សហរដ្ឋអាមេរិក-ចិន

ស៊ី ជីនពីង និង​ដូណាល់ ត្រាំ ​អះអាង​ថា ​ជួបគ្នា​លើក​ទីមួយ​ ល្អូកល្អឺន​ដល់​កំរិត

ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​អាមេរិក នៅ​និវេសនដ្ឋាន ​Mar-a-Lago ថ្ងៃ​ទី​​៧​មេសា ២០១៧
ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​អាមេរិក នៅ​និវេសនដ្ឋាន ​Mar-a-Lago ថ្ងៃ​ទី​​៧​មេសា ២០១៧ REUTERS/Carlos Barria

ឆ្លើយតប​ទៅនឹង​ការ​អញ្ជើញ​របស់​លោក ​ប្រធានធិបតី​អាមេរិក ​លោក​ប្រធានធិបតី​ចិន​ ស៊ី ជិនពីង ​បាន​អញ្ជើញ​ទៅ​ជួប ​លោក ​ដូណាល់ ត្រាំ ​ដល់​និវេសនដ្ឋាន​ប្រណិត​របស់​លោកត្រាំ​នៅ​រដ្ឋហ្វ្លរីដា ​កាល​ពី​ថ្ងៃ​សុក្រ​ទី ​៧​មេសា។ ក្រោយ​ជំនួប​ មេដឹកនាំ​នៃ​មហា​អំណាច​ទាំងពីរ​នេះ ​បាន​អះអាង​ព្រម​គ្នា​ថា​ ​ ទំនាក់ទំនង​រវាង​អាមេរិក ​និង​ចិន ​កំពុង​ឈាន​ទៅ​រក​កម្រិត​ល្អ​ប្រសើរ ​ ដើម្បី​ប្រយោជន៍​រួម​គ្នា។ យើង​នៅ​ចាំ​មិន​ទាន់​​ភ្លេច​នៅឡើយ ​ ពី​សំដី​របស់​លោក​ដូណាល់ ត្រាំ ​ដែល​បាន​ស្រែក​ក្តែងៗ​ រិះគន់​ រដ្ឋាភិបាល​ចិន ​ ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត។ តែពេល​នេះ​ លោក​ដូណាល់​ ត្រាំ ​បាន​អះអាង​ថា​លោក​និង​លោក ​ស៊ី ​ជីន​ពីង ​និយាយ​ត្រូវ​រូវ​គ្នា​ខ្លាំង​ណាស់។

ផ្សាយពាណិជ្ជកម្ម

ស្រប​ពេល​ដែល​គ្រប់​គ្នា​កំពុង​តែ​ផ្អើល​ឆោឡោ ​នឹង​ការ​បាញ់​គ្រាប់​មីស៊ីល​របស់អា​មេរិក​ ទៅ​កំទេច​បន្ទាយ​ទ័ព​អាកាស​របស់​ស៊ីរី​  ជំនួប​មួយ​ទល់​នឹង​មួយ​រវាង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​និង​លោក​ស៊ី ជីនពីង​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​ហាក់​ពុំ​សូវ​មាន​គេ​ចាប់​អារម្មណ៍​ឡើយ។

 
នៅ​ចំពោះ​មុខ​អ្នក​កាសែត ​មេ​ដឹកនាំ​នៃ​មហា​អំណាច​ទាំងពីរ​ បាន​អះអាង​ព្រម​គ្នា ​ ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា ​ចិន​ ​និង​អាមេរិក​ បាន​សន្យា​ចាប់ដៃ​គ្នា ​ស្វែងយល់​ពី​គ្នា​ទៅ​វិញ​ទៅមក ​ ដើម្បី​ផល​ប្រយោជន៍​រួម។

បើបាន​ស្តាប់​សម្តី ​និង​ឃើញ​រូបភាព​ល្អូកល្អឺន​នេះ​ គឺវា​សឹង​តែ​ធ្វើ​ឲ្យ​គេ​ភ្លេច​ថា ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ​ ចិន​គឺ​ជា​កម្មវត្ថុ​រិះគន់​ធំ​បំផុត​របស់​លោក​ដូណាល់ ត្រាំ ​ដើម្បី​ទាក់ទាញ​សម្លេង​គាំទ្រក្នុង​កំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត។ លោកត្រាំ ​ហាក់​បាន​បំភ្លេច​សំដី​ខ្លួន ​ ដែល​បាន​សន្យា​ថា​នឹង​រឹត​បន្តឹង​ការ​នាំចូល​ផលិតផល​ចិន ​ តាម​រយៈ​ការ​ដាក់​ពន្ធ​នាំ​ចូល​ប្រមាណ​ជា​៤០% ​ហើយ​ពេល​នេះ ​បែរ​មក​ប្រកាស​ថា ​ លោក​ និង​លោក​ប្រធានធិបតី​ចិន ​ បាន​និយាយ​គ្នា​ ត្រូវដង​ត្រូវផ្លែ​សំបើម​ណាស់។

តែ​យ៉ាងណា​ យើង​មាន​តែ​អបអរ​សាទរទរ​ ដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពីរ​នេះ ​ ព្រម​បន្ទន់​ចិត្ត​រៀង​ខ្លួន ​ មក​ចាប់ដៃ​ធ្វើការ​ជាមួយ​គ្នា​ ជាជាង​ការ​តំឡើង​សំឡេង​ រិះគន់​គ្នា។ តាម​ការ​គ្រោង​ទុក​ រដ្ឋាភិបាល​អាមេរិក ​និង​ចិន​ បាន​ព្រមព្រៀង​គ្នា ​កំណត់​រយៈពេល​១០០​ថ្ងៃ ​ដើម្បី​ឲ្យ​ក្រុម​ការងារ​ផ្នែក​ពាណិជ្ជកម្ម​ ជួប​ប្រជុំ​គ្នា ​កំណត់​ទិសដៅ​ថ្មី ​ធ្វើ​យ៉ាង​ណាឲ្យ​វិស័យ​ពាណិជកម្ម​នាំចេញ​នាំចូល​រវាង​ប្រទេស​ទាំងពីរ​ មានតុល្យភាព។

ដោយឡែក ​លោក ​Rex​ Tillerson ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ​ បាន​បញ្ជាក់​ថា ​ ឆ្លងកាត់​ជំនួប​នេះ ​លោក​ស៊ី ជីនពីង ​បាន​សន្យា​ថា​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ​ ដើម្បី​រក​ដំណោះស្រាយ​ក្នុង​សំណុំ​រឿង​កូរ៉េ​ខាងជើង ​ ដែល​កាន់​តែ​កញ្ជ្រោក​គំរាម​សន្តិសុខ​តំបន់។ លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ បាន​លើក​ឡើង​ថា ​ភាគី​អាមេរិក​ បាន​និយាយ​ត្រង់​ទៅ​ត្រង់មក​ជាមួយ​ចិន ​ទាក់ទង​នឹង​បញ្ហា​នេះ​ ហើយ​ពន្យល់​ឲ្យចិន​យល់​អំពី​ការ​ដាក់តាំង​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល ​របស់​ខ្លួន​នៅ​លើ​ដី​កូរ៉េ​ខាងត្បូង។

ជាការពិត ​ជាមួយ​នឹង​ចរិក​ក្តៅឆេវឆាវ​​ ពិបាក​ស្មាន​មុន​ របស់​លោកដូណាល់ ​ត្រាំ ​និង​ជាពិសេស​ ក្រោយ​ការ​សម្រេច​ភ្លាមៗ ​បាញ់​មីស៊ីល​លើ​ស៊ីរី​ ព្រមទាំង​ការ​គម្រាម​ថា ​អាមេរិក ​អាច​ប្រើ​កំលាំង​លើ​កូរ៉េ​ខាងជើង​ផង​នោះ​ លោក​ប្រធានាធិបតី​ចិន​ ប្រហែល​ជា​ គ្មាន​ជំរើស​អ្វីផ្សេង​ទេ ​បើ​មិន​ចង់​ឃើញ​គ្រាប់​មីស៊ីល​របស់​លោក​ដូណាល់ ត្រាំ ​ហោះ​ទៅ​បំផ្ទុះ​ នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI