សហរដ្ឋអាមេរិក-លីប៊ី-អង្គការរដ្ឋអ៊ីស្លាម

អាមេរិក​ចង់​បន្ថែម​ការ​វាយលុក​បំបែក​ក្រុម​ជីហាដ​អ៊ីស្លាម​នៅ​លីប៊ី

លោកអូបាម៉ា ប្រធានធិបតី​សហរដ្ឋអាមេរិក
លោកអូបាម៉ា ប្រធានធិបតី​សហរដ្ឋអាមេរិក REUTERS/Yuri Gripas

ស្របពេល​ដែល​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​កំពុងតែ​ថមថយ​កម្លាំង​ នៅ​ស៊ីរី​និង​នៅ​អ៊ីរ៉ាក់ ​នៅ​ឯ​ប្រទេស​លីប៊ី​ឯណោះ​វិញ ​ ក្រុម​នេះ​ហាក់​កំពុងតែ​ដណ្តើម​បាន​ដែនដី​កាន់កាប់​ កាន់តែ​ច្រើន ​និង​មាន​សន្ទុះ​ខ្លាំង​ជាង​មុន​គួរឲ្យ​ព្រួយ​បារម្ភ។ ក្នុង​ហេតុផល​មិន​ចង់​ឲ្យ​ហួសពេល ​ហើយ​មិន​ចង់​ឃើញ​លីប៊ី​ ក្លាយ​ជា​ចំណី​ថ្មី ​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​ដូចនៅ​ស៊ីរី​ និង​អ៊ីរ៉ាក់ ​នៅ​ថ្ងៃ​សៅរ៍ ​ទី ៣០ មករា​ រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​បញ្ជាក់​ពី​គម្រោង​ថ្មីមួយ ​ថា​នឹង​បើក​ការ​វាយប្រហារ​ នៅ​លីប៊ី​បន្ថែម​ទៀត ​ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

បើ​យើង​និយាយ​ក្នុង​ន័យ​យុទ្ធសាស្ត្រ ​គម្រោង​បើក​បន្ថែម​សមរភូមិ​នៅ​លីប៊ី ​ ​គឺ​ជា​រឿង​មួយ​ចំបាច់​ ដើម្បី​កម្ទេច​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។ ទិសដៅ​របស់​ក្រុម​នេះ ​គឺ​ពង្រីក​ដែនដី​កាន់កាប់​ទូទាំង​ដំបន់​ដើម​បូព៌ា​តែម្តង។ ដូច្នេះ ​បើសិន​ជា​ក្រុម​នេះ ​ដណ្តើម​បាន​មូលដ្ឋាន​កាន់​តែ​ធំ​ នៅ​រវាង​ស៊ីរី ​អេហ្ស៊ីប ​និង​លីប៊ី ​បន្តិចម្តងៗ ​តំបន់​ដើម​បូព៌ា ​នឹង​ស្ថិតនៅ​ក្នុង​កណ្តាប់ដៃ​ របស់​ពួក​ព្រៃផ្សៃ​នេះ​ជា​មិនខាន។

 
មិនចង់ឃើញ​លីប៊ី​ក្លាយ​ជា​ចំណី​របស់​ក្រុម​ជីហាដ​ ដូច​នៅ​ស៊ីរី​ និង​អ៊ីរ៉ាក់៖
បើយើង​ក្រឡេក​មើល​ទៅលើ​សមរភូមិ​ស៊ីរី ​និង​អ៊ីរ៉ាក់ ​យើង​ឃើញ​ថា​មួយ​រយៈ​ចុងក្រោយ​នេះ ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​កំពុង​ធ្លាក់ដៃ ​ហើយ​ធ្វើការ​ប្រយុទ្ធ​ដកថយ ​ដោយសារ​តែ​ការ​ទំលាក់​គ្រាប់​បែក​របស់​ក្រុម​សម្ព័ន្ធមិត្ត ​បាន​បំផ្លាញ​មូលដ្ឋាន​របស់​ក្រុម​នេះ​ជា​ច្រើន​កន្លែង។ ក៏ប៉ុន្តែ​នៅ​ឯ​សមរភូមិ​លីប៊ី​វិញ​ ក្រុម​នេះ​កំពុងតែ​ឡើងដៃ ​ ដោយសារ​តែ​គ្មាន​នរណា​ ទៅ​វាយ​ជាមួយ​ទេ ​គឺ​មាន​តែ​កងទ័ព​លីប៊ី ​ដែល​បែកខ្ញែក​គ្នា ​គ្មាន​រដ្ឋាភិបាល​គ្រប់គ្រង​ឲ្យ​ត្រឹមត្រូវ​ផង​ទេ។ ជាក់ស្តែង ​ចាប់តាំង​ពី​ចូល​ឆ្នាំ​២០១៦​នេះ​ ក្រុម​ជីហាដ​បាន​ដណ្តើម​មាន​តំបន់​ សៀរត៏ ​ចំងាយ​៤៥០​គីឡូម៉ែត្រ ​ពីក្រុង​ទ្រីប៉ូលី ​រដ្ឋធានី​របស់​លីប៊ី។ បើ​នៅ​តែ​បង្អង់​ ក្រុម​ជីហាដ​អាច​ខិត​មក​កាន់​តែ​ជិត​រដ្ឋធានី​ទ្រីប៉ូលី។
 

ហេតុ​ដូច្នេះ​ហើយ​ ទើប​បាន​ជា​កាល​ពី​ថ្ងៃ​សុក្រ ​​ ទី​២៩ ​មករា​ សេតវិមាន​បាន​ធ្វើការ​ប្រជុំ​បន្ទាន់​ ដើម្បី​រិះរក​វិធី​យក​ឈ្នះ​ក្រុម​នេះ។ និយាយ​ដោយ​ខ្លី ​ ពេល​នេះ​មិនមែន​ជា​ពេល​ត្រូវ​បន្ធូរ​ដៃទេ​ តែ​ជា​ពេល​ដែល​ត្រូវ​តែបន្ថែម​កម្លាំង ​ ក្នុង​ខណៈ​ដែល​ក្រុ​មជីហាដ​កំពុងតែ​ដកថយ ​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់។ អ្វី​ដែល​ថ្នាក់​ដឹកនាំ​កងទ័ព​អាមេរិក​បាន​លើក​ឡើង ​ គឺ​ថា​គេ​មិន​ចង់​ឃើញ​លីប៊ី ​ក្លាយ​ជា​មូលដ្ឋាន​ថ្មី​របស់​ក្រុម​នេះ ​បន្ទាប់​ពី​ស៊ីរី ​និង​អ៊ីរ៉ាក់​ទេ។ បើ​តាម​ការ​សន្និដ្ឋាន ​ ក្រុម​ជីហាដ​អង្គាររដ្ឋអ៊ីស្លាម ​មាន​កម្លាំង​ប្រហែល​ជា​៣០០០​នាក់​នៅ​លីប៊ី។ កម្លាំង​នេះ​អាច​នឹង​កើន​ឡើង​ថែមទៀត ​ព្រោះថា​លីប៊ី ​ងាយ​ស្រួល​ចេញ​ចូល​ណាស់ ​ជា​ពិសេស​គឺ​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ច្រើន​នៅ​អាហ្វ្រិក ​ហើយ​សុទ្ធសឹង​តែ​ជា​ប្រទេស​ ដែល​អាច​ជា​ផ្លូវ​ឆ្លងកាត់​បានយ៉ាង​ងាយ​ស្រួល​ របស់​ក្រុម​ជីហាដ​អ៊ីស្លាម​នៅ​អាហ្វ្រិក។

មក​ត្រឹម​ពេល​នេះ ​ អ្វីៗ​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ​ទេ។ គេ​មិន​ទាន់​ប្រកដ​ថា ​សហរដ្ឋ​អាមេរិក ​និង​បញ្ជូន​កងទ័ព​ជើងគោក​ទៅ​លីប៊ី ​ រឺ​មួយក៏​ត្រឹមតែ​បញ្ជូន​យន្តហោះ​ទៅ​ទម្លាក់​គ្រាប់​នោះ​ទេ។ បើ​តាម​ព័ត៌មាន​បឋម ​មន្ទីរ​ប៉ង់តាហ្គោន ​អាច​នឹង​បញ្ជូន​កងទ័ព​អាកាស​ទៅ​ទម្លាក់​គ្រាប់ ​ដូច​នៅ​ស៊ីរី​ និង​នៅ​អ៊ីរ៉ាក់ ​ ហើយ​នឹង​បន្ថែម​ពី​នេះ ​ និង​ចូលរួម​ជាមួយ​កម្លាំង​ថ្មើរជើង ​ជាមួយ​នឹង​កង​កម្លាំង​ ដែល​ដឹកនាំ​ដោយ​អង្គការ​សហ​ប្រជាជាតិ។

លីប៊ីត្រូវតែ​មាន​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ ​ជា​បន្ទាន់៖

លោក Fayez el-Sarraj អនាគត់​ប្រមុខរដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​​លីប៊ី ចាប់​ដៃ​​ប្រធាន​សភា​​ទាំង​ពីរ​​ដែល​​ប្រឆាំង​គ្នា
លោក Fayez el-Sarraj អនាគត់​ប្រមុខរដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​​លីប៊ី ចាប់​ដៃ​​ប្រធាន​សភា​​ទាំង​ពីរ​​ដែល​​ប្រឆាំង​គ្នា AFP PHOTO / FADEL SENNA

តាម​ពិត​ទៅ ​ប៉ុន្មានខែ​ចុងក្រោយ​នេះ ​ក្រសួង​ការពារ​ជាតិ​អាមេរិក ​ បាន​បញ្ជូន​កម្លាំង​ជា​ក្រុម​តូចៗ​ច្រើន​ក្រុម​មក​ហើយ ​ឲ្យ​ទៅ​ធ្វើការ​សិក្សា​ពី​ស្ថានភាព​នៅ​លីប៊ី ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​លំបាក​គឺ​ថា ​ប្រតិបត្តិការ​បែបនេះ​ ​មិនមែន​កងទ័ព​រឺ​ក៏​បេសកកម្ម​បរទេស​មួយ​ អាច​ធ្វើ​តែ​ឯង​បាន​ទេ ​ គឺ​ត្រូវ​តែ​មាន​ការ​សហការ​ ជាមួយ​ក្រុម​មូលដ្ឋាន​ដែល​ជា​អ្នក​ម្ចាស់​ស្រុក ​ ហើយ​ជា​ក្រុម​ដែល​គួរឲ្យ​ទុកចិត្ត។ ចំណុច​នេះ​ហើយ​ដែល​ជា​ការ​លំបាក​ ព្រោះថា​បច្ចុប្បន្ន​នេះ ​លីប៊ី ​បែកខ្ញែក​គ្នា​ជា​ពីរ​ជា​បី ​ គ្មាន​រដ្ឋាភិបាល​ត្រឹមត្រូវ​ ដែល​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត​និង​អាច​ធ្វើការ​ជាមួយ​បាន​ទេ។ ដូច្នេះ ​ដរាបណា ​លីប៊ី​គ្មាន​រដ្ឋាភិបាល​កណ្តាល​មួយ​ ដែល​បង្រួបបង្រួម​គ្រប់​ភាគី​ទាំង​អស់​ឲ្យ​ចូល​រួម ​ នោះគឺ​មាន​ន័យ​ថា​ការ​ប្រយុទ្ធ​បំបែក​សំបុក​ក្រុម​ជីហាដ ​ពិត​ជា​គ្មាន​ថ្ងៃ​ទៅមុខ​ទេ។

អ៊ីតាលី​អាច​ជា​អ្នក​ដឹកនាំ​បេសកកម្ម៖
ចំណុច​មួយ​ទៀត ​ដែល​រដ្ឋាភិបាល​អាមេរិក​ កំពុង​ពិចារណា​ដែរ​ គឺ​ថា​អាមេរិក​ អាច​នឹង​មិន​ដឹក​នាំ​ការ​ប្រយុទ្ធ​នៅ​លីប៊ី​ដោយ​ផ្ទាល់ទេ​ ព្រោះ​ថា​អាមេរិក​មិន​សូវ​ជា​ស្គាល់​មូលដ្ឋាន​ច្បាស់​លាស់ ​ ហើយ​មិន​ធ្លាប់​មាន​ប្រវត្តិ​ជិតស្និត​ ជាមួយ​ប្រទេស​នេះ​ទៀត។ ដូច្នេះ​ហើយ​បាន​ជា​គេ​បាន​គិត​ទៅ​ដល់​អ៊ីតាលី ​ដែល​​ជា​ប្រទេស​ធ្លាប់​មាន​ឥទ្ធិពល​អណានិគម​ទៅ​លើ​លីប៊ី។

កិច្ច​ប្រជុំ​មួយ​ចំនួន​រវាង​អ៊ីតាលី ​និង​អាមេរិក​ ត្រូវ​គេ​ត្រៀម​រួច​អស់​ហើយ ​គឺ​លោក​ចន ឃែរី ​និង​ជួប​រដ្ឋមន្តី្រ​ក្រសួង​ការបរទេស​អ៊ីតាលី​នៅ​ក្រុង​រ៉ូម​ នៅ​ថ្ងៃ​ទី២​ កុម្ភៈ​ខាង​មុខ​នេះ ​ហើយ​ប្រធានាធិបតី​អ៊ីតាលី ​និង​អញ្ជើញ​ទៅ​សេតវិមាន​ជួប​លោក​អូបាម៉ា ​នៅ​ថ្ងៃ​ទី​៨​កុម្ភៈ។ បើ​តាម​ការ​ស្មាន ​ អ៊ីតាលី​ អាច​នឹង​ទទួល​ខ្លួន​ជាអ្នក​ចាត់ចែង​បេសកកម្ម​វាយ​ប្រហារ ​នៅ​លីប៊ី ​ ព្រោះថា​វា​ក៏​ជា​ប្រយោជន៍​របស់​អ៊ីតាលី​ដែរ​ ព្រោះអី​ ព្រោះថា​ដរាបណា​លីប៊ី​នៅ​តែ​រញ៉េរញ៉ៃ​គ្មាន​ស្ថិរភាព ​ក្រុម​ជនភៀសខ្លួន​នឹង​នៅ​តែ​បន្ត​ឆ្លង​មក​អ៊ីតាលី។

កាណាដា​ដក​យន្តហោះ​ចម្បាំង ​ឈប់​ទម្លាក់គ្រាប់៖
ការ​ដក​យន្តហោះ​ចម្បាំង​F18 ទាំង​៦គ្រឿង​របស់​កាណាដា ​វា​គឺ​ជា​ជម្រើស​ថ្មី​របស់​រដ្ឋាភិបាល​លោក ​Justin Trudeau ​នាយក​រដ្ឋមន្ត្រី​ថ្មី​វ័យក្មេង​ របស់​កាណាដា។ បើ​តាម​ការ​វិភាគ​ ការ​ដក​កម្លាំង​ចេញ​នេះ ​មិនមែន​មាន​ន័យ​ថា ​កាណាដា​ប្តូរចិត្ត​លែង​ចង់​ជួយ​ក្រុម​សម្ព័ន្ធមិត្ត​ទេ ​តែ​ជា​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ។ ហើ​យហេតុផល​មួយ​ទៀត ​ គឺ​រដ្ឋាភិបាល​ថ្មី​របស់​កាណាដា ​កំពុង​ថ្លឹងថ្លែង​ដើម្បី​ធ្វើយ៉ាងណា​កុំឲ្យ ​ មតិ​សាធារណៈ​របស់​មហាជន​កាណាដា ​គិត​ថា​កាណាដា​ ដើរ​ទៅ​ធ្វើ​សង្រ្គាម​នៅ​ស្រុក​គេ​ស្រុក​ឯង។

បើ​តាម​ការ​ផ្តល់​ព័ត៌មាន ​ពី​រដ្ឋាភិបាល​កាណាដា ​កាណាដា​កំពុង​តែ​ស្វែងរក​វិធី​ថ្មី​ផ្សេង​ទៀត ​ ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​មិនមែន​បញ្ជូន​យន្តហោះ​ទៅ​ទម្លាក់​គ្រាប់​ទេ​ តែ​អាច​ជា​ការ​សហការ​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ ​ ផ្តល់​ទិន្ន័យ ​ និង​ជា​ពិសេស​គឺ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន ​ ដែល​ងាយ​រងគ្រោះ​ រឺ​ក៏​ដែល​ស្ថិត​នៅ​តាម​សមរភូមិ។ រដ្ឋាភិបាល​អាមេរិក​ បាន​ទទួល​ការ​សម្រេចចិត្ត​ដក​យន្តហោះ​របស់​កាណាដា ​ហើយ​មាន​ទំនុកចិត្ត​លើ​កាណាដា ​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ថ្មី។

បន្ថែម​ពីនេះ​ទៀត ​បើ​តាម​ការ​រំពឹង​ទុក ​ការ​ប្រជុំ​គ្នានៅ​ទីក្រុង​រូម​ នៅ​ដែម​ខែកុម្ភៈ ​ស្តីពី​ការ​បើក​សមរភូមិ​ថ្មី​នៅ​លីប៊ី ​ គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស​កាណាដា ​ក៏​នឹង​ចូលរួម​ផង​ដែរ។ ដូច្នេះ​កាណាដា ​ នៅ​តែ​មាន​តួនាទី​ចំបង ​ក្នុង​យុទ្ធនាការ​កម្ទេច​ក្រុម​ជីហាដ​អ៊ីស្លាម​ដដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI