សហរដ្ឋអាមេរិក-កូរ៉េខាងជើង

សហរដ្ឋអាមេរិក​ថា​បើ​ចាំបាច់ គឺ​ត្រូវ​ចរចា​​មួយទល់​នឹង​មួយ ដោយ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាងជើង

លោក Rex Tillerson ពេលប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ថ្ងៃទី​២៨មេសា ២០១៧
លោក Rex Tillerson ពេលប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ថ្ងៃទី​២៨មេសា ២០១៧ Reuters

សំណុំ​រឿង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ​កំពុង​ធ្វើ​ឲ្យ​សហគម​អន្តរជាតិ ​សស្រាក់​សស្រាំ ​ស្វែងរក​ដំណោះស្រាយ ​ ដើម្បី​បញ្ចៀស​ការ​ប្រើ​ប្រាស់​កំលាំង ​ តាម​ដែល​សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ព្រមាន។ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​ ២៨​មេសា​ម្សិលមិញ ​ លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិសេស​មួយ​ ក្នុង​ក្របខណ្ឌ​ក្រុមប្រឹក្សា​សន្តិសុខ ​ដើម្បី​រួមគ្នា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​របប​ផ្តាច់ការ​ព្យុងយ៉ាង។ នៅ​ប៉ុន្មាន​ម៉ោង ​ មុន​កិច្ច​ប្រជុំ​នេះ ​លោក​រដ្ឋមន្ត្រី​អាមេរិក​ ថែមទាំង​បាន​និយាយ​ថា ​បើ​ចាំបាច់ ​ អាមេរិក​ នឹង​ចរចា​ដោយ​ផ្ទាល់​ទ្វេរភាគី​ជាមួយ​កូរ៉េ​ខាងជើង។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីបាន​គំរាម​ប្រើ​កំលាំង ​ និង​បាន​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​ឧបទ្វីប​កូរ៉េ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ​ សហរដ្ឋ​អាមេរិក ​ ហាក់​បាន​បញ្ចេញ​យុទ្ធសាស្ត្រថ្មី​ តាម​រយៈ​ការ​ផ្តល់​អាទិភាព​ទៅ​លើ​ការ​ចរចា​ ដោយ​សន្តិវិធី ​ជាមួយ​កូរ៉េ​ខាងជើង ​ជា​ជាង​ការ​ប្រើ​កំលាំង​វាយ​បក។ យ៉ាង​ណាមិញ ​ លោក​ប្រធានាធិបតី ​ ដូណាល់ ត្រាំ ​ក៏​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ដែរ​ថា​ លោក​អាច​នឹង​ប្រើ​កំលាំង​សង្រ្គប់​កូរ៉េ​ខាងជើង ​ តែ​ជា​បឋម ​ លោក​ចង់​ផ្តល់​អាទិភាព ​ដល់​ការ​ចរចា​ផ្លូវទូត​ជាមុន​សិន។

 
មុន​ពេល​ចូល​ទៅ​ដឹកនាំ​ការ​ប្រជុំ​ពិសេស ​នៃ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ នៅក្នុង​បទ​សម្ភាសន៍​តាម​វិទ្យុ​ NPR ​លោក ​ Rex Tillerson​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​ បាន​និយាយ​ថា ​ បើ​ចាំបាច់ ​សហរដ្ឋ​អាមេរិក​ ត្រៀម​ខ្លួន​ចរចា​ ដោយ​ផ្ទាល់​ មួយ​ទល់​នឹង​មួយ​ ជាមួយ​នឹង​កូរ៉េ​ខាងជើង។ លោករដ្ឋមន្ត្រី​រូប​នេះ ​បាន​បញ្ជាក់​ថា​ ​អ្វី​ដែល​អាមេរិក ​ចង់បាន ​គឺ​តែ​មួយ​គត់​ គឺ​បិទ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​តែ​ម្តង ​មិនត្រឹម​តែ​ផ្អាក​មួយ​រយៈ​នោះ​ទេ។ លោក​បន្ថែម​ថា ​ អាមេរិក​ បាន​ដក​អាវុធ​នុយក្លេអ៊ែរ ​ចេញ​ពី​តំបន់​ឧបទ្វីប​កូរ៉េ ​អស់​រលីង​ហើយ។ ដូច្នេះ ​កូរ៉េ​ខាង​ជើង​ ក៏​ត្រូវតែ​លប់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ។

បន្ថែម​ពី​នេះ ​លោក ​Rex Tillerson ​បាន​និយាយ​ថា ​កម្មវត្ថុ​របស់​អាមេរិក ​គឺ​មិន​ខុស​ពី​ចិន​ទេ។ អាមេរិក​ គ្មាន​ចេតនា​ណា​មួយ​ ទៅ​ផ្តួល​រំលំ​របប​ដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​ទេ ​ហើយ​ក៏​មិន​ចង់​ទៅ​ជំរុញ​​ ឲ្យកូរ៉េ​ទាំង​ពីរ​ រួបរួម​គ្នា​ជា​ប្រទេស​តែមួយ​ឡើង​វិញ​ដែរ។ អ្វី​ដែល​អាមេរិក​ចង់​បាន ​គឺ​កូរ៉េ​ខាងជើង​ត្រូវតែ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ងៀក​មក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​ ដែល​អាមេរិក​ ចាំ​ត្រៀម​ខ្លួន​ជួយ។

ដោយឡែក ​នៅក្នុង​អង្គ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ ​កាល​ពី​ថ្ងៃ​សុក្រ ​ លោក ​Rex Tillerson ​បាន​បញ្ជាក់​ជា​ថ្មីម្តង​ទៀត​ថា ​ គ្រប់​ជំរើស​ទាំងអស់​ទាំង​ផ្លូវ​ទូត​ ទាំង​ផ្លូវទ័ព ​ ត្រូវ​យក​មក​ដាក់​លើ​តុ ​ ព្រោះថា​យើង​មិន​អាច​ប្រហែស​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​បាន​ឡើយ។ សមត្ថភាព​របស់​កូរ៉េ​ខាងជើង ​អាច​វាយ​ប្រហារ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​បាន​យ៉ាង​ងាយ ​ ហើយ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ កូរ៉េ​ខាង​ជើង​ ប្រាកដ​ជា​អាច​ផលិត​អាវុធ ​ទៅវាយ​ប្រហារ​ដល់​អាមេរិក​ផង​ក៏​ថា​បាន។

លោក​រដ្ឋមន្ត្រី​អាមេរិក ​ បាន​តំឡើង​សំដី​ចំៗ​ នៅ​ចំពោះ​មុខ​ លោក​ វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេស​ចិន ​ដែល​មាន​មុខ​នៅ​ក្នុង​អង្គ​ប្រជុំ​ថា​ ចំណូល​របស់​កូរ៉េ​ខាងជើង ​បាន​មក​ពី​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ​ចំនួន​៩០%​ គឺបាន​មក​ពី​ចិន​ ដូច្នេះ ​ចិន​មាន​តួនាទី​ធំ​ណាស់ ​ក្នុង​ការ​ដាក់​សំពាធ​ទៅ​លើ​កូរ៉េ​ខាង​ជើង។ លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ក៏​នឹង​ត្រូវ​ជួប​មួយ​ទល់​នឹង​មួយ​ ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ក្នុង​ពេល​ដ៏​ឆាប់​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI