ឥណ្ឌា៖ មនុស្សយ៉ាងហោច៨សែននាក់ ត្រូវជន្លៀសគេចពីខ្យល់ព្យុះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ខ្យល់ព្យុះដ៏ខ្លាំងក្លាមួយ ឈ្មោះ ហ្វានី (Fani) កំពុងតែរំកិលខ្លួន បក់ទៅលើភាគខាងកើតប្រទេសឥណ្ឌា នៅរសៀលថ្ងៃសុក្រ។ នៅស្រុក ប៊ូបាណេស្វា មិនឆ្ងាយប៉ុន្មានពីក្រុងកាល់គូតា អាជ្ញាធរឥណ្ឌា បានជន្លៀស ប្រជាជន ប្រមាណជា៨សែននាក់ ឲ្យចេញពីផ្លូវឆ្លងកាត់ នៃខ្យល់ព្យុះនេះ។ បើតាមការព្យាករណ៍ ខ្យល់ព្យុះហ្វានីនេះ អាចនឹងមានកម្លាំងខ្លាំងមិនធ្លាប់មានទេ ក្នុងរវាង២០ឆ្នាំចុងក្រោយនេះ នៅឥណ្ឌា។
សឹងតែមួយចំហៀង ខាងកើតជាប់មាត់សមុទ្ររបស់ឥណ្ឌា រាប់ចុះពីក្រុងកាល់គូតាចុះមក នឹងត្រូវរងសំពាធ ពីខ្យល់ព្យុះហ្វានី (Fani)។ យោងតាមការព្យាករណ៍ ខ្យល់ព្យុះ ដែលកំពុងតែបោកវិលបង្កើនកំលាំង នៅខាងលើឈូងសមុទ្របង់ហ្កាល់នេះ នឹងរំកិលខ្លួន ទៅដល់ភាគខាងកើតឥណ្ឌា នៅរសៀលថ្ងៃសុក្រទី៣ឧសភា។
ខ្យល់ព្យុះស៊ីក្លូននេះ នឹងបង្កឲ្យមានទឹកភ្លៀងធ្លាក់យ៉ាងគំហុក និងខ្យល់កន្ត្រាក់ គួចក្នុងល្បឿន ប្រហែល២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ អាជ្ញាធរសង្រ្គោះ នៅស្រុកប៊ូបាណេស្វារ (Bhubaneswar) បានឲ្យដឹងថា មានប្រជាជនយ៉ាងហោចណាស់ ៨សែននាក់ ដែលត្រូវបានក្រុមសង្រ្គោះ បញ្ជូនយកទៅទុកនៅកន្លែងមានសុវត្ថិភាពហើយ។ អាជ្ញាធររដ្ឋOdisha បានឲ្យដឹងថា គេរំពឹងថានឹងអាចជន្លៀសមនុស្ស ចេញពីតំបន់នេះ យ៉ាងហោចណាស់ ជាង១លាននាក់។ សាលារៀន អាគាររដ្ឋ ប្រមាណ៣០០០ទីតាំង ត្រូវបានត្រៀមរៀបចំ ដើម្បីទទួលប្រជាជន ឲ្យស្នាក់នៅបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ទីក្រុងពូរី (Puri) ជាប់មាត់សមុទ្រ ដែលមានប្រាសាទបូរាណ Shree Jagannath ក៏ស្ថិតនៅលើផ្លូវឆ្លងកាត់ របស់ខ្យល់ព្យុះហ្វានីនេះដែរ។ អាជ្ញាធរឥណ្ឌា បានចេញបញ្ជា ឲ្យជន្លៀសភ្ញៀវទេសចរណ៍ចេញពីតំបន់នេះ នឹងបានប្រកាស ឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់។ ខ្សែរថភ្លើង ឆ្ពោះទៅកាន់ទីក្រុងពូរី ត្រូវបានលប់ចោលទាំងអស់ ក្នុងរវាង៤៨ចុងក្រោយនេះ។ ក្រៅពីរដ្ឋOdisha អាជ្ញាធររដ្ឋ Andhra Pradesh និង រដ្ឋTamil Nadu ដែលស្ថិតនៅតាមមាត់សមុទ្រ ក៏បានចេញបញ្ជា ប្រុងប្រៀបខ្លួនប្រឈមនឹងខ្យល់ព្យុះដែរ។ រដ្ឋទាំងនេះ មានប្រជាជនរស់នៅនីមួយៗ ចន្លោះពី៥០ ទៅ៧០លាននាក់។
គួរកត់សំគាល់ថា នៅភាគខាងកើត និងខាងត្បូង នៃឧបទ្វីបឥណ្ឌា គឺតែងតែរងនូវវិនាសកម្ម បោកបក់ដោយខ្យល់ព្យុះស៊ីក្លូន។ កាលពីឆ្នាំ២០១៧ មានមនុស្សយ៉ាងហោច ២៥០នាក់ បានស្លាប់ ក្រោមកម្លាំងខ្យល់ព្យុះ Ockhi នៅរដ្ឋ Tamil Nadu និងរដ្ឋ Kerela៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ