អានតួអត្ថបទ
ថៃ-នយោបាយ

អ្នក​នយោបាយថៃ​ម្នាក់​ប្រឈមមុខ​នឹង​ទោស​៥ឆ្នាំ ​ក្រោយ​រិះគន់​មេទ័ព​ម្នាក់​តាម​ហ្វេសប៊ុក

លោកវឌ្ឍនា មួងស៊ុក អ្នក​នយោបាយ​​គណបក្ស​ភឿថៃ ដែល​ត្រូវ​តុលាការ​​ចោទ​ប្រកាន់ ទទួល​​ផ្កា​ពី​នាក់​​គាំទ្រ​ ពេល​​ចេញ​​ពី​ការ​ឃុំខ្លួន
លោកវឌ្ឍនា មួងស៊ុក អ្នក​នយោបាយ​​គណបក្ស​ភឿថៃ ដែល​ត្រូវ​តុលាការ​​ចោទ​ប្រកាន់ ទទួល​​ផ្កា​ពី​នាក់​​គាំទ្រ​ ពេល​​ចេញ​​ពី​ការ​ឃុំខ្លួន Reuters
ដោយ៖ ម៉ម ពិសី
4 នាទី

អ្នក​នយោបាយ​ថៃ​មក​ពី​គណបក្ស​ភឿថៃ​ម្នាក់ ​ កំពុងតែ​ត្រូវ​តុលាការ​ចោទ​ប្រកាន់ ​និង​អាច​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគា​៥ឆ្នាំ ​បន្ទាប់​ពី​បាន​សរសេរ​រិះគន់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ទៅ​លើ​លោក​មេទ័ព​ថៃ ​ឈ្មោះ​ប្រាវីដ វង់ស៊ុវុន​ ថា​បាន​និយាយ​សម្តី​បែប​រើសអើង​មើល​ងាយ​ស្ត្រី។ លោក​ ប្រាវីដ វង់សុវណ្ណ​ ជា​មនុស្ស​សំខាន់​ទី​ពីរ​នៃ​របប​យោធាថៃ ​ ហើយ​លោក​មេទ័ព​នេះ ​ធ្លាប់​បាន​និយាយ​ថា ​ពួក​ទាហាន​ចូលចិត្ត​ថតរូប​ជាមួយ​លោកស្រី​យីងឡាក់ ​ស៊ីណាវ៉ាត្រា ​អតីតៈ​នាយក​រដ្ឋមន្ត្រី​ថៃ ​ក៏​ដោយសារ​តែ​លោកស្រី​ជា​ស្រី​ស្អាត ​មិនមែន​មក​ពី​គេ​ស្រលាញ់​គាំទ្រ​លោកស្រី​ទេ។

ផ្សាយពាណិជ្ជកម្ម

លោក​ វឌ្ឍនា មួងស៊ុក ​អ្នក​នយោបាយ​ដ៏​សំខាន់​ម្នាក់​ នៃ​គណបក្ស​ភឿថៃ ​របស់​គ្រួសារ​លោក​ថាក់ស៊ីន ​ កំពុងតែ​ប្រឈមមុខ​និង​ទោស​ជាប់​ពន្ធនាគារ​៥ឆ្នាំ ​ ដោយសារ​តែ​សំណេរ​មួយ​ឃ្លា​ដែល​លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ លោក ​វឌ្ឍនា មួងស៊ុក​ បាន​សរសេរ​ថា៖​ “វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿសោះ​ ដែល​មេ​ដឹកនាំ​យោធា​កំពូល​មួយរូប​របស់​ប្រទេស ​ហ៊ាន​ពោល​ពាក្យ​បែប​នេះ។ នេះ​គឺ​ជា​សម្តី​ពេប​ជ្រាយ ​រើសអើង ​និង​មើលងាយ​លើ​មនុស្ស​ស្រី”

 
ឃ្លា​រិះគន់​ របស់​លោក ​វឌ្ឍនា មួងស៊ុក ​គឺ​បាន​សំដៅ​ទៅ​ដោយ​ផ្ទាល់​លើ​សម្តី​របស់​លោក ​ប្រាវីដ វង់សុវណ្ណ ​អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ ​ដែល​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ៖ “ពួក​ទាហាន​ថៃ ​នៅតែ​ចូលចិត្ត​ថតរូប​លោក​ស្រី​យីង​ឡាក់ ​ស៊ីណាវ៉ាត្រា ​មិនមែន​មក​ពី​គេ​គាំទ្រ​លោកស្រី​ទេ ​គឺ​មក​ពី​លោកស្រី​មាន​សម្រស់​ស្អាត ​តែ​ប៉ុណ្ណោះ”

ភ្លាមៗ​ក្រោយ​ពី​បាន​សរសេរ​រិះគន់​លើ​សម្តី​រើសអើង​របស់​លោក​ ប្រមុខ​មេទ័ព​ថៃ ​ ប្រាវីដ វង់សុវណ្ណ  ​លោក​វឌ្ឍនា មួងស៊ុក​ ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក ​ត្រូវ​បាន​ក្រុម​យោធា ​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​ ទៅ​ឆ្លើយ​បំភ្លឺ​ កាល​ពី​ថ្ងៃ​ពុធ​ ហើយ​ម៉ាស៊ីន​កំព្យូទ័រ ​ ព្រម​ទាំង​ឯកសារ​មួយ​ចំនួន​ធំ​របស់​លោក ​ត្រូវ​បាន​ក្រុម​យោធា​ថៃ ​រឹបអូស​យក​ទាំង​អស់។ បន្ទាប់​មក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​៣​ មីនា​នេះ ​តុលាការ​ឧក្រិដ្ឋ​ប្រចាំ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ​មាន​សម្រេច​ចោទ​ប្រកាន់​ជាផ្លូវការ​លើ​រូបលោក ​វឌ្ឍនា មួងស៊ុក ​ដោយ​យោង​ទៅ​លើ​បទ​ឧក្រិដ្ឋ​តាម​បណ្តាញ​ព័ត៌មានវិទ្យា។ លោក ​​វឌ្ឍនា មួងស៊ុក ​ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ ​បន្ទាប់​ពី​បាន​បង់ប្រាក់​ធានា​ចំនួន​១លាន​បាត ​ ដែល​ស្មើនឹង​២៨០០​ដុល្លារ។ ទោះ​បី​ជា​យ៉ាងណា ​សាវនកា​កាត់ទោស ​នៅមិន​ទាន់​កំណត់​បរិច្ឆេទ​នៅ​ឡើយ​ទេ។

លោក​ប្រាយុទ្ធ ចន្ទអូចា ​នាយក​រដ្ឋមន្ត្រី​ថៃ ​បាន​ថ្លែង​ប្រាប់​ទៅ​អ្នក​កាសែត​ថា ​កុំចេះ​តែ​ចុះផ្សាយ​ថា​ពួក​ទាហាន ​បានចាប់​ខ្លួន​លោក វឌ្ឍនា មួងស៊ុក។ ក្រុម​ទាហាន​គ្រាន់តែ​បាន​អញ្ជើញ​លោក​ម្នាក់​នេះ​មក​សាកសួរ​ព័ត៌មាន​តាម​សម្រួល​តែ​ប៉ុណ្ណោះ។ លោក​ ប្រាយុទ្ធ ចន្ទអូចា ​បន្ត​ថា៖​បើ​សិន​ជា​យើង​មិនទៅ​រិះគន់​គេ ​ មាន​រឿង​អី​សុខៗ ​គេទៅ​រក​រឿង​យើង?
 

លោក​ ប្រាវីដ វង់សុវណ្ណ រដ្ឋមន្ត្រីការពារជាតិថៃ
លោក​ ប្រាវីដ វង់សុវណ្ណ រដ្ឋមន្ត្រីការពារជាតិថៃ REUTERS/Chaiwat Subprasom

សូម​បញ្ជាក់​ថា ​លោក​ប្រាយុទ្ធ ចន្ទអូចា ​និង​លោក​ប្រាវីដ វង់សុវណ្ណ​នេះ ​គឺ​ជា​មនុស្ស​ស្និតស្នាល​នឹង​គ្នា​បំផុត។ មាន​ព័ត៌មាន​លេច​ឮ​ថា ​ លោក​ប្រាវីដ វង់សុវណ្ណ​នេះ​ហើយ ​ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល ​និង​ជា​អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ក្នុង​កិច្ចការ​នយោបាយ ​ទៅ​ឲ្យ​លោក​ប្រយុទ្ធ ចន្ទអូចា។ លោក​ប្រាយុទ្ធ ចន្ទអូចា ​ខ្លួន​ឯង​ក៏​ធ្លាប់​បាន​និយាយ​សម្តី​បែប​មើល​ងាយ​មនុស្សស្រី​ផង​ដែរ​ ក្រោយ​ហេតុការណ៍​ឃាតុកម្ម​លើ​ស្ត្រី​អ្នក​ទេសចរណ៍​ម្នាក់ ​ ដោយ​លោក​បាន​ថ្លែង​ថា៖ ​ជន​រងគ្រោះ​ត្រូវ​គេ​រំលោភ​នឹង​សម្លាប់ ​ដោយសារ​តែ​ខ្លួន​ជា​ស្រី​ស្លៀក​ឈុត​ប៊ីគីនី​ ដើរ​រហេតរហូត​ពេល​យប់​ព្រលប់ ​មិន​ប្រយត័្ន ​ទើប​ធ្វើ​ឲ្យ​ពួក​ឃាតុករ​អត់​ទ្រាំ​មិនបាន។ ទោះបី​ជា​យ៉ាងណា ​បទ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ភឿថៃ ​លោក​ វឌ្ឍនា មួងស៊ុក ​នា​ពេល​នេះ ​ ​គឺ​គ្រាន់​តែ​ជា​លេស​នយោបាយ ​ដើម្បី​ធ្វើការ​បំបិត​មាត់ ​និង​កំចាយ​សម្លេង​ប្រឆាំង​រិះគន់ ​របស់​ក្រុម​ពួក​អាវក្រហម​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ