ម៉ាឡេស៊ី-ពុករលួយ

ម៉ាឡេស៊ី៖​បាត់លុយ​៤ពាន់​​លាន​​ដុល្លារ​​របស់​​ធនាគារ​អភិវឌ្ឍន៍​​ម៉ាឡេស៊ី​​ទីមួយ 1MDB

ស្លាក​យីហោផ្សាយ​ពាណិជ្ជកម្ម ​របស់​ធនាគារ 1MDB នៅ​តាម​ផ្លូវ​ប្រទេស​ម៉ាឡេស៊ី
ស្លាក​យីហោផ្សាយ​ពាណិជ្ជកម្ម ​របស់​ធនាគារ 1MDB នៅ​តាម​ផ្លូវ​ប្រទេស​ម៉ាឡេស៊ី REUTERS/Olivia Harris/Files

ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ ​1MDB ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩​ ដោយ​លោក​នាយករដ្ឋមន្ត្រី​ណាហ្ស៊ីប រ៉ាហ្សាក់ ​កំពុង​តែ​បង្ក​ព្យុះភ្លៀង​រឿង​អាស្រូវ ​បន្ទាប់​ពី​បាត់​ប្រាក់​ចំនួន​៤ពាន់​លាន​ដុល្លារ​ ដោយសារ​អំពើ​ពុករលួយ។ រឿង​អាស្រូវ​នេះ ​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ដែល​ជា​អ្នក​ដើម​គំនិត​បើក​ក្រុមហ៊ុន​មូលធនរដ្ឋ​មួយ​នេះ ​ហើយ​ដែល​បាន​ដាក់​បញ្ចូល​សុទ្ធ​តែ​មនុស្ស​ស្និត​នឹង​លោក​ផ្ទាល់។ ប្រាក់​ចំនួន​ ៧រយ​លាន​ដុល្លារ ​ក៏​ត្រូវបាន​គេ​រក​ឃើញ​នៅ​ក្នុង​គណនី​ផ្ទាល់ខ្លួន​ របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

តុលាការ​ទទួល​បន្ទុក​បទល្មើស​ហិរញ្ញវត្ថុ​របស់​ស្វីស ​បាន​ចាប់​បើក​ការ​ស៊ើបអង្កេត​ កាល​ពី​ថ្ងៃ​ទី ​១៤​ខែ​សីហា ​ឆ្នាំ២០១៥​ លើ​ករណី​ឃប់ឃិត​លួច​ប្រាក់​រដ្ឋ​ របស់​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី ​ដែល​មាន​ឈ្មោះថា​ ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ 1MDB ។ ក្រុមហ៊ុន​នេះ ​ ត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩​ បន្ទាប់​ពី​លោក​ នាយករដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី ​ណាហ្ស៊ីប រ៉ាហ្សាក់ ​បាន​ឡើង​កាន់​អំណាច។ គោលដៅ​នៃ​ការ​បង្កើត​ក្រុមហ៊ុន​នេះ ​ គឺ​ដើម្បី​ពន្លឿន​សន្ទុះ​វិនិយោគ​នៅ​ម៉ាឡេស៊ី។ ប៉ុន្តែ​អ្វី​ដែល​គេ​កំពុង​សង្ស័យ​នៅ​ពេល​នេះ ​ គឺ​ក្រុមហ៊ុន​នេះ​ គ្រាន់តែ​ជា​ឧបករណ៍​បង្វិល​ប្រាក់ ​ បន្លំប្រាក់​វិនិយោគ​របស់​រដ្ឋ ​ ដែល​ដឹកនាំ​ដោយ​មនុស្ស​ជំនិតៗ​ របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ដ៏​ធំ​មហិមា​នេះ​បច្ចុប្បន្ន ​មាន​ជាប់​បំណុល​ចំនួន​១០ពាន់​លានដុល្លារ។

 
រដ្ឋអាជ្ញា​ស្វីស ​ បាន​ធ្វើការ​ស្នើសុំ​ទៅ​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី ​ដើម្បី​សុំការ​សហការ។ ព្រះរាជអាជ្ញា​ម៉ាឡេស៊ី ​ឈ្មោះ មហាមេដ អាប៉ាន់ឌី អាលី ​បាន​សន្យា​ថា​នឹង​សហការ​ ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​រក​រិះគល់ ​ដែល​បណ្តាល​ឲ្យ​បាត់​ប្រាក់​ចំនួន​ ៤ពាន់​លាន​ដុល្លារ​នេះ។  ប៉ុន្តែ​វា​ជា​ការ​សន្យា​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​ទុកចិត្ត​ណាស់ ​ដោយសារ​តែនរណា​ក៏​ដឹង​ដែរ​ថា ​ លោក​ព្រះរាជអាជ្ញា​រូបនេះ ​ ជា​មនុស្ស​ជំនិត​នឹង​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ហើយ​ធ្លាប់​ធ្វើ​ការ​ការពារ​លោក​នាយករដ្ឋមន្ត្រី​យ៉ាង​ពេញ​មុខ​ទៀត​ផង។

រឿង​អាស្រូវ​បង្វិល​ប្រាក់​ចំនួន​ ៤ពាន់​លាន​ដុល្លារ​នេះ ​ មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ជាមួយ​រឿង​អាស្រូវ​មួយ​ទៀត ​ គឺ​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​របស់​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​មាន​គេ​បង្វិល​ប្រាក់​ចូល​ចំនួន​ ៧០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៩ ​បន្ទាប់​ពី​ក្រុមហ៊ុន​អាស្រូវ​នេះ ​ត្រូវ​បាន​បង្កើត។ ប៉ុន្តែអ្វី​ដែល​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​ឆ្លើយ​អះអាង​គឺ​ថា​ ប្រាក់​៧០០​លាន​ដុល្លារ​នេះ ​ជា​អំណោយ​សប្បុរស​ របស់​គ្រួសារ​ស្តេច​អារ៉ាប៊ីសាអូឌីត​ ធ្វើ​ជូន​លោក​នាយករដ្ឋមន្ត្រី​ណាហ្ស៊ីប រ៉ាហ្សាក់។ ដូច្នេះ​ប្រាក់​នេះ​ជា​ប្រាក់​ស្អាតស្អំ ​បរិសុទ្ធ​ទេ។
 

លោក ណាហ្ស៊ីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី
លោក ណាហ្ស៊ីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី MOHD RASFAN / AFP

យ៉ាង​ណាក៏ដោយ ​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​ណាស់ ​ដែល​ថា​សុខៗ​ គ្រួសារ​ស្តេច​អារ៉ាប៊ីសាអូឌីត​ ធ្វើ​កាដូ​ប្រាក់​ចំនួន​៧០០​លាន​ដុល្លារ​ជូន​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​បែបនេះ។ ជាង​នេះ​ទៅ​ទៀត​ គេ​ដឹង​យ៉ាង​ច្បាស់​ថា ​គ្រាន់តែ​រឿង​អាស្រូវ​បាន​ផ្ទុះឡើង ​ លោក​អតីត​អនុប្រធានាធិបតី​ម៉ាឡេស៊ី ​ដែល​កាល​នោះ​ បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​តម្លារភាព ​ ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​ភ្លាមៗ​តែ​ម្តង។ ចំណែក​លោក​ អាប់ឌុល ហ្គានី ​អតីត​ព្រះរាជអាជ្ញា​ដែល​ចាប់​ផ្តើម​ស៊ើប​អង្កេត​លើ​រឿង​នេះ ​ ក៏ត្រូវ​គេ​ដក​ចោល​ដូច​ខ្ទឹម​ដែរ​ ​ ហើយ​ដាក់​ជំនួស​ដោយ​លោក​ព្រះរាជអាជ្ញា​បច្ចុប្បន្ន​នេះ។

 
សម្រាប់​ពេល​នេះ ​ បទចោទ​ប្រកាន់​ជា​ច្រើន​ករណី ​ដូច​ជា​ការ​ប្រើប្រាស់​ប្រាក់​សូកប៉ាន់​មន្ត្រី​បរទេស ​លាង​លុយ​ក្រខ្វក់ ​បង្វិល​លួច​លុយ​រដ្ឋ​ជាដើម ​ត្រូវបាន​តុលាការ​ស្វីស​កំពុង​ធ្វើ​ស៊ើបអង្កេត​ ទៅលើ​ក្រុមហ៊ុន​ម៉ាឡេស៊ី​នេះ។ រឿង​អាស្រូវ​នេះ ​កំពុងតែ​បង្ហាញ​ពី​មុខមាត់​ពិត​ប្រាកដ​ របស់​លោក ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ណាហ្ស៊ីប រ៉ាហ្សាក់។ លោកនាយករដ្ឋមន្ត្រី​ នៅ​តែមុខ​ក្រាស ​មិនព្រម​ចុះចេញ​ពី​តំណែង ​បើ​ទោះបី​ជា​មហាជន​ បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យចុះចេះ​ពី​តំណែង​ ជាច្រើន​ដង​មក​ហើយ ​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI