អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ ​ភេរវកម្ម​ស្នាដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ ស្លាប់​៦នាក់​ នៅ​ក្រុង​កាប៊ូល

ទាហាន​អាហ្វហ្កានីស្ថាន ​ឈរយាម​​នៅក្បែរ​បន្ទាយ​ស៊ើបការណ៍​សំងាត់​ NDS ​ក្រុង​កាប៊ូល ​ថ្ងៃទី ​២៥ ​ធ្នូ​ ២០១៧
ទាហាន​អាហ្វហ្កានីស្ថាន ​ឈរយាម​​នៅក្បែរ​បន្ទាយ​ស៊ើបការណ៍​សំងាត់​ NDS ​ក្រុង​កាប៊ូល ​ថ្ងៃទី ​២៥ ​ធ្នូ​ ២០១៧ Omar Sobhani/REUTERS
ដោយ៖ ម៉ម ពិសី
១៦ នាទី

យ៉ាងហោច​ណាស់​ មានមនុស្ស​៦នាក់ ​បានស្លាប់ ​និង​របួស​៣នាក់ ​នៅក្រុង​កាប៊ូល ​រដ្ឋធានី​អាហ្វហ្កានីស្ថាន​ដោយ​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​មួយ​ នៅព្រឹក​ថ្ងៃ​ចន្ទនេះ​ នៅ​ក្បែរ​ទីស្នាក់ការ​ស៊ើបការណ៍​សំងាត់។​ ភ្លាមៗ ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ​បាន​ចេញមុខ​ អះអាង​ថា​នេះ​ជា​ស្នាដៃ​របស់​ពួកគេ។ ក្នុង​ឆ្នាំ​២០១៧​នេះ ​អាហ្វហ្កានីស្ថាន ​បាន​រង​អំពើ​ភេរវកម្ម​ជាច្រើន​ដង ​ទាំង​បង្ក​ឡើង​ដោយ​ក្រុម​តាលីបង់​ និង​ទាំង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ​បានកើត​ឡើង​នៅ​វេលា​ព្រឹក​ ថ្ងៃ​ចន្ទ​ ទី​២៥​ ធ្នូ​ ក្នុង​ពេល​ដែល​បុគ្គលិក ​កំពុង​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​ធ្វើការ ​នៅតាម​ដងផ្លូវ​ដ៏​ធំមួយ​ ក្នុង​ក្រុង​កាប៊ូល។ មនុស្ស​៦នាក់​ ដែល​កំពុង​ស្ថិត​ក្នុង​រថយន្ត​មួយ ​នៅនឹង​កន្លែង​កើតហេតុ ​ត្រូវ​ស្លាប់​មួយ​រំពេច ​និង​៣នាក់​ផ្សេងទៀត​ រងរបួស​ធ្ងន់។ នៅលើ​គេហទំព័រ​ Amaq ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ បាន​សរសេរ​ថា ​ភេរវកម្ម​នេះ​ គឺ​​ជា​ស្នាដៃ​បង្គាប់​បញ្ជា ​ដោយ​ក្រុមជីហាត​នេះ​តែម្តង។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន​ បាន​លើកឡើង​ថា ​គេ​នៅ​មិនទាន់​ច្បាស់ថា​ ភេ​រវកម្មនេះ ​មាន​បំណង​វាយ​ប្រហារ​ គោលដៅ​ណាមួយ​ ឲ្យពិត​ប្រាកដ​ទេ។ ក៏​ប៉ុន្តែ​ កន្លែង​កើតហេតុ​នេះ ​ស្ថិត​នៅ​មិនឆ្ងាយ​ប៉ុន្មាន ​ពី​ការិយាល័យ​ស៊ើបការណ៍​សំងាត់​របស់​អាហ្វហ្កានីស្ថាន (NDS)។ ជាងនេះ​ទៅទៀត​ ភេរវកម្ម​នេះ ​កើតឡើង ​មួយ​សប្តាហ៍​ ក្រោយ​ហេតុការណ៍ ​មួយទៀត ​ដែល​មាន​ក្រុម​ជីហាត​មួយ​ក្រុម ​បាន​សម្រុក​ចូល​ទៅ​ប៉ុនប៉ង​សម្លាប់​ទាហ៊ាន ​នៅ​ឯ​បន្ទាយ​ហ្វឹកហាត់ ​នៅ​ភាគ​ខាង​ជើង​ក្រុង​កាប៊ូល ​របស់​ការិយាល័យ​ស៊ើបការណ៍​សំងាត់​អាហ្វហ្កានីស្ថាន​ដែរ។

សូម​បញ្ជាក់ថា​ អាហ្វហ្កានីស្ថាន​កំពុង​ប្រឈមមុខ ​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​ របស់​ក្រុម​ភេរវកម្ម​ធំ​ពីរ​ ទីមួយ​គឺ​ក្រុម​អាល់កាយដា​តាលីបង់ ​និង​ទី២​គឺ​ក្រុម​ជីហាត​អង្គការរដ្ឋ​អ៊ីស្លាម​ ដែល​ទើបតែ​បាន​ពង្រីក​ឥទ្ធិពល​នៅ​ទីនោះ។ កាល​ពី​ថ្ងៃ​ទី ៣១​ ឧសភា ​កន្លង​ទៅ ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ ​បាន​ផ្តាច់​ជីវិត​មនុស្ស​១៥០​នាក់ ​និង​របួស​ប្រមាណ​៤០០នាក់ ​នៅក្រុង​កាប៊ូល។

ក្រៅ​ពី​សំដៅ​វាយប្រហារ ​អាជ្ញាធរ​ ឬ ​កង​កម្លាំង​អាហ្វហ្កានីស្ថាន  ​ក្រុម​ជីហាត​ភេរវកម្ម​ទាំង២​ក្រុម​ ក៏បាន​បន្ថែម​ការ​វាយប្រហារ​ភេរវកម្ម​ ដោយ​សំដៅ​សំលាប់​សហគមន៍​អ្នក​កាន់​សាសនាគ្រិស្ត ​និង​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និកាយ​ឈីអ៊ីត ​នៅ​អាហ្វហ្កានីស្ថាន ​ផង​ដែរ។

កង​កម្លាំង​រក្សាសន្តិសុខ​អាហ្វហ្កានីស្ថាន ​នគរបាល​ ក៏ដូច​ជា​ទាហាន ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក​ ចុះទន់​ខ្សោយ​ជា​លំដាប់ ​ដោយ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះការ​ហ្វិកហាត់ ​ខ្វះ​សម្ភារៈ ​គ្មាន​ប្រាក់​បៀរវត្ស៍។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​អំពើ​ពុក​រលួយ​ក្នុង​ជួរ​កង​នគរបាល ​និង​កងទ័ព​ បាន​ធ្វើ​ឲ្យ​កងកម្លាំង​បាក់​ទឹកចិត្ត​ ហើយ​បាន​រត់​ចោលជួរ ​មួយឆ្នាំៗ ​រាប់​ពាន់​នាក់។ ចំណែក​កង​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ ​ដឹកនាំ​ដោយ​ទាហាន​អាមេរិក​ ក៏​បាន​ដក​ទ័ព​ម្តង​បន្តិចៗ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI