លោកដូណាល់ ត្រាំ ​ភ្លឺភ្នែក ​ជាមួយ​​នឹង​​មីស៊ីល​អន្តរទ្វីប​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ របស់​កូរ៉េ​ខាងជើង

សំឡេង ០៦:៥១
ទូរទស្សន៍​ជប៉ុន ​ផ្សាយ​​អំពី​មីស៊ីល​កូរ៉េខាងជើង ដែល​ធ្លាក់​ក្បែរ​ឆ្នេរ​​សមុទ្រ​​ជប៉ុន។ ថ្ងៃ២៩ វិច្ឆិកា ២០១៧
ទូរទស្សន៍​ជប៉ុន ​ផ្សាយ​​អំពី​មីស៊ីល​កូរ៉េខាងជើង ដែល​ធ្លាក់​ក្បែរ​ឆ្នេរ​​សមុទ្រ​​ជប៉ុន។ ថ្ងៃ២៩ វិច្ឆិកា ២០១៧ REUTERS/Toru Hanai

​កាលពីព្រឹកថ្ងៃពុធ ទី២៩ វិច្ឆិកានេះ កូរ៉េខាងជើង ទើបតែបានបាញ់បង្ហោះ នូវមីស៊ីលបាលីស្ទីកអន្តរទ្វីប ដោយមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ថ្មីមួយគ្រាប់ទៀត ប្រកប​ដោយ​ជោគជ័យ។ ទីភ្នាក់ងារ ព័ត៌មានផ្លូវការកូរ៉េខាងជើង បានអះអាងថា មីស៊ីលបាលីស្ទីក​ថ្មីនេះ នឹងអាចហោះទៅកំទេចទីក្រុងធំៗរបស់អាមេរិក បានដោយងាយបំផុត។ គីម ជុងអ៊ុន ​មេដឹកនាំកូរ៉េខាងជើង បានប្រកាសថា ចាប់ពីពេលនេះទៅ កូរ៉េខាងជើង គឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរ ពិតៗ។ ការគំរាមរបស់កូរ៉េខាងជើងនេះ កាន់តែធ្វើឲ្យមានការព្រួយបារម្ភ អំពីលទ្ធភាព ដែលអាចកើតមានសង្រ្គាម​នុយក្លេអ៊ែរ ព្រោះលោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា នឹងកំទេចកូរ៉េខាងជើង ឲ្យឆេះខ្ទេចក្លាយជាផេះ។

ផ្សាយពាណិជ្ជកម្ម

ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ជាថ្មីម្តងទៀតនៅថ្ងៃទី ២៩ វិច្ឆិកានេះ គឺជារឿងធ្ងន់ធ្ងរណាស់។ តាមពិតទៅ គេមិនភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះកូរ៉េខាងជើងបានផ្អាករយៈពេល២ខែ ដើម្បីសំងំ រៀបចំដំឡើងមីស៊ីលនេះ យ៉ាងសំងាត់បំផុត។ មីស៊ីសថ្មីនេះ ជាប្រភេទ​មីស៊ីល អន្តរទ្វីប មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។​ បើតាមការប្រកាស របស់ភ្នាក់ងារ​ព័ត៌មានកូរ៉េខាងជើង ថា មីស៊ីល បានហោះឡើងទៅលើ បានកំពស់ ៤៤៧៥​គីឡូម៉ែត្រ មុននឹងធ្លាក់មកវិញ នៅក្នុងសមុទ្រជប៉ុន។

មីស៊ីលកូរ៉េខាងជើង អាចហោះទៅកំទេចអាមេរិក គ្រប់ទីកន្លែងទាំងអស់

បើតាមការវិភាគរបស់អ្នកជំនាញជាច្រើន បានអះអាងថា បើមីស៊ីល​នេះ​ រត់ទៅលើបានកំពស់ប៉ុននេះ មានន័យថា បើសិនជាបាញ់តាមខ្សែកោង គឺវាអាចរត់បានចំងាយ ប្រមាណ១៣០០០គីឡូម៉ែត្រឯណោះ។ ដូច្នេះ វាអាចជាការពិតហើយ ដែលថា មីស៊ីលកូរ៉េខាងជើង អាចហោះទៅកំទេចទីក្រុងធំៗ របស់អាមេរិកបានយ៉ាងងាយ។ លោក David Wright អ្នកជំនាញម្នាក់នៅ Union of Concerned scientists បានលើកឡើងថា​ ការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបលើកទី៣ របស់កូរ៉េខាងជើងនេះ បានបង្ហាញឲ្យឃើញច្បាស់ថា កូរ៉េខាងជើង អាចបាញ់កំទេចរដ្ឋធានីវ៉ាស៊ីនតោនបាន យ៉ាងស្រួល។

ក៏ប៉ុន្តែយ៉ាងណាក៏ដោយ មិនមែនមានន័យថា សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានឡើងដល់ចំណុចកំពូលនោះទេ។ អ្នកជំនាញរូបនេះ បានលើកឡើងថា កូរ៉េខាងជើងនៅមិនទាន់ មានសមត្ថភាពច្បាស់លាស់ ក្នុងការគ្រប់គ្របក្បាលនុយក្លេអ៊ែរ ដែលខ្លួនបំពាក់នឹងមីស៊ីលនេះទេ។ គឺជាបច្ចេកទេស គ្រប់គ្រងសំពាធនៅពេលក្បាលគ្រាប់ ដែល​ហោះចុះពីលំហរអាកាស មកចូលក្នុងបរិយាកាសផែនដីវិញ។ បើគ្រប់គ្រងមិនបាន គឺមាន​ន័យ​ថាក្បាលគ្រាប់អាចផ្ទុះនៅលើលំហរអាកាស ឬអាចខូចមិនដំណើរការ។

មីស៊ីលដែលកូរ៉េខងជើងបាញ់ថ្ងៃនេះ មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ តែគ្មាននរណាដឹងទេ ថាក្បាលគ្រាប់នោះជាគ្រាប់ទទេរ ឬមានផ្ទុកប្រព័ន្ធបំផ្ទុះនុយក្លេអ៊ែរ ឬក៏អត់ទេ។ ត្រង់នេះក៏ជាចំណោទមួយទៀតដែរ ព្រោះកូរ៉េខាងជើង អាចមិនទាន់មានសមត្ថភាពច្បាស់ទេ។ ប៉ុន្តែសម្រាប់ពេលនេះ អ្វីដែលមិនប្រកែកបាន គឺសមត្ថភាពបាញ់បង្ហោះមីស៊ីលចំងាយឆ្ងាយ របស់កូរ៉េខាងជើង ដែលបានដើរដល់ចំណុចខ្ពស់ គួរឲ្យព្រួយបារម្ភ។

លោកដូណាល់ ត្រាំ ថា ៖ “កុំភ័យ ទុកឲ្យគាត់ចាត់ចែង!”

ជាការពិត យើងគ្រប់គ្នាធ្លាប់បានឮកន្លងមកហើយ នូវសំដីធ្ងន់ៗ ផាំងទៅផាំងមក​រវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង។ ពេលខ្លះ សម្តីលោកដូណាល់​ ត្រាំ ហាក់ដូចជាសំដីកូនក្មេង ដែលឈ្លោះខឹងគ្នា។ ជាក់ស្តែង កាលពីនៅចំពោះមុខ មហា​សន្និបាទ អង្គការសហប្រជាជាតិ លោកដូណាល់ ត្រាំ បានស្រែកក្តែងៗថា អាមេរិក នឹងកំទេច​កូរ៉េខាងជើង ឲ្យឆេះក្លាយជាផេះ។ គឺសំដីរបៀបនេះហើយ ដែលធ្វើឲ្យគីម ជុនអ៊ុន បានលេសកាន់តែខ្លាំង។ លេសយ៉ាងម៉េច គឺ លេសថា អាមេរិកគំរាមកំទេចគេឲ្យខ្ទេច​សល់​តែផេះ អញ្ចឹងគេត្រូវតែធ្វើមីស៊ីលនុយក្លេអ៊ែរ ទុកការពារខ្លួនអញ្ចឹងហើយ។

ដោយឡែក ពេលនេះ លោកដូណាល់ ត្រាំ និយាយថា ទុកឲ្យគាត់អ្នកចាត់ចែង។ អាចមានន័យថា​ គាត់ និងក្រសួងការពារជាតិ នឹងចាត់ចែងធ្វើអ្វីម្យ៉ាង។ តែយ៉ាងណា កុំភ្លេច​ថា មិនមែនគាត់តែម្នាក់ឯង អាចធ្វើអ្វីបានទេ។ គឺត្រូវតែមានការគាំទ្រ ពីសភាទាំង២អង្គ របស់​អាមេរិក។ យ៉ាងណាមិញ នៅថ្ងៃនេះ ក្រោយមកដល់សេតវិមាន លោកដូណាល់ ត្រាំ បានឆ្លៀតនិយាយរិះគន់ថា ពួកសមាជិកសភានិងព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ ថាជា ពួកកំសាក។​ ដូច្នេះមានន័យថា គាត់តែម្នាក់ឯង មិនអាចសម្រេចធ្វើ​សង្រ្គាម ជាមួយកូរ៉េខាងជើងបានទេ។

ជំរើសប្រើកំលាំងដែលអាមេរិក​មិនហ៊ាន

លោក ដូណាល់ ត្រាំ តែងតែនិយាយថា ជំរើសប្រើកំលាំង វាយកូរ៉េខាងជើង គឺនៅមានជានិច្ច។ តែធាតុពិត បើវិភាគឲ្យមែនទែន​ អាមេរិកមិនអាចប្រថុយជ្រើសយកជំរើសនេះទេ។ ជំរើសទីមួយ បើសម្លាប់គីម ជុងអ៊ុនបាន ក៏មិនប្រាកដថា អាមេរិកអាចគ្រប់គ្រងស្ថានការនៅកូរ៉េខាងជើងបានដែរ។ ឧទាហរណ៍ នៅអ៊ីរ៉ាក់ និងនៅលីប៊ី មានជាមេរៀនស្រាប់។ សម្លេះ សាដាមហ៊ូសេន និង កាដាហ្វ៊ីបាន តែមិនអាចដោះស្រាយបញ្ហាបានទេ។​

ជំរើសមួយទៀត គឺវាយកំទេច ដាច់ដោយឡែក ទៅលើទីតាំងផលិត និងស្តុងអាវុធ របស់កូរ៉េខាងជើង។ ជំរើសនេះ ក៏ពិបាកដែរ។ ពិបាក ព្រោះថាគេមិនអាចដឹងទីតាំងទាំងនោះទេ។​ អ្នកវិភាគរបស់កូរ៉េខាងត្បូងម្នាក់ ឈ្មោះ ឈឹង សុងឆាង បានលើកឡើងថា មានរូងក្រោមដីខ្វាត់ខ្វែងច្រើនណាស់។ បើអាចកំទេច​បាន ម្លេះ​រដ្ឋាភិបាលអាមេរិក កាលពីជំនាន់​លោកប៊ូស បានសម្រេចធ្វើរួចទៅហើយ។ ទំរាំមកដល់ឥឡូវនេះ សមត្ថភាពលាក់បំពួន​របស់កូរ៉េខាងជើង មានកាន់តែខ្ពស់ ដូច្នេះការប្រើកំលាំងកំទេច ទីតាំងដាច់ដោយ​ឡែក​នេះ ជារឿងគ្រោះថ្នាក់ណាស់។ ព្រោះបើហ៊ានតែដាក់ កូរ៉េខាងជើង នឹងបានលេសបាញ់មកវិញមិនខាន។ សួរថាជីវិត ប្រជាជននៅសេអ៊ូល ១០លាននាក់ ដែលនៅក្បែរកូរ៉េខាងជើង តើនរណា ជាអ្នកទទួលខុស​ត្រូវ?

រឿងគំរាមប្រើកំលាំងនេះទៀតសោត គឺមានតែលោកដូណាល់ ត្រាំ ទេដែលស្រែក។ លោក John Hyten អគ្គមេបញ្ជាការទទួលបន្ទុកយុទ្ធសាស្ត្រ របស់កងទ័ពអាមេរិក បាននិយាយកាលពីថ្ងៃទី ១៧វិច្ឆិកា ថ្មីៗនេះថា៖ បើសិនជាលោកដូណាស់ ត្រាំ សម្រេចថាត្រូវប្រើកំលាំង នោះក្នុងនាមលោកជាមេបញ្ជាការ លោក​មិនទៅធ្វើតាម ទាំងងងឹតងងុល ដោយមិនចោទសួរពីផលវិបាកនោះទេ។ លោកអះអាងថា លោកមិនខ្លាចនឹងប្រាប់ទៅលោកដូណាល់ ត្រាំវិញទេ ថា វាជារឿងខុសច្បាប់ ដែលអាមេរិក ប្រកាសសង្រ្គាមនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង

កូរ៉េខាងជើង បានទុកផ្លូវចរចា

វាគ្មានអ្វីឲ្យខាតបង់ទេ បើសិនជាចរចា ជាមួយកូរ៉េខាងជើង។ ផលអាក្រក់ដែលកើតចេញ​ពីការប្រើកំលាំងអាវុធនោះ វាធ្ងន់ធ្ងរពេក ដែលមិនអាចឲ្យយើង មិនជ្រើសរើសយកជំរើសចរចាបានទេ។ នៅថ្ងៃពុធទី២៩ វិច្ឆិកានេះ ក្រោយបាញ់មីស៊ីលហើយ កូរ៉េខាងជើង បានចេញលិខិតប្រកាសមួយ សរសេរថា “អាវុធរបស់កូរ៉េខាងជើង មិនបានទៅគំរាមសន្តិសុខប្រទេសណា ឬតំបន់ណាមួយនោះទេ ល្គិកណា ផលប្រយោជន៍​ជាតិរបស់កូរ៉េខាងជើង មិនត្រូវបានអ្នកផ្សេងមកបំពាន”។ ក្នុងន័យនេះ កូរ៉េខាងជើង នៅតែបន្ត អនុ​វត្តគោលការណ៍ធំ ដែលកំណត់ថា មិនត្រូវប្រើគ្រាប់នុយក្លេអ៊ែរមុនទេ ល្គិកណា គេមិនប្រើដាក់ខ្លួន។

លោកស្រី Melissa Hanham អ្នកជំនាញនៅវិទ្យាស្ថាន Middlebury បានលើកឡើងថា ការប្រកាសរបស់កូរ៉េខាងជើងដូច្នេះ មានន័យថា កូរ៉េខាងជើង ចង់បើកផ្លូវចរចាហើយ។ កូរ៉េខាងជើង បានទទួលអ្វីដែលខ្លួនចង់បានហើយ គឺការមានអាវុធបាលីស្ទីកក្បាល​នុយក្លេអ៊ែរ ដែលអាចហោះបានឆ្ងាយ។ អាវុធនេះ ជាអាវុធ សម្រាប់គំរាម ដើម្បីចរចា។ ដូច្នេះ ចង់មិនចង់ មហាអំណាចទាំងអស់ ត្រូវតែចរចាជាមួយកូរ៉េខាងជើង។ បើបន្តនៅរឹង មិនព្រមធ្វើសម្បទានឲ្យគីម ជុងអ៊ុនទេនោះ គឺមិនខុសពីទុកពេល ឲ្យកូរ៉េខាងជើង បន្តបង្កើនសមត្ថភាព ឲ្យកាន់តែខ្ពស់ជាងនេះទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI