ហ្វីលីពីន

ប្រធានាធិបតី​ហ្វីលីពីន ស្នើ​ទៅ​សភា សុំ​បន្ត​អនុវត្ត​ច្បាប់​អាជ្ញាសិក នៅ​ភាគ​ខាងត្បូង​

កម្លាំង​​ទាហាន​ហ្វីលីពីន ដែល​ធ្វើ​ប្រតិបត្តិការ​​នៅ​ក្រុង​​ម៉ារ៉ាវី​ ដើម្បី​បោស​សំអាត​​ក្រុម​​ជីហាត​​អ៊ីស្លាម
កម្លាំង​​ទាហាន​ហ្វីលីពីន ដែល​ធ្វើ​ប្រតិបត្តិការ​​នៅ​ក្រុង​​ម៉ារ៉ាវី​ ដើម្បី​បោស​សំអាត​​ក្រុម​​ជីហាត​​អ៊ីស្លាម Reuters

លោក ​ឌុយទែរតឺ​ ប្រធានាធិបតី​ហ្វីលីពីន ​បាន​ស្នើ​ទៅ​សភា​ទាំងពីរ​របស់​ហ្វីលីពីន ​ឲ្យ​ពន្យា​ពេល ​ដើម្បី​បន្ត​​អនុវត្ត​ច្បាប់​អាជ្ញាសិក​ នៅ​តំបន់​ប្រជុំ​កោះ​មីន​ដាណាវ ​ភាគ​ខាង​ត្បូង​ហ្វីលីពីន ​ តទៅ​ទៀត។ សង្រ្គាម ​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន ​បាន​ប្រកាស​ថា​ ដើម្បី​បោស​សំអាត​ចលនា​ជីហាត​អ៊ីស្លាម​នោះ ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ ខណៈ​ដែល​ចំនួន​មនុស្ស​ស្លាប់ ​និង​ត្រូវ​គេ​ចាប់ខ្លួន ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​តុលាការ ​បាន​កើន​ឡើង​កាន់តែ​ច្រើន។

ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ទី​២៣​ឧសភា ​លោក​ប្រធានាធិបតី​ហ្វីលីពីន ​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសិក ​នៅ​តំបន់​មីនដាណាវ​ទាំងមូល។ ​ទីក្រុង ​ម៉ារ៉វី​ ចំណុច​ស្នូល​នៃ​តំបន់​នេះ ​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ ​ដែល​រដ្ឋាភិបាល​ហ្វីលីពីន ​អះអាង​ថា ​ជា​ការ​ប្រយុទ្ធ​ដើម្បី​រំដោះ​តំបន់​នេះ ​មិន​ឲ្យ​ធ្លាក់​ទៅក្នុង​ការ​គ្រប់គ្រង​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ លោក​ប្រធានាធិបតី​ហ្វីលីពីន ​ថែមទាំង​បាន​អះអាង​ថា ​នៅ​ទីនោះ ​គឺមាន​ទាំង​ជន​ជីហាត​មក​ពី​ប្រទេស​ផ្សេង ​ ដែល​មាន​បំណង​មក​តាំង​ទី​ បង្កើត​ជា​ដែនដី​កាលីហ្វា ​ក្នុង​ទឹកដី​ហ្វីលីពីន​ ដូច​ដែល​ពួក​នេះ​បាន​ធ្វើ ​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់។

ច្បាប់​អាជ្ញាសិក ​ដែល​មាន​សុពលភាព ​រយៈពេល​៦០​ថ្ងៃ​នេះ ​បាន​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​ប្រើ​កម្លាំង​នគរបាល ​និង​ទាហាន ​ធ្វើការ​ប្រយុទ្ធ​ ព្រមទាំង​អាច​ចាប់​ឃាត់​ខ្លួន​មនុស្ស ​រយៈពេល​៣​ថ្ងៃ ​ដោយ​មិន​ចាំបាច់​មាន​សាដីកា​ពី​តុលាការ។ លោក ​ឌុយទែរទឺ ​បាន​លើកឡើង​ថា ​ការ​ប្រយុទ្ធ​នៅ​មិនទាន់​បាន​ជោគជ័យ ​ហើយ​បច្ចុប្បន្ន​នេះ ​នៅមាន​អាគារ​ចំនួន​ជាង​៦០០​ខ្នង ​ដែល​មាន​ក្រុម​ជីហាត​អ៊ីស្លាម ​បន្លំ​លាក់​ខ្លួន។

ដើម្បី​បន្ត​អនុវត្ត​ច្បាប់​អាជ្ញាសិក​នេះ ​រដ្ឋាភិបាល​ហ្វីលីពីន​ ត្រូវការ​ការ​យល់ព្រម​ ​ពី​សភា​ទាំងពីរ​អង្គ​របស់​ហ្វីលីពីន។ តែ​យ៉ាង​ណា ​គេ​ជឿ​ថា ​វា​មិន​មែន​​ជា​ការ​លំបាក​ទេ ​សម្រាប់​លោក​ឌុយទែរតេ ​ ដោយសារ​លោក​មាន​សម្លេង​ភាគច្រើន​នៅសភា​តំណាង។ យ៉ាង​ណាមិញ ​ លោក​ប្រធាន​សភា​តំណាង ​ធ្លាប់​បាន​និយាយ​ថា ​លោក​មិន​មាន​អ្វី​ជំទាស់ ​និង​បន្ត​អនុវត្ត​ច្បាប់​អាជ្ញាសិក​នៅ​តំបន់​មីនដាណាវ​ទេ។

ដោយឡែក ​ក្រុម​សមាជិក​សភា​ មកពី​គណបក្ស​ប្រឆាំង ​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​កំពូល​ហ្វីលីពីន​ ប្រឆាំង​នឹង​​ច្បាប់​អាជ្ញាសិក​នេះ។ គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា ​​ រដ្ឋាភិបាល​លោក​ឌុយទែរតឺ ​ពុំ​បាន​ផ្តល់​ភស្តុតាង​ជាក់លាក់ ​ ស្តីពី​សកម្មភាព​​បះបោរ​បំបែក​ទឹកដី ​ធ្វើជា​តំបន់​កាលីហ្វា​អ៊ីស្លាម ​របស់​ពួក​ជីហាត​ឡើយ។ តែ​កាល​ពី​២​សប្តាហ៍​មុន​ ចៅក្រម​តុលាការ​កំពូល​ហ្វីលីពីន ​បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​នេះ​​ ដោយ​ពុំ​មាន​ផ្តល់​ការ​ពន្យល់​ហេតុផល​ទេ។

សូម​បញ្ជាក់​ថា​ ខេត្ត​មីនដាណាវ​ មាន​មនុស្ស​រស់នៅ​ប្រមាណ​១០លាន​នាក់ ​ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ជារឿយៗ​ តែងតែ​មាន​ការ​បះបោរ​នៅ​ក្នុង​តំបន់​នេះ​ ដោយសារ​ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ យល់ថា ​រដ្ឋបាល​កណ្តាល​ហ្វីលីពីន ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គេ។ ពិត​ណាស់​ដែល​ក្រុម​ជ្រុល​និយម​អ៊ីស្លាម ​បាន​កើន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ តែ​ការ​ប្រើ​កម្លាំង​ទាហាន ​បើកការ​វាយ​ប្រយុទ្ធ ​បាន​បង្ក​ឲ្យ​មាន ​ជន​រងគ្រោះ​រាប់​ម៉ឺន​គ្រួសារ ​ដែល​សុទ្ធ​តែ​ជា​ជន​ស្លូត​ត្រង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI