យ៉ាង​ណាមិញ ​ការ​បញ្ជូន​នាវា ​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិក​ យ៉ាង​តក់​ក្រហល់​កាល​ពី​ពាក់​កណ្តាល​ខែ​ ឧសភា​ គឺជា​សកម្មភាព​មួយ​ បង្ហាញ​ថា ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​ហ៊ាន​ថា ​គឺ​ហ៊ាន​ធ្វើ។

បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ជាច្រើន ​ នៅ​ក្នុង​ពេល​ជួប​ជាមួយ​លោក​ដូណាល់ ​ត្រាំនៅ​ថ្ងៃ​នេះ ​​លោក​មូន ជែអ៊ីន ​មាន​សំណើរ​មួយ ​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។ សំណើរ​នោះ​មាន​ពីរ​តំណាក់​កាល។ ដំណាក់កាល​ទីមួយ​ គឺ​ការ​កាត់​បន្ថយ​ទាំង​សងខាង។ ពោល​គឺ​ ត្រូវ​និយាយ​ជាមួយ​កូរ៉េ​ខាងជើង ​ឲ្យ​បញ្ឈប់​ ឬ​កាត់​បន្ថយ​ ការ​សាក​ល្បង​មីស៊ីល ​និង​នុយក្លេអ៊ែរ ​ហើយ​ទន្ទឹម​គ្នានោះ​ អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ ឯនេះ​ក៏ត្រូវ​កាត់​បន្ថយ​ការ​ធ្វើ​សមយុទ្ធ​យោធា​ដែរ។ បន្ទាប់​មក​ទៀត ​ដំណាក់កាល​ទីពីរ​ គឺ​ការ​ឈាន​ទៅ​រុះរើ ​ចោល​ទាំង​ស្រុង ​នូវ​កម្មវិធី​នុយក្លេអ៊ែរ ​របស់​កូរ៉េ​ខាងជើង ​ជា​ថ្នូរ​នឹង​ការ​បើក​ឲ្យ​មាន​ចំណង​ការទូត​ឡើងវិញ ​ព្រម​ជាមួយ​នឹង​ជំនួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

ចិន​ប្រើគ្រប់​មធ្យោបាយ ​ដើម្បី​បញ្ចៀស​សង្គ្រាម

បើ​យើង ​លើក​ចំណុច ​រឿង​ដាក់​តាំង​ប្រព័ន្ធ​ខែល​មីស៊ីល​មួយ​មក​និយាយ ​យើង​អាច​និយាយ​បាន​ថា ​ចិន​បាន​ដាក់​សំពាធ​ទៅ​លើ​កូរ៉េ​ខាងត្បូង។ សម្រាប់​ចិន​ ការ​ដាក់តាំង​ប្រព័ន្ធ​ខែល​មីស៊ីល ​អាមេរិក​ នៅ​ក្បែរ​មាត់​ច្រក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ គឺ​ជា​រឿង​មួយ​គ្រោះថ្នាក់​ណាស់។ ចិន​បាន​ប្រើ​សំពាធ​សេដ្ឋកិច្ច ​ចាប់​បង្ខំ​ឲ្យ​កូរ៉េខាង​ត្បូង ​ពិចារណា​ឡើង​វិញ។

ដូច​យើង​បាន​ដឹង​ស្រាប់ ​ចិន​ បាន​ពន្យុះ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​កូរ៉េ​ខាងត្បូង ​ដុត​ហាង​ទំនិញ​កូរ៉េ​ខាង​ត្បូង​ បិទ​មិន​ឲ្យ​នាំ​ទំនិញ​កូរ៉េ​ខាង​ត្បូង​ចូល​ ហើយ​បិទ​មិន​ឲ្យ​មាន​ទេសចរណ៍​ចិន​ ទៅ​លេង​កូរ៉េ​ខាង​ត្បូង​ទៀត។ អាច​ថា​វា​គាប់​ជួន ​ ដែល​លោក​ប្រធានាធិបតី​ថ្មី​កូរ៉េ​ខាងត្បូង ​មាន​បំណង​មិនសូវ​ចង់​ស្តាប់​បង្គាប់​របស់​អាមេរិក​ស្រាប់​ផង​ ក៏បាន​ជា​បញ្ជា​ឲ្យ​ផ្អាក ​ការ​ដាក់​តាំង​ប្រព័ន្ធ​ខែល​មីស៊ីល​នេះ។ បញ្ហា​ប្រព័ន្ធ​ខែល​មីស៊ីល​នេះ ​​ក៏​នឹង​ត្រូវ​យក​មក​និយាយ​គ្នា ​នៅក្នុង​ជំនួប​នេះ​ដែរ ​បើតាម​ការ​ស្មាន។

និយាយ​ជារួម ​ ទាំង​ចិន ​ទាំង​កូរ៉េ​ខាង​ត្បូង​ សុទ្ធតែ​ជា​អ្នក​ខាត​ធំ ​បើសិន ​ជា​អាមេរិក​ប្រើ​ធម៌ក្តៅ ​ដាក់​កូរ៉េ​ខាង​ជើង។ កូរ៉េ​ខាង​ត្បូង​ ស្ថិត​នៅ​ជួរមុខ​គេ​ ក្នុង​សមរភូមិ​នេះ ​បើ​សិន​ជា​កើត​សង្រ្គាម​មែន។ ចំណែក​ចិន​វិញ​ ក៏គឺ​ជា​អ្នក​ខាត​ធំ ​ព្រោះ​អន្តរាគមន៍​យោធា​អាមេរិក​ ក្នុង​តំបន់​នេះ ​និង​កែប្រែ​យុទ្ធសាស្ត្រ​វាទី​របស់​ចិន​ទាំង​ស្រុង។ អាមេរិក ​នឹង​ឆក់​ឱកាស​នេះ ​វិល​មក​ធ្វើ​ជា​បង​ធំ​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ដូច្នេះ​ហើយ ​បាន​ជា​​ចិន​ ធ្វើ​គ្រប់​យ៉ាង ​ដើម្បី​ដាក់​សំពាធ​លើ​កូរ៉េ​ខាង​ជើង ​ហើយ​ទន្ទឹម​​គ្នានេះ​ ជំរុញ​កូរ៉េ​ខាង​ត្បូង​ ឲ្យ​ទៅ​អូស​ទាញ​លោក​ដូណាល់ ត្រាំ ​កុំឲ្យ​ប្រើ​កំលាំង។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ Reuters

America First !

បើអាមេរិក​ យល់​ព្រម​កាត់​បន្ថយ​សមយុទ្ធ​យោធា ​ក្នុង​តំបន់​នេះ ​មាន​ន័យ​ថា​ឥទ្ធិពល​យោធា​អាមេរិក ​ក៏នឹង​ថយ​បន្តិច​ម្តងៗ​ ទុក​ឱកាស​ឲ្យ​ចិន​វិញ​ម្តង។ តែ​សួរថា ​លោក​ដូណាល់ ត្រាំ​សុខចិត្ត​ទេ? ថ្មីៗ​នេះ​ទៀត ​និស្សិត​អាមេរិក ​ដែល​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ទារុណកម្ម ​ហើយ​ស្លាប់​ក្រោយ​ដោះលែង​មក​វិញ​នោះ ​បាន​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ខឹង​ខ្លាំង​ណាស់។ យើង​គ្រប់គ្នា ​ធ្លាប់​បាន​ឮ​សម្តី​លោក​ត្រាំ​ហើយ “​ America First !”​ កូរ៉េ​ខាង​ជើង​គំរាម​អាមេរិក​ ដូច្នេះ​អាមេរិក ​អាច​ ប្រើ​កំលាំង​លើ​កូរ៉េ​ខាង​ជើង​វិញ​មែន ​ដោយ​មិន​ខ្វល់​ថា​ អ្នក​ណា​ខាត​ឬ​ចំណេញ​ទេ។ សំខាន់​គឺ ​ក្នុង​ក្រសែរ​ភ្នែក​លោក​ត្រាំ ​ប្រយោជន៍​របស់​អាមេរិក​ ធំ​ជាង​គេ​បង្អស់ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI