អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​ចោទ​អាមេរិក ថា​បំផ្លាញ​ស្ថិរភាព​សកល តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​លើ​ចិន​ដែល​ទិញ​សព្វាវុធ​រុស្ស៊ី

លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​
លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​ 路透社。
ដោយ៖ ម៉ម ពិសី
២៨ នាទី

ថ្ងៃព្រហស្បតិ៍ទី២០កញ្ញា រដ្ឋាភិបាលអាមេរិក បានសម្រេចដាក់ទណ្ឌកម្ម លើអង្គភាពយោធារបស់ចិនមួយ ដោយហេតុថា អ្នកទទួលខុសត្រូវ និងអង្គភាពចិននោះ បានទិញសម្ភារៈសព្វាវុធយោធា ពីរុស្ស៊ី។ នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្ម​ប្រទេសផ្សេងមួយទៀត ដែលរកស៊ីពាក់ព័ន្ធជាមួយនឹងបណ្តាញយោធារបស់រុស្សី។ ទណ្ឌកម្មរបស់អាមេរិក បានបង្កឲ្យមានប្រតិកម្មភ្លាមៗ ពីសំណាក់ រដ្ឋាភិបាល​ចិន និងរុស្ស៊ី។ ប្រទេសទាំង២ ចាត់ទុកទណ្ឌកម្មនេះ ថាជាការរករឿង បង្កជម្លោះ​ទាស់ទែង ដោយគ្មានហេតុផល ហើយដែលវានឹងគំរាមកំហែង ដល់ស្ថិរភាពរបស់ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

ខឹងចិន​ទិញយន្តហោះចំបាំង​ និងមីស៊ីលរុស្ស៊ី

ដំណឺងនេះ ត្រូវបានផ្សព្វផ្សាយ ដោយលិខិតប្រកាសមួយ របស់ក្រសួងការបរទេសអាមេរិក ចុះហត្ថលេខាដោយលោក Heather Hauert អ្នកនាំពាក្យក្រសួងនេះ។ ក្នុងលិខិតប្រកាសនេះ រដ្ឋាភិបាលអាមេរិក បានសម្រេច ដាក់ទណ្ឌកម្ម ទៅលើអង្គភាពយោធាចិនមួយ ឈ្មោះថា នាយកដ្ឋានអភិវឌ្ឍន៍គ្រឿងភស្តុភារ។ នាយកដ្ឋាន​នេះ ​គឺជាអង្គភាពរបស់ក្រសួងការពារជាតិចិន ដែលមានតួនាទី ចាត់ចែង រៀបចំទុកដាក់ នឹងត្រួតពិនិត្យ​ លើសមត្ថភាព​បច្ចេកវិទ្យាយោធា របស់ចិន។ ជាមួយគ្នានេះដែរ លោកអគ្គនាយកនាយកដ្ឋាននេះ ឈ្មោះ Li Shangfu ក៏បានជាប់ទណ្ឌកម្មរបស់អាមេរិកនេះដែរ ដោយហេតុថាបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនរុស្ស៊ី ឈ្មោះ Rosoboronexport ដែលជាភ្នាក់ងារ​លក់អាវុធដ៏ធំបំផុត របស់រុស្ស៊ី។

អាមេរិក ចោទថាចិន​បានទិញ យន្តហោះចម្បាំង​ Soukhoï-35 របស់រុស្ស៊ី ចំនួន១០គ្រឿង កាលពីឆ្នាំ២០១៧ ព្រមទាំងបានទិញមីស៊ីល S-400 របស់រុស្ស៊ី ជាច្រើនគ្រាប់ទៀតផង ក្នុង​ឆ្នាំ២០១៨នេះ។ ដោយយោងលើ​ទណ្ឌកម្មនេះ គឺអង្គភាព​យោធាចិន ក៏ដូចជាលោកអគ្គនាយក​នៃ​អង្គភាព​នេះ មិនអាចទទួលបាននូវអាជ្ញាបណ្ណនាំចេញ សម្ភារៈគ្រឿងសព្វាវុធ​អាមេរិក​បានទេ ហើយក៏មិនអាចមានឈ្មោះក្នុងប្រព័ន្ធទីផ្សារហិរញ្ញវត្ថុរបស់អាមេរិកដែរ។ ហើយអង្គភាព ឬស្ថាប័នទាំងអស់របស់ចិន ដែលពាក់ព័ន្ធនឹងអង្គភាពជាប់ទណ្ឌកម្មខាងលើ គឺមិនអាចមានទំនាក់ទំនងរកស៊ី ជាមួយក្រុមហ៊ុនអាមេរិកបានទេ។

ការសម្រេដាក់ទណ្ឌកម្មលើចិននេះ គឺមិនមែនជារឿងចៃដន្យប៉ុន្មានទេ ព្រោះថាបច្ចុប្បន្ននេះ រដ្ឋាភិបាលលោកដូណាល់ ត្រាំកំពុងសង្កត់ចិន ចោទចិនជាច្រើនរឿង។ ជាក់ស្តែងបញ្ហាពាណិជ្ជកម្ម ដោយចោទថាចិនរកស៊ីខ្សែលើ នាំចូលទំនិញមកអាមេរិក ច្រើនហួសប្រមាណ ហើយទិញទំនិញទំនិញពីអាមេរិកវិញតែបន្តិចបន្តួច។ ថ្មីៗនេះទៀតអាមេរិកបានចោទចិន ថាប្រើបច្ចេកវិទ្យាទាញយកចំណេះ​ដឹង ធនធានមនុស្សពីអាមេរិក ដើម្បីអាចមានប្រៀបសេដ្ឋកិច្ចលើអាមេរិក។ ហើយកាលពីថ្ងៃពុធ ២ថ្ងៃ​មុននេះទៀត លោក​Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាននិយាយតាមទូរទស្សន៍ ដោយបានប្រើពាក្យធ្ងន់ៗចោទ និងរិះគន់រដ្ឋាភិបាលចិន ហើយថាថ្ងៃមុខទៅ ចិនគឺជាគ្រោះថា្នក់​ធំ សម្រាប់​អាមេរិក​ទៀតផង។

រុស្ស៊ី ជាផ្ទាំងស៊ីប របស់អាមេរិក

យ៉ាងណាក៏ដោយ ព្រមជាមួយគ្នានេះ មានក្រុមហ៊ុននិងជនជាតិរុស្ស៊ីច្រើននាក់ផ្សេងទៀត ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិកនេះដែរ។ តាមពិតទៅ គឺអាចជា​រុស្ស៊ីទៅវិញទេ ដែលរដ្ឋាភិបាលអាមេរិក មានបំណងវាយសង្គ្រប់។

ជាការពិតណាស់ តាមពិតទៅ ក្នុងរឿងនេះ គឺចិន ជាអ្នកទទួលថ្មបាក់ ព្រោះថាកម្មវត្ថុពិតប្រាកដនៃទណ្ឌកម្ម​នេះ គឺរុស្ស៊ីតែម្តង។ បញ្ជីខ្មៅអាមេរិក ដែលផ្អែកលើច្បាប់មួយអនុម័តឆ្នាំ២០១៧ សំដៅដាក់ទណ្ឌកម្ម​​លើភ្នាក់ងារកងទ័ព ឬចារកិច្ចរបស់រុស្ស៊ីនោះ គឺមានជាប់ឈ្មោះមនុស្ស ឬអង្គភាពចំនួន៤៩រួច​ហើយ​។ ឥឡូវជាមួយទណ្ឌកម្មថ្មីនេះ គឺគេបន្ថែម​៣៣​ទៀត គឺវាឡើងដល់៧២ឈ្មោះ។

ក្នុងចំណោមអ្នកថ្មីដែលទើបជាប់បញ្ជីរខ្មៅ គឺមានឈ្មោះ Igor Korobov មេធំបំផុតនៃភ្នាក់ងារចារកិច្ចកងទ័ពរុស្ស៊ី អង្គការParamilitaire PMC Wagner និងនាយកហិរញ្ញវត្ថុអង្គការនេះជាជនជាតិរុស្ស៊ី ឈ្មោះEvguéni Prigojine។ ជនម្នាក់នេះ គឺជាមហាសេដ្ឋី​រុស្ស៊ី ដែល​ល្បីថាស្និទខ្លាំងនឹងលោកពូទីន។ ក្រៅពីនេះ នៅមានរោងចក្រផលិតយន្តហោះ​​រុស្ស៊ី ដែល​ជាក្រុមហ៊ុនផលិតយន្តហោះចំបាំង Soukhoï នេះតែ​ម្តង​ ហើយនិងមានភ្នាក់ងារ​រុស្ស៊ី​មួយទៀត ឈ្មោះ Internet Research Agency។ គឺភ្នាក់ងារនេះហើយ ដែលពាក់ព័ន្ធ នឹងរឿងរ៉ាវ អន្តរាគមន៍លូកដៃរបស់រុស្ស៊ី មកក្នុងការបោះឆ្នោតប្រធានាធិបតី​អាមេរិក។

បើយើងវិភាគឲ្យមែនទែន តាមរយៈទណ្ឌកម្មនេះ គឺរដ្ឋាភិបាលលោកដូណាល់ ត្រាំ ប្រើព្រួញ​តែមួយ តែបាញ់បានសត្វ២។ ទីមួយ ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ្នកជំនួញ ឬអង្គភាព ដែលឃុបឃិតជាមួយកងទ័ពរុស្ស៊ី​ ហើយទី២ ទណ្ឌកម្មនេះគឺជាសារ ប្រាប់ទៅប្រជាពលរដ្ឋ​អាមេរិក ឲ្យដឹងថា រដ្ឋាភិបាល​លោក​ត្រាំ មិនមែនរណបរុស្ស៊ី ឬខ្លាចលោក​ពូទីន​ ដូចដែលធ្លាប់មានគេនិយាយរិះគន់នោះទេ។ ក្រៅពីនេះទៀត ប្រទេសផ្សេងទៀត ដូចជាតួកគី ដែលកំពុងចរចាទិញមីស៊ីលរបស់រុស្ស៊ីនោះ ក៏ត្រូវតែភ័យខ្លួនដែរ។

“អាមេរិក កំពុងបង្កអស្ថិរភាពដល់ពិភពលោក”

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ថ្នាក់ដឹកនាំចិន និងរុស្ស៊ី បានចេញមុខ មករិះគន់ទណ្ឌកម្មរបស់អាមេរិកនេះ ដែលគេចាត់ទុកថា ជាទណ្ឌកម្មបង្ករឿង ជ្រៀតជ្រែក ច្រណែននឹងទំនាក់ទំនងរបស់ប្រទេសផ្សេង។ លោកGeng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រតិកម្មថា វាជារឿងហួសហេតុ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក លប់​ចោល​​ទណ្ឌកម្មនេះជាបន្ទាន់ ពុំនោះទេអាមេរិក នឹងរងផលលំបាកតបទៅវិញ។ តំណាងរដ្ឋាភិបាល​ចិនរូបនេះ បានលើកឡើងថា ទណ្ឌកម្មគ្មានហេតុផលរបស់អាមេរិកនេះ គឺវាបំពាន​ទៅនឹងគោលការណ៍គ្រិះ នៃច្បាប់ទំនាក់ទំនងអន្តរជាតិ ហើយវាបំពានទៅដល់កិច្ចការ​ផ្ទៃក្នុង កងទ័ពជាតិរបស់ប្រទេសគេផ្សេង។

ដូចគ្នាដែរ ភាគីរុស្ស៊ី បានចាត់ទុកថា "អាមេរិកដឹកនាំដោយលោកដូណាល់ ត្រាំ កំពុងតែធ្វើឲ្យពិភពលោក​ចលាចល មានភាពតានតឹង បាត់បង់ស្ថិរភាព និងតុល្យភាព"។ លោក Sergeui Riabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានលើកឡើង​ក្នុងលិខិតប្រកាសរបស់ខ្លួនថា "អាមេរិក កំពុងតែប្រលែងលេងជាងមួយ​នឹងភ្លើង ដែលនេះគឺជារឿងមួយល្ងង់ខ្លៅជាទីបំផុត"

ក្នុងលិខិតដដែលនេះ មន្ត្រីរុស្ស៊ីរូបនេះ សរសេរថា ពីទណ្ឌកម្មមួយទៅទណ្ឌកម្មមួយ ដែល​អាមេរិក ខំប្រឹងដាក់មកលើរុស្ស៊ី គឺវាស្តែងឲ្យឃើញថា ថាហាក់បីដូចជាមេដឹកនាំ​អា​មេរិក​ទាំងអស់ ចូលចិត្តធ្វើរឿងនេះខ្លាំងណាស់​ ពោលគឺយកការដាក់ទណ្ឌកម្មលើរុស្ស៊ី ជាការសប្បាយរបស់ជាតិអាមេរិកតែម្តង។ បើគិតពីឆ្នាំ២០១១ ទណ្ឌកម្មអាមេរិក ដាក់​លើ​រុស្ស៊ី គឺមានប្រហែល​៦០ដងហើយ។ ទណ្ឌកម្មកាន់តែច្រើន គឺវាកានតែបង្ហាញថា ទណ្ឌកម្ម​ទាំង​នោះ គ្មានន័យខ្លឹមសារ។

ជារួម ទណ្ឌកម្មថ្មីរបស់អាមេរិក គឺវាបន្ថែមពីលើភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលរដ្ឋាភិបាល​លោកដូណាល់ ត្រាំបានបង្កភាពវឹកវររួចទៅហើយ។ តើថ្ងៃមុខ មានរឿងអ្វីទៀត បើសិន ជាចិន ឬរុស្ស៊ី សម្រេចឆ្លើយតបវិញ? ការកំញើញចង្កូមដាក់គ្នានេះ មិនមែន​ជារឿងល្អទេ សម្រាប់ស្ថិរភាពសកលលោកយើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ