អានតួអត្ថបទ
ភូមា

អ៊ុងសាន ស៊ូជី លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​​ការ​បង្រួបបង្រួម​ជាតិ តែ​មិន​និយាយ​ពី​ជនជាតិ​រ៉ូហ៊ីងយ៉ា

បាតុកម្ម​នៅមុខ​ស្ថានទូតភូមា​ ទីក្រុង​ហ្សាកាតា ទាមទារ​ឲ្យភូមា​បញ្ឈប់​ការធ្វើបាប​ទៅលើ​ជនជាតិ​​រ៉ូហ៊ីងយ៉ា
បាតុកម្ម​នៅមុខ​ស្ថានទូតភូមា​ ទីក្រុង​ហ្សាកាតា ទាមទារ​ឲ្យភូមា​បញ្ឈប់​ការធ្វើបាប​ទៅលើ​ជនជាតិ​​រ៉ូហ៊ីងយ៉ា REUTERS/Darren Whiteside
ដោយ៖ ម៉ម ពិសី
1 នាទី

លោកស្រី​អ៊ុងសាន ស៊ូជី ​ដែល​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សឹង្ហបុរី​ កាល​ពី​ថ្ងៃពុធ​ ទី​៣០​វិច្ឆិកា ​ម្សិលមិញ ​បាន​ថ្លែង​នៅ​ចំពោះមុខ​ឥស្សរ​ជន​ធំ ​ព្រមទាំង​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ថា ​ រដ្ឋាភិបាល​លោកស្រី ​យល់​ពី​សារៈសំខាន់​នៃ​ការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ ​ ដើម្បី​កសាង​សន្តិភាព។ តែ​យ៉ាងណា ​ លោកស្រី​មិន​បាន​លើក​ឡើង​អំពី​ករណី ​ប្រើប្រាស់​អំពើ​ហិង្សា​ធ្វើ​ទៅ​លើ​សហគម​ជនជាតិ​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា​ ដែល​ទាហាន​ភូមា ​ បាន​ធ្វើ​កន្លង​មក​ថ្មីៗ​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

“ការ​បង្រួបបង្រួម​ផ្សះផ្សារ​ជាតិ ​និង​ការ​កសាង​សន្តិភាព ​គឺ​ជា​រឿង​ពីរ​ដែល​មិន​អាច​ចែក​ដាច់​ពី​គ្នា”។ នេះ​គឺជា​សម្តី​របស់​លោកស្រី​អ៊ុងសាន ស៊ូជី។ លោកស្រី​បន្ថែម​ថា ​ គ្មាន​ក្រុម​ហ៊ុន​ណាមួយ ​គេ​ទៅ​បោះ​ទុន​វិនិយោគ​ទេ​ បើសិន​ភូមា​គ្មាន​ស្ថិរភាព​និង​សន្តិភាព​ពេញលេញ។ លោកស្រី​បាន​ឆ្លៀត​បន្ថែមទៀត​ថា ​ ភូមាគឺ​ជា​ប្រទេស​ដែល​ផ្គុំ​ឡើង​ដោយ​សហគម​ជនជាតិ​ច្រើន​ផ្សេងៗ​គ្នា ​ ហើយ​ដែល​មាន​ប្រវត្តិ​ឈ្លោះ​ប្រកែក​ បែក​បាក់​គ្នា។ ដូច្នេះ​តួនាទី​របស់​រដ្ឋាភិបាល​ភូមា ​ត្រូវតែ​ជំនះ​រាល់​ឧបសគ្គ​ដើម្បី ​ធ្វើ​ការ​បង្រួបបង្រួម​ជាតិ​ឲ្យបាន។

 
សន្ទរកថា​នេះ ​លោកស្រី​បាន​ថ្លែង​នៅ​ប្រទេស​សឹង្ហបុរី ​នៅ​ថ្ងៃ​ពុធ​ទី​ ៣០​វិច្ឆិកា ​ ក្នុង​ជំនួប​ដែល​លោកស្រី​ចូលរួម​ ដើម្បី​អូសទាញ​អ្នក​វិនិយោគ។ ទោះបី​យ៉ាងណា ​សន្ទរកថា ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ​បាន​ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ស្ថានការ​នៅ​ភូមា ​មានការ​ខក​ចិត្ត​យ៉ាងខ្លាំង​ ដោយសា​លោកស្រី ​មិន​បាន​លើក​ឡើង​ឲ្យ​​ចំៗ ​ អំពី​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន ​ ភាគ​ខាង​លិច​ភូមា​ ដែល​ទាហាន​ភូមា ​ បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅលើ​សហគម​ជនជាតិ​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា។ ការ​មិន​លើក​ឡើង​មក​និយាយ ​ វា​ហាក់​បង្ហាញ​ពី​ការ​មិន​អើរពើរ​យក​ចិត្ត​ទុក​ដាក់​ ពី​សំណាក់​លោកស្រី ​ហើយ​វា​ហាក់​មាន​ន័យ​ថា ​លោកស្រី​មិន​ចង់​រាប់​បញ្ចូល​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ទៅ​ក្នុង​ការ​បង្រួមបង្រួម​ជាតិ​ទេ។

សូម​បញ្ជាក់​ថា ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ក្នុង​រដ្ឋរ៉ាឃីន ​ ​រឺ​អារ៉ា​ខណ្ឌ ​មាន​ប្រហែល​ជា​ជាង​១លាន​អ្នក។ ពួក​គេ​គឺ​ជា​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម ​ ហើយ​ត្រូវ​បាន​អជ្ញាធរ​ភូមា ​ចាត់​ទុក​ថា​ជា​ជន​បរទេស ​ដោយ​ពុំត្រូវ​បាន​គេប្រគល់​អត្ត​សញ្ញាណបណ្ណ ​រឺ​លិខិត​ស្នាម​អ្វី​ទេ ​ បើ​ទោះបី​ការ​ពិត​ជាក់ស្តែង ​ ជនជាតិ​រ៉ូហ៊ីងយ៉ា​ បាន​មក​រស់​នៅក្នុង​តំបន់​នេះ​រាប់​ដំណ​មក​ហើយ​ក្តី។

ក្នុង​រយៈពេល​១ខែ​ចុង​ក្រោយ​នេះ ​អំពើ​ហិង្សា​ធ្វើ​ទៅ​លើ​ជនជាតិ​នេះ ​ពី​សំណាក់​ទាហាន​ភូមា ​ បាន​ផ្ទុះឡើង​សា​ជា​ថ្មី។ យោង​តាម​តួលេខ​របស់​អង្គការUNHCR ក្នុង​រយៈពេល​មួយ​ខែ​មក​នេះ ​ មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ប្រមាណ​១ម៉ឺន​នាក់ ​ដែល​បាន​រត់​ឆ្លង​ទៅ​បង់ក្លាដែស ​ដើម្បី​គេច​ចេញ​ពី​ការ​កាប់​សម្លាប់។ បច្ចុប្បន្ន​នេះ​ បង់ក្លាដែស ​បាន​ទទួល​ប្រជាជន​រ៉ូហ៊ីយ៉ា ​រត់​មក​ពី​ភូមា ​ មាន​ចំនួន​២សែន​៣ម៉ឺន​នាក់។

យោង​តាម​អង្គការHuman Rights Watch ​បានឲ្យ​ដឹង​ថា ​ភូមិ​ស្រុក ​និង​ផ្ទះ​សំបែង​របស់​សហគម​រ៉ូហ៊ីងយ៉ា ​រាប់ពាន់​ខ្នង ​ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ដោយ​ទាហាន​ភូមា ​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ។ មន្ត្រី​ជំនាញ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​និង​អង្គការ​សហប្រជាជាតិ ​ បាន​លើកឡើង​ពី​ចេតនា​របស់​អាជ្ញាធរ​ភូមា​ ដែល​ចង់​បោស​សម្អាត​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ឲ្យអស់​ពី​ភូមា​តែ​ម្តង។

យ៉ាងណា​មិញ ​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​របស់​ម៉ាឡេស៊ី ​បាន​លើក​ឡើង​ថា ​សហគម​អាស៊ាន ​គួរ​ណា​តែ​ពិចារណា​ដកហូត​ភូមា​ចេញ​ពី​សមាគម​អាស៊ាន ​បើ​សិន​ជា​ភូមា​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​ទៅ​លើ​ជនជាតិ​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា ​តទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ